backup og meta

បញ្ហានេះ​ហើយ ទើបក្មេងខ្លះមានជំងឺកង្វះអង់ហ្ស៊ីម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2020

    បញ្ហានេះ​ហើយ ទើបក្មេងខ្លះមានជំងឺកង្វះអង់ហ្ស៊ីម

    ម៉ាក់​ប៉ា​គ្រប់​រូប​តែង​តែ​ចង់​បាន​កូន​ដែល​មាន​សុខភាព​ល្អ ដូច​នេះ​ទើប​ខំ​ប្រឹង​ថែ​ទាំ​កូន​តាំង​ពី​ពេល​នៅ​ក្នុង​ពោះ​របស់​ម្ដាយ​មក​ម្ល៉េះ ប៉ុន្តែ​មាន​ក្មេងមួយ​ចំនួន​ក៏​​ជួប​បញ្ហា​ជំងឺ​ពី​កំណើត​ ដូច​ជា​ជំងឺ​កង្វះ​អង់ហ្ស៊ីម​ជាដើម។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​ផ្នែក​រោគ​កុមារ បាន​បកស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​កង្វះ​អង់ហ្ស៊ីម​ដែល​ផលិត​ចេញ​ពី​ថ្លើម ឬ​គេ​ហៅ​ថាអង់ហ្ស៊ីម G6PD ជា​ជំងឺ​ពី​កំណើត ដែល​ពេទ្យ​អាច​ដឹង​បាន​តាម​រយៈ​ការ​ជោះ​កែង​ជើង​របស់​ទារក​ក្រោយ​ពេល​កើត​។ “ការ​ដែល​ទារក​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម​នេះ គឺ​ដោយ​សារ​តែ​កោសិកា​ថ្លើម​របស់​ក្មេង មិន​ផលិត​អង់ហ្ស៊ីម​ទាំង​នោះ​ចេញ​មក ដើម្បី​ជួយ​​រំលាយ​អាហារ”។

    លោក​វេជ្ជបណ្ឌិត​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ​បន្ត​​ថា ក្នុង​ករណី​​ពេទ្យ​ពិនិត្យ​តេស្តឈាម​ក្មេង​ ហើយ​រក​ឃើញ​ថា​មាន​កើត​ជំងឺ​នេះ គឺ​មួយ​ជីវិត​របស់​ក្មេង​គឺ​ខ្វះ​អង់ហ្ស៊ីម​រហូត ពោល​បើ​កើត​ជំងឺ​កង្វះ​អង់ហ្ស៊ីម​ហើយ​ មិន​អាច​ព្យាបាល​ជា​បាន​ទេ។ បើ​កូន​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម​នេះ ហើយ​ម៉ាក់​ប៉ា​មិន​ចេះ​ថែ​កូន បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ពេទ្យ​ហាម​ឃាត់ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​កោសិកា​គ្រាប់​ឈាម​ក្រហម ខូច​គ្រាប់​ឈាម​ក្រហម ឬ​បែក​គ្រាប់​ឈាម​ក្រហម​របស់​ក្មេង ធ្វើ​ឲ្យ​កុមារ​នោះ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ស្លេក​ស្លាំង​មួយ​ទៀត ហើយ​ការ​លូត​លាស់​របស់​ក្មេង​ក៏​មិន​បាន​ល្អ​ដែរ។

    កង្វះអង់ហ្ស៊ីម
    វេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ

    ជា​ទូទៅ ក្មេង​ដែល​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម​ល្មមៗ​ មិន​មាន​ចេញ​រោគ​សញ្ញា​អី​ឲ្យ​ដឹង​ទេ តែ​ប្រសិន​បើ​ក្មេង​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​បែក​គ្រាប់​ឈាម​ក្រហម​អាច​ចេញ​រោគ​សញ្ញា​ដូច​ជា៖

    – ស្បែក​មាន​សភាព​ស្លេក​ទៅៗ

    – អត់​កម្លាំង​កំហែង ល្វើយៗ

    – បេះ​ដូង​លោត​ញាប់

    – ដក​ដង្ហើម​លឿន ឬ​ដក​ដង្ហើម​បាន​ខ្លីៗ

    – ទឹក​នោម​មាន​ពណ៌​ក្រមៅ។

    ផ្ទុយ​ទៅ​វិញ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ដឹង​ថា ប្រសិន​ជា​ដឹង​ថា កូន​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម ហើយ​ម៉ាក់​ប៉ា​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដោយ​មាន​​ការ​តម​អាហារ​មួយ​ចំនួន ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​ ដូច​ជា ពពួក​សណ្ដែក​ជាដើម។ មធ្យោបាយ​​​​ល្អ​បំផុត​ក្នុង​ការ​ថែ​ទាំ​កុមារ​ដែល​មាន​បញ្ហា​កង្វះ​អង់ហ្ស៊ីម​នេះ គឺ​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​អាច​បង្ក​ឲ្យ​រោគ​សញ្ញា​រើ​ឡើង​ទើប​ជា​ការ​ល្អ ហើយ​ក្នុង​ករណី​កូន​មិន​ស្រួល​ខ្លាំង​ត្រូវ​យក​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ភ្លាម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម