backup og meta

តើ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ដឹង​ថា​យើង​អាលែកហ្ស៊ី​​នឹង​អ្វី​មួយ​បាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 05, 2021

    តើ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ដឹង​ថា​យើង​អាលែកហ្ស៊ី​​នឹង​អ្វី​មួយ​បាន?

    គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​ធ្លាប់​មាន​អាការៈ​តឹង​ច្រមុះ កណ្តាស់ ហៀរ​សម្បោរ និង​រមាស់​​ភ្នែក ​ជា​ដើម។ បើ​មាន​អាការៈ​ទាំង​នេះ អាច​ផ្តាសាយ ឬ​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​អ្វី​មួយ? តើ​យើង​អាច​ដឹង​ថា​ខ្លួន​មាន​បញ្ហា​អាលែកហ៊្សី​បាន​តាម​របៀប​ម៉េច?​ ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន ដែល​គ្នា​​យើង​គួរ​ដឹង​ទាក់​ទង​នឹង​បញ្ហា​អាលែកហ្ស៊ី។​​​​​​​​

    តើ​អ្វី​ទៅ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី

    ប្រតិកម្ម​អាលែកហ្ស៊ី គឺ​ជា​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​របស់​យើង​ប្រឆាំង​នឹង​សារធាតុ​មួយ​ចំនួន​ដែល​ចូល​មក​ក្នុង​ខ្លួន​។ សារធាតុ​ទាំង​នោះ អាច​ជា​សារធាតុ​គីមី ឬលំអង​ធូលី​ផ្សេងៗ តែមិន​អាច​បង្ក​ជា​ជំងឺ ​ឬ​គ្រោះ​ថ្នាក់​ឡើយ ប៉ុន្តែ​សារធាតុ​ទាំង​នោះ​បែរ​ជា​ភ្ញោច​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​រាង​កាយយើង​ប្រតិកម្ម​នឹង​វា ប្រៀប​ដូច​ជា​ធ្វើ​ការ​ប្រឆាំង​នឹង​​ការ​​ជ្រៀត​​ចូល​​របស់​មេរោគ​​​ទៅ​​វិញ​។ សារធាតុ​ទាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា អាលែកហ្ស៊ែន (សារធាតុ​ដែល​នាំ​ឲ្យ​អាលែកហ្ស៊ី)​​។ សារធាតុ​អាលែកហ្ស៊ែន នៅ​ពេល​ដែល​​ចូល​ទៅ​ក្នុង​រាង​កាយ កោសិកា​មួយ​ប្រភេទ​នៃ​ប្រព័ន្ធ​ស៊ាំ ឈ្មោះ​ថា Mast Cell នឹង​មាន​សកម្មភាព​​ឡើង​​ដោយ​បញ្ចេញ​​​សារធាតុ​​គីមី​ម្យ៉ាង​ហៅ​ថា អ៊ីស្តាមីន (Histamine) និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​​រលាក​កើត​ឡើង។ ជា​លទ្ធផល​នៃ​ប្រតិកម្ម​ឆ្លើយ​​តប​​រលាក​​នេះ គឺ​អាស្រ័យ​លើ​​ទី​តាំង​​ដែល​​អាលែកហ្ស៊ែន​​ជួប​​ជាមួយ​​នឹង​​កោសិកា Mast Cell ដែល​​ជា​ទូ​ទៅ គឺ​វា​នឹង​ធ្វើ​ឲ្យ​សរសៃ​​ឈាម​​រីក​​ធំ ឡើង​ក្រហម​​នៅ​កន្លែង​​មាន​ប្រតិកម្ម និង​រាង​កាយ​បញ្ចេញ​សារធាតុ​​រាវ​​ផ្សេងៗ​ (ពិសេស​នៅ​ប្រព័ន្ធផ្លូវ​ដង្ហើម)។

    អាលែកហ្ស៊ី

    តើ​យើង​​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ចេញរោគសញ្ញាអីខ្លះ?

    ​ជា​ធម្មតា​​គ្នា​យើង​ភាគ​ច្រើន​តែង​តែ​ច្រឡំ​អាការៈ​អាលែកហ្ស៊ី​មួយ​ចំនួន​ទៅ​នឹង​ជំងឺ​ផ្សេងៗ ជា​ពិសេស​ជំងឺ​ផ្ដាសាយ​ធម្មតា។ ប្រតិកម្ម​អាលែកហ្ស៊ី​ខ្លះ​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ ឬអាច​បណ្ដាល​ឲ្យ​ស្លាប់​បាន ប្រសិន​​បើ​​មិន​​​សង្គ្រោះ​​ទាន់​​ពេល​​វេលា​​ទេ​​នោះ​។ ប៉ុន្តែ​យើង​អាច​សម្គាល់​បាន​នូវរោគ​សញ្ញា​មួយ​ចំនួន​ដែល​​លេច​​ឡើង​​ពេល​​ដែល​​យើង​​មាន​​អាលែកហ្ស៊ី។ រោគសញ្ញា​ទូទៅ​ទាំង​​នោះ​​រួម​​មាន៖

    – រមាស់​ស្បែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ចេញ​កន្ទាល​ត្រអាក

    – ហៀរ​សម្បោរ រមាស់​​ភ្នែក កណ្ដាស់ ឬ​ក្អក

    – ឡើង​ក្រហម​ស្បែក

    – សម្ពាធ​ឈាម​ចុះទាប

    – ពិបាក​ដក​ដង្ហើម

    – ហើម​បបូរ​មាត់ អណ្ដាត បំពង់ក និង​ភ្នែក។

    តើ​យើង​អាច​ដឹង​ថា​ខ្លួនមាន​ប្រតិកម្ម​អាល្លែកហ្ស៊ី​នឹង​អ្វី​មួយ​បាន​យ៉ាង​ដូច​ម្ដេច?

    យើង​អាច​ដឹង​ថា​ខ្លួន​យើង​​មាន​អាលែកហ្ស៊ី​នឹង​របស់​អ្វី​មួយ​បាន តាម​រយៈ​ការ​សម្គាល់​ដោយ​ខ្លួន​ឯង​នៅ​ពេល​ប៉ះ ញ៉ាំ​ ឬ​ដក​ដង្ហើម​​​ចូល​សារ​ធាតុ​អ្វី​មួយ ឬនៅ​រដូវណា​មួយ​នៅ​ក្នុងមួយ​ឆ្នាំៗ​ដែល​យើង​​តែង​តែ​មាន​អាលែកហ្ស៊ី។ ប៉ុន្តែ​ការ​សម្គាល់​បែប​នេះ ជួន​កាល​មិន​អាច​ធ្វើ​ឲ្យ​យើង​​ដឹង​ច្បាស់​នោះ​ទេ ហើយ​វា​អាច​ធ្វើ​ឲ្យ​យើង​​ប្រឈម​នឹង​ប្រតិកម្ម​អាលែហ្ស៊ី​ធ្ងន់​ធ្ងរ​ជា​ច្រើន។ ដើម្បី​​អាច​ដឹង​​ច្បាស់​ថា​​យើង​​អាច​មាន​អាលែកហ្ស៊ី​ទៅ​នឹង​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដ ​គឺ​មាន​តែ​ការ​ធ្វើ​តេស្ត​នៅ​​មន្ទី​រពិសោធ​ន៍​​ប៉ុណ្ណោះ។ ការ​ធ្វើ​តេស្ត​​នៅ​​មន្ទី​រពិសោធន៍​ ​អាច​ដឹង​​ថា​យើង​​អាលែកហ្ស៊ី​​នឹង​​អ្វី​មួយ​នោះ​​មាន​​២​របៀប​ គឺការធ្វើតេស្ត​លើ​ស្បែក​ និងឈាម។

    – ការ​ធ្វើ​តេស្ត​នៅ​លើ​ស្បែក

    តេស្ត​នេះ គឺ​ជា​តេស្ត​រក​មើល​ប្រតិកម្ម​អាលែកហ្ស៊ី​ដែល​ពេញ​និយម​ជាង​គេ។ តេស្ត​នេះ​ធ្វើ​ឡើង​ដោយ​ដាក់​អាលែកហ្ស៊ែន (ដូច​ជា​អាហារ ឬ​ក៏​លំអង​​ផ្កា) លើ​ស្បែក​ដែល​គេ​ឆូត​បន្តិច។ ប្រសិន​បើ​ស្បែក​នោះ​ឡើង​ក្រហម ហើម ដូច​ជា​ស្នាម​សត្វ​ទិច ឬ​មូស​ខាំ នោះ​គឺ​បាន​ន័យ​ថា​តេស្ត​នោះ​គឺ​វិជ្ជមាន ហើយ​មាន​ន័យ​ថាយើង​​មាន​ប្រតិកម្ម​នឹង​សារធាតុ​នោះ។

    – ការ​ធ្វើ​តេស្ត​ឈាម

    ការ​ធ្វើ​តេស្ត​ឈាម​នេះ គឺ​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​តេស្ត​នៅ​លើ​ស្បែក​មិន​អាច​ធ្វើ​ទៅ​បាន។ ការ​ធ្វើ​តេស្ត​ឈាមធ្វើ​ឡើង​ដោយ​ធ្វើ​ការ​វាស់​កម្រិត អង់ទីករ IgE នៅ​ក្នុង​ឈាម។ តេស្ត​នេះ ក៏​មាន​តេស្ត​ឈាម​មួយ​ប្រភេទ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ថា កម្រិតអង់ទីករ IgE ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​អាលែកហ្ស៊ែន​ណា​មួយ​ដែល​ពិត​ប្រាកដ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ May 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម