backup og meta

អាហារមុខសញ្ញាបង្កអាលែកហ្ស៊ី ៦ប្រភេទ បើយើងមានបញ្ហានេះ គួរចៀសវាង

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 25, 2019

    អាហារមុខសញ្ញាបង្កអាលែកហ្ស៊ី ៦ប្រភេទ បើយើងមានបញ្ហានេះ គួរចៀសវាង

    អាលែកហ្ស៊ី អាចបណ្ដាល​មកពី​កត្ដាជាច្រើន ដូចជា បរិស្ថាន អាកាសធាតុ ឬអាហារជាដើម។ ក្នុង​នោះ មាន​អាហារ ចំនួន ៦​ប្រភេទ ជា​មុខសញ្ញា​បង្ក​អាលែកហ្ស៊ី ហើយ​បើគ្នាយើង​មាន​បញ្ហា​អាលែកហ្ស៊ី គួរចៀសវាង​អាហារ​ប្រភេទ​ទាំងនេះ។

    ១. ទឹកដោះគោ

    បញ្ហាអាលែកហ្ស៊ី​ជាមួយ​ទឹកដោះគោ ភាគច្រើន​កើតឡើង​លើទារក និង​កុមារ​តូចៗ ជាពិសេស នៅពេល​ពួកគេ​ផឹកទឹកដោះគោ​សម្បូរ​ប្រូតេអ៊ីន មុន​​អាយុ ៦ខែ។ កុមារ​តូចៗ អាច​ប្រឈម​នឹង​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ទឹកដោះគោ រហូត​ដល់​អាយុ ៣​ឆ្នាំ ខណៈ​មនុស្ស​ពេញវ័យ ប្រឈម​នឹង​បញ្ហា​នេះ តិចតួច​ទេ។

    ២. ស៊ុត

    បន្ទាប់ពី​ទឹកដោះគោ ស៊ុតជា​អាហារ​បង្ក​អាលែកហ្ស៊ី លំដាប់​ទី២ ក្នុង​ចំណោម​កុមារ។ កុមារ​ប្រឈម​នឹង​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ស៊ុត រហូត​ដល់​ពួកគេ​មាន​អាយុ ១៦​ឆ្នាំ។ ភាគច្រើន យើងមាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ស៊ុតពណ៌ស ដោយសារ​ប្រូតេអ៊ីន ស្ថិតនៅ​ក្នុង​ផ្នែក​ពណ៌ស នៃ​ស៊ុត។

    ៣. គ្រាប់ធញ្ញជាតិ

    គ្រាប់ធញ្ញជាតិ​របស់​ដើមឈើ (Tree Nut) ក៏បង្កបញ្ហា​អាលែកហ្ស៊ី​ផងដែរ តែ​នៅស្រុក​ខ្មែរយើង មាន​គ្រាប់ស្វាយចន្ទី។ ក្រៅពីនេះ ជាប្រភេទ​គ្រាប់ធញ្ញជាតិ​បរទេស ដូចជា គ្រាប់ Almonds គ្រាប់ Walnuts គ្រាប់ Pine Nuts ជាដើម។

    ៤. គ្រាប់សណ្ដែកដី

    សណ្ដែកដី ជាអាហារ​ដែល​បង្ក​បញ្ហា​អាលែកហ្ស៊ី​ខ្លាំងផងដែរ ហើយ​វាអាច​បង្ក​ប្រតិកម្ម​ធ្ងន់ធ្ងរ រហូត​បាត់បង់​ជីវិត។ បញ្ហា​អាលែកហ្ស៊ី​ជាមួយ​សណ្ដែកដី ភាគច្រើន កើតឡើង​លើកុមារ ចំណែក​មនុស្ស​ពេញវ័យ កើតមាន​តិចតួច​នោះទេ។ កុមារ​ប្រឈម​នឹង​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​សណ្ដែកដី រហូត​ដល់​ពួកគេ មាន​វ័យ​ជំទង់។

    ៥. សិប្បីសត្វ

    បញ្ហា​អាលែកហ្ស៊ី​ជាមួយ​សិប្បីសត្វ បណ្ដាល​មកពី​រាងកាយ​របស់​យើង រងការ​វាយប្រហារ​ដោយ​ប្រូតេអ៊ីន​របស់​បង្គា ក្តាម ខ្យង បង្កង ជាដើម។ ភាគច្រើន ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​អាហារ​សមុទ្រទាំង​នោះ ដោយសារ​ប្រូតេអ៊ីន​ម្យ៉ាង ហៅថា Tropomyosin។ ជាធម្មតា ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​អាហារ​សមុទ្រ កើតឡើង​ភ្លាមៗ ក្រោយ​ញ៉ាំអាហារ។

    ៦. សណ្ដែកសៀង

    បញ្ហា​អាលែកហ្ស៊ី​ជាមួយ​សណ្ដែកសៀង ភាគច្រើន កើតឡើង​លើ​ទារក និង​កុមារ​អាយុ​ក្រោម ៣​ឆ្នាំ។ បញ្ហានេះ បណ្ដាល​មកពី​ប្រូតេអ៊ីន​ក្នុង​សណ្ដែងសៀង ឬផលិតផល​មាន​ផ្ទុក​សណ្ដែកសៀង។ ភាគច្រើន អាហារ​ដែល​បង្ក​ប្រតិកម្ម​ជាមួយ​សណ្ដែងសៀង មាន​ដូចជា ទឹកដោះគោ​លាយ​សណ្ដែកសៀង ឬទឹកជ្រលក់​ជាដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម