ត្រួតពិនិត្យដោយ គឹម កាណែល
ភាគតិចដែលថាមិនស្គាល់ទឹកនោមផ្អែមប្រភេទទី ២ ព្រោះជាជំងឺងាយជួបប្រទះ រ៉ាំរ៉ៃ ពិបាកព្យាបាល ពិសេសម៉ាក់ប៉ា អ៊ំៗចាស់ៗ គួរតែប្រុងប្រយ័ត្ន។ បើមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា ច្បាស់ជាបង្កផលវិបាកជាច្រើនដល់សុខភាព។ “Hello គ្រូពេទ្យ” ថ្ងៃនេះ នឹងលម្អិតពាក់ព័ន្ធមូលហេតុបង្ក និងផលវិបាកនៃជំងឺប្រភេទនេះ។
១- អ្វីជាជំងឺទឹកនោមផ្អែមប្រភេទ២?
ទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃ បណ្ដាលមកពីជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ (Glucose) ហើយត្រូវស្គាល់ថាជាជំងឺទឹកនោមផ្អែមកើតលើមនុស្សពេញវ័យ (Adult-onset diabetes) ឬទឹកនោមផ្អែមមិនពឹងផ្អែក អាំងស៊ុយលីន (Noninsulin-dependent diabetes)។ មានន័យថា រាងកាយយើងមានអ័រម៉ូន អាំងស៊ុយលីន គ្រប់គ្រាន់ ប៉ុន្តែមិនអាចប្រើអាំងស៊ុយលីនបាន។ ចំពោះជំងឺទឹកនោមផ្អែមប្រភេទនេះ លំពែងនៅតែដំណើរការធម្មតា ប៉ុន្តែកោសិកាក្នុងខ្លួនមិនអាចប្រើជាតិស្ករក្នុងឈាមបម្លែង ជាថាមពលបានទេ ហើយពេលកម្រិតជាតិស្ករកាន់ខ្ពស់ នាំឲ្យបំផ្លាញសរីរាង្គក្នុងខ្លួនតែម្តង។
៩០-៩៥ ភាគរយនៃអ្នកជំងឺទឹកនោមផ្អែម គឺស្ថិតក្នុងប្រភេទ ២ នេះឯង វាកើតមានលើមនុស្សពេញវ័យ ភាគច្រើនអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។ យ៉ាងណា បច្ចុប្បន្ន ក្មេងជាច្រើនកំពុងវិវត្តខ្លួនទៅរកជំងឺនេះ ដោយសារកត្តាធាត់ខ្លាំង និងទម្លាប់ញ៉ាំរបស់ផ្អែមខ្លាំង។
២- មូលហេតុបង្កមានអ្វីខ្លះ?
មុនដឹងពីមូលហេតុជំងឺ គួរដឹងការប្រើប្រាស់ជាតិស្ករក្នុងខ្លួនជាមុនសិន៖
– មេតាប៉ូលីសស្ករ (ការប្រើប្រាស់ស្ករ)៖ ទឹកមាត់ និងសារធាតុគីមីក្នុងក្រពះ នឹងបំបែកអាហារដែលយើងញ៉ាំទៅជាស្ករ គ្លុយកូស ជាប្រភពថាមពលចម្បងសម្រាប់កោសិការាងកាយ។ ស្ករទាំងនោះ ត្រូវទៅស្តុកទុកក្នុងថ្លើមជាទម្រង់ គ្លីកូស្សែន (glycogen)។ នៅពេលយើងមិនបានញ៉ាំអាហារ ឬជាតិស្ករក្នុងឈាមចុះទាប គ្លីកូស្សែន (glycogen) នឹងបម្លែងមកជាជាតិស្ករដើម្បីប្រើប្រាស់វិញ។
ស្ករត្រូវដឹកនាំតាមចរន្តឈាមទៅកាន់កោសិកា ខណៈកោសិកាទាំងនោះ ត្រូវការអ័រម៉ូន អាំងស៊ុយលីន ដើម្បីចាប់យកជាតិស្ករមកប្រើ។ ក្រពេញលំពែងមានតួនាទីផលិតអ័រម៉ូននេះ ហើយបញ្ចេញពេលណាជាតិស្ករកើនឡើង។ ពេលស្ករចូលក្នុងកោសិកាអស់ អាំងស៊ុយលីន ក្នុងចរន្តឈាមក៏ថយចុះ។
– ប្រើប្រាស់អ័រម៉ូន អាំងស៊ុយលីន មិនត្រឹមត្រូវ៖ ពេលកោសិកាមិនស្គាល់ អាំងស៊ុយលីន នឹងមិនអាចទាញយកជាតិស្ករទៅប្រើប្រាស់បាន នាំឲ្យជាតិស្ករនៅក្នុងឈាមកាន់តែច្រើនឡើងៗ។ លំពែងនឹងទទួលរំញោចកាន់តែច្រើនដើម្បីបញ្ចេញអ័រម៉ូន អាំងសុយលីន ទោះជាកោសិកាមិនអាចប្រើបានក៏ដោយ។ បញ្ហានេះ ទើបបណ្ដាលឲ្យមានរោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទ ២។
ក្រុមអ្នកស្រាវជ្រាវកំពុងសិក្សារកពីមូលហេតុពេញលេញពាក់ព័ន្ធករណីនេះ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការអះអាងជាក់លាក់នៅឡើយ។ យ៉ាងណា ធាត់ជាកត្តាប្រឈមចម្បងបង្កឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទនេះ។
៣- ជំងឺអាចកើតមានដោយសារទឹកនោមផ្អែមប្រភេទ២
ផលវិបាករបស់ទឹកនោមផ្អែមប្រភេទ ២ នាំឲ្យកើតមានជំងឺជាច្រើន បើមិនបានព្យាបាលត្រឹមត្រូវ ដូចជា រលួយអវយវៈនាំឲ្យពិការ (ពិសេសនៅត្រង់ជើង) កោសិកាមិនអាចទទួលបានជាតិស្ករគ្រប់គ្រាន់ នាំឲ្យស្លាប់បន្តិចម្តងៗ។
លើសពីនេះ ធ្វើឲ្យកើតជំងឺ Diabetic ketoacidosis ជាជំងឺពេលសារធាតុ សេតូន កើនឡើងក្នុងឈាម ធ្វើឲ្យឈាមក្លាយជាអាស៊ីដ ប៉ះពាល់ដល់សរីរាង្គជាច្រើន ពិសេសខួរក្បាល បណ្តាលឲ្យយើងស្លាប់បាត់បង់ជីវិតតែម្តង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
នៅមានផលវិបាកបង្កជាជំងឺធ្ងន់ធ្ងរច្រើនទៀតដូចជា៖
– ជំងឺបេះដូង៖ ប្រឈមជំងឺបេះដូងផ្សេងៗ ដូចជា ជំងឺសរសៃឈាមបេះដូង (Coronary artery disease) ចុកទ្រូង (Angina) គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល សរសៃឈាមរួមតូច (Atherosclerosis) ឬលើសឈាម។
– ជំងឺប្រព័ន្ធប្រសាទ៖ ជាតិស្ករលើស នឹងធ្វើឲ្យរបួសសរសៃឈាមតូចៗ (Capillaries) ដែលមាននាទីចិញ្ចឹមសរសៃប្រសាទ ពិសេសប្រព័ន្ធប្រសាទនៅជើង។ យើងនឹងមានអារម្មណ៍ស្ពឹកៗ ចាក់ៗ ក្រហាយ ឬឈឺចុងជើង ចុងម្រាម។ គ្រប់គ្រងកម្រិតជាតិស្ករមិនបានល្អ នាំឲ្យបាត់បង់អារម្មណ៍ទាំងអស់ទៅលើអវយវៈមានបញ្ហា។ បើខូចខាតលើសរសៃប្រសាទនៅក្រពះពោះវៀន នឹងធ្វើឲ្យក្អួត ចង្អោរ រាក ឬក្តៀនលាមកជាដើម។ សម្រាប់ប្រុសៗអាចនឹងមានបញ្ហាអសមត្ថភាពផ្លូវភេទ។
– ជំងឺតម្រងនោម៖ តម្រងនោមមានកញ្ចុំសរសៃឈាមតូចៗជាច្រើន មានតួនាទីចម្រោះសារធាតុពុលចេញពីក្នុងឈាម។ ជំងឺទឹកនោមផ្អែម អាចនឹងធ្វើឲ្យខូចប្រព័ន្ធចម្រោះទាំងនេះ នាំឲ្យខ្សោយតម្រងនោម ដែលជាជំងឺតម្រងនោមកម្រិតចុងក្រោយ មិនអាចវិលមកប្រក្រតីវិញទេ (Irreversible end-stage kidney disease) ទាមទារការព្យាបាលដោយលាងឈាម (Dialysis) ឬប្តូរតម្រងនោមតែម្តង។
– ជំងឺភ្នែក៖ អាចធ្វើឲ្យខូច ឬដាច់សរសៃឈាមបាតភ្នែក (Diabetic retinopathy) នាំឲ្យខ្វាក់ភ្នែក។ ជំងឺទឹកនោមផ្អែម បង្កើនហានិភ័យសម្រាប់ជំងឺភ្នែកផ្សេងៗ ដូចជា ភ្នែកឡើងបាយ ទឹកដក់បាតភ្នែក និងជំងឺបាតភ្នែក (Retinopathy)។
– ដំបៅជើង៖ ខូចខាតសរសៃប្រសាទក្នុងជើង ឬលំហូរឈាមខ្សោយក្នុងជើង បើមិនព្យាបាល ត្រឹមត្រូវ ករណីដាច់រលាត់ ឬពងទឹកធម្មតា អាចក្លាយជាបញ្ហាធ្ងន់ធ្ងរ ងាយឈានដល់កាត់ដៃ កាត់ជើងចោលតែម្តង។
– ជំងឺស្បែក និងមាត់៖ ជំងឺទឹកនោមផ្អែមធ្វើឲ្យងាយបង្ករោគលើស្បែកដោយបាក់តេរី និងពពួកផ្សិត។
– ផលវិបាកចំពោះស្រ្តីពពោះ៖ កម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម ធ្វើឲ្យមានគ្រោះថ្នាក់ទៅលើម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ ស្រីៗមានផ្ទៃពោះ ប្រឈមខ្ពស់ការរលូត បេប៊ីអាចឈានដល់ស្លាប់ក្នុងផ្ទៃ ឬលូតលាស់មិនប្រក្រតី។ សម្រាប់ម៉ាក់ៗវិញ ជំងឺទឹកនោមផ្អែមអាចបណ្ដាលឲ្យកើតជំងឺ Diabetic Ketoacidosis (ឈាមប្រែជាអាស៊ីដដោយសារជាតិសេតូន) ជំងឺបាតភ្នែក លើសឈាម និងបម្រុងក្រឡាភ្លើង។
អត្ថបទគួរអាន៖
ជំងឺនេះមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត មានផលលំបាករយៈពេលយូរ។ ហេតុនេះ បើយើងកើតទឹកនោមផ្អែមកើតកាន់តែយូរ មិនគ្រប់គ្រងជាតិស្ករបានល្អ ផលវិបាកទៅថ្ងៃក្រោយ កាន់តែច្រើន និងធ្ងន់ធ្ងរ នាំឲ្យធ្លាក់ខ្លួនពិការ និងបាត់បង់ជីវិតតែម្តង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល