backup og meta

កត្តាទាំង ៧ យ៉ាង អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 16, 2021

    កត្តាទាំង ៧ យ៉ាង អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែម

    ការ​មិន​អើពើ​នឹង​បែបផែន​រស់នៅ​ និង​មិន​ខ្វល់ខ្វាយ​ពី​របប​អាហារ​នឹង​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ជាក់​ស្ដែង​ កត្តា​ ៧យ៉ាង​​ខាង​ក្រោម​នេះ​ហើយ​ ជា​ឫស​គល់​នៃ​ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ជា​អ្វី​ដែល​យើង​​ត្រូវ​ដឹង។

    ពិត​ណាស់​ ជំងឺ​ទឹកនោម​ផ្អែម​ មិនមែន​កើតឡើង​ភ្លាម​ៗ​នោះ​ទេ វា​វិវត្ត​ទៅ​តាម​ពេល​វេលា។ យ៉ាង​ណា​មិញ​ របប​អាហារ​​បាន​ជះឥទ្ធិពល​ដ៏​សម្បើម​ចំពោះ​​ការ​កើត​មាន​នូវ​ជំងឺ​ទឹកនោមផ្អែម។

    ​ជំងឺ​ទឹកនោម​ផ្អែម ​មាន​ចំនួន​៣​ប្រភេទ​គឺ៖

  • ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១
  • ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២
  • ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​​​
  • ក្នុង​ចំណោម​ប្រភេទ​ទាំង​នេះ​ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ យើង​ឃើញ​មាន​កើត​ឡើង​ញឹក​ញាប់​ជាង​គេ។

    យោង​តាម​អ្នក​ជំនាញ​ ករណី​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​យើង​ថែម​ទៀត​ផង​ ដែល​បង្ក​ជា​បញ្ហា​ជាច្រើន​ ដូចជា​បំផ្លាញ​តម្រង​នោម សរសៃ​ប្រសាទ និង​កើត​មាន​នូវ​បញ្ហា​បេះដូង​ជាដើម​។ ហេតុដូច្នេះ​ ដើម្បី​កាត់បន្ថយ​ការ​វិវត្ត​ទៅ​រក​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ យើង​គប្បី​ស្វែង​យល់​អំពី​កត្តា​ដែល​បណ្ដាល​ឲ្យ​កើត​មាន​នូវ​ជំងឺ​ទឹក​នោម​ផ្អែម​ជា​មុន​សិន។​

    ១. ញ៉ាំ​កាហ្វេ

    យើង​​ប្រហែល​ជា​ងឿងឆ្ងល់​ថា​ តើ​កាហ្វេ​មួយ​ពែង​អាច​បង្ក​គ្រោះថ្នាក់​ដល់​កម្រិត​ណា? តាម​ពិត​ទៅ វា​មិន​បង្ក​គ្រោះថ្នាក់​ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​បើ​យើង​នៅ​តែ​បន្ត​ញ៉ាំ​កាហ្វេ​យូរ​ៗ​ទៅ វា​នឹង​វិវត្ត​ទៅ​រក​ជំងឺ​ទឹកនោម​ផ្អែម។​​​​​​​

    វេជ្ជបណ្ឌិត​ Vinoda Kumary អនុប្រធាន​បុគ្គលិក​សុខាភិបាល​ ប្រចាំ​នៅ​វិទ្យាស្ថាន​Jindal Naturecareបាន​លើក​ឡើង​ថា ការ​ញ៉ាំ​កាហ្វេ​១ពែង​ ឬ​២​ពែង​ក្នុង​មួយ​ថ្ងៃ​ មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ។ យ៉ាង​ណា​មិញ ការ​ញ៉ាំ​កាហ្វេ​ក្នុង​បរិមាណ​ច្រើនលើស​លប់​ អាច​បណ្ដាល​ឲ្យ​មាន​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីននៅ​ក្នុង​រាង​កាយ ដែល​​ជំរុញ​ការ​ផលិត​គ្លុយកូស​ ជា​ហេតុ​បង្កើន​នូវ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។

    ទឹកនោមផ្អែម

    ២. អង្គុយ​រយៈពេល​យូរ

    ​​យើង​តែង​តែ​ចំណាយ​ពេល​ភាគច្រើន​​អង្គុយ​នឹង​មួយ​កន្លែង​ជាមួយ​នឹង​កុំព្យូទ័រ​ ឬ​មើល​ទូរទស្សន៍​​។ ការ​ពិត​ទៅ ការ​ចំណាយ​ពេល​​បែប​នេះ នឹង​ធ្វើ​ឲ្យ​យើង​ប្រឈមមុខនឹង​ជំងឺ​ទឹក​នោម​ផ្អែម​ដល់​ទៅ​៣,៤​ភាគ​រយ។

    ៣. កត្តា​ភេទ​

    ​​​​​​វេជ្ជបណ្ឌិត​Kumary បាន​ពន្យល់​ថា ស្ត្រី​យើង​តែង​តែ​ឆ្លងកាត់​នូវ​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន ចាប់ពី​ដំណើរ​មាន​រដូវ​ មាន​ផ្ទៃពោះ​ និង​រហូត​ដល់​ពេល​អស់​រដូវ​ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​​​ប៉ះពាល់​ដល់​កម្រិត​អាំង​ស៊ុយ​លីន​នៅ​ក្នុង​រាង​កាយ​។ ប្រសិន​បើ​យើង​​​មាន​ជំងឺ​​អតុល្យ​ភាព​អ័រម៉ូន​​ (PCOS) វា​នឹង​បណ្ដាល​ឲ្យ​មាន​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន ហើយ​មិន​យូរ​ប៉ុន្មាន​ បញ្ហា​នេះ​នឹង​វិវត្តទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ជាក់​ជា​មិន​ខាន​ឡើយ។

    ៤. កង្វះ​ពន្លឺ​ព្រះ​អាទិត្យ

    មនុស្ស​ភាគ​ច្រើន​​ មាន​បញ្ហា​កង្វះ​នូវ​វីតាមីន​D ដោយសារ​តែ​យើង​កម្រ​ឈាន​ជើង​​ចេញ​ពី​បន្ទប់​ម៉ាស៊ីន​ត្រជាក់​​។ ជាក់​ស្តែង​ វីតាមីន​នៃ​ពន្លឺ​ព្រះអាទិត្យ​ កំណត់​នូវ​ការ​ផលិត​អាំង​ស៊ុយ​លីន​នៅ​ក្នុង​រាងកាយ​ ហើយ​កង្វះ​ខាត​នេះ នឹង​បង្កើន​នូវ​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​ឡើង​ជំងឺ​ទឹកនោម​ផ្អែម​។

    ៥. ញ៉ាំ​ច្រើន​ជ្រុល​​

    ​ការ​ញ៉ាំ​ច្រើន​​ជ្រុល​ នឹង​ធ្វើ​ឲ្យ​កាឡូរី​នៅ​ក្នុង​ខ្លួន​របស់​យើង​​កើន​ឡើង​កាន់​តែ​ច្រើន ហើយ​មិន​យូរ​មិន​ឆាប់ វា​នឹង​វិវត្ត​​ទៅ​ជា​​លើស​ទម្ងន់​។ យ៉ាងណា​មិញ ការ​លើស​ទម្ងន់​នេះ​ឯង​ ដែល​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​មិន​ដឹង​ខ្លួន។

    ៦. មិន​សូវ​ហាត់​ប្រាណ​​​

    ស្រី​ៗ​យើង ​គួរ​តែ​ងាក​មក​​ធ្វើ​លំហាត់ប្រាណ​ ដូច​ជា​ការ​លើក​ដុំដែក​ជាដើម​ ពីព្រោះ​វា​អាច​កាត់​បន្ថយ​នូវ​ឱកាស​នៃ​​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​Harvard បាន​សង្កេត​ឃើញ​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ អាច​បញ្ចៀស​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដល់​ទៅ​៣៤​%។

    ៧. ស្រមុក

    វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា​ ការ​ស្រ​មុក​មាន​ទំនាក់ទំនង​នឹង​ជំងឺធាត់ ហើយ​កត្តា​នេះ​បណ្ដាល​ឲ្យ​ជួប​ប្រទះ​​បញ្ហា​បាត់ដង្ហើម​ពេល​គេង ដែល​​ធ្វើ​ឲ្យ​កើត​មាន​នូវ​ភាព​តានតឹង​ និង​ធ្វើឲ្យ​មាន​ការ​រំខាន​​។ នេះ​ជាហេតុ​ដែល​នាំឲ្យ​កើត​​មាន​បម្រែបម្រួល​អ័រម៉ូន ដែល​ប៉ះពាល់​ដល់​ការ​ផលិត​អាំង​ស៊ុយ​លីន ហើយ​វា​នឹង​វិវត្ត​ជា​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ថ្ងៃ​ក្រោយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម