backup og meta

ត្រូវដឹង! ទារក និងកុមារ មានជំងឺទាំងនេះ ព្យាបាលមិនជាទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 05, 2021

    ត្រូវដឹង! ទារក និងកុមារ មានជំងឺទាំងនេះ ព្យាបាលមិនជាទេ

    ជំងឺ​កុមារ​មាន​ច្រើន​ប្រភេទ ខ្លះ​អាច​ក៏​អាច​ព្យាបាល​ឲ្យ​សះ​ស្បើយ ខ្លះ​ទៀត​ព្យាបាល​មិន​ជា​នោះ​ទេ។ ចំពោះ​ជំងឺ ៣ មុខ​ខាង​ក្រោម​នេះ ជា​ជំងឺ​ពីកំណើត កាល​ណា​ទារក និង​កុមារ​កើត​មាន​ហើយ មិន​អាច​ព្យាបាល​ជា​នោះ​ទេ តម្រូវ​ឲ្យ​ព្យាបាល​អស់​ជីវិត​តែ​ម្តង។

    ១. ជំងឺកង្វះអង់ហ្ស៊ីម G6PD

    ជំងឺ​កង្វះ​អង់ហ្ស៊ីម G6PD ជា​ជំងឺ​តំណ​ពូជ ដែល​ភាគ​ច្រើន​លើស​លប់​កើត​លើ​ក្មេង​ប្រុស។ អង់ហ្ស៊ីម G6PD មាន​មុខងារ​ជួយ​ឲ្យ​កោសិកា​គ្រាប់​ឈាម​ក្រហម​ដំណើរ​ការ​ល្អ និង​ជួយ​ការពារ​កោសិកា​គ្រាប់​ឈាម​ក្រហម​ពី​សារធាតុ​ផ្សេងៗ នៅ​ក្នុង​ឈាម​ដែល​អាច​បំផ្លាញ​វា។ នៅ​ពេល​​កោសិកា​ថ្លើម​ក្មេង​មិន​ផលិត​អង់ហ្ស៊ីម​ទាំង​នោះ​ចេញ​មក ដើម្បី​ជួយ​រំលាយ​អាហារ​ទេ ទើប​បណ្ដាល​ឲ្យ​ទារក​កើត​ជំងឺ​កង្វះ​អង់ហ្ស៊ីម G6PD។

    លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ​បម្រើ​ការងារ​នៅ​មន្ទីរ​ពេទ្យ​កុមារជាតិថា យើងអាចដឹង​ថា ទារក​នោះ​មាន​ជំងឺ​ខ្វះ​អង់ហ្ស៊ីម G6PD ឬអត់ ​តាម​រយៈ​ការ​ជោះ​កែង​ជើង​របស់​ទារក​ក្រោយ​ពេល​កើត។ ក្នុង​ករណី​ដែល​ពេទ្យ​ពិនិត្យ​តេស្ត​ឈាម​ហើយ​រក​ឃើញ​កើត​ជំងឺ ​G6PD នេះ គឺ​មួយ​ជីវិត​របស់​ក្មេង​នឹង​កើត​ជំងឺ​នេះ​រហូត។

    រោគសញ្ញា៖

    – ស្បែក​មាន​សភាព​ស្លេក​ទៅៗ

    – អត់​កម្លាំង​កំហែង លើ្វយៗ

    – បេះដូង​លោត​ញាប់

    – ដក​ដង្ហើម​លឿន ឬ​ដក​ដង្ហើម​បាន​ខ្លីៗ

    – ទឹក​នោម​មាន​ពណ៌​ក្រមៅ។ល។

    ២. ជំងឺ Thalassemia

    Thalassemia ជា​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ជំងឺ​តំណពូជ​ពី​ឪពុក ឬ​ម្តាយ ឬ​អាច​ទាំង​ម្តាយ​ទាំង​ឪពុក​ដែល​មាន​ជំងឺ​នេះ រួច​បន្ត​ទៅ​កូន ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​អេម៉ូក្លូប៊ីន​តិច​ជាង​ធម្មតា មិន​អាច​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ​បាន។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារជាតិ​បាន​ឲ្យ​ដឹង​ថា ទារក​ដែល​កើត​មក​មាន​ជំងឺ Thalassemia ព្យាបាល​មិន​ជា​​ទេ តម្រូវ​ឲ្យ​ព្យាបាល​អស់​មួយ​ជីវិត និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន។

    រោគសញ្ញា៖

    – ស្លេកស្លាំង

    – អស់កម្លាំង

    – ខ្សោយ

    – ស្បែក​​លឿង

    – លូតលាស់​យឺត។

    ជំងឺកុមារ

    ២. ជំងឺ Hemophilia

    ហេម៉ូហ្វីលា (Hemophilia) ជា​ជំងឺ​វិបត្តិ​ហូរ​ឈាម​ពី​កំណើត​ដែល​កើត​ទៅ​មាន​ទៅ​លើ​ក្មេង​ប្រុស ឯ​ក្មេង​ស្រី​អាច​ជា​អ្នក​ផ្ទុក ដោយ​មិន​ចេញ​រោគ​សញ្ញា។ តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជាន សុផល ក្មេងកើត​ជំងឺ Hemophilia  ក៏​មិន​អាច​ព្យាបាល​ជា​ដាច់ដែរ ត្រូវ​ការ​ព្យាបាល​អស់​មួយ​ជីវិត។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា Hemophilia ជាជំងឺ​ត​ពូជ​ពី​ម្តាយ​ទៅ​កូន មិន​មែន​ពី​ឪពុក​ទៅ​កូន​ទេ ៧០% នៃ​ជំងឺ Hemophilia គឺ​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​កើត​ជំងឺ​នេះ ហើយជំងឺ Hemophilia ​ជា​ប្រភេទ​ជំងឺ​ហូរ​ឈាម ឬ​ក៏​យើង​ហៅ​ថា ឈាម​ក្រ​កក តែ​មិន​មែន​ជា​ជំងឺ​ឈាម​រាវ​នោះ​ទេ។ ចំណែក ៣០%ទៀត ជំងឺ Hemophilia កើត​ឡើង​ដោយសារ​បម្រែបម្រួល​ទៅ​លើ​ក្រូម៉ូសូម​ដោយ​ខ្លួនឯង។

    រោគសញ្ញា៖

    – ឡើង​ជាំ​នៅ​ពេល​ទង្គិច​អ្វីមួយ

    – ឧស្សាហ៍​ហើម​ជង្គង់ កែងដៃ

    – ឈាម​ក្រ​កក

    – ឈាម​ហូរ​ខុស​ប្រក្រតី​នៅ​តាម​មាត់ សន្លាក់ សាច់ដុំ

    – ហើម ឬ​ហូរ​ឈាម​ខុស​ប្រក្រតី​ពេល​ចាក់​វ៉ាក់សាំង

    – មាន​ឈាម​នៅ​ក្នុង​ទឹក​នោម ឬ​លាមក។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម