backup og meta

ចេញសញ្ញាទាំងនេះអាលែកហ្ស៊ីច្រមុះហើយ មិនមែនផ្តាសាយទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 11, 2020

    ចេញសញ្ញាទាំងនេះអាលែកហ្ស៊ីច្រមុះហើយ មិនមែនផ្តាសាយទេ

    គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​អាច​ច្រឡំ​អាការៈ​អាលែកហ្ស៊ី ជាមួយ​នឹង​អាការៈ​ផ្ដាសាយ​ធម្មតា។ ការ​យល់​ច្រឡំ​​នេះ​ក៏​មិន​ប្លែក​អ្វីដែរ ព្រោះថា​អាការៈ​នៃ​បញ្ហា​ទាំងពីរ​នេះ​គឺ​​ស្រដៀង​គ្នា​​ច្រើន​ចំណុច​គួរ​សម​ដែរ។ ដើម្បី​បាន​ដឹង​ច្បាស់​ថា​យើង​មាន​កើត​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​ផ្ដាសាយ​ធម្មតា​នោះ យើង​គួរ​ស្វែង​យល់​ពី​អ្វី​ទៅ​ជា​អាការៈ​ផ្ដាសាយ និង​អ្វី​ជា​អាការៈ​ប្រតិកម្ម​អាលែកហ្ស៊ី​ជា​មុន​សិន។​​​​

    អ្វី​ទៅ​ជា​ជំងឺ​ផ្ដាសាយ?

    ផ្ដាសាយ​គឺ​ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស។ ជំងឺ​នេះ​ច្រើន​កើត​មាន​ទូទៅ​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ចំពោះ​រោគ​សញ្ញា​ទូទៅ​ជំងឺ​ផ្ដាសាយ​​មាន​ដូច​ជា គ្រុន​ក្ដៅ ក្អក ក្រហម​ភ្នែក ឈឺ​បំពង់​ក តឹង​ច្រមុះ ហៀរ​សំបោរ និង​មិន​ឃ្លាន​អាហារ​ជា​ដើម។ ជំងឺ​​នេះ​​ក៏​​អាច​​កើត​មាន​​គ្រប់​​រដូវ ប៉ុន្តែ​ករណី​កើត​មាន​ភាគ​ច្រើន​គឺ​នៅ​រដូវ​ភ្លៀង។ វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​គឺ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ករណី​​ជំងឺ​​ផ្ដាសាយ​ភាគ​​ច្រើន​​បង្ក​​ដោយ វីរុស Rhinoviruses។ ជំងឺ​នេះ​ហាក់​ដូច​ជា​មិន​ធ្ងន់​ធ្ងរ​សម្រាប់​អ្នក​ដែល​មាន​សុខភាព​ល្អ​ធម្មតា​នោះ​ទេ ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​ជំងឺ​នេះ​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់​សុខភាព ជា​ពិសេស​​មនុស្ស​​វ័យ​​ចំណាស់ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​​ខ្សោយ ក្មេង​តូច និង​ទារក។

    ភាព​ខុស​គ្នា​រវាង​អាលែកហ្ស៊ី​តាម​រដូវ​កាល និង​ជំងឺ​ផ្ដាសាយ

    ជា​ការ​ពិត​ទៅ​ហាក់​ដូច​ជា​មាន​ការ​លំបាក​បន្តិច​​ក្នុង​ការ​បែង​ចែក​ថា​យើង ឬ​នរណា​ម្នាក់​កំពុង​មាន​​ជំងឺ​ផ្ដាសាយ ឬ​ក៏​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ច្រមុះ ព្រោះ​ថា​បញ្ហា​​សុខ​ភាព​​ទាំង​ពីរ​នេះ ​គឺ​ស្រដៀង​គ្នា​ខ្លាំង​សឹង​តែ​មិន​អាច​បែងចែក​បាន។ ថ្វីដ្បិត​តែ​អារៈ​របស់​​អាលែកហ្ស៊ី និង​​ផ្តាសាយ​​មាន​លក្ខណៈ​ស្រដៀងគ្នា​មែន តែ​បើ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​យើង​នៅ​តែ​អាច​រក​ឃើញ​ពី​​ចំណុច​ខុស​គ្នា​មួយ​ចំនួន​។ យើង​អាច​​ចាប់​​ផ្ដើម​​ពិនិត្យ​បែប​​នេះ​​ថា បើ​យើង​​មាន​ជំងឺ​ផ្ដាសាយ ហើយ​កើត​មាន​នៅ​ពេល​ដដែលៗ​រៀង​រាល់​ឆ្នាំ នោះ​ប្រហែល​ជា​យើង​​​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅវិញ​ទេ។

    ដូច​ដែល​រៀប​រាប់​ខាង​លើ ជំងឺ​ផ្ដាសាយ​គឺ​បង្ក​ឡើង​ដោយ​វីរុស ប៉ុន្តែ​បញ្ហា​អាលែកហ្ស៊ី​វិញ គឺ​បង្ក​ឡើង​ដោយ​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​​ប្រឆាំង​​នឹង​​អាលែកហ្ស៊ែន (សារធាតុ​ដែល​បង្ក​ឲ្យ​​ជា​អាលែកហ្ស៊ី​ដូច​ជា​លម្អង​ផ្កា ឬ​សារធាតុ​គីមី​ជា​ដើម)។​

    ចំពោះ​ការ​ព្យាបាល​វិញ ជំងឺ​ផ្ដាសាយ​គឺ​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​សម្រាក​ឲ្យបាន​គ្រប់​គ្រាន់ ប្រើ​ថ្នាំ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​ពេទ្យ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​ដូច​ជា​ថ្នាំ​បំបាត់​ស្លេស្ម​ជា​ដើម។ ជា​ទូទៅ​ជំងឺ​ផ្ដាសាយ​នឹង​ជា​ទៅ​វិញ​ពី​៣​ទៅ​១០ថ្ងៃ ទោះ​បី​ជា​មាន​ករណី​ខ្លះ​អាច​យូរ​រហូត​ដល់​២ ទៅ​៣សប្ដាហ៍​ទៀត​ផង។

    រី​ឯ​ការ​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​តាម​រដូវ​កាល​វិញ អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា ឬ​ក៏​អាច​ត្រូវ​ប្រើ​ពពួក​ថ្នាំ​ប្រឆាំង​អ៊ីស្តាមីន (Antihistamines) ដែល​ត្រូវ​ការ​វេជ្ជបញ្ជា ថ្នាំ​បាញ់​ច្រមុះ​ពពួក​ស្តេរ៉ូអ៊ីត និង​ពពួក​ថ្នាំ​បំបាត់​ស្លេស្ម។ ក្រៅពី​ការ​ប្រើ​ថ្នាំ​ព្យាបាល​យើង​ក៏​​នឹង​ត្រូវ​ចៀស​ឆ្ងាយ​ពី​ពពួក​សារធាតុ​អាលែកហ្ស៊ែន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​។ បញ្ហា​អាលែកហ្ស៊ី ​អាច​នឹង​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ច្រើន​សប្ដាហ៍​ទើប​អាច​ធូរ​ស្រាល​​ទៅ​វិញ​បាន​។

    រោគសញ្ញា​អាលែកហ្ស៊ី​ទូទៅ​ទាំង​នោះ​រួម​មាន៖

    – រមាស់​ស្បែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ចេញ​កន្ទាល​ត្រអាក

    – ហៀរ​សម្បោរ រមាស់​​ភ្នែក កណ្ដាស់ ឬ​ក្អក

    – ឡើង​ក្រហម​ស្បែក

    – សម្ពាធ​ឈាម​ចុះ​ទាប

    – ពិបាក​ដក​ដង្ហើម

    – ហើម​បបូរ​មាត់ អណ្ដាត បំពង់ក និង​ភ្នែក។

    តារាង​ខាង​ក្រោម​នេះ គឺ​បង្ហាញ​ពី​ការ​ប្រៀប​ធៀប​រវាង​រោគ​សញ្ញា​​នៃ​ជំងឺ​ផ្ដាសាយ​ធម្មតា និង​ជំងឺ​អាលែកហ្ស៊ី​តាម​រដូវ​កាល៖

    រោគសញ្ញា ជំងឺ​ផ្ដាសាយ បញ្ហា​អាលែកហ្ស៊ី
    ក្អក ញឹក​ញាប់ ម្ដងម្កាល
    ឈឺ​ចាប់​ខ្លួន​ប្រាណ ម្ដង​ម្កាល មិន​មាន
    នឿយ​ហត់ និង​អស់កម្លាំង ម្ដង​ម្កាល ម្ដង​ម្កាល
    រមាស់​ភ្នែក កម្រ​កើត ញឹក​ញាប់
    កណ្ដាស់ ញឹក​ញាប់ ញឹក​ញាប់
    ឈឺក ញឹក​ញាប់ កម្រ​កើត
    ហៀរសម្បោរ ញឹក​ញាប់ ញឹក​ញាប់
    តឹង​ច្រមុះ ញឹក​ញាប់ ញឹក​ញាប់
    គ្រុន​ក្ដៅ ម្ដង​ម្កាល មិន​មាន

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Sep 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម