backup og meta

កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jul 15, 2020

    កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់?

    ជំងឺ​កាម​រោគ មាន​ច្រើន​ ប៉ុន្តែ​ជំងឺ​យើង​ឧស្សាហ៍​ជួប​ប្រទះ​បំផុត គឺ​ស្វាយ ប្រមេះ ​អេដស៍។ ប្រុសៗ​ចូលចិត្ត​មានក្រៅ អត់ការពារ ប្រយ័ត្ន​ឆ្លង​រោគ​ចូល​ផ្ទះ ពិសេស​ជំងឺ​ប្រមេះ​ តែ​ម្តង។ “Hello គ្រូពេទ្យ’ ធ្លាប់​លើក​ឡើង​ច្រើន​ពីជំងឺ​ស្វាយ ជំងឺប្រមេះទឹក​បាយ សម្រាប់​ពេល​នេះ នឹងលើក​ឡើង​ពី​ជំងឺ​ប្រមេះ​ទឹក​ថ្លា វិញ​ម្តង ឲ្យ​​យើង​បាន​ដឹង និង​ចេះ​ការពារខ្លួន។

    ១- ​អ្វី​​​ជា​ជំងឺ​ប្រមេះ​ទឹក​ថ្លា?

    ជំងឺ​ក្លា​មីឌៀ​ ឬ​​ប្រមេះ​ទឹក​ថ្លា​ ជា​ជំងឺឆ្លង​តាម​ការរួម​ភេទ ពិសេស​​ពេល​​​រួម​ភេទ​មិន​មាន​សុវត្ថិភាព ​អត់​ការពារ  មិន​ថា​តាម​​ទ្វារមាស តាម​រន្ធ​គូទ ឬ​​តាម​មាត់ ជាមួយដៃ​គូ​មាន​ផ្ទុក​មេរោគ សុទ្ធ​តែ​អាច​ឆ្លង។

    ២- ធ្វើ​ម៉េច​​ទើប​ដឹង​​មាន​ផ្ទុក​មេរោគប្រមេះ​ទឹកថ្លា?

    អ្នកកើតប្រមេះ​ទឹក​ថ្លា​ ដំណាក់​កាល​ដំបូង​ មិន​មាន​រោគ​សញ្ញា​​​ទេ។  ​បើ​មាន ​គឺ​កើត​ឡើង​ចន្លោះ​ពី​ ១​-​២ ​សប្ដាហ៍​ក្រោយ​​​​ឆ្លងមេរោគ ខណៈ​រោគសញ្ញា​ទាំង​នោះ​មាន​៖

    – ពិបាក​នោម​ ឬ​នោម​ឈឺ

    – ឈឺ​លើ​ថ្ងាស​ផ្នែក​ខាង​ក្រោម​ពោះ

    – មានធ្លាក់ស

    – ឈឺ​ចាប់​ពេល​រួម​ភេទ

    – មាន​ធ្លាក់​ឈាម​មិន​ប្រក្រតី​ (ស្រី)

    – ឈឺ​ពង​ស្វាស

    – ហូរ​ឈាម​តាម​គូទ ​ហូរ​ទឹក​រងៃ​ និង​​ឈឺ​ចាប់។

    ​​បើ​មាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ក្នុង​ករណី​ដៃ​គូ​​មាន​ជំងឺ​ប្រមេះ​ទឹក​ថ្លា​នេះ ភាគី​ម្ខាង​ទៀត​​​គួរ​​​មកពិនិត្យ និង​​​ព្យាបាល ​ទោះ​គ្មាន​រោគ​សញ្ញា​ក៏​ដោយ។

    ៣- រោគវិនិច្ឆ័យ

    ជំងឺ​ប្រមេះ​ទឹក​ថ្លា​ អាច​កំណត់​បាន​ដោយ​ធ្វើ​ការ​វិភាគ​លើ​សំណាក​ទឹក​នោម​ និង​សំណាក​​​ពី​ទ្វារមាស។

    ៤- វិធីព្យាបាល​

    ជំងឺ​នេះ​ អាច​ព្យាបាល​បាន​ ហើយចាំ​បាច់បំផុត​​សម្រាប់អ្នកជំងឺ​ ត្រូវ​លេប​ថ្នាំ​ឲ្យ​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា​ ទោះ​បី​ជា​អាការៈ​បាន​ធូរ​ស្បើយ​ហើយ​ក៏​ដោយ​។ ​ទោះ​ជា​​ជំងឺ​ជា​សះ​ស្បើយក៏ដោយ ​​ក៏​ជំងឺ​នេះនៅ​តែ​អាច​កើត​ឡើង​សា​ជា​ថ្មី​ ដូចនេះ​​​ គួរ​ពិនិត្យ​សុខភាព​ និង​ធ្វើ​តេស្ត​បញ្ជាក់​ម្ដង​ទៀត ​៣ ​ខែ​ក្រោយ​ពេល​ជា​សះ​ស្បើយ ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា ជា​ដាច់។

    អត្ថបទពាក់ព័ន្ធ៖

    • ជំងឺ​អុតស្វាយ
    • ជំងឺ​ប្រមេះ​ទឹក​បាយ (Gonorrhoea)

    ៥- ករណី​មិន​ព្យាបាល

    – ចំពោះ​ស្ត្រី៖ ជំងឺ​ប្រមេះ​ទឹក​ថ្លា​ បើ​មិន​ព្យាបាល​ទេ​ ​អាច​បង្ក​ជា​បញ្ហា​​ជា​ច្រើន ចំពោះ​ស្រីៗ​​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ទៅលើ​សរីរាង្គ​ក្នុង​អាង​ត្រគាក​ និង​ខូចខាត​ទៅ​ដល់​ប្រដាប់​បន្ត​ពូជ ​បង្ក​ឲ្យ​មាន​កូន​ក្រៅ​ស្បូន ​និងជំងឺ​អារ​ អត់​កូន​ក៏​មាន។

    – ចំពោះ​បុរស​៖ ​មិន​សូវ​ជា​មាន​ផល​វិបាក​ប៉ុន្មាន​​​ទេ តែ​​​​ជំងឺ​នេះ​អាច​បង្ក​ឲ្យ​ពង​ស្វាស​​​ឈឺ​ចាប់​ ប៉ុន្តែ​កម្រ​ឲ្យ​អារ​អត់​កូន​​ដូច ​ស្រីៗ​ណាស់។ ម្យ៉ាង​ទៀត​ ​មិន​ព្រម​ទទួល​ការ​ព្យាបាល អាច​ប្រឈម​​ឆ្លង​មេរោគ​អេដស៍កាន់​តែ​​ខ្ពស់​។

    ៦- ផល​ប៉ះពាល់​លើ​ស្រីៗមាន​ផ្ទៃ​ពោះ

    នៅ​ពេល​សម្រាល​កូន​ អាច​ឆ្លង​ពីម៉ាក់​ក្នុង​អំឡុង​ពេល​នេះ​បាន ហើយ​កាន់​តែ​គួរឲ្យ​បារម្ភ​នោះ ​គឺ​​រោគ​លើ​ភ្នែក ​និង​ជំងឺ​រលាក​សួត ចំពោះ​ទារក។ តួយ៉ាង​ វា​អាច​បង្ក​ឲ្យ​កូន​​កើត​មុន​ខែ​ទៀត​ផង។ បើ​កំពុង​មាន​ផ្ទៃ​ពោះ ​គួរ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​នេះ​ ឲ្យ​បាន​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន ​ព្រោះ​ថា​ការ​ព្យាបាល​ទាន់​ពេល​វេលា​ អាច​ចៀស​វាង​​​ផលវិបាក​បាន​​​ច្រើន។

    ៧- វិធី​​ការ​ពារ​

    ក្រៅ​ពី​តម​រួម​ភេទ នៅ​មាន​វិធី​​​ច្រើន​ទៀត​ដើម្បី​​បង្ការ​ និង​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​​​ ដូចជា៖

    – ប្រើ​​​ស្រោម​អនាម័យ​រាល់​ពេល​រួម​ភេទ តែ​យ៉ាង​ណា​ ​ត្រូវ​ដឹង​ថា​ស្រោម​អនាម័យ​មិន​អាច​ការ​ពារ​បាន​ ១០០%​ នោះ​ទេ។

    – ត្រូវ​មាន​ដៃ​គូ​រួមភេទ​តែ​មួយ ​ព្រោះ​ថា​មាន​ដៃ​គូ​រួម​ភេទ​ច្រើន​ ​ប្រឈម​ជំងឺ​កាមរោគ​ជា​ច្រើន ​មិន​មែន​តែ​ប្រមេះ​ទឹក​ថ្លា​នោះ​ទេ។

    – ពិនិត្យ​ និង​ធ្វើ​តេស្ត​ជា​ប្រចាំ​ ដើម្បី​រក​មើល​ជំងឺ​ប្រមេះ​ទឹក​ថ្លា​​ និង​ជំងឺ​កាមរោគ​ផ្សេង​ៗ។ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​បើ​មាន​ចម្ងល់។

    – ពេទ្យ​មិន​ណែនាំ​ឲ្យ​លាង​ទ្វារមាស​នោះ​ទេ ​ព្រោះ​អាច​ធ្វើ​ឲ្បបាត់​បង់​​បាក់តេរី​​ល្អ ​ជួយ​ការពារ​ប្រឆាំង​នឹង​មេរោគ​ឈ្លាន​ពាន ប្រែ​ក្លាយ​ទៅ​ជា​ការ​ក​រោគ​ធ្ងន់ធ្ងរ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម