backup og meta

មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 11, 2019

    មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច

    ការ​ចាក់​វ៉ាក់សាំង​របស់​ទារក​តាម​គោលការណ៍​ថ្នាក់​ជាតិ គឺជា​រឿង​សំខាន់​បំផុត​ដែល​ម៉ាក់ប៉ា​គួរតែ​យក​ចិត្ត​ទុក​ដាក់។ មិន​ត្រឹមតែ​យក​ចិត្ត​ទុក​ដាក់​នាំ​ទារក​ទៅ​ចាក់​វ៉ាក់សាំង​នោះ​ទេ ក្រោយ​ចាក់​រួច​ម៉ាក់ប៉ា​ក៏​ត្រូវ​តែ​មើល​ថែ​កូន​មួយ​កម្រិត​ទៀត​ដែរ ព្រោះ​ពេល​ចាក់​រួច​ប្រភេទ​វ៉ាក់សាំង​ខ្លះ​អាច​ធ្វើឲ្យ​កូនមានផលរំខានដូចជា​ក្ដៅ​ខ្លួន​ជាដើម។ នេះ​ជា​ការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ៖

    ១- ទារក​ទើប​កើត នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង​ភ្លាម​ៗ ហើយ​ក្រោយ​ពី​ចាក់​រួច​ទារក​អាច​មាន​អាការ​ក្ដៅ​ខ្លួន ១-២ ថ្ងៃ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ទៀតកន្លែង​ចាក់​វ៉ាក់សាំង​នោះ ​អាច​លេច​ចេញ​ស្នាម​ក្រហម និង​កន្ទួលផង​ដែរ។

    ២- ទារក​អាយុ ១ ខែ​កន្លះ ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់) វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស រលាក​ថ្លើម​ប្រភេទបេ រលាក​សួត-ស្រោមខួរ និង​ហ៊ីប និង​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត-រលាក​ស្រោមខួរ​ដោយភ្នើម៉ូកូក។ ក្រោយ​ចាក់ ជាតិ​ថ្នាំ​អាច​ធ្វើឲ្យ​ទារក​ភាគច្រើន​មាន​អាការៈក្ដៅ​ខ្លួន ហើយ​គប្បី​ជូត​ខ្លួន​កូន​នឹង​ទឹកក្ដៅឧណ្ហៗ និង​ឲ្យ​ថ្នាំ​បញ្ចុះ​កម្ដៅ​តាម​វេជ្ជបញ្ជា។

    ៣- ទារក​អាយុ ២ ខែ​កន្លះ ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ច្រើន​មុខ​ដូច​កាល ១ ខែ​កន្លះ​ដែរ ហើយ​ផល​រំខាន​របស់​ថ្នាំ គឺ​អាច​បណ្ដាល​ឲ្យ​កូន​ក្ដៅ​ខ្លួន​យ៉ាងហោចណាស់ ១-៣ ថ្ងៃ​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ?

    ចាក់វ៉ាក់សាំងHello_គ្រូពេទ្យ

    ៤- ទារក​អាយុ ៣ ខែ​កន្លះ ក្រៅពី​ចាក់​រម្លឹក​នូវ​វ៉ាក់សាំង​ទាំង​ប៉ុន្មាន​មុខ​ដូច​កាល ២ ខែ​កន្លះ​ហើយ ត្រូវ​បន្ថែម​វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង​ប្រភេទ​ចាក់​ដល់​កូន​ទៀត​ផង។ ចំពោះផលរំខានថ្នាំ​វិញ អាច​នឹង​ក្ដៅ​ខ្លួន​ដូច​វ៉ាក់សាំង​មុន​ៗ​ដែរ។

    ៥- ទារក​អាយុ ៩ ខែ​កន្លះ នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ ២ មុខ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​លើកទី១ និង​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ហើយ​ថ្នាំ​ប្រភេទ​នេះ​ភាគច្រើន​មិន​បណ្ដាល​ឲ្យ​កូន​ក្ដៅ​ខ្លួន​ទេ។

    ៦- ទារក​អាយុ ១៨ ខែ ជា​ការ​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​លើក​ចុងក្រោយ ហើយ​កូន​នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​លើក​ទី ២។ លើក​នេះ​ភាគច្រើន​ក្មេង​គ្មាន​ក្ដៅ​ខ្លួន​អ្វី​នោះ​ទេ។

    សូម​ចំណាំ​ថា ក្រោយ​វ៉ាក់សាំង​ទារក​អាច​មាន​លេច​ស្នាម​ដុំ​ៗ​នៅ​ត្រង់​មុខ​របួស ប៉ុន្តែ​ម៉ាក់​ៗ​គប្បី​កុំ​យក​ដៃ​ទៅ​ស្ទាប ឬ​យក​ប្រេង​កូឡា​ទៅ​លាប​ពី​លើ ព្រោះ​នាំ​ឲ្យ​មាន​បញ្ហា​ផ្សេង​វិញ​ទៀត​ដូចជា ប៉ោង ឬ​ក្លាយ​មុខ​របួស​ទៅ​ជា​ខ្ទុះ។ ម៉្យាង​ទៀត​ប្រសិនបើ​កូន​ដល់​ថ្ងៃ​ណាត់​ចាក់​វ៉ាក់សាំង បែរជា​គ្រុន​ក្ដៅ ត្រូវ​លើក​ពេល​សិន រង់ចាំ​រហូត​ដល់​ក្មេង​បាត់​គ្រុន​ក្ដៅ​សិន ទើប​អាច​ចាក់​ថ្នាំ​បង្ការ​បន្ត​ទៀត​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម