backup og meta

ចេះវិធីនេះ​ជួយកូនបានទាន់ពេល និង​សុវត្ថិភាព បើមានអាការៈប្រកាច់

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិតឯកទេស តឹក លីវណ្ណារ៉ា · ជំងឺកុមារ · មន្ទីរពេទ្យ គន្ធបប្ផាទី៤


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 12, 2023

    ចេះវិធីនេះ​ជួយកូនបានទាន់ពេល និង​សុវត្ថិភាព បើមានអាការៈប្រកាច់

    ប្រកាច់គឺជាអាការៈដែលធ្វើឱ្យកុមារកន្រ្តាក់សាច់ដុំរាងកាយ ហើយអាចបណ្តាលឱ្យអាអូនរបួស ឬគ្រោះថ្នាក់ដល់ជីវិត បើម៉ាក់ប៉ាមិនដឹងពីវិធីសង្រ្គោះ​បឋម។ ហេតុអ្វីបានជាកុមារប្រកាច់? ពេល​អាអូន​ប្រកាច់ម៉ាក់​ប៉ា​គួរធ្វើបែបម៉េច? គួរចៀសវាងអីខ្លះ?

    លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិក​នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា​បាន​លើកឡើងថា មូលហេតុសំខាន់ៗដែលធ្វើ​​ឱ្យកុមារប្រកាច់រួមមាន៖

  • ទារកកើតមកខ្សោយ ឬសន្លប់ក្នុងអំឡុងពេលសម្រាល
  • មានហូរឈាមក្នុងខួរក្បាល
  • ឆ្លងមេរោគចូលទៅក្នុងឈាម ធ្វើឱ្យរលាកស្រោមខួរក្បាល  ឬរលាក​ខួរក្បាល
  • ខួរក្បាលមិនធម្មតាពីកំណើត
  • មានជំងឺEpilepsie (ជំងឺស្កន់ ឬ ជំងឺឆ្កួតជ្រូក)
  • ប្រកាច់ដោយសារក្តៅខ្លួនខ្លាំង (៣៩ អង្សា) លើកុមារមួយចំនួនដែលមានអាយុ ពី ៦ ​ខែ ដល់ ៥ ឆ្នាំ​
  • មានដុំសាច់ក្នុងខួរក្បាល
  •  វិបត្តិមេតាបូលីក និងអេឡិចត្រូលីតដូចជា​ជាតិស្ករ កាល់ស្យូម ជាតិសូដ្យូមក្នុងឈាមចុះទាបខ្លាំ​ងពេក
  • គ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរដែលធ្វើឱ្យហើមខួរក្បាល ឬមានកកឈាមក្នុងខួរក្បាល
  • សម្ពាធឈាមឡើងខ្ពស់ខ្លាំង
  • ១. ពេលកុមារប្រកាច់ ម៉ាក់ប៉ាគួរធ្វើដូម្តេច?

    ក. ប្រការគួរធ្វើ

    – ត្រូវដាក់កុមារឱ្យគេងក្នុង​ស្ថានភាពសុវត្ថិភាព គឺដាក់ឱ្យអាអូនគេង​ផ្អៀង​នៅ​លើទីរាប ក្បាលទាបជាងដងខ្លួន និងងើយឡើងលើបន្តិចដើម្បីសម្រួលឱ្យស្លេស្ម ឬទឹកមាត់​ហូរ​ចេញ​មកក្រៅ

    – ពិនិត្យមើលផ្លូវដង្ហើម ព្រោះអាចស្ទះដោយសារស្លេស ហើយបើមានត្រូវ​បូម ឬយកម្រាមដៃ​កៀរ​ស្លេសចេញ

    – ផ្តល់ថ្នាំទប់ប្រកាច់តាមរន្ធគូទ ប្រសិនបើឪពុកម្តាយអាចធ្វើបាន

    – ក្នុងករណីមានក្តៅខ្លួន ម៉ាក់ប៉ាត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅដោយសុលតាមរន្ធគូទ ដោះសម្លៀក​បំពាក់​ចេញ ស្អំកន្សែងត្រជាក់ រួចនាំកូនមកមន្ទីរពេទ្យ

    ខ. ប្រការមិនគួរធ្វើ

    – មិនត្រូវចាប់ដៃជើងកុមារទប់មិនឱ្យកន្ត្រាក់ទេ ព្រោះថាការ​ធ្វើ​បែបនេះ​ក៏​មិនអាច​ទប់​អាអូន​មិនឱ្យកន្រ្តាក់ដែរ​ តែ​ផ្ទុយ​ទៅវិញបែរជាធ្វើឱ្យអាអូនមានការឈឺចាប់ នៅពេលដឹងខ្លួនវិញ​ដោយសារឈឺស្នាម​ដែលម៉ាក់ប៉ា​ប្រើកម្លាំង​ដើម្បី​ទប់អាអូនឱ្យឈប់កន្ត្រាក់។

    – មិនត្រូវផ្តល់ថ្នាំ ទឹកក្រូចឆ្មារ ឬទឹកតែក្រូចឆ្មារ អ្វី​តាមមាត់ពេលកុមារកំពុងប្រកាច់ទេ ព្រោះពេល​កុមារ​ប្រកាច់ អាអូននឹងសន្លប់បាត់ស្មារតី ហើយបើម៉ាក់ប៉ាបញ្ចុក​អ្វីចូលតាមមាត់អាច​ធ្វើឱ្យកុមារ​ឈ្លក់​ចូល​ក្នុងបំពង់ខ្យល់ដែលអាចបណ្តាលឱ្យរលាកសួត ឬ​ស្ទះដង្ហើម ហើយអាចបណ្តាល​​ឱ្យ​ស្លាប់​ភ្លាមៗបាន។

    លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា
    លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិក​នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២. ពេលណាត្រូវនាំកុមារប្រកាច់មកកាន់មន្ទីរពេទ្យ?

    គ្រប់កុមារដែលប្រកាច់ ជាពិសេសពេលប្រកាច់លើកទី១ ឪពុកម្តាយត្រូវ​នាំកូនមកជួបគ្រូពេទ្យ​ដើម្បីពិនិត្យ វាយតម្លៃ និងរកមូលហេតុ និង ផ្តល់ការព្យាបាលឱ្យបានត្រឹមត្រូវ។

    បើសិនជាកុមារមានជំងឺស្កន់ ឬជំងឺឆ្កួតជ្រូក​ដែលកំពុងប្រើថ្នាំ​ ឪពុកម្តាយ​ត្រូវនាំកូនមកជួប​គ្រូពេទ្យ​វិញនៅពេលអាអូនប្រកាច់ញឹកញាប់ជាង​ថ្ងៃធម្មតា ឬរយៈពេលប្រកាច់របស់អាអូន​យូរ​លើស​ពី ៥ នាទី ឬសន្លប់​បាត់ស្មារតីយូរ ឬមានទន់អវយវៈរយៈពេលយូរ​ក្រោយពេល​ដឹងខ្លួន​មក​វិញ។

    ៣. វិធីការពារកុំឱ្យប្រកាច់

    ក្នុងករណីកុមារមានជំងឺឆ្កួតជ្រូក៖ ម៉ាក់ប៉ាត្រូវឱ្យថ្នាំកូនតាមវេជ្ជបញ្ជា​​ឱ្យបានត្រឹមត្រូវ

    ក្នុងករណីកុមារមានប្រវត្តិប្រកាច់ដោយសារកម្តៅឡើងខ្លាំង៖ ពេលកុមារ​ក្តៅខ្លួនចាប់ពី ៣៨ អង្សា​ឡើង​ទៅ ម៉ាក់ប៉ាត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅតាមមាត់ ឬសុលតាមរន្ធគូទឱ្យបានឆាប់ ដោះសម្លៀក​បំពាក់​របស់​កូនចេញ រួចស្អំកន្សែងសើម ឬអាចបន្ថែមថ្នាំ​ anticonvulsivant (ថ្នាំទប់ប្រកាច់) តាមវេជ្ជបញ្ជា។​ ក្នុងករណីកុមារនៅតែក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាត្រូវនាំអាអូនមកជួបគ្រូពេទ្យដើម្បីពិនិត្យរកមូលហេតុ និង​ផ្តល់ការព្យាបាលឱ្យបានត្រឹមត្រូវ។

    លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា៖ «ការប្រកាច់អាចកើតឡើងវិញម្តងទៀត បើកុមារដែលមានអាយុចន្លោះ ៥-៦ ខែដល់ ៥-៦ ឆ្នាំ​ដែល​ធ្លាប់​មានប្រវត្តិក្តៅប្រកាច់ ដូច្នេះឪពុកម្តាយដែលមានកូនធ្លាប់​មានប្រវត្តិប្រកាច់​ត្រូវ​ឧស្សាហ៍​មើលកូ​ន និងឧស្សាហ៍តាម​ដាន​កម្តៅកូនដើម្បីការពារ​អាអូនកុំឱ្យប្រកាច់ម្តងទៀត»។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ពេលកូនប្រកាច់ ម៉ាក់ប៉ាគួរធ្វើតាមការណែនាំដូចខាងក្រោម៖
    – ប្រការគួរធ្វើ៖
    • ដាក់កូនឱ្យគេង​ផ្អៀង​នៅ​លើទីរាប ក្បាលទាបជាង​ដងខ្លួន និង​ងើយឡើងលើបន្តិច​
    • ដាក់ Canule​​ ឬប្រើឈើសង្កត់អណ្តាតដែលរុំក្រណាត់ក្នុងមាត់ចន្លោះធ្មេញលើ និងក្រោម​ដើម្បី​ការពារកូនខាំអណ្តាត
    • ពិនិត្យមើលផ្លូវដង្ហើម បើមានត្រូវបូម ឬយក​ម្រាម​ដៃ​កៀរ​ស្លេស្មចេញ
    • ក្នុងករណីកូនលែងដកដង្ហើម ម៉ាក់ប៉ាត្រូវផ្តល់ជំនួយលើផ្លូវដង្ហើមតាមរយៈ​ការផ្លុំខ្យល់​បញ្ចូល​តាមមាត់
    • ផ្តល់ថ្នាំទប់ប្រកាច់តាមរន្ធគូទ
    • ក្នុងករណីមានក្តៅខ្លួន ម៉ាក់ប៉ាត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅដោយសុលតាមរន្ធគូទ ដោះសម្លៀក​បំពាក់​ចេញ ស្អំកន្សែងត្រជាក់ រួចនាំកូនមកមន្ទីរពេទ្យ
    – ប្រការមិនគួរធ្វើ៖
    • មិនត្រូវចាប់ដៃជើងកុមារទប់មិនឱ្យកន្ត្រាក់ទេ
    • មិនត្រូវផ្តល់ថ្នាំ ទឹកក្រូចឆ្មារ ឬទឹកតែក្រូចឆ្មារ តាមមាត់ទេ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិតឯកទេស តឹក លីវណ្ណារ៉ា

    ជំងឺកុមារ · មន្ទីរពេទ្យ គន្ធបប្ផាទី៤


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម