backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ៣៥ សប្តាហ៍៖ តិចអត់ដឹងទៅ អូនតូច ៨ ខែ អាចមើលបានចម្ងាយប៉ុន្មាន?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Ros Khemary · កែ Jan 23, 2019

អាយុ ៣៥ សប្តាហ៍៖  តិចអត់ដឹងទៅ អូនតូច ៨ ខែ អាចមើលបានចម្ងាយប៉ុន្មាន?

ការលូតលាស់ និងអាកប្បកិរិយា

ឃើញ​កូន​យើង​សម្លឹង​មើល​អ្វីមួយ ដឹង​អត់​អាអូន​អាច​មើល​បាន​ចម្ងាយ​ប៉ុន្មាន? ការ​មើល​ឃើញ​របស់​ទារក​ក្នុង​វ័យ​នេះ អាច​ដូច​នឹង​មនុស្ស​ធំ​ក្នុង​ចំណុច​ខ្លះ​ហើយ  ជា​ពិសេស​ការ​មើល​ឃើញ​ក្នុង​ចម្ងាយ​ជិត​របស់​ពួក​គេ​បាន​ល្អ​ណាស់ តែ​ការ​មើល​ក្នុង​ចម្ងាយ​ឆ្ងាយ​កំពុង​វិវត្ត​នៅ​ឡើយ ដូច​នេះ​អាអូន​អាច​ត្រឹម​មើល​ឃើញ​មនុស្ស ឬ​វត្ថុ​នៅ​ក្នុង​បន្ទប់​តែ​ប៉ុណ្ណោះ។

ក្មេងៗ​ឆាប់​មើល​ឃើញ​របស់​លេង​លឿន​ទោះ​បី​វា​នៅ​ក្រៅ​បន្ទប់​ក៏​ដោយ ហើយ​ប្រឹង​វា​រទៅ​រក។ ចំពោះ​ពណ៌​ភ្នែក​របស់​កូន​នៅ​ពេល​នេះ ប្រហែល​ជា​ពណ៌​ដែល​អាច​នឹង​មាន​ពេញ​មួយ​ជីវិត ទោះ​បី​ជា​យើង​អាច​ឃើញ​ការ​ផ្លាស់​ប្ដូរ​តិច​តួច​នៅ​ពេល​ក្រោយ​ក៏​ដោយ។

ក្នុង​សប្តាហ៍​ទី ៣ នៃ​ខែ​ទី ៨ នេះ កូន​យើង​អាច​ចេះ៖

– មើល​ឃើញ​ច្បាស់​ជាង​មុន

– វារ ឬ​លូន

– ព្យាយាម​ងើប​ឈរ​ក្រោយ​ពេល​ដាក់​អង្គុយ

– ចេះ​ប្រើ​មេដៃ និង​ម្រាម​ដៃ​យក​របស់

– ចេះ​ហៅ ម៉ាម៉ា… ប៉ាប៉ា…។

១- បង្រៀនកូនដោយរបៀបណា?

គង់​មាន​ថ្ងៃ​ណា​មួយ កូន​យើង​នឹង​ខ្លាច​សំឡេង ឬ​របស់​ដែល​គេ​មិន​យល់ ឬ​មិន​ស្គាល់ ដូចជា​សំឡេង​កាំជ្រួច ​កណ្តឹង​ទ្វារ កំសៀវ​ទឹក​ពុះ ដែល​ពី​មុន​មិន​មែន​ជា​បញ្ហា តែ​ឥឡូវ​អាច​ឲ្យ​កូន​​ភ័យ​ខ្លាច​បាន។ ទោះ​អ្វី​ក៏​ដោយ បើ​កូន​ភ័យ​ខ្លាច ម៉ាក់ប៉ា​ត្រូវ​ផ្តល់​ភាព​កក់​ក្តៅ ហើយ​ព្យាយាម​ពន្យល់​កូន​យល់​ថា មាន​យើង​នៅ​ក្បែរកុំ​ភ័យ​ខ្លាច ​មិន​អី​ទេ​ ហើយ​កុំ​ភ្លេច​ឱប​កូន​ពេល​កំពុង​លួង​ផង ធ្វើ​បែប​នេះ​កូន​យើង​នឹង​មាន​ភាព​កក់​ក្តៅ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

គ្រូពេទ្យ​ភាគ​ច្រើន​មិន​ណាត់​ជួប​ដើម្បី​ពិនិត្យ​រាង​កាយ និង​សុខភាព​កូនយើង​​ក្នុង​ខែ​នេះ​ទេ តែ​បើ​មាន​បញ្ហា​មិន​បាច់​ចាំ​ខែ​ក្រោយ​ទេ ណាត់​ជួប​ពេទ្យ​ពេល​នេះ​ក៏​បាន។

៣- ចំណុចត្រូវដឹង

នៅ​សប្តាហ៍​នេះ​យើង​នឹង​ដឹង​ពី​បញ្ហា​ក្អក និង​ការ​វា​រលូន​របស់​ក្មេងៗ​វិញ​ម្តង តើ​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំណុច​ទាំង ២ នេះ​ដូច​ម្តេច​ខ្លះ?

ក្អក៖ និយាយ​ទៅ​ទោះ​បី​ក្មេង​សុខភាព​ល្អ​ប៉ុនណា ​ក៏​អាច​ក្អក​ដែរ។ ការ​ពិត​ទៅ ការ​ក្អក​អាច​ជួយ​ក្មេងៗ​ដក​ដង្ហើម​បាន​ស្រួល ដោយ​បាន​សម្អាត​សំបោរ ឬ​ស្លេស្សពី​ផ្លូវ​ដង្ហើម។ ជួន​កាល​ការ​ក្អក​យូរ​អាច​កើត​មាន​បន្ទាប់​ពី​រោគសញ្ញា​ជំងឺ​បាន​ជា​បាត់​ទៅ ប៉ុន្តែ​មិន​មែន​ទាំង​អស់​ទេ ដូចជា៖

-​ដង្ហក់៖ ក្មេងៗ​ពិបាក​ដក​ដង្ហើម ឬ​ដង្ហក់ វា​ជា​រោគសញ្ញា​ជំងឺរលាក​ទង​សួត​ដែល​បណ្តាល​មក​ពី​វីរុស​ឈ្មោះ Respiratory syncytial virus (RSV)។

-ក្អកឥតដាច់៖ ក្មេងៗ​ក្អក​ខ្លាំង​ដែល​យើង​តែង​និយាយ​ថា​ក្អក​ដូច​ឆ្កែ​ព្រុស វា​ជា​រោគ​សញ្ញា​ជំងឺ​រលាក​បំពង់ក​ដែល​បណ្តាល​មក​ពី​ឆ្លង​ពពួក​​វីរុស​តាម​ផ្លូវ​ដង្ហើម​ខាង​លើ។

-ត្រជាក់ហើយក្អកតែយប់៖ ក្មេងៗ​មើល​ទៅ​ដូច​ជា​ត្រជាក់​ខ្លួន​យូរ​ ហើយ​ក្អក​រ៉ាំរ៉ៃ​នៅ​ពេល​យប់ វា​អាច​ជា​រោគសញ្ញា​ប្រតិកម្ម​នឹង​អ្វី​មួយ ឬ​ការ​រលាក​ភ្នាស​ប្រអប់​រន្ធ​ច្រមុះ។

-ក្អកឥតហេតុផល៖ ក្មេងៗ​នៅ​សុខៗ​ក្អក ឬ​ក៏​ក្អក​រ៉ាំរ៉ៃ​ដែល​មិន​មាន​អាការៈ​ផ្តាសាយ វា​អាច​ជា​ជំងឺហឺត ឬ​ស្លាក់​វត្ថុ​អ្វី​មួយ។

-ក្អករ៉ាំរ៉ៃ៖ ក្មេងៗ​ក្អក​រ៉ាំរ៉ៃ ពិបាក​ដក​ដង្ហើម គ្រុន​ក្តៅ គ្រុន​រងារ ​អាចជា​ជំងឺ​រលាក​សួត។

-​ក្មេងៗ​ក្អក​មិន​ឈប់​រយៈ​ពេល ២០-៣០ វិនាទី ហើយ​សំឡេង​ពេល​ដក​ដង្ហើម​ជ្រៅ​ដូច​សំឡេង​មាន់​រងាវ វា​អាច​ជា​ជំងឺ​ក្អក​មាន់។

-ក្មេងៗ​ក្អក​មាន​ស្លេស្ស​ច្រើន​មក​ជាមួយ ធ្វើឲ្យ​ពិបាក​ដក​ដង្ហើម គួរ​នាំ​ទៅ​ជួប​ពេទ្យព្រោះ​វា​អាច​ជា​ជំងឺ Cystic Fibrosis (ជំងឺ​សួត​កើត​ពី​តំណ​ពូជ​ម្យ៉ាង​ដែល​អាច​បណ្តាល​ឲ្យ​សួត​រង​ការ​បង្ក​រោគ​ញឹក​ញាប់)។

ចូរកុំ​ផ្តល់​ពពួក​ថ្នាំ​ដែល​បន្ថយ​សកម្មភាព (Suppressant) ថ្នាំ​សម្រួល​ការ​ដក​ដង្ហើម ឬ​ពពួក​ថ្នាំ​ប្រឆាំង​ការ​បញ្ចេញ​អ៊ីស្តាមីន ទៅ​កូន ដោយ​គ្មាន​ការ​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ​។ប៉ុន្តែ​យើង​អាច៖

-​លាង​សម្អាត​សំបោរ​ដើម្បី​បន្ថយ​ការ​តឹង​ច្រមុះ ដោយ​ប្រើ​ថ្នាំ​បន្តក់​បន្ថយ​ការ​តឹង​ច្រមុះ​ដាក់​ចំហុយ​ក្នុង​បន្ទប់​នៅ​ពេល​យប់។

-ព​កូន​ទៅនៅ​ក្នុង​បន្ទប់​ទឹក​ចំហុយ ដើម្បី​មាន​អារម្មណ៍​ធូរ​ជាង​មុន និង​ជួយ​ឲ្យ​​ដក​ដង្ហើម​បាន​ស្រួល​ជាង​មុន។

-បើ​យើង​គិត​ថា​ការ​ក្អក​រ៉ាំរ៉ៃ​របស់​កូន​​បណ្តាល​មក​ពី​ប្រតិកម្ម​របស់​ក្នុង​បន្ទប់ ដូច្នេះ​ត្រូវសម្អាត ​និង​យក​​ពពួក​តុក្កតា​ប្រភេទ​សំឡី ឬ​ភួយ​ចេញពី​បន្ទប់​គេង​ និង​ទុក​សត្វ​ចិញ្ចឹម​ឲ្យ​នៅ​ក្រៅ​បន្ទប់។

ត្រូវ​ច្បាស់​ថា​កូន​យើង​មិន​បាន​ស្រូប​ផ្សែង​បារី​ពី​ក្នុង​ផ្ទះ ឬ​ក្នុង​ឡាន។

យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន និង​ទាក់​ទង​ទៅ​គ្រូពេទ្យ ប្រសិន​បើ​កូន​យើង​ក្អក​លែង​ញ៉ាំ ឬ​គេង និង​មាន​រោគ​សញ្ញា​មួយ​ចំនួន​ខាងក្រោម៖

– ក្អក​ធ្លាក់​ឈាម ពិបាក​ដក​ដង្ហើម

– គ្រុន​ក្តៅ ចង្វាក់​បេះដូង​លោត​ញាប់

– អស់​កម្លាំង ទន់​ល្ហិត​ល្ហៃ និង​ក្អួត។

– ក្អក​លើស​ពី ១ ​សប្តាហ៍។

ការវារលូន៖ ដរាប​ណា​កូន​យើង​ព្យាយាម​វារ ឬ​លូន​ដោយ​ខ្លួន​ឯង នោះ​វា​មិន​មែន​ជា​បញ្ហា​ដែល​យើង​គួរ​ព្រួយ​បារម្ភ​នោះ​ទេ។ តែ​អ្វី​ដែល​យើង​ត្រូវ​ព្រួយ​នោះ​ គឺ​កូន​មិន​អាច​សម្រប​សម្រួល​ដៃ​ជើង​ទៅ​តាម​ខ្លួន​របស់​គេ។ យើង​អាច​និយាយ​បាន​ថា កូន​មិន​អាច​រំកិល ​ឬ​រុញ​ដៃ​​ជើង​ក្នុង​ពេល​តែ​មួយ​បាន។ នេះ​អាច​បង្ហាញ​ពី​រោគសញ្ញា​ពិការ​ភាព​ហើយ​ការ​ព្យាបាល​ទាន់​ពេល​គឺ​ជា​រឿង​ចាំ​បាច់។

ការព្រួយបារម្ភ

៤- អ្វីខ្លះត្រូវបារម្ភ?

អាន​សៀវភៅបែប​ណា​ល្អ​ចំពោះកូន? ​នេះ​ជា​ចំណុច​ដែល​ម៉ាក់ប៉ា​តែង​តែ​ព្រួយ​បារម្ភ​ជា​រឿយៗ។ ការ​អាន​សៀវភៅ​មាន​សារ​សំខាន់​ណាស់​សម្រាប់​ក្មេងៗ​ក្នុង​វ័យ​នេះ។ ទោះ​បី​ជា​កូន​យើង​មិន​ទាន់​ស្គាល់​អ្វី​ទៅ​ជា​សៀវភៅ ប៉ុន្តែ​វា​អាច​ឲ្យ​ក្មេងៗ​ចាប់​អារម្មណ៍ ​ចង់​ដឹង​ចង់​ឃើញ។ អាន​សៀវភៅ​ជា​វិធី​ល្អ​ប្រសើរ​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​របស់​កូន​យើង។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ក្នុង​ការ​ចាប់​ផ្តើម​ខ្លះៗ​ក្នុង​ការ​អាន​សៀវភៅ៖

– អាន​ឮៗ​ឲ្យ​កូន​បាន​ស្តាប់

– ប្រមូល​ផ្តុំ​សៀវភៅ​ក្មេងៗ

– រៀន​អាន​លើក​ដាក់​សំឡេង​យឺតៗ

– ទម្លាប់​អាន​នៅ​ពេល​មុន​ចូល​គេង

– ឲ្យ​កូន​រើស​សៀវភៅ​សម្រាប់​អាន។

គន្លឹះ​ទាំងនេះ​វា​អាច​ជួយឲ្យ​មាន​អារម្មណ៍​រំភើប ​និង​សប្បាយ​ចិត្ត ហើយ​ពួក​គេ​ទន្ទឹងឲ្យ​តែ​ដល់​ពេល​អាន​សៀវភៅ​ទេ។ សាក​មើល៍ ម៉ាក់ប៉ា​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ជា​មិន​ខាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Ros Khemary · កែ Jan 23, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម