backup og meta

បញ្ហាកម្ពស់ធ្វើឲ្យ​អ្នកខ្លះពិបាកចិត្ត សាកគិតវិជ្ជមានតាមវិធីនេះនឹងជួយផ្លូវចិត្តបាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

    បញ្ហាកម្ពស់ធ្វើឲ្យ​អ្នកខ្លះពិបាកចិត្ត សាកគិតវិជ្ជមានតាមវិធីនេះនឹងជួយផ្លូវចិត្តបាន

    តាម​ពិត​ទៅ​មាន​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ដ​ជាមួយ​កម្ពស់​របស់​ខ្លួន​ទេ។ មាន​អ្នក​ខ្លះ​គិត​ថា​ខ្លួន​​ខ្ពស់​ពេក ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ស្អប់​ខ្លួន​​ឯង​ដោយ​សារ​កម្ពស់ទាប​ពេក។ កម្ពស់​របស់​យើង​គ្រប់​គ្នា​អាច​ខុស​គ្នា​ទៅ​តាម​ហ្សែន ហើយ​​ក្រៅ​​ពី​នេះ​​របៀប​នៃ​ការ​រស់​នៅ និង​​កត្តា​បរិស្ថាន​ក៏​ចូល​រួម​ចំណែក​ក្នុង​ការ​លូត​​កម្ពស់​​របស់​យើង​​ដូច​គ្នា។ ​ក្នុង​​ករណី​​ជា​ច្រើន យើង​​មិន​អាច​កែ​ប្រែ​កម្ពស់​​របស់​ឯង​​បាន​ទេ។ មិន​ថាយើង​​ពេញ​ចិត្ដ ឬ​អត់​នោះ​ទេ គឺ​ត្រូវ​តែ​ទទួល​យក​ការពិត​ និង​រស់​​នៅ​​ជាមួយ​​កម្ពស់បែបនេះជា​រៀងរហូត ប៉ុន្តែ​មាន​ពេល​ខ្លះយើង​​ចាំ​បាច់​ត្រូវ​ចេះ​ដោះ​ស្រាយ​​ជាមួយ​បញ្ហា​កម្ពស់​របស់​យើង​។ ​ខាង​ក្រោម​​នេះ​​គឺ​ជា​តិច​​និក​ងាយ​ៗ​មួយ​ចំនួន​​ដែល​​អាច​ជួយយើង​បានខ្លះ។

    អត្ថបទពាក់ព័ន្ធ៖ 

    ១- ទទួលស្គាល់ថាកម្ពស់របស់យើងមិនមែនជាបញ្ហានោះទេ

    កម្ពស់​របស់​យើងមិនមែន​បញ្ហា​នោះ​​គឺ​មនុស្ស​​ដែល​ធ្វើ​បាប​យើង​ និង​មើល​ងាយ​យើង​​ដោយ​សារ​តែ​រឿង​កម្ពស់​​របស់​យើង​ជា​បញ្ហា​។ ចុះ​បើ​មិន​មាន​អ្នក​ណា​មក​ធ្វើ​បាប ឬ​សើច​ចម្អក​ជាមួយ​កម្ពស់​របស់​យើងទេ​នោះ តើយើងនៅ​តែ​ស្អប់​កម្ពស់​ខ្លួន​ឯង​ទៀត​ទេ? ចម្លើយ​​នោះ​គឺ​ប្រហែល​ជា​មិន​អាច​នោះ​ទេ។

    ការ​គិត​​ ការវាយតម្លៃ​លើ​ខ្លួនឯង គឺ​ផ្ដោត​សំខាន់​លើ​ការ​​កាត់​​ក្ដី​​ពី​​សង្គម​​ដែលយើង​កំពុង​​តែ​រស់​នៅ។ មាន​​ថ្ងៃ​​ណា​​មួយ​​យើង​នឹង​​ទទួល​​ស្គាល់​​ថា​យើងនឹង​មិន​អាច​​ពេញ​​ចិត្ដ​ជា​មួយ​​មនុស្ស​​ជុំ​វិញ​ខ្លួន​​បាន​ជា​រៀង​រហូត។ ប្រសិន​បើ​យើង​​មិន​​ខ្ពស់ ឬ​ទាប​ពេក​ទេ​នោះ អ្នក​ដែល​ចូល​ចិត្ដ​មើល​ងាយ​ និង​វាយ​តម្លៃ​គេ​នៅ​តែ​​រក​​វិធី​អ្វី​​ផ្សេង​​ដើម្បី​​បង្អាប់​​យើង​ទាល់​តែ​បាន។

    វា​ជា​រឿង​​ដែល​​មិន​​អាច​​ទៅ​រួច​​ទេ​ ដែល​យើង​ចាំ​បាច់​​ត្រូវ​រស់​​នៅ​​ដើម្បី​​បំពេញ​​ចំណង់​​របស់​អ្នក​​ផ្សេង។ មនុស្ស​ដែល​​ចូល​​ចិត្ដ​យើង​ពិត​ប្រាកដ ​នឹង​​នៅ​​តែ​ចូល​ចិត្តយើងដែល​ជា​ខ្លួនយើង។ យើង​គួរ​ទៅ​​និយាយ​ជាមួយ​អ្នក​ចូល​ចិត្ដ​ធ្វើ​បាប​គេ​នោះ បង្ហាញ​​ឲ្​យ​គេ​ឃើញ​​ថា​យើង​ពេញ​ចិត្ដ​ជាមួយ​រូប​រាង​របស់​យើងដោយ​បញ្ចេញ​កាយ​វិការ​ដោយ​មាន​ភាព​ជឿ​ជាក់។ ត្រូវ​រៀន​ឈរ​ឲ្យ​ខ្ពស់ និង​ងើប​ក្បាល​ឡើង ត្រូវ​និយាយ​​ដោយ​​ប្រើ​ភ្នែក​សម្លឹង​​មើល​​ភ្នែក។ មនុស្ស​ជុំ​វិញ​ខ្លួន​​យើង​អាច​សើច​​ចម្អក​ឲ្យ​អ្នក​ តែ​​លើ​រឿង​​ដែល​យើង​មាន​ភាព​អៀន​ខ្មាស់​ចំពោះ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ​បើយើង​​នៅ​​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន យើង​មិន​ត្រូវ​ខ្លាច​​និង​ប្រាប់​ប៉ាម៉ាក់​ គ្រូ​បង្រៀន ឬ​គ្រូ​បង្វឹក​របស់​យើងទេ។ ក្នុង​ករណី​ចាំ​បាច់យើង​​អាច​ស្វែក​រក​ជំនួយ​ពី​ប្រព័ន្ធ​ច្បាប់​​បាន​​ដូច​គ្នា​។

    អត្ថបទពាក់ព័ន្ធ៖ 

    ២- ត្រូវពេញចិត្ដជាមួយកម្ពស់របស់ខ្លួន

    ប្រសិន​បើ​យើងចាំ​​បាច់​ចង់​​បាន​​កម្ពស់​​បន្ថែម​ យើងអាច​​ទៅ​​ពិភាក្សា​​ជាមួយ​​គ្រូពេទ្យ​​បាន។ ក្នុង​ករណី​យើង​​ស្ថិត​​ក្នុង​​រ័យ​​កំពុង​លូត​លាស់ យើង​អាច​គ្រាន់​​តែ​ញ៉ាំ​​អាហារ​​ត្រឹម​ត្រូវ និង​​ហាត់​ប្រាណ​​ជា​​ប្រចាំ​​គឺ​អាច​​ជួយ​​បង្កើន​​កម្ពស់​​បាន​​ខ្លះ​ដែរ។​ ប្រសិន​​បើ​យើង​​មាន​​កម្ពស់​​ខ្ពស់​​ស្រា​ប់​ហើយ​ យើងមិន​ចាំ​បាច់​ត្រូវ​​ខ្វល់​ខ្វាយ​​ជាមួយ​រឿង​កម្ពស់​​នេះ​ទេ។ ប៉ុន្តែ​មិន​ថា​​យើង​ទាប ឬ​ខ្ពស់​នោះ​ទេ យើង​នៅ​តែ​មាន​វិធី​​ដើម្បី​​ធ្វើ​ឲ្យ​​អារម្មណ៍​​ពេញ​ចិត្ដ​ជាមួយ​​ខ្លួន​ឯង​​បាន។

    យើងអាច​សាក​ល្បង​ចូល​មើល​ក្នុង​ទស្សនាវដ្ដី​ទាក់​ទង​ជាមួយ​ការ​តុប​តែង​ខ្លួន ដើម្បី​រក​មើល​ខោរ​អាវ​ស័កិ្ដ​សម​ជាមួយ​នឹង​ដង​ខ្លួន​របស់​យើង​។ បើ​អាច​យើងគួរ​ចូល​រួម​ក្នុង​ក្លឹប​កីឡា ដែល​ស័ក្ដិសម​ជាមួយ​នឹង​កម្ពស់​របស់យើង។ មនុស្ស​តូច​ៗ​​​​ពូកែ​ក្នុង​ការ​ហាត់​ប្រាណ និង​ការ​រាំ ចំណែក​ឯ​មនុស្ស​ខ្ពស់​វិញ​គឺ​ពូកែ​លេង​បាល់​បោះ និង​បាល់​ទះ។ ដូច​នេះយើង​អាច​រក​មើល​កី​ឡា​ណា​មួយ​ដែល​ស័ក្ដិសមជាមួយ​យើង​ និង​គិត​ថា​វា​ធ្វើ​ឲ្យើង​សប្បាយ​ចិត្ដ និង​មាន​សុខភាព​ល្អ។

    បើ​តាម​ពិត​ទៅ គឺ​ត្រូវ​ការ​ពេល​វេលា​ក្នុង​រយៈ​ពេល​យូរ​មួយ ដើម្បី​រៀន​​ទទួល​ស្គាល់​ និង​ទទួល​យក​អ្វី​ដែល​ជា​របស់​យើង។ ត្រូវ​ចាំ​ថា​កម្ពស់​របស់​យើង​​មិន​អាច​កំណត់​ឆាក​ជីវិត​របស់​យើង​បាន​ទេ។ កុំ​ដាក់​សម្ពាធ​ដល់​ខ្លួន​​ឯង​ខ្លាំង​ពេក។ មនុស្ស​ចិត្ដ​អាក្រក់​នឹង​ចាំ​រក​មើល​ចំណុច​ខ្សោយ​របស់​យើង​រហូត ហើយ​​វិធី​តែ​មួយ​ដើម្បី​វាយ​តប​ជាមួយ​អ្នកទាំង​នោះ​គឺ ត្រូវ​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ដើរ​ចេញ​ពី​បញ្ហា​អវិជ្ជមាន​ជុំ​វិញ​ខ្លួន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម