ពិតណាស់ វីតាមីនA មិនត្រឹមតែជំនួយដល់ភ្នែករបស់យើងប៉ុណ្ណោះទេ វាថែមទាំងជួយដល់មុខងារដទៃទៀតនៅក្នុងរាងកាយរបស់យើងផងដែរ។ យើងប្រហែលជាបានដឹងហើយថា ការញ៉ាំការ៉ុតច្រើន នឹងធ្វើឲ្យភ្នែករបស់យើងមើលឃើញច្បាស់ ដែលកត្តានេះគឺមកពីការ៉ុតសម្បូរទៅដោយវីតាមីនA ជួយទ្រទ្រង់ដល់សុខភាពភ្នែក។ យ៉ាងណាមិញ វីតាមីនមួយប្រភេទនេះក៏មានសារសំខាន់ចំពោះមុខងារដទៃទៀតនៅក្នុងរាងកាយរបស់យើងផងដែរ ដូចជាការលូតលាស់ ប្រព័ន្ធភាពស៊ាំ និងការទទួលស្គាល់កោសិកា (Cell Recognition )។ លើសពីនេះ វីតាមីនA ក៏ជាធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយលើកកម្ពស់មុខងារនៃសរីរាង្គផ្សេងៗដូចជា បេះដូង សួត និងតម្រងនោមថែមទៀតផង។