backup og meta

កូនកើតពងបែកនៅកន្លែង​ទាំងនេះ បើម៉ាក់ប៉ាប្រហែស ប្រយ័ត្នត្រូវសង្រ្គោះបន្ទាន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 25, 2020

    កូនកើតពងបែកនៅកន្លែង​ទាំងនេះ បើម៉ាក់ប៉ាប្រហែស ប្រយ័ត្នត្រូវសង្រ្គោះបន្ទាន់

    ចំពោះ​ក្មេងៗ គឺ​ជា​វ័យ​មួយ​ដែល​ម៉ាក់​ប៉ា​គួរ​ថែ​ទាំ​សុខភាព​កូន និង​ធ្វើ​អនាម័យ​កូន​ឲ្យ​បាន​ល្អ ពីព្រោះ​អា​អូន​តូចៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ច្រើនទៀត។ ស្រប​គ្នា​នេះ ជំងឺ​ពង​បែក​ដៃ​ជើង និង​​មាត់​ក៏​កើត​លើ​ក្មេង​តូចៗ​ញឹក​ញាប់​ដែរ ដូច​នេះ​ម៉ាក់​ប៉ា​គួរ​ដឹង​ពី​រោគ​សញ្ញា និង​វិធី​ការពារ​បញ្ហា​មួយ​នេះ។

    តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជំងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់(Hand Foot Mouth Disease) ជា​ជំងឺ​ឆ្លង ភាគ​ច្រើន​កើត​លើ​កុមារ និង​ទារក ហើយ​វា​បណ្ដាល​មក​ពី មេរោគ​​ក្នុង​ក្រុម Enterovirus បង្ក​ពង​បែក​ដៃ​ជើង និង​មាត់ និង​បង្ក​ដោយ ​Coxsackievirus ហើយ​ក៏​បណ្ដាល​មក​ពី Enterovirus 71(EV71)​ផង​ដែរ។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ករណី​នៃ​ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់​ភាគ​ច្រើន​ជា​ករណី​ស្រាល ហើយ​អាច​ជា​សះ​ស្បើយ​បាន​ក្នុង​រយៈ​ពេល​ពី ​៧-១០​ថ្ងៃ ដែល​រោគ​សញ្ញា​ស្រាល​មាន​ដូច​ជា៖ គ្រុន​ក្ដៅ និង​ពងបែក​លើ​ដៃ លើ​ជើង និង​ក្នុង​មាត់។ ផ្ទុយ​ពី​នេះ ក៏​មាន​កុមារ​មួយ​ចំនួន​ដែល​អាច​វិវត្ត​ពី​ករណី​ស្រាល​ទៅ​ជា​ធ្ងន់ធ្ងរ​ដែល​ទាម​ទារ​ឲ្យ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដែល​រោគ​សញ្ញា​ករណី​ធ្ងន់ធ្ងរ​មាន​ដូច​ជា៖

    – គ្រុន​ក្ដៅ

    – ក្អួត

    – ប្រកាច់

    – ពិបាក​ដកដង្ហើម

    – រឹង​ដៃ រឹង​ជើង ជាដើម។

    ទាក់​ទង​នឹង​ជំងឺ​ពងបែក​ដៃ​ជើង និង​មាត់​នេះ​ដែរ ក្រសួង​សុខាភិបាល​ធ្លាប់​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ថា ជំងឺ​ពងបែក​ដៃ​ជើង និង​មាត់ ក៏​អាច​បង្ក​ជា​ផល​ពិបាក​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​វា​ជា​ករណី​កម្រ​មាន។ ផល​វិបាក​ទាំង​នោះ​រួម​មាន ក្មេង​តូច​អាច​ហត់ ប្រកាច់ ឬ​កន្ត្រាក់​ដៃ​ជើង ហើយ​ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ទឹក​មាត់ កំហាក និង​សំបោរ ទឹក​រងៃ​​ចេញ​ពី​ពង​បែក លាមក​អ្នក​ជំងឺ​។

    គួរ​បញ្ជាក់ថា ក្នុង​ករណី​ដែល​កូន​ក្តៅ​ខ្លួន ហើយ​មាន​ចេញ​រោគ​សញ្ញា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ហាម​ដាច់​ខាត​ប្រើ​ថ្នាំ អាស្ពីរីន (Aspirin) ដើម្បី​បញ្ចុះ​កម្ដៅ​កូន។

    ដូច​នេះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ណែនាំ​ឲ្យ​លាង​ដៃ​កូន​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ជា​ពិសេស ក្រោយ​ពេល​ប៉ះ​ពង​បែក ឬ​ដំបៅ ហើយ​សម្រាប់​ម៉ាក់​ប៉ា​ក៏​ដូច​គ្នា ត្រូវ​លាង​ដៃ​ឲ្យ​បាន​ស្អាត មុន​ពេល​រៀប​ចំ​អាហារ​ឲ្យ​កូន និង​បន្ទាប់​ពី​លាង​សម្អាត ឬ​ងូត​ទឹក​ឲ្យ​កូន​ដែល​មាន​ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម