១. អ្វីជាជំងឺពុកឆ្អឹង?
ជំងឺនេះកើតនៅពេលកំហាប់ឆ្អឹងធ្លាក់ចុះ ធ្វើឲ្យឆ្អឹងផុយស្រួយងាយបាក់ពេលប៉ះទង្គិច ឬមានគ្រោះថ្នាក់អ្វីមួយជាពិសេសឆ្អឹងនៅតំបន់ ឆ្អឹងកង ត្រគាក និងភ្លៅ។
២. មូលនាំឲ្យស្ត្រីងាយពុកឆ្អឹងជាងបុរស
តាមធម្មតាស្រ្តីក្នុងវ័យបន្តពូជ តែងមានវដ្តរដូវរបស់ខ្លួន ដោយមករដូវជារៀងរាល់ខែ ដែលក្នុងវ័យនេះរាងកាយរបស់ស្ត្រីមានលំនឹង នៅរឹងមាំធម្មតា តែចាប់ពីឈានចូលដល់វ័យ ៤០ជាង ឬ៥០ជាង ដែលជាវ័យអស់រដូវនោះ ស្ត្រីងាយនឹងប្រឈមនឹងបញ្ហាពុកឆ្អឹងនេះខ្លាំងណាស់។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក្នុងវ័យអស់រដូវ អ័រម៉ូនអឺស្ត្រូហ្សែនក៏ធ្លាក់ចុះ ឯរាងកាយយើងបែរជាទាញស្រូបយកជាតិកាល់ស្យូមពីក្នុងឆ្អឹងមកវិញ ដែលជាមូលហេតុធ្វើឲ្យឆ្អឹងទៅជាស្ពោធ ងាយនឹងពុកផុយបំផុត បើសិនយើងប៉ះទង្គិចអ្វីមួយធ្ងន់ធ្ងរ អាចធ្វើឲ្យឆ្អឹងបាក់។ ក្រៅពីកត្តាខាងលើនេះ ក៏នៅមានកត្តារួមផ្សំផ្សេងទៀត ធ្វើស្រីៗងាយនឹងពុកឆ្អឹងដែរ ដូចជាការប្រើប្រាស់ថ្នាំមួយចំនួន ប្រវត្តិគ្រួសារធ្លាប់មានជំងឺបាក់ឆ្អឹង រូបរាងស្គមស្គាំងខ្លាំង ហើយមិនសូវមានសកម្មភាពរាងកាយ ពិសេសការធ្វើលំហាត់ប្រាណ។
៣. ធ្វើម៉េចដើម្បីឲ្យឆ្អឹងស្ត្រីរឹងមាំ
ស្រ្តីក្នុងទ្វីបអាស៊ីយើង ពិសេសស្ត្រីស្បែកស ក៏ងាយរងគ្រោះដោយសារជំងឺពុកឆ្អឹងដែរ។ តែទោះជាបែបនេះក្តីលោកវេជ្ជបណ្ឌិតថា យើងអាចការពារឲ្យកំហាប់ឆ្អឹងស្ត្រីឲ្យនៅតែរឹងមាំបាន ដោយមានញ៉ាំរបបអាហារត្រឹមត្រូវ ពិសេសអាហារដែលសម្បូរជាតិកាល់ស្យូម ដែលមាននៅក្នុងទឹកដោះគោគ្រប់ប្រភេទ ទឹកសណ្តែកសៀង និងបន្លែបៃតង ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កុំផឹកគ្រឿងស្រវឹង និងជក់បារី។ មិនថា ចាស់ ឬក្មេងនោះទេ ស្ត្រីគួរតែផឹកទឹកដោះគោឲ្យបានច្រើន នោះអាចកាត់បន្ថយបញ្ហាពុកឆ្អឹង ទោះជាឈានដល់ចាស់ អស់រដូវក៏ដោយ។