backup og meta

ធ្លាប់ឮគេនិយាយច្រើន​អំពី IQ ចុះ EQ វិញជាអ្វីដែរ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jun 30, 2020

    ធ្លាប់ឮគេនិយាយច្រើន​អំពី IQ ចុះ EQ វិញជាអ្វីដែរ?

    Emotional intelligence (EQ) គឺ​ជា​ភាព​វ័យ​ឆ្លាត​ក្នុង​ការ​បង្ហាញ​អារម្មណ៍ និង​ដោះ​ស្រាយ​ជា​មួយ​បញ្ហា​ទាំង​អស់ តាម​បែប​វិជ្ជមាន មិនថាយើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្ត្រេស​ខ្លាំង​យ៉ាង​ណា​ក្ដី។ មនុស្ស​ដែល​មាន​ EQ ខ្ពស់ ភាគ​ច្រើន​ជា​អ្នក​ពូកែ​ខាង​ទំនាក់​ទំនង​​ជា​​មួយ​អ្នក​ដទៃ ស្វែង​យល់​ពី​ភាគី​ម្ខាង​ទៀត ហើយ​ក៏​ពូកែ​ខាង​ដោះ​ស្រាយ​បញ្ហា ឬ​រាល់​បញ្ហា​ជម្លោះ​ផ្សេង​ៗ។ ការ​វាយ​តម្លៃ និង​​ការ​ស្វែង​យល់ គឺ​ជា​ដំណើរ​ការ​​សំខាន់​ជាង​គេ អាច​ឲ្យ​យើង​​គិត និង​ជះ​ឥទ្ធិពល​ល្អ​ខ្លាំង​ទៅ​កាន់​ភាគី​ម្ខាង​ទៀត។

    EQ ខុស​គ្នា​ពី IQ ដោយ​សារ​តែ​យើង​អាច​រៀន​ដើម្បី​បង្កើន​សមត្ថិភាព​បាន វា​មិន​មែន​មាន​ពី​កំណើ់ត​ដូច IQ នោះ​ទេ។ ភាព​ខុស​គ្នា​គឺ​សំខាន់​ពិត​មែន​ ប៉ុន្តែ​យើង​​ត្រូវ​ចេះ​បែង​ចែក រវាង​ការ​សិក្សា​បន្ថែម​អំពី​សមត្ថិភាព​ក្នុង​ការ​បង្ហាញ​អារម្មណ៍ ជាមួយ​ការ​ប្រើ​ប្រាស់​ចំណេះ​ដឹង​នោះ​ក្នុង​តថភាព​សង្គម​តាម​របៀប​ណា។ ពេល​ខ្លះយើង​​គួរ​ធ្វើ​រឿង​អ្វី​មួយ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​យើង​​នឹង​ធ្វើ​បាន​មួយ​រយ​ភាគ​រយ​នោះ​ទេ។ ជា​ពិសេស​នៅ​ពេល​យើង​​ស្ត្រេស​ ឈឺ​ក្បាល​ខ្លាំង យើង​​ច្បាស់​ជា​​មិន​មាន​អារម្មណ៍​​ចង់​ធ្វើ​អ្វី​ឡើយ។ ដូច​នេះ​ដើម្បី​ផ្លាស់​ប្ដូរ​វិធី​ដោះ​ស្រាយ​រាល់​បញ្ហា​សម្ពាធ យើង​​ចាំ​បាច់​ត្រូវ​រៀន​ជម្នះគ្រប់​បញ្ហា​ស្រ្តេស ក៏​ដូច​ជា​បញ្ហា​ក្នុង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន ដើម្បី​ឲ្យ​យើងបាន​ត្រៀម​អារម្មណ៍​ទុក​ជា​និច្ច។

    បើ​យើង​សង្កេត​មើល​ក្នុង​សង្គម​រាល់​ថ្ងៃ​ យើង​ច្បាស់​ជា​ឃើញ​ថា មនុស្ស​ជោគ​ជ័យ​ទាំង​អស់​ គឺ​មិន​មែន​សុទ្ធ​តែ​ជា​បុគ្គល​ដែល​ឆ្លាត​ជាង​​គេ​នោះ​ទេ។ មាន​អ្នក​ខ្លះ​រៀន​ក្នុង​ថ្នាក់​ជាប់​លេខ​​ល្អ​ជាង​គេ​រហូត ប៉ុន្តែ​ពេល​ចូល​ធ្វើ​ការ​បែរជា​មិន​ជោគ​ជ័យ ហើយ​អាច​មិន​​មាន​ចំណង​ស្នេហា​ល្អ ដូច​មនុស្ស​ទូទៅ​បាន​​ទៀត​ផង។ IQ តែ​មួយ​មុខ មិន​អាច​កំណត់​ឲ្យ​មនុស្ស​ម្នាក់​ត្រូវ​តែ​ជោគ​ជ័យ​បានទេ។ តែ​បើ​និយាយ​ទៅ IQ ខ្ពស់​ អាច​ជួយ​ឲ្យ​យើង​​ប្រលង​ចូល​សាកល​វិទ្យា​ល័យ​ល្អ​បាន ប៉ុន្តែ​​ពេល​ចូល​រៀន គឺ EQ ទៅ​វិញ​ទេ ដែល​ជួយ​ឲ្យ​យើង​​អាច​គ្រប់​គ្រង​បញ្ហា​ស្ត្រេស នឹង​អារម្មណ៍​របស់​យើង​​បាន​ ពេល​យើង​​មាន​ការ​ប្រលង​ម្ដង​ៗ។ IQ និង EQ មាន​ទំនាក់​ទំនង​ជាមួយ​គ្នា ជា​ពិសេស អាច​​ជួយ​ឲ្យ​មនុស្ស​ម្នាក់​កាន់​តែ​ជោគ​ជ័យ ប្រសិន​បើ​ IQ និង EQ របស់អ្នកទាំងនោះ​​ខ្ពស់​ទាំង​ពីរ។

    អត្ថបទពាក់ព័ន្ធ៖

     តើ EQ ជួយយើងបាន​អ្វីខ្លះ?

     ១. ជួយកាត់បន្ថយគំនិតអវិជ្ជមាន

    សម្រាប់ EQ អ្វី​ដែល​សំខាន់​ជាង​គេ​គឺ សមត្ថិភាព​នៃ​ការ​គ្រប់​គ្រង​បាន​ល្អ​ប្រសើរ​លើ​អារម្មណ៍​អវិជ្ជមាន ដែល​វា​ជួយ​មិន​ឲ្យ​អារម្មណ៍​នេះ​ផ្ដល់​បន្ទុក​​ធ្ងន់​ធ្ងរ ឬ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ដ​របស់​យើង។ ដើម្បី​ប្ដូរ​អារម្មណ៍​​របស់​យើង​ក្នុង​ស្ថាន​ភាព​ណាមួយ យើង​ត្រូវ​ប្ដូរ​របៀប​នៃ​ការ​គិត​របស់​យើង​ជាមុន​សិន។

    ២. ជួយឲ្យយើង​តាំងស្មារតីនឹងន និងគ្រប់គ្រងស្ត្រេសបានល្អ

    មិន​ថា​អ្នក​ណា​ក៏​ដោយ សុទ្ធ​តែ​ធ្លាប់​ជួប​បញ្ហា​ស្ត្រេស​ឈឺ​ក្បាល​មិន​ខាន​ទេ។ ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​យើង​ជាមួយ​បញ្ហា​ស្ត្រេស​នោះ អាច​ធ្វើ​ឲ្យ​យើង​ឃើញ​លទ្ធ​ផល​ខុស​គ្នា​ទាំង​ស្រុង​រវាង​ភាព​ជឿ​ជាក់ និង​ការ​មាន​ប្រតិកម្ម ក៏​ដូច​ជា​ភាព​ខុស​គ្នា​រវាង ភាព​រឹង​មាំ និង​ការ​បាក់​ស្បាត។ ពេល​យើង​​ជួប​បញ្ហា អ្វី​ដែល​ត្រូវ​គិត​ដល់​នោះ​គឺ ត្រូវ​រក្សា​ជំហ​ឲ្យ​រឹង​មាំ និង​មាន​​ភាព​ជឿ​ជាក់។

    ៣. ជួយឲ្យមានភាពជឿជាក់ និងបង្ហាញអារម្មណ៍ពិបាកពេលចាំបាច់

    មាន​ពេល​ខ្លះ កាលៈទេសៈ​កំណត់​ឲ្យ​យើង​ត្រូវ​ដាក់​ល័ក្ខខ័ណ្ឌ​ខ្លួន​ឯង​ឲ្យ​សម​ស្របដែល​អាច​ឲ្យ​យើង​ចូល​ក្នុង​សង្គម​នេះ​ចុះ​នឹង​គេ។ យើង​​ត្រូវ​រៀន​ប្រើ​សិទ្ធ​បដិសេធ រៀន​និយាយ​ពាក្យ​ថា “ទេ” ដោយ​មិន​ស្ដាយ​ក្រោយ ឬ​ខ្លាច​ខុស ចេះ​កំណត់​អ្វី​ជា​អាទិភាព អ្វី​ដែល​គេ​ឲ្យ​តម្លៃ និង​ការ​ពារ​ខ្លួន​យើង​ចេញ​ពី​គ្រោះ​ថ្នាក់​ទាំង​ឡាយ។

    ៤. ជួយឲ្យយើងរឹងមាំ និងមិនតបតជាមួយមនុស្សពិបាកនិយាយចូល

    មិន​ថា​អ្នក​ណា​ទេ សុទ្ធ​តែ​ធ្លាប់​ជួប​មនុស្ស​និយាយ​មិន​ចូល​គ្នា។ ពេល​ខ្លះ​មនុស្ស​ទាំង​នោះ អាច​ធ្វើ​ឲ្យ​ការ​ងារ​របស់​យើង​​រាំង​ស្ទះ ឬ​មនុស្ស​នោះ​អាច​ជា​សមាជិក​គ្រួសារ​របស់យើង​​ផង​ក៏​ថា​បាន។ មនុស្ស​ទាំង​នោះ​អាច​ធ្វើ​ឲ្យយើង​ស្ត្រេស ឬ​បំផ្លាញ​អារម្មណ៍​ធ្វើ​ការ​របស់​យើង​​បាន​យ៉ាង​ងាយ។ ដូច​នេះយើង​​ត្រូវ​រឹង​មាំ និង​រក​ដំណោះ​ស្រាយ​ល្អ​ក្នុង​ស្ថាន​ភាព​បែប​នេះ។

    អត្ថបទពាក់ព័ន្ធ៖

  • ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត
  • ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ
  • ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ
  • ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់
  • ៥. ជួយឲ្យចេះឈរក្នុងស្ថានភាពលំបាកផ្សេងៗ

    ជីវិត​របស់​យើង​ម្នាក់​ៗ​ជួប​រឿង​ផ្សេង​ៗ​គ្នា អ្នក​ខ្លះ​ជួប​រឿង​ល្អ អ្នក​ខ្លះ​ទៀត​យីអ៊ុន​ដាក់​ជួប​តែ​ស៊យ។ ប៉ុន្តែ​របៀប​នៃ​ការ​គិត ធ្វើ​ចិត្ដ និង​​សកម្មភាព​របស់​យើងឆ្លើយ​តប​ជាមួយ​រឿង​ស្មុគ​ស្មាញ​ទាំង​នោះ អាច​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ក្ដីរំពឹង ជាមួយ​ភាព​អស់​សង្ឃឹម ភាព​សុទិដ្ឋិនិយម ជាមួយ​ភាព​ស្មុគ​ស្មាញ ឬ​ជ័យ​ជម្នះ ជាមួយ​ភាព​បរាជ័យ។ រាល់​បញ្ហា​ដែល​យើងបាន​ជួប ត្រូវ​សួរ​ខ្លួន​ឯង​ថា “តើ​បញ្ហា​នេះ ជួយ​បង្រៀន​អ្វី​ខ្លះ​ដល់​យើង?” “តើ​យើង​បាន​យល់​អ្វី​ខ្លះ​ពី​វា?” “តើ​អ្វី​ជា​ចំណុច​សំខាន់​ក្នុង​បញ្ហា​មួយ​នេះ?” និង​សួរថា “​បើ​យើងគិត​បាន​ទូលំទូលាយ តើ​យើង​នឹង​ទទួល​បាន​ចម្លើយ​ល្អ​ៗ​បែប​ណា​ខ្លះ?” បើ​យើង​ចេះ​សួរ​ខ្លួន​ឯង ជាមួយ​សំនួរ​ល្អ​ៗ​ឲ្យ​បាន​កាន់​តែ​ច្រើន នោះ​យើងនឹង​ទទួល​បាន​ចម្លើយ​ល្អ​ៗ​តប​មក​វិញ​កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ។ ត្រូវ​សួរ​ពឹង​លើ​ការ​សិក្សា និង​អាទិភាព នោះ​យើង​នឹង​ទទួល​បាន​ចម្លើយ​ដែល ជួយ​ឲ្យ​យើង​ចេះ​ប្រឈម​មុខ​ជាមួយ​រាល់​បញ្ហា​លំបាក​ផ្សេង​ៗ។

    ៦. ជួយក្នុងការបង្ហាញអារម្មណ៍ទៅកាន់មនុស្សជុំវិញខ្លួន

    របៀប​នៃ​ការ​បង្ហាញ​អារម្មណ៍ល្អ​ និង​របៀប​ដោះ​ស្រាយ​បញ្ហា ក៏​ដូច​ជា​ការ​បង្ហាញ​អារម្មណ៍​ស្រលាញ់ គឺ​ជា​វត្ថុ​សំខាន់​ៗ​ ក្នុង​ការ​រក្សា​ទំនាក់ទំនង​ល្អៗ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។ គេ​ចង់​ឲ្យ​យើង​ចេះបង្ហាញ​អារម្មណ៍​ជិត​ស្និទ្ធ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ឲ្យ​បាន​សម​រម្យ ដើម្បី​រក្សា​ទំនាក់​ទំនង​នោះ​ឲ្យ​នៅ​រឹង​មាំ និង​កាន់​តែ​ប្រសើរ​ជាង​មុន​ថែម​ទៀត ហើយ​​អាច​ឲ្យ​យើងចេះ​ឆ្លើយ​តប​សម​ស្រប​ បើ​ភាគី​ម្ខាង​ទៀត ចេះ​បង្ហាញ​អារម្មណ៍​បែប​នេះ​​មក​កាន់យើង។

    តើ EQ មានសារៈសំខាន់បែបណា?

    EQ មាន​សារៈ​សំខាន់​សម្រាប់យើងទាំង​​នៅ​សាលា និង​នៅ​កន្លែង​ធ្វើ​ការ។ EQ អាច​ជួយ​ឲ្យ​យើង​ដើរ​ចូល​ក្នុង​សង្គម​ ឬ​កន្លែង​ការ​ងារ​ដែល​មាន​ស្ថាន​ភាព​រញ៉េ​រញ៉ៃ និង​​ក៏​ជួយ​ឲ្យ​យើង​លើក​ទឹក​ចិត្ដ​អ្នក​ជុំ​វិញ​ខ្លួន ឬ​ជួយ​ឲ្យ​យើង​ក្លាយ​ជា​បុគ្គលិក​គម្រូ​នៅ​កន្លែង​ធ្វើ​ការ​ជា​ដើម។ នា​ពេល​បច្ចុប្បន្ន​នៅ​កន្លែង​សម្ភាសន៍​ការ​ងារ ក្រុម​ហ៊ុន​ជា​ច្រើន​ ជ្រើស​រើស​បុគ្គលិក​ដោយ​មើល​សំខាន់​លើ EQ របស់​​បេក្ខជន​ដាក់​ពាក្យ និង​ប្រើ​តេស្ដ​វាស់​ស្ទង់ EQ របស់​ពួក​គេ មុន​ពេល​សម្រេច​ចិត្ដ​ជួល​បុគ្គល​នោះ។

    EQ ជួយ​ដល់​​សុខភាព​រាង​កាយ​របស់​យើង៖ ប្រសិន​បើ​យើង​មិន​ចេះ​គ្រប់​គ្រង​អារម្មណ៍​បាន​ទេ​ យើង​ក៏​ប្រហែល​ជា​មិន​អាច​គ្រប់​គ្រង​ស្រ្តេស​ក្នុង​ខ្លួន​របស់​យើង​បាន​ដែរ។ ​បញ្ហា​ស្ត្រេស​នេះ អាច​បណ្ដាល​ឲ្យ​សុខ​ភាព​របស់យើង​ចុះ​ទ្រុឌទ្រោម។ ពេល​យើងមិន​អាច​គ្រប់​គ្រង​ស្ត្រេស​បាន អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺលើស​សម្ពាធ​ឈាម ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​ធ្លាក់​ចុះ អាច​ប្រឈម​ជាមួយ​ជំងឺ​​គាំង​បេះ​ដូង ឬ​ស្ទះ​ដាច់​​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល មិន​អាច​មាន​កូន ឬ​អាច​បណ្ដាល​ឲ្យ​យើង​ឆាប់​ចាស់​មុន​អាយុ​ជា​ដើម។ ដូច​នេះ​វិធី​ជួយ​បង្កើន​សមត្ថិភាព​ EQ ដំបូង​គេ គឺ​ត្រូវ​រៀន​គ្រប់​គ្រង​ និង​កាត់​បន្ថយ​ស្ត្រេស​ចេញ​​ពី​ក្នុង​ខ្លួន​ជាមុន​សិន។

    EQ ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ដ៖ អារម្មណ៍​មិន​អាច​គ្រប់​គ្រង​បាន ជា​មួយ​បញ្ហា​ស្ត្រេស អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ដ ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​ជាមួយ​ជំងឺ​ថប់​បារម្ម ឬ​ជំងឺ​បាក់​ទឹក​ចិត្ដ​​ខ្ពស់។ ប្រសិន​បើ​យើង​​មិន​អាច​យល់​ ឬ​ពិបាក​ក្នុង​ការ​សម្រប​ ឬ​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន​​បាន យើង​នឹង​ប្រឈម​មុខ​ពិបាក​បង្កើត​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន ដែល​​វា​​នឹង​បណ្ដាល​​ឲ្យ​កើត​ជា​អារម្មណ៍​ឯកា និង​មិន​មា​នអ្នក​ណា​នៅ​ជាមួយ។

    EQ ជួយ​ក្នុង​ទំនាក់​ទំនង​របស់​យើង៖ ពេល​យើង​អាច​យល់​ និង​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន យើង​ក៏​អាច​បញ្ចេញ​អារម្មណ៍​ ឬ​យល់​អំពី​អារម្មណ៍​របស់​មនុស្ស​ជុំ​វិញ​ខ្លួន​បាន​កាន់​តែ​ប្រសើរ។ ដូច​នេះ​យើងអាច​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ​បាន​ល្អ មិន​ថា​នៅ​កន្លែង​ធ្វើ​​ការ ឬ​ទំនាក់​ទំនង​ក្នុង​ក្រុម​គ្រួសារ​ក៏​ដោយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jun 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម