backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ២៣ សប្តាហ៍៖ អាយុប៉ុណ្ណឹង ម៉ាក់ប៉ា​បង្រៀនកូនពីអី ទើបល្អ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 23, 2019

អាយុ ២៣ សប្តាហ៍៖ អាយុប៉ុណ្ណឹង ម៉ាក់ប៉ា​បង្រៀនកូនពីអី ទើបល្អ?

ការលូតលាស់ និងអាកប្បកិរិយា

កូន​យើង​ចាប់​ផ្តើម​ចេះ​សម្គាល់​របស់​តូចៗ និង​តាម​ដាន​​វត្ថុ​​មាន​ចលនា។ ចំណុច​នេះ​មាន​ន័យ​ថា អាអូន​អាច​​ចាប់​អារម្មណ៍​វត្ថុ​ទាំង​នោះ​ ទោះ​ជា​បាន​ឃើញ​តែ​ផ្នែក​ណា​មួយ​ក៏​ដោយ ប្រៀប​បាន​នឹង​តុក្កតា​សំណព្វ​នៅ​ក្រោម​ភួយ​របស់​គេ។ ម៉ាក់ប៉ា​ច្បាស់​ជា​ប្លែក​មិន​ខាន ពេល​ឃើញ​អាអូន​ព្យាយាម​ទៅ​ជិត​វត្ថុ​​នៅ​ជិត​ខ្លួន ប៉ុន្តែ​កូន​យើង​នឹង​កាន់​របស់​នោះ​តែ​ប៉ុន្មាន​វិនាទី​​ប៉ុណ្ណោះ។

នៅ​សប្តាហ៍ទី​ ២៣​ នេះ កូន​យើង​អាច​ធ្វើ​រឿង​មួយ​ចំនួន​ដូចជា​៖

– អង្គុយ​ដោយ​មិន​បាច់​ជំនួយ

– អង្កេត​​វត្ថុ​តូចៗ និង​តាម​ដាន​វត្ថុ​ដែល​មាន​ចលនា

– ចំណាំ​វត្ថុ ទោះ​ឃើញ​តែ​ផ្នែក​ណា​មួយ​ក៏ដោយ

– ព្យាយាម​ទៅ​ជិត​វត្ថុ​ដែល​នៅ​ជិត​ខ្លួន។

១- បង្រៀនកូនពីអីខ្លះ?

នៅ​សប្តាហ៍ទី​ ២៣ នេះ​ ទារក​នឹង​ចាប់​ផ្តើម​ស្គាល់​ពណ៌​ ដូចនេះ​ការ​អាន​សៀវភៅ​ដែល​មាន​ពណ៌​ច្រើន ឬ​លេង​ជាមួយ​ឈើ​ដែល​មាន​ពណ៌ ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​កូន​​​យើង​រៀនពី​ការ​លាយ​ពណ៌។ ម៉ាក់ប៉ា​គួរ​តែ​ឲ្យរបស់​អ្វី​មួយទៅកូន​ដើម្បី​កាន់ ឬ​ជញ្ជក់ ធ្វើ​បែប​នេះ​អាអូន​អាច​រៀន​ពី​វត្ថុ​ថ្មី​នេះ ចំណាំពណ៌ និង​រូប​រាង​របស់​វា។

សុខភាព​ និង​សុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

បើ​យើង​មិន​មាន​ការ​ណាត់​ជួប​គ្រូពេទ្យ​នៅ​សប្តាហ៍​នេះ ដូច្នេះ​អាច​មាន​ពេល​ត្រៀម​​សំណួរ​មួយ​ចំនួន​សម្រាប់​ការ​ជួប​លើក​ក្រោយ។ ទោះ​យ៉ាង​ណា​យើង​ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ បើ​ឃើញ​​មាន​ប្រែប្រួល​ការ​គេង ការ​ញ៉ាំ​អាហារ​របស់​កូន ពីព្រោះ​ក្នុង​ករណី​ខ្លះ សញ្ញា​ទាំងនេះ​អាច​បាត់ ទៅ​វិញ​ដោយ​ខ្លួន​ឯង ហើយ​ក្នុង​ករណី​កម្រ​ខ្លះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មួយ​​ធ្ងន់​ធ្ងរ។

៣- ត្រូវដឹងពីអីខ្លះ?

-តារាង​នៃ​ការ​លូតលាស់៖ គ្រូពេទ្យ​នឹង​សន្និដ្ឋាន​ពី​ការ​លូតលាស់​របស់​​កូន​យើង​ដោយ​ការ​ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​ទំហំ​ក្បាល​ហើយ​ប្រៀប​ធៀប​​​ជាមួយ​ទិន្នន័យ​រួម​មួយ ក៏​ដូចជា​លទ្ធផល​នៃ​ទារក​ពី​មុន​ៗ​មក។ ប្រសិន​បើ​មាន​ភាព​ខុស​គ្នា នេះ​បង្ហាញថា​កូន​យើង​កំពុង​​រង​បញ្ហា​សុខភាព​ដែល​អាច​ប៉ះពាល់​ដល់​​ការ​ទ្រ​ទ្រង់ និង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ មួយវិញទៀត​គ្រូពេទ្យ​​នឹង​ប្រើ​អត្រា​លូតលាស់​គិតជា​ភាគរយ​ដើម្បី​ប៉ាន់ប្រមាណ​ថា អូនតូច​មាន​ការ​លូត​លាស់​ប្រក្រតី​ដែរ​ឬទេ?

ទារក​មាន​អត្រា​នៃ​ការ​លូត​លាស់​ផ្សេង​ៗ​គ្នា​ ដូចនេះ​ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ពី​ការ​មិន​ឡើង​គីឡូ ឬ​លូត​កម្ពស់​របស់​កូន​ពេក​នោះ​ទេ។ ទារក​ខ្លះ​អាច​លូតលាស់​យឺត​ក្នុង​វ័​យនេះ ប៉ុន្តែ​ពួក​គេ​អាច​លូតលាស់​លឿន​នៅ​ដំណាក់​កាល​ក្រោយៗ​ទៀត។ ពិត​ណាស់​ការ​លូតលាស់​នេះ​ផ្អែក​ទៅ​លើ​ហ្ស៊ែន​ពី​កំណើត​របស់​ម៉ាក់ប៉ា លើស​ពី​នេះ​ទៀត សុខភាព​កូន​យើង​ក៏​អាច​ទទួល​ផល​រំខាន​ពី​កត្តា​​មួយ​ចំនួន​ដែរ រួមមាន​​ ​បរិស្ថាន ធម្មជាតិ និង​កម្រិត​នៃ​សកម្មភាព​របស់​ពួក​គេ។ ​

ការ​ទាញ​ត្រចៀក៖ ម្រាម​ដៃ និង​ដៃ មេ​ជើង និង​ជើង ត្រចៀក​ជា​ផ្នែក​ដែល​ទារក​ចង់​ដឹង ​ចង់​លេង។ ក្នុង​វ័យ​នេះ​អាអូន​នឹង​ចង់​ដឹង​ពី​ផ្នែកផ្សេងៗ​នៃ​រាងកាយ​របស់​គេ ដូច្នេះ​បើ​យើង​ឃើញ​កូន​មិន​ទាញ​ត្រចៀក ដោយ​មាន​គ្រុន​ក្ដៅ​ទេ នោះ​មិន​មាន​អ្វី​ដែល​គួរ​អោយ​ព្រួយ​បារម្ភ​ទេ កូន​យើង​អាច​មាន​ការ​បង្ក​រោគ​នៅ​ត្រចៀក ឬ​ការ​ដុះ​ធ្មេញ​ថ្មី ប្រសិន​បើ​មាន​សញ្ញា​មិន​ស្រួល​ខ្លួន​ផ្សេង​ទៀត ឬ​ក្តៅ​ខ្លួន។ ដូច្នេះ​យើង​គួរ​ប្រាប់​គ្រូ​ពេទ្យ​នូវ​សញ្ញា​មិន​ប្រក្រតី​ទាំងនេះ។

​-ជំងឺតាអក៖ ទារក​អាច​ទទួល​រង​ជំងឺ​​ស្បែក​ម្យ៉ាង​ហៅថា ជំងឺ​តាអក​ (Eczema) ដែល​បណ្តាល​ឲ្យ​​ស្បែក​​ឡើង​គ្រើម និង​រមាស់។ ខាង​ក្រោម​នេះ​ជា​វិធី​បញ្ចៀស​កូន​ពី​ជំងឺ​នេះ៖

កាត់​ក្រចក៖​ កាត់​​ក្រចក​ដៃ​កូន​​ឲ្យ​​ខ្លី​ ដើម្បី​ការពារ​នៅ​ពេល​​ក្រញៅ​។​

មុជទឹក​ឲ្យ​ល្មម​៖ យើង​គួរ​មុជ​ទឹក​កូន ​កុំ​ឲ្យ​លើស​ពី​ ១០-១៥​ នាទី​ ហើយ​ប្រើ​សាប៊ូ​ល្មម ពីព្រោះ​ការ​ត្រាំ​ទឹក​យូរ និង​ប្រើ​សាប៊ូ​ច្រើន​​ ​ធ្វើ​ឲ្យ​ស្បែក​​ស្ងួត។ បន្ទាប់​ពី​មុជ​ទឹក​រួច គួរ​តែ​លាប​ក្រែម​បន្ទន់​ស្បែក​​ឲ្យ​កូន។

-​ប្រើឡេ​៖ អ្នកគួរ​តែ​លាប​ឡេ​ឲ្យ​កូន​ឲ្យបាន​ច្រើន​ដើម្បី​កុំ​ឲ្យ​​​​រោល ឬ​រមាស់ បន្ទាប់ពី​មុជ​ទឹក​រួច។

-លៃ​សីតុណ្ហភាព​ឲ្យ​​សមរម្យ​​៖ បញ្ហា​ស្បែក​មួយ​ប្រភេទ​នេះ​នឹង​រឹត​តែ​ធ្ងន់​ឡើងបើ​ទារក​នៅ​កន្លែង​​មាន​ខ្យល់​ក្តៅ​ពេក​​ ត្រជាក់​ពេក ឬស្ងួត​ពេក​​ ដូចនេះ​យើង​ជៀស​វាង​ការ​ដាក់​កូន​នៅ​កន្លែង​បែប​នេះ​ ហើយ​បន្ទប់​ត្រូវ​តែ​មាន​សំណើម។

-ពាក់​សម្លៀក​បំពាក់​ធ្វើ​ពី​ក​​ប្បាស​៖ ការ​បែក​ញើស​អាច​ធ្វើ​ឲ្យ​ជំងឺ​មួយ​នេះ​កាន់​តែ​ធ្ងន់ ដូច្នេះ​យើង​​មិន​ត្រូវ​ឱ្យ​ទារក​ស្លៀក​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​រោមចៀម កប្បាស និង​ស្លៀក​ពាក់​ច្រើន​ជាន់​ពេក​ទេ។

​-កែប្រែ​របប​អាហារ​​៖ យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​នូវ​​​​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​ជំងឺ​ស្បែក​ប្រភេទ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

កៅ​អី​សម្រាប់​បញ្ចុក​អាហារ៖ ម៉ាក់ប៉ា​មួយ​ចំនួន​ប្រហែលជា​គិត​ថា​​ការ​បញ្ចុក​អាហារ​​កូន​នៅ​លើ​ភ្លៅ ជា​មធ្យោបាយ​​ល្អ​បំផុត​ហើយ ប៉ុន្តែ​វា​អាច​ជា​វិធី​មួយ​​រញ៉េរញ៉ៃ និង​មិន​សូវ​បាន​ផល​ឡើយ។ វិធី​ល្អ​បំផុត គឺ​រក​កៅអី​សម្រាប់​បញ្ចុក​​អាហារ​កូន ហើយ​​​គួរ​តែ​​​មើល​កូន​​យើង​​គ្រប់​ពេល​វេលា ខ្លាច​រអិល ​ឬ​ធ្លាក់។ នៅ​ពេល​កូន​យើង​អាច​អង្គុយ​បាន​ត្រង់​ល្អ​ហើយ គួរ​តែប្តូរ​ទៅ​កៅអី​ខ្ពស់​វិញ។

ចុះ​នៅ​សប្តាហ៍ទី ២៤ តើទារក​នឹង​វិវត្ត​យ៉ាង​ដូច​ម្តេច​ទៀត? រង់ចាំ​តា​មដាន​ទាំង​អស់​គ្នា​ណា!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 23, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម