backup og meta

ខែក្តៅ​រក្សាជាតិ​ទឹកក្នុង​ខ្លួនគ្រប់គ្រាន់ជារឿងល្អ តែបើលើសអាចគ្រោះថ្នាក់ទៅវិញ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Apr 22, 2020

    ខែក្តៅ​រក្សាជាតិ​ទឹកក្នុង​ខ្លួនគ្រប់គ្រាន់ជារឿងល្អ តែបើលើសអាចគ្រោះថ្នាក់ទៅវិញ

    ខែ​ក្តៅ​បែប​នេះ “Hello គ្រូពេទ្យ’ ធ្លាប់​ប្រាប់​ជារឿយៗ​ហើយ អ្វី​សំខាន់​បំផុត ត្រូវរក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយ​ជាទូទៅ​ពេទ្យ​ណែនាំ​គ្នា​យើង​ផឹក​ទឹក​តិច​បំផុត ២ លីត្រ​/ថ្ងៃ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា នៅ​ពេល​ខ្វះ​ជាតិ​ទឹក​អាច​បង្ក​បញ្ហា​សុខភាព​ តែការលើស​ជាតិ​ទឹក​ក៏អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​បញ្ហា​សុខភាព​ដូច​គ្នា ខណៈ​បញ្ហាសុខភាព​ខាង​ក្រោម តែង​កើត​មាន​ពេល​យើង​ផឹក​ទឹក​លើស​កម្រិត។

    ១- ជំងឺខ្វះជាតិសូដ្យូម (Hyponatremia)

    ជំងឺ Hyponatremia គឺ​សំដៅ​ទៅលើ​កម្រិត​ជាតិសូដ្យូម​ក្នុង​ខ្លួន​យើង​ធ្លាក់​ចុះ​ទាប​ជាង ១៣៥mEq/លីត្រ​ឈាម ដែល​តែង​កើតឡើង​ដោយ​សារ​លើស​ជាតិទឹក​ក្នុង​ខ្លួន។ ជាតិ​សូដ្បូមគឺ​ជា​​អំបិល​ដ៏​សំខាន់​មួយ ជួយ​ដល់​ការ​ផ្តល់​សញ្ញា​របស់​កោសិកា និង​មុខ​ងារ​ជាច្រើន​ផ្សេង​ទៀត​ក្នុង​រាងកាយ។ ដូចេ្នះ ពេល​កម្រិត​សូដ្បូម​ធ្លាក់​ចុះ​ខ្លាំង យើង​នឹង​មាន​អារម្មណ៍ វិលមុខ វង្វេងវង្វាន់ អស់​កម្លាំង និង​ឈឺក្បាល ហើយ​ករណី​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​ស្លាប់​ទៀត​ផង។

    ២- ធ្វើ​ឲ្យ​កោសិកា​ឡើងហើម

    នៅ​ពេល​កម្រិត​ជាតិ​សូដ្បូម​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​ទាប សារធាតុទឹក នឹង​អាច​ជ្រាប​ទៅ​ក្នុង​កោសិកា តាមរយៈ​ភ្នាសកោសិកា ជាលទ្ធផល​នាំ​ឲ្យ​កោសិកា​ទាំង​នោះ​ឡើង​ហើម។ ករណី​ឡើង​ហើម​កោសិកា​ក្នុង​រាង​កាយ ក៏រាប់​បញ្ចូល​ទាំង​ខួរក្បាល​ផងដែរ ហើយ​នឹង​បង្ក​ឲ្យ​មាន​ការ​ខូចខាតជាលិកា​សាច់​ដុំ​ សរីរាង្គ និង​ខួរក្បាលតែ​ម្តង។

    ៣- បង្ករាករូស

    បញ្ហា​លើស​ជាតិ​ទឹក អាច​ជាលទ្ធផល​នាំ​ឲ្យ​រាករូស​ធ្ងន់ធ្ងរ និង​បែក​ញើស​យូរ​ខុស​ធម្មតា។ បញ្ហា​នេះ​បង្ក​ឡើង​ដោយ​ស្ថានភាព​សុខភាព​មួយ​ហៅ​ថា Hypokalemia សំដៅ​ទៅ​លើ​ការ​ខ្វះ​ជាតិ​អ៊ីយ៉ុង​ប៉ូតាស្យូម​ក្នុង​រាងកាយ។ តុល្យភាព​រវាង​អ៊ីយ៉ុង​ប៉ូតាស្យូម ទាំង​ក្នុង​កោសិកា និង​ក្រៅ​កោសិកា និង​មាន​ការ​រំខាន​នៅ​ពេល​យើង​ផឹក​ទឹក​លើស​កម្រិត។ ជាក់ស្តែង ត្រឹម​តែ ១% នៃ​បម្រែបម្រួល​ការ​បែង​ចែក​អ៊ីយ៉ុង​ប៉ូតាស្យូម​ទៅ​លើ​កោសិកា នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​កម្រិត​កំហាប់​ជាតិ​ប៉ូតាស្យូម​ដល់​ទៅ ៥០% ឯណោះ។

    អត្ថបទ​​ពាក់ព័ន្ធ៖

  • អាហារ​ទាំង​អស់​នេះល្អខ្លាំង​សម្រាប់​ខែ​ក្តៅ ​សម្បូរ​ជាតិ​ទឹក រសជាតិ​ឆ្ងាញ់​
  • ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់
  • ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត
  • ៤- ប៉ះពាល់​ខួរក្បាល

    បញ្ហា​ខ្វះ​ជា​តិសូដ្យូម ដោយ​សារ​ផឹក​ទឹក​លើស​កម្រិត អាច​បង្ក​ឲ្យ​ហើម​កោសិកា​ខួរ​ក្បាល ដែល​លទ្ធផល នឹង​នាំឲ្យ​មាន​បញ្ហា​ជា​ច្រើន​រាប់​បញ្ចូល​ទាំង​និយាយ​ស្តាប់​គ្នា​មិន​បាន វង្វេងវង្វាន់ ពិបាក​ទប់​ជំហរពេល​ដើរ បញ្ហា​ផ្លូវចិត្ត និង​ឈាន​ដល់​ស្លាប់​ទៀត​ផង។

    ៥- នាំ​ឲ្យ​បេះ​ដូង​ត្រូវ​ធ្វើ​ការ​ធ្ងន់ធ្ងរ

    នៅ​ពេល​មាន​បញ្ហា​លើស​ជាតិ​ទឹក អាច​បង្ក​ទៅ​ជា​ខ្សោយ​បេះដូង​បាន ចំពោះ​គ្នា​យើង​កំពុង​ធ្វើ​ការ​លាង​ឈាម។ ដំណើរ​ការ​របស់​បេះដូង គឺ​មាន​មុខ​ងារ​យ៉ាង​សំខាន់ ច្របាច់​ឈាម​ទៅ​កាន់​សរីរាង្គ​ទាំងអស់​ក្នុង​រាង​កាយ ហើយ​នៅ​ពេល​យើង​ផឹក​​ទឹក​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​កម្រិត​ឈាម​ក្នុង​រាងកាយ​កើន​ឡើង​ដូច​គ្នា។ នៅ​ពេល​បរិមាណ​ឈាម​កើត​ឡើង នឹង​បន្ថែម​សម្ពាធ​ទៅ​លើ​សរសៃ​ឈាម និង​បេះ​ដូង ជាហេតុ​អាច​នាំ​ឲ្យ​យើង​ប្រឈម​បញ្ហា​ប្រកាច់​ទៀតផង។

    ៦- បន្ថែម​សម្ពាធទៅ​លើ​តម្រងនោម

    លើស​ជាតិទឹក​ក្នុង​ខ្លួន នឹង​ធ្វើ​ឲ្យ​មាន​របួស​តម្រង​នោម​​​ស្រួច​ស្រាវ ដោយ​សារ​តែ​ផឹក​ទឹក​ច្រើន​លើស​កម្រិត នាំ​ឲ្យ​ធ្លាក់​ចុះ​ប្លាស្មានៃ​អ័រម៉ូន Arginine Vasopressin ដែល​ជា​អ័រម៉ូន​ជួយ​ទ្រទ្រង់​មុខ​ងារ​របស់​តម្រង​នោម។ ផឹក​ទឹក​ច្រើន​លើ​កម្រិត ក៏​អាច​នាំ​ឲ្យ​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​លើ​តម្រង​នោម​យើង ដោយ​សារ​តម្រង​នោម​យើងក្នុង​មួយ​ម៉ោង អាច​ទទួល​សារធាតុ​រាវ​ពី​រាងកាយ​ប្រមាណ ១​លីត្រ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​សារធាតុ​រាវ​បញ្ចេញ​ពី​រាង​កាយ​មក​តម្រង​នោម​កាន់​តែ​ច្រើន ដូច​ជា​យើង​កំពុង​បន្ថែម​ការងារ​ក្រៅ​ម៉ោង​លើ​តម្រង​នោម​ដូច្នោះ​ដែរ។

    អត្ថបទ​​ពាក់ព័ន្ធ៖

    ៧- អាច​បង្ក​ឲ្យ​មាន​បញ្ហា​ថ្លើម

    នេះជា​ចំណុច​សំខាន់​បំផុត​ត្រូវ​ចង​ចាំ ដោយ​សារ​បញ្ហា​នេះ មិន​មែន​បង្ក​ឡើង​ដោយ​សារ​លើស​ជាតិទឹក​ក្នុង​ខ្លួន​តែ​មួយ​មុខ​នោះ​ទេ។ ករណី​កម្រ ​កើត​ឡើង​នៅ​ពេល​ទឹក​ដែល​​ផឹក​ក្នុង​កម្រិត​ច្រើន មាន​លាយ​ជាតិ​ដែក​នៅ​ក្នុង​នោះ។ ការ​ផ្ទុក​ជាតិ​ដែកលើស​កម្រិត មិន​អាច​បង្ក​ឲ្យ​ខូច​ខាត​ថ្លើម​ក៏​ពិត​មែន ប៉ុន្តែ​ករណី​កម្រ គឺជាមូលហេតុនាំ​ឲ្យមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ថ្លើម។ គ្នា​យើង​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម (Liver cirrhosis) នឹង​ងាយ​កកើត​ជា​ជំងឺ​ខ្វះ​​សូដ្យូម (Hyponatremia) ដូច​គ្នា។

    ៨- នោម​ញឹក

    បញ្ហា​នោម​ញឹក អាច​និយាយ​បាន​ថា ១៥នាទី នោម​ម្តង អាច​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ធុញ​ថប់ មិន​ថា​នៅ​កន្លែង​ធ្វើការ ផ្ទះ ឬសាលារៀន​នោះ​ទេ។ នៅ​ពេល​យើង​ផឹក​ទឹក​លើស​កម្រិត តម្រង​នោម​យើង នឹង​ធ្វើ​ការ​រហូត ជាលទ្ធផល​នាំ​ឲ្យ​ត្រូវ​ប្រញាប់​ប្រញាល់​ទៅ​បន្ទប់​ទឹក​ញយដង។

    ៩- បង្កហានិភ័យ​លើស​ជាតិ​ក្លររីន

    ជាតិ​ក្លររីន ត្រូវ​គេ​ប្រើ​ដើម្បី​សម្លាប់​មេរោគ បាក់តេរី​ក្នុង​ទឹក ប៉ុន្តែ​នៅ​ពេល​យើង​ផឹក​ទឹក​កាន់​តែ​ច្រើន យើង​អាច​នឹង​ស្រូប​យក​ជាតិ​នេះ​កាន់​តែ​ខ្ពស់ នាំ​ឲ្យ​លើ​សកម្រិត​ដែល​ជាលទ្ធផល​នាំ​ឲ្យ​បង្កើន​ហានិភ័យ​វិវត្ត​ទៅ​រកជំងឺ​មហារីក​ប្លោកនោម និង​មហារីក​ពោះវៀនធំ។

    អត្ថបទពាក់ព័ន្ធ៖

    ១០- ប្រឈម​ហានិភ័យ​សន្លប់ (មនុស្សរុក្ខជាតិ)

    ​ខួរ​ក្បាល និង​សរីរាង្គ​ក្នុង​រាងកាយ​ត្រូវ​បំផ្លាញ ក៏​អាច​ជា​លទ្ធផល​មក​ពី​ការ​ផឹក​ទឹក​លើស​កម្រិត​ដូច​គ្នា នាំ​ឲ្យ​យើង​ប្រឈម​បញ្ហា​សន្លប់រយៈពេលយូរ ហើយ​ក្នុង​ករណី​ខ្លះ អាច​ឈាន​ដល់​ស្លាប់​ថែម​ទៀត។ លើស​ពី​នេះ កុំ​ផឹក​ទឹក​ច្រើន​ពេក​ក្នុង​រយៈ​ពេល​ខ្លី ព្រោះ​អាច​ប្រឈម​បញ្ហា​សុខភាព​នេះ​ដូច​គ្នា។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Apr 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម