backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ៤៤ សប្តាហ៍៖ ម៉ាក់ប៉ាលែងហត់បាត់ ឃើញកូន​ចេះច្រើនអ៊ីចឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 23, 2019

អាយុ ៤៤ សប្តាហ៍៖  ម៉ាក់ប៉ាលែងហត់បាត់ ឃើញកូន​ចេះច្រើនអ៊ីចឹង

ការលូតលាស់ និងអាកប្បកិរិយា

អាអូន​លូត​លាស់​បាន​ល្អ ចេះ​ច្រើន​ជាង​មុន ធ្វើឲ្យ​ម៉ាក់ប៉ា​​សប្បាយ​ចិត្ត គ្រាន់​តែ​ឃើញ​ស្នាម​ញញឹម​កូន​បាត់​អស់ភាព​នឿយ​ហត់។ បេប៊ីនៅ​សប្តាហ៍​នេះ​អាច​យល់​ពី​ប្រាប់ងាយៗ​របស់យើង បើ​ទោះ​ពេល​ខ្លះ​មិន​ព្រម​ធ្វើ​តាម​ក៏​ដោយ។ អាអូន​ចេះ​ណាស់ ពេល​ចង់​បាន​របស់​អ្វី​មួយ​លែង​យំ​ដូច​មុន​ហើយ ព្យាយាម​ប្រើ​វិធី​ផ្សេង​វិញ។

នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​ទី ១០ នេះ​ កូន​របស់​អ្នក​អាច​៖

​- លេង​បាល់​តូចៗ

​- ញ៉ាំទឹក​ដោយ​កែវ​បាន​ដោយ​ខ្លួន​ឯង

​- រើស​របស់​តូចៗ​ដោយ​ខ្លួន​ឯង

​- ឈរ​បាន​ដោយគ្មានជំនួយ

​- និយាយ​ភាសា​ក្មេង តែ​មិន​ទាន់​អាច​ស្តាប់​បាន​

​- និយាយ​ពាក្យ​មួយ​ម៉ាត់ៗ ជាជាង “ម៉ាក់’ ឬ “ប៉ា’។

១- បង្រៀនកូនដោយរបៀបណា?

​ដើម្បី​ឲ្យ​កូន​ចង​ចាំ ​គួរ​​ព្យាយាម​និយាយ​ម្តង​ហើយ​ម្តង​ទៀត ព្រោះ​ក្មេង​អាច​មិន​ចាំ​នូវ​អ្វី​ដែល​យើង​បានប្រាប់​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ចាប់​ផ្តើម​បង្រៀន​កូន​ពី​អ្វី​ដែល​ល្អ និង​មាន​សុវត្ថិភាព។ ឧទាហរណ៍ កូន​កាន់​កន្ទុយ​ឆ្មា យើង​ត្រូវ​វាស​ដៃ​អាអូន​ចេញ រួច​សម្លឹង​ទៅ​កូន ហើយ​ប្រាប់​ថា​​ការ​ធ្វើ​បែប​នេះ មិន​ល្អ​ទេ អាច​ធ្វើ​ឲ្យ​ឆ្មា​ឈឺ ហើយ​ប្រាប់​កូន​ឲ្យ​អង្អែល​ឆ្មា​ដោយ​ថ្នមៗ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ជាទូទៅ​ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​មិន​ណាត់​ជួប​ជាមួយ​យើង​ទេ​ ប៉ុន្តែ​យើង​គួរ​តែ​ទាក់​ទង​គ្រូ​ពេទ្យ​ភ្លាមៗ ប្រសិន​បើ​មាន​បញ្ហា​បន្ទាន់។

៣- ចំណុចត្រូវដឹង

ក្នុង​ដំណាក់​ការ​នេះ យើង​តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​យំ​គាំង​​របស់​កូន។ ខាង​ក្រោម​នេះ​ក៏​មានបង្ហាញ​​ពី​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​រើស​ស្បែក​ជើង​ និង​ថែ​ទាំ​សក់​របស់​កូន។

ការ​យំ​​គាំង៖ ចូរ​​កុំ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​កូន​យំ​គាំង​ដល់​សន្លប់ ដោយសារ​តែ​វា​មិន​ចាំបាច់​ក្នុង​ការ​ព្យាបាល​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ យើងក៏ត្រូវដឹងពីវិធីខ្លះៗ ដើម្បីដោះស្រាយបញ្ហានេះ​ដែរ​៖​

– ត្រូវ​​ឲ្យ​កូនគេង​បាន​គ្រប់​គ្រាន់

– ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មួម៉ៅ​ខ្លាំង​ពេក

– ព្យាយាម​លួង​កូន​ពេល​រំជួល​ចិត្ត​ខ្លាំង​ ​

– ព្យាយាម​សម្រួល​អារម្មណ៍​កូន​។

ម៉ាក់ប៉ាកុំ​ភ័យ​ពេក​ពេល​កូន​យំគាំង អាអូន​អាច​ធ្វើ​បែប​នេះ​បន្ត​ទៀត​បើដឹង​ថា​ ខ្លួន​អាច​បាន​អ្វី​ដែល​ចង់​បាន​ពេល​ធ្វើ​បែប​នេះ​ ជាពិសេស​ពេល​ដែល​កូន​ធំ​ជាង​នេះ។ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​គាំង​នេះ​​អាច​ឈប់​ទៅ​វិញ​ពេល​​បេប៊ីចាប់​ផ្តើម​ផឹក​ថ្នាំ​​ជាតិ​ដែក។ យើង​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​នូវ​ជម្រើស​​ល្អ​ណាមួយក្នុង​ការ​ព្យាបាល​កូន។

បើ​កូន​គាំង​យូរ​ជាង ១ នាទី​ ហើយ​មិន​ទាក់​ទង​នឹង​ការ​នឹង​ការ​យំ ឈឺ​ចាប់ មាន​អារម្មណ៍​តឹង​តែង ឬ​មាន​បញ្ហា​ណា​មួយ​ដែល​យើង​បារម្ភ ត្រូវ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ភ្លាម។

ការ​ជ្រើស​រើស​ស្បែក​ជើង​ឲ្យកូន៖ ស្បែក​ជើង​​ដែល​ផ្តល់​ផាសុកភាព​ដល់​ទារក គឺ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​បម្លាស់​ទី​បាន​ស្រួល​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ការពារ​ជើង​កូន​យើង​មិន​ឲ្យ​ឈឺ។ អត់​ពិបាក​ទេ ម៉ាក់ៗ​អាច​រើស​យក​ស្បែក​ជើង​ដែល​មាន​សណ្ឋាន​ដូច​ខាង​ក្រោម៖

– បាត​ស្បែក​ជើង​អាច​បត់បែន​បាន​ស្រួល

– ស្បែក​ជើង​កីឡា​

– ស្បែក​ជើង​គ្មាន​កែង​

– ស្បែក​ជើង​មាន​ក្រវាត់​ក្រោម​រឹង

– ល្មម​នឹង​ជើង​

– ទម្រង់​ស្តង់ដារ។

ការ​ថែ​ទាំ​សក់៖ ការ​ថែ​ទាំ​សក់​កូន​បាន​ល្អ​ ធ្វើ​ឲ្យ​ក្បាល​កូន​ស្អាត ​ការ​ពារ​ពី​​ជំងឺ​ក្បាល​ផ្សេងៗ។ យើង​អាច​ធ្វើ​តាម​វិធី​ខាង​ក្រោម​ដើម្បី​ការពារ​សក់​កូន៖

– ស្រាយ​សក់​មុន​កក់​សក់ ដើម្បី​កុំ​ឲ្យ​កណ្ដាញ់​

– ប្រើ​សាប៊ូកក់​សក់ និងក្រែម​​បន្ទន់​ដែល​មិនបាច់​សម្អាត​ចេញ​

– ប្រើ​ក្រាស់​សិត​សក់​​មាន​ចន្លោះ​ធ្មេញ​ធំៗ

– កុំ​ប្រើ​ម៉ាស៊ីន​​សម្ងួត​​លើ​សក់​ទារក

– កុំ​ក្រង​សក់ ឬ​ចង​តឹងៗ​ពេក​

– ស្រាយ​សក់ យក​កៅស៊ូ ឬដង្កៀប​ចេញ​ពេលឱ្យ​កូនគេង

– តម្រឹម​សក់​កូន​រៀង​រាល់ ២ ខែ​ម្តង​

– តម្រឹម​សក់​ពេល​ដុះ​ដល់​​ចិញ្ចើម។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវដឹង?

ឆេវឆាវ៖ ជា​អ្វី​ដែល​ក្មេង​គិត ហើយ​មាន​ប្រតិកម្ម​ជាមួយ​បរិស្ថាន​ជុំ​វិញ រួមមាន​របៀប​នៃ​ការ​គេង ញ៉ាំ ការ​បន្សាំ​ខ្លួន​ទៅ​នឹង​បរិស្ថាន​ជុំវិញ និង​ការ​ឆ្លើយ​តប​ទៅ​រឿង​មួយ​ចំនួន​ទៀត។ ក្មេង​ខ្លះ​អាច​សម្រប​ខ្លួន​ទៅ​នឹង​របស់​ដែល​​ជួប​ថ្មី ឯខ្លះ​មិន​អាច ឬ​យឺត​ក្នុង​ការ​សម្រប​ខ្លួន។ អ្នក​ជំនាញ​ជាច្រើន​បាន​បង្ហាញ​ថា អារម្មណ៍​ឆេវឆាវ​​មាន​ពី​កំណើត​ជា​ជាង​ឥទ្ធិពល​ពី​កត្តា​ខាង​ក្រៅ។ យើង​អាច​ចាប់​ផ្តើ​ម​ដឹង​ពី​របៀប​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​កូន​តាំង​ពី​អាអូន​មាន​អាយុ ៣ ឬ ៤ ខែ​មក​ម្ល៉េះ នៅ​ពេល​​មាន​អាយុ ១០ ខែ​នេះ​ អត្តចរិត​កូន​យើង​នឹង​អាច​លេច​ចេញ​កាន់​តែ​ច្បាស់ ដែល​យើង​អាច​ស្រមៃ​ថា​កូន​យើង​នឹង​ក្លាយ​ជា​អ្វី​នៅ​ថ្ងៃ​អនាគត។

​បើ​យើង​គិត​ថា​កូន​មាន​បញ្ហា​ទៅ​ទាក់​ទង​នឹង​ផ្លូវ​អារម្មណ៍ ​គួរ​តែ​ព្យាយាម​យល់ ជា​ជាង​ការ​វាយ​តម្លៃ​ផ្សេងៗ ឬ​ប្រើ​ពាក្យ​សម្តី​ អាកប្បកិរិយា​ដែល​ថា កូន​យើង​មិន​ល្អ។ ផ្ទុយ​មក​វិញ យើង​គួរ​តែ​ព្យាយាម​យល់​ពី​កូន ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​អូន​តូច​ធ្វើ​រឿង​ល្អ​ជាង​មុន។ ម៉ាក់ប៉ា​គួរ​ដឹង​ថា យើង​មិន​អាច​ផ្លាស់​ប្តូរ​អត្តចរិត​ពី​កំណើត​របស់​កូន​​ទេ បើ​ទោះ​បី​ជា​យើង​អាច​លើក​ទឹក​ចិត្ត ​ជួយ​កូន​ឲ្យ​រៀន និង​ធំធាត់​ទៅ​តាម​ចរិត​ដែល​កូន​មាន។

ឥឡូវ​ម៉ាក់ប៉ា​បាន​ដឹង​ពី​បញ្ហា​កូន​នៅ​សប្តាហ៍​នេះ​ហើយ ចាំ​ជួប​គ្នា​សប្តាហ៍​ក្រោយ​ទៀត!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អបំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Jan 23, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម