២.បងស្រី សុភា អ្នករកស៊ីម្នាក់រស់នៅម្ដុំឈូកវ៉ា បានឲ្យដឹងថា “សម្រាប់ខ្ញុំ ពេលដំបូងឡើយចង់កាត់ឲ្យកូនពេលអាយុបាន១ខែជាង ប៉ុន្តែឃើញកូននៅខ្ចីពេក ហើយណាមួយមានមីងៗប្រាប់ថា ចាំកូនបាន៣-៤ខែសិនទៅចាំកាត់ ចឹងខ្ញុំក៏ធ្វើតាមមីងប្រាប់ទៅ។ ប៉ុន្តែ ខ្ញុំធ្លាប់មើលតាមអ៊ីនធើណេត គេថា កូនបាន១ខែជាងអីកាត់បានហើយ ព្រោះក្រចកកូនចាប់ផ្ដើមដុះ ហើយក៏ចាប់ផ្ដើមកខ្វក់ដែរ តែខ្ញុំមិនហ៊ានប្រថុយខ្លាចប៉ះពាល់កូន’។
សម្រាប់បញ្ហាកាត់ក្រចកកូននេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានពន្យល់ឲ្យដឹងថា នៅពេលទារកមានអាយុ១ខែ ក្រចកចាប់ផ្ដើមរឹង ល្មមម៉ាក់ប៉ាអាចកាត់បានហើយ មិនបាច់ចាំរហូតទាល់តែដោះស្រោមដៃទើបកាត់ក្រចកកូនទេ។ បើតាមចាស់ៗសម័យមុន ឲ្យទុកក្រចកកូនរហូតទាល់តែ៣-៤ខែទើបកាត់បាន ដោយសារគាត់គិតថា កូនពាក់ស្រោមដៃហើយមិនបាច់កាត់អីច្រើនទេ ខ្លាចកាត់ទៅជ្រុលដៃ កាត់ដោយសាច់កូន ធ្វើឲ្យកូនឈឺ យំវិញទេ។