backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Thyroidectomy Subtotal (វះកាត់ផ្នែក​ខ្លះ​នៃក្រពេញទីរ៉ូអ៊ីត)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ Jan 24, 2019

ចំណេះដឹងមូលដ្ឋាន

១- អ្វីទៅជាក្រពេញទីរ៉ូអ៊ីត?

ក្រពេញ​ទីរ៉ូអ៊ីត ជា​សរីរាង្គ​មួយ​មាន​ទីតាំង​នៅ​ខាង​មុខ​បំពង់​ក ​មាន​នាទី​ផលិត​អ័រម៉ូន​ទីរ៉ុកស៊ីន (Tyroxine) ដែល​សំខាន់​ណាស់​រក្សា​តុល្យភាព​មេតាប៉ូលីស​ (ប្រតិកម្ម​បំប្លែង​អាហារ) ​រាងកាយ។ ពេល​ក្រពេញ​ទីរ៉ូអ៊ីត ​ធ្វើ​ការ​សកម្ម​ពេក នាំ​ឲ្យ​ការ​បញ្ចេញ​អ័រម៉ូន​ទីរ៉ូអ៊ីតច្រើន​លើស​ពី​ធម្មតា ​បណ្ដាល​ឲ្យមាន​បញ្ហា​ ដូចជា ស្រក​ទម្ងន់ បែក​ញើស និង​មាន​បញ្ហា​ភ្នែក។

២- ហេតុអ្វី​ត្រូវ​វះកាត់​ក្រពេញ​ទីរ៉ូអ៊ីត?

ការ​វះ​កាត់​យក​ក្រពេញ​ទីរ៉ូអ៊ីត​  ដោយ​រក្សា​ទុក​ជាលិកា​ទីរ៉ូអ៊ីត​ឲ្យ​នៅ​សល់​ខ្លះ ក្នុង​គោល​បំណង​ពីរ៖

– បន្ថយ​កម្រិត​អ័រម៉ូន​ទីរ៉ូអ៊ីត ​ឲ្យ​ចុះ​មក​ត្រឹម​កម្រិត​ធម្មតា ឬ​ទាប​ជាង​មុន

– ជាលិកា​សេសសល់​ នៅតែអាច​បញ្ចេញ​អ័រម៉ូនទីរ៉ូអ៊ីត ​គ្រប់គ្រាន់​សម្រាប់​បំពេញ​នាទី​ចាំបាច់​ក្នុង​រាងកាយ។

កត្តាប្រឈម

៣- កត្តាប្រឈមមានអ្វីខ្លះ?

ក្រោយ​វះ​យក​ក្រពេញ​ទីរ៉ូអ៊ីត​ចេញ​ខ្លះ ជាលិកា​នៅ​សល់​តិច​តួច​ពេក ពេល​ខ្លះ​អាច​ផលិត​អ័រម៉ូន ទីរ៉ូអ៊ីត មិន​គ្រប់គ្រាន់ ករណី​នេះ​តម្រូវ​ឲ្យ​យើង​លេប​ថ្នាំ​អ័រម៉ូន ​ទីរ៉ូអ៊ីត​ អស់​មួយ​ជីវិត។

វិធីព្យាបាលផ្សេងទៀតក្រៅពីវះកាត់

– ព្យាបាល​ដោយ​ប្រើ អ៊ីយ៉ូត​វិទ្យុ​សកម្ម អាច​ប្រើ​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន

– ថ្នាំ Carbimazole ឬ Propylthiouracil អាច​ប្រើ​ដើម្បី​គ្រប់គ្រង​សកម្មភាព​ក្រពេញ​ទីរ៉ូអ៊ីត មិន​ឲ្យ​ផលិត​អ័រម៉ូន​លើស​តម្រូវ​ការ។

មុន​សម្រេច​ចិត្ត​វះ​កាត់ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ផល​ចំណេញ និង​ផលវិបាក​ ​អាច​កើត​មាន​ក្រោយ​ការ​វះ​កាត់។ ប្រសិន​បើ​មាន​ចម្ងល់ សូម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យ​វះ​កាត់។

ស្វែងយល់មុនវះកាត់

៤- គួរ​ត្រៀមអ្វី​ខ្លះមុន​ពេល​វះកាត់?

– ត្រូវ​ដឹង​លក្ខខណ្ឌ​ញ៉ាំ​អាហារ និង​ផឹក​ទឹក​ពេល​វះ​កាត់៉

– ត្រូវ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​វះ​កាត់ ​ដើម្បី​ឲ្យ​គាត់​ពិនិត្យ ​អាច​សួរនាំ​ឲ្យ​ច្បាស់​ទាក់ទង​ការ​វះ​កាត់ ឬ​ផលវិបាក​ក្រោយ​វះ​កាត់​ជា​ដើម។

– ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ដាក់​ថ្នាំ​សណ្ដំ ដើម្បី​ធានា​ថា​សុខភាព​យើងអាច​ទទួល​ថ្នាំ​សណ្ដំ​បាន ឬ​អាច​ព្យាបាល​យ៉ាង​ណា​បន្ត ករណី​សុខភាពមាន​បញ្ហា។

៥- មានអ្វី​កើត​ឡើង​ពេល​កំពុង​វះកាត់?

– ត្រូវ​ទទួល​ថ្នាំ​សណ្ដំ​ទាំង​ស្រុង (សន្លប់) តាំង​ពី​ចាប់​ផ្ដើម​វះ​រហូត​ដល់​ចប់

– ការ​វះ​កាត់​ប្រព្រឹត្តិ​ទៅ​ប្រហែល ៩០-១២០ នាទី

– គ្រូពេទ្យនឹង​ធ្វើ​ការ​វះ​នៅ​តំបន់​ក​ខាង​មុខ ទទឹង​តាម​ភ្លី​ស្បែក ​កាត់​យក​ក្រពេញ​ទីរ៉ូអ៊ីត មួយ​ភាគ​ធំ​ចេញ។

៦- មានអ្វី​កើត​ឡើង​ក្រោយ​វះកាត់?

– អាចត្រឡប់​ទៅ​ផ្ទះក្រោយវះកាត់ពី ១-២ ​ថ្ងៃ

– អាច​ធ្វើ​ការ និង​សកម្មភាព​ជា​ធម្មតា​វិញ ក្រោយ​វះកាត់ ២ សប្ដាហ៍

– ហាត់​ប្រាណ​ជួយ​ឲ្យយើង​ឆាប់​ជា​សះស្បើយ តែ​មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ សូម​សាកសួរ​យោបល់​ពី​គ្រូពេទ្យ​ជា​មុន​

– គ្រូពេទ្យ​នឹង​ប្រាប់យើង ​ពី​ការ​ព្យាបាល​ក្រោយ​វះ​កាត់ តាម​ដាន និង​ការ​ណាត់​ជួប​លើក​ក្រោយ។

ផលវិបាកក្រោយវះកាត់

៧- ផលវិបាក​ក្រោយ​វះកាត់​

ទោះ​បី​មានការ​វះ​កាត់ដោយ​គ្រូ​ពេទ្យ​ជំនាញ​យ៉ាង​ណា​ក៏​ដោយ ផល​វិបាក​​នៅ​តែ​អាច​កើត​មាន​ចៀស​មិន​ផុត ហើយ​ករណី​មួយ​ចំនួន អាស្រ័យ​តាម​ស្ថានភាព​ជំងឺ​នីមួយៗ ផល​វិបាក​ទាំង​នោះ​អាច​មាន​ដូច​ជា៖

– ហូរ​ឈាម​ត្រង់​របួស​ក្រោម​ស្បែក

– ក្លាយ​ដំបៅ​ ដោយសារ​ឆ្លង​មេរោគ​ ឬ​មាន​ជំងឺ​ស៊ាំ​និង​ថ្នាំ

– ប្រតិកម្ម​ផ្សេងៗ​ទៀត ​ទាក់ទង​​ឥទ្ធិពល​ថ្នាំ​សណ្តំ

– និយាយ​លែង​លឺ ឬ​ខ្សោយ​ជាង​មុន ដោយសារ​ប៉ះពាល់​ដល់​សរសៃ​វិញ្ញាណ​បញ្ជា​បំពង់​សំឡេង

– សាច់ដុំ​ទាញ​ ឬ​កន្ត្រាក់​ខុស​ប្រក្រតី ដោយសារ​វះកាត់​ប៉ះពាល់​ក្រពេញ​ប៉ារ៉ាទីរ៉ូអ៊ីត (Parathyroid) នាំ​ឲ្យ​កាល់ស្យូម​ថយ​ចុះ។

ករណី​មាន​បញ្ហា​ទាំង​នេះ​កើត​ឡើង​ក្រោយ​ការ​វះ​កាត់ សូម​ប្រាប់​គ្រូពេទ្យ​ឲ្យ​បាន​ដឹង ដើម្បី​គាត់​អាច​ជួយ​ដោះស្រាយ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ KEO Seng ratha · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម