backup og meta

ឃើញ​មាន​សញ្ញាទាំង ៦ នេះ បង្ហាញថា​កូនមានសុខភាព​ល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Sep 27, 2021

    ឃើញ​មាន​សញ្ញាទាំង ៦ នេះ បង្ហាញថា​កូនមានសុខភាព​ល្អ

    ខុស​ពី​មនុស្ស​ពេញ​វ័យ​ដែល​សម្តែង​អារម្មណ៍​តាម​រយៈ​ពាក្យ​សម្តី​ ទារក​អាច​គ្រាន់​តែ​ប្រាប់​យើង​នូវ​អារម្មណ៍​ពួក​គេ​តាម​រយៈ​ប្រតិកម្ម​តែ​ប៉ុណ្ណោះ​។ ជា​មួយ​នឹងអ្វី​ដែលបាន​លើកឡើងនេះ​ តើ​យើង​ដឹង​ដោយ​របៀប​ណា​ថា​តើ​បណ្តូល​ចិត្ត​តូច​របស់​យើង​រីករាយ​ឬ​អត់​នោះ​? សូម​ពិនិត្យ​មើល​សញ្ញា​ទាំង​ ៦ ខាង​ក្រោម​ ប៉ាម៉ាក់​នឹងបាន​យល់​មិន​ខាន។

    ១. ទារកប្រតិកម្មនឹងការប៉ះ ឬសំឡេង

    ប៊េប៊ី​កំពុង​តែ​យំ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​រំពេច​នោះ​ស្រាប់​តែ​នៅ​ស្ងៀម​ពេល​បាន​ឮសំឡេង​របស់​ប៉ាៗឬម៉ាក់ៗមែនទេ​​? បើ​មែន​ សូម​អប​អរ​សាទរ​! ប្រសិន​បើ​ប៉ាម៉ាក់​អាច​ទាញ​យក​ចំណាប់​អារម្មណ៍​របស់ប៊េប៊ី​បាន​ដោយ​ការ​ប៉ះ​ ឬ​សំឡេង​ នោះមាន​ន័យ​ថា​ចំណង​ភ្ជាប់​ស្និទ្ធ​ស្នាល​រវាង​ប៉ាម៉ាក់​ និងបណ្ដូលចិត្ត​​តូច​​របស់​យើង​កំពុង​ប្រព្រឹត្ត​ទៅ​ត្រូវ​តាម​គន្លង​ហើយ​។​ នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​សញ្ញា​ទី​មួយ​នៃ​ទំនាក់​ទំនង​សម្ព័ន្ធ​ភាព​មាតា​បិតា​វិជ្ជមាន​។

    ២. ទារកកើនទម្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ

    តើ​អ្វី​អាច​ត្រូវ​ចំ​ជាក់​លាក់​ជាង​ការ​កើន​ទម្ងន់​ទៅ​ទៀត​ទៅ​ពេល​និយាយ​ដល់​សភាព​ផ្លូវ​កាយ​ប្រកប​ដោយ​សុខ​ភាព​ល្អ​របស់ប៊េប៊ីនោះ​? សញ្ញា​នេះ​បង្ហាញ​ថា​ទារក​កំពុង​តែ​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​។​ ប្រសិន​បើ​យើង​បំបៅ​ដោះ​ កូននឹង​ឲ្យ​យើង​​ដឹង​ថា​តើ​គេ​ទទួល​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ​ដោយ​ចំនួន​នៃ​កន្ទប​ដែល​គេ​ប្រើ​នៅ​ក្នុង​មួយ​ថ្ងៃ​។​ កន្ទប​ដែល​សើម​ជា​សញ្ញា​បង្ហាញ​​ថា​ប៊េប៊ីរបស់​ប៉ាម៉ាក់​បានបៅ​បាន​ល្អហើយ​។​

    ៣.ទារកមានពេលសញ្ជឹងគិតខ្លះៗក្នុងមួយថ្ងៃៗ

    ក្នុង​ថ្ងៃ​ដំបូង​ ទារក​គ្រាន់​តែបៅ​ទឹក​ដោះ​ម្ដាយ ហើយ​បន្ទាប់​មក​ចូល​ដេក​តែ​ប៉ុណ្ណោះ​ និង​មាន​ពេលខ្លះ​​ដែលប៊េប៊ី​យំ​។ ដោយ​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ ពេល​នោះ​ មាន​ថ្ងៃ​មួយ​ ប៉ាម៉ាក់​នឹង​ឃើញ​ថា​ប៊េប៊ី​របស់​យើង​​មាន​ពេល​នៅ​ស្ងាត់​ស្ងៀម​។ ការណ៍​នេះ​មិន​មែន​ព្រោះតែ​ប៊េប៊ីឈឺ​នោះ​ទេ​ សូម​កុំ​បារម្ភ​។ នេះ​គឺ​ជា​សញ្ញា​នៃ​កូន​តូច​របស់​យើង​​ចាប់​ផ្តើម​អង្កេត​មើល​ពិភព​លោក​។ នៅ​ចំណុច​នេះ​ ទារក​ចាប់​ផ្តើម​មាន​ការ​យល់​ដឹង​ ប៊េប៊ីឃើញ​របស់​របរ​នៅ​ជុំ​វិញ​ និង​ទទួល​បាន​ព័ត៌​មាន​។​

    ៤. ទារករកមើលសំឡេង ហើយចាប់ផ្តើមស្តាប់

    ជា​មួយ​សកម្ម​ភាព​នេះ​ ប៊េប៊ី​កំពុង​តែ​បង្ហាញ​យើង​​ថា​ ត្រចៀក​ គេ​កំពុង​តែ​អភិវឌ្ឍ​យ៉ាង​ត្រឹម​ត្រូវ​ហើយ​។​ ថែម​ពី​លើ​នេះ​ ខួរ​ក្បាល​គេ​ពេល​នេះ​កំពុង​​ប្រើ​ដើម្បី​គិត​រិះ​រេ​អំពី​សំឡេង​នោះ​។ តាម​ពិត​ ទារក​អាច​ស្តាប់​ឮ​តាំង​ពី​គេ​នៅ​ក្នុង​ពោះម៉ាក់ៗ​​មក​ម្ល៉េះ​ យ៉ាង​នេះ​ក្តី​ គឺត្រូវការ​ពេល​សម្រាប់​ប៊េប៊ី​ក្នុង​ការ​ញែក​រើស​​ និង​ញែក​ភាព​ខុស​គ្នា​រវាង​សំឡេង​គួរ​ឲ្យ​ធុញ​ទ្រាន់​ និង​សំឡេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​។​ ហេតុ​នេះ​ ប្រសិន​បើ​ប៉ាម៉ាក់​​ធ្លាប់​តាម​ទាន់​ប៊េប៊ី​ស្វែង​រក​មើល​ប្រភព​សំឡេង​ នោះ​យើង​​នឹង​ដឹង​ថា​ត្រចៀក​គេ​មាន​សុខ​ភាព​ល្អ​ពិត​ប្រាក​ដ​ណាស់​។ ការ​ចង់​ដឹង​ចង់​ឮ​ក៏​កំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ផង​ដែរ​។​

    ៥. ទារកមានសកម្មភាពជាមួយមនុស្សម្នា

    សកម្មភាពនេះ​មាន​ធ្វើ​ឡើង​តាម​រយៈ​ការ​សម្លឹង​ប៉ះ​ចំ​ភ្នែក​ ការ​ញញឹម​ ការ​សើច​ក្អឹកៗ​តិច​ៗ​។ល។​ ប្រ​ការ​នេះ​ដៅ​សម្គាល់​ឲ្យ​ឃើញ​ថា​ជីវិត​សង្គម​របស់​ទារក​ប្រុង​នឹង​មក​ដល់​ហើយ​។​ ប៊េប៊ី​បាន​ប៉ាន់​ស្មាន​ថា​ នៅ​អាយុ​បាន​មួយ​ខែ​ ទារក​ចាប់​ផ្តើម​ធ្វើ​ការ​សម្លឹង​ចំ​ភ្នែក​។​ ការ​ញញឹម​នឹង​មាន​មក​នៅ​អាយុ​បាន​២ ​ខែ​ និយាយ​រហ៊ឹមៗ​នៅ​អាយុ​ ៣​​ខែ​ និង​សើច​នៅ​អាយុ​ ៤​ខែ​។​ អាកប្បកិរិយា​នេះ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផ្ដល់ដំណឹង​ដល់​ប៉ាម៉ាក់​​ឲ្យ​ដឹង​ថា​ប៊េប៊ីមាន​ការ​អភិវឌ្ឍ​ផ្នែក​ភាសា​ជា​ធម្មតា​។​

    ៦. ទារកកត់សម្គាល់លក្ខណះ ពណ៌ និងចលនា

    ប្រសិន​បើ​ការ​ស្តាប់​សំឡេង​ប្រាប់​ពី​សភាព​នៃ​ត្រចៀក​របស់​ទារក​ ការ​កត់​សម្គាល់​លំនាំ​ ពណ៌​ និង​ចលនា​គឺ​ជា​សញ្ញា​នៃ​គំហើញ​ចក្ខុ​ដែល​មាន​សុខ​ភាព​ល្អ​។ ទារក​កើត​មក​ដោយ​មាន​គំហើញ​ចក្ខុ​មិន​បាន​អភិវឌ្ឍ​ពេញ​លេញ​ឡើយ​។ គំហើញ​មាន​កម្រិត​ប្រហែល​ ២០/១០០ ដែល​​មាន​ន័យ​ថា​ប៊េប៊ី​អាច​មើល​ឃើញ​របស់​តែ​ក្នុង​ចម្ងាយ​ ៣០ សង់ទីម៉ែត្រ​ពី​ខ្លួន​តែ​ប៉ុណ្ណោះ​។ ពេល​គេ​ឈាន​ដល់​អាយុ​បាន​មួយ​ខែ​ ចម្ងាយ​កើត​ឡើង​បាន​រហូត​ដល់​ ៤៥ សង់​ទី​ម៉ែត្រ​។​ ក្រោយ​មក​ទៀត​ នៅ​អាយុ​បាន​ ២ ខែ​ភ្នែក​ពួក​គេ​ចាប់​ផ្តើម​តាម​ដាន​លំនាំ​ពណ៌​ស្រស់​ៗ​ និង​វត្ថុ​ដែល​មាន​ចលនា​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Sep 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម