backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Toxic hepatitis (ជំងឺរលាកថ្លើមដោយសារជាតិ​ពុល)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ May 17, 2021

Toxic hepatitis (ជំងឺរលាកថ្លើមដោយសារជាតិ​ពុល)

និយមន័យ

១‑ អ្វី​ជា​ជំងឺ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល?

រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល សំដៅ​លើ​ការ​រលាក​ថ្លើម​ដោយ​សារ​សារធាតុ​ណា​មួយ​យើង​បាន​ប៉ះ​ពាល់។ ពេល​ខ្លះ​អាច​មក​ពី​ស្រា សារធាតុ​គីមី ថ្នាំ ឬ​ពពួក​អាហារ​បំប៉ន​ណាមួយ។

ពេល​ខ្លះ ការ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល កើត​មាន​រោគ​សញ្ញា​ក្នុង​ពេល​ខ្លី​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ តែ​ពេល​ខ្លះ​ទៀត​ក៏​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ឯណោះ ​ទើប​លេច​ចេញ​រោគ​សញ្ញា ខណៈ​រោគ​សញ្ញា​ទាំង​អស់ នឹង​បាត់​ទៅ​វិញ​ពេល​យើងឈប់​ប៉ះ​ពាល់ ឬ​ប្រើ​ប្រាស់​សារធាតុ​ទាំង​នេះ។ ប៉ុន្តែ​ ពុល​ថ្លើម អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​ជា​រៀង​រហូត​ មិន​អាច​ត្រលប់​មក​ដូច​ដើម និង​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ត្រង់​កន្លែង​ខូច​រហូត​ (ក្រិន​ថ្លើម) ហើយ​អាច​វិវត្ត​ជា​ខ្សោយ​មុខ​ងារ​ថ្លើម ប៉ះពាល់​ដល់​អាយុ​ជីវិត​បាន។

រោគសញ្ញា

២‑ រោគសញ្ញា​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ជួប​ញឹក​ញាប់​រួម​មាន៖

– ខាន់​លឿង (ស្បែក និង​ភ្នែក​​ឡើង​លឿង)

– អស់​កម្លាំង​ល្ហិត​ល្ហៃ

– មិន​ឃ្លាន

– ក្អួត ចង្អោរ

– ឈឺ​ក្បាល

– ចុក​ពោះ

– ទឹក​នោម​ក្រមៅ​ជាង​ធម្មតា

– រាក

– លាមក​ស ឬ​ស្លេក​ជាង​ធម្មតា

ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​មាន​ក្តី​បារម្ភ​ពី​រោគសញ្ញា​ណា​មួយ សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៣‑ គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា?

ទៅ​ជួប​គ្រូពេទ្យ​ភ្លាម បើ​សិន​ជា​មាន​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ។

ការ​ប្រើ​ថ្នាំ​លើស​កម្រិត ដូច​ជា ពពួកថ្នាំ Acetaminophen (Paracetamol) អាច​ធ្វើ​ឲ្យ​មុខ​ងារ​ថ្លើម​ចុះ​ខ្សោយ។ ត្រូវ​ទៅ​​ព្យាបាល​ភ្លាមៗ បើ​សិន​ជា​យើង​​គិត​ថា កូន​យើង​បាន​លេប ឬ​ចាក់​ថ្នាំ Acetaminophen លើស​កម្រិត។ រោគ​សញ្ញា​ប្រើ​ថ្នាំ Acetaminophen លើស​កម្រិត​រួម​មាន៖

– មិន​ឃ្លាន​អាហារ

– ក្អួត ចង្អោរ

– ចុក​ពោះ​ផ្នែកខាង​លើ

– សន្លប់។

ពិនិត្យថ្លើម

មូលហេតុបង្ក

៤‑ មូលហេតុ​បង្ក​ឲ្យ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល

សារធាតុគីមី​យើង​ស្រូប​ចូល​ទាំង​ដឹង​ខ្លួន និង​មិន​ដឹង​ខ្លួន​មាន​ពុល​លើ​ថ្លើម។ ក្នុង​ចំណោម​សារធាតុ​គីមី​ទាំង​នេះ មាន​ថ្នាំ​ពុល សារធាតុ​រំលាយ​ឧស្សាហកម្ម និង​សារធាតុ​បំពុល។ ស្ទើរ​តែ​គ្រប់​ថ្នាំ​ទាំង​អស់ សុទ្ធ​តែ​អាច​ជា​មូលហេតុ​ជំងឺ​រលាក​ថ្លើម។ ជួន​កាល ​ជាតិ​ពុលអាច​បង្ក​ឲ្យ​មាន​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ និង​ក្រិន​ថ្លើម បើ​ការ​ប៉ះពាល់​ជាតិ​ពុល​មិន​បាន​បញ្ឈប់​ដែរ។

សារធាតុ​ពុលធ្វើ​ឲ្យ​រលាក​ថ្លើម​ទាំង​នេះ ត្រូវ​បាន​គេ​ចែក​ជា​ ២ ក្រុម​ធំៗ៖

– ក្រុម​អាច​ស្មាន​ទុក​មុន​បាន៖ សារធាតុ​យើង​អាច​ដឹង​មុន​ថា ប្រើ ឬ​ប៉ះ​ពាល់​តែ​ម្តង ពីរ​ដង​ប៉ុណ្ណោះ ក្នុង​កម្រិត​ណាមួយ អាច​ធ្វើ​ឲ្យ​រលាក​ថ្លើម​បាន រួម​មាន សារធាតុ​សម្អាត ឬ​រំលាយ ជាតិ Carbon tetrachloride និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មួយ​ចំនួន។

– ក្រុម​មិន​អាច​ស្មាន​ទុក​មុន​បាន៖ គ្រាន់​តែ​ប៉ះពាល់​ក្នុង​កម្រិត​តិច​តួច​បំផុត ក៏​អាច​ធ្វើ​ឲ្យ​រលាក​ថ្លើម​បាន​ដែរ ដូច​ជា ពពួក​ថ្នាំ​ដែល​គេ​មិន​យល់​ច្បាស់​ពី​សកម្មភាព​របស់​វា ហើយ​អាស្រ័យ​លើ​អង់​ស៊ីម​របស់​មនុស្ស​ម្នាក់​ដែល​ប្រើ​ទៅ​បំបែក​សារធាតុ​នោះ។

ថ្លើម​យើង​ ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​ធាតុ​គីមី​ណាស់ ដោយ​សារ​ថ្លើម​ជា​អ្នក​បំបែក​សារ​ធាតុ​ទាំង​នោះ រួម​ទាំង​ថ្នាំ​មួយ​ចំនួន​ចូល​ក្នុង​ចរន្ត​ឈាម ហើយ​កម្ចាត់វា​ចេញ​​តាម​ទឹក​ប្រមាត់ និង​ទឹក​នោម។ តែ​ក៏​មាន​សារធាតុ​ខ្លះ​ អាច​ពុល​ និង​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​កោសិកា​ថ្លើម​ផ្ទាល់​ផង​ដែរ។

ផឹក​ស្រា​ជា​ប្រចាំ នឹង​បង្កើន​ឱកាស​ពុល​ថ្នាំ ជា​ពិសេស​ថ្នាំ Acetaminophen (Paracetamol)។ ហេតុ​នេះ មិន​គួរ​ផឹក​ស្រា ពេល​កំពុង​ប្រើ​ថ្នាំ​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖

កត្តា​ប្រឈម

៥- កត្តា​ប្រឈម​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល

កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល​មាន​ដូច​ជា៖

– ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​ថ្នាំ​មួយ​ចំនួន៖ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​អាច​ធ្វើ​ឲ្យ​ពុល​ថ្លើម និង​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក​ថ្លើម​ដោយ​សារ​ពុល។ ជាពិសេស​ពេល​ប្រើ​ថ្នាំ​ច្រើន​មុខ​ចូល​គ្នា ឬ​ប្រើ​ច្រើ​ន​ជាង​កម្រិត​ដែល​បាន​ណែនាំ។

– មាន​ជំងឺ​ថ្លើម​ស្រាប់៖ រឹត​តែ​ធ្វើឲ្យ​ថ្លើម​ងាយ​ពុល។

– មាន​ជំងឺ​រលាក​ថ្លើម​ B ឬ​ C ឬ​រលាក​ថ្លើមប្រភេទ​ផ្សេងៗ៖ ធ្វើឲ្យ​ថ្លើម​កាន់​តែ​ធ្ងន់​ធ្ងរ។

– វ័យ​ចាស់៖ ពេល​វ័យ​កាន់​តែ​ចាស់ ថ្លើម​​នឹង​ធ្វើ​ការ​កាន់​តែ​យឺត​ជាង​ធម្មតា មាន​ន័យ​ថា​សារធាតុ​ពុល​ទាំង​នោះ នឹង​នៅ​ក្នុង​ចរន្ត​ឈាម កាន់​តែ​យូរ​ជាង​មុន។

– ផឹក​ស្រា៖ ផឹក​ស្រា​ពេល​កំពុង​ប្រើ​ថ្នាំ បង្កើន​ការ​ប្រ​ឈម​ជំងឺ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល ​កាន់​តែ​ខ្លាំង។

– ភេទ​ស្រី៖ ដោយ​សារ​ស្រីៗ​ធ្វើ​ការ​បំបែក​សារធាតុ​ពុល​មួយ​ចំនួន​យឺត​ជាង​ប្រុសៗ ហេតុ​នេះ​ថ្លើម​សម្បូរ​ទៅ​ដោយ​សារធាតុ​គ្រោះ​ថ្នាក់​កាន់​តែ​ច្រើន។

– បម្រែ​បម្រួល​ហ្សែន៖ ប្រែ​ប្រួល​ហ្សែន ដែល​ផលិត​អង់​ស៊ីម​សម្រាប់​បំបែក​សារធាតុ​ពុល​ងាយ នឹង​បណ្តាល​ឲ្យ​មាន​ជំងឺ​នេះ​ដូច​គ្នា។

– ធ្វើ​ការ​ជាមួយ​សារធាតុ​ក្នុង​ឧស្សាហកម្ម៖ សារធាតុ​មួយ​ចំនួន ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​រលាក​ថ្លើម​ដោយ​សារ​ពុល។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌​មាន​បន្ថែម។

៦- គួរ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វិធី​ណា?

ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ គ្រូពេទ្យ​នឹង​សួរ​ពី​ប្រវត្តិ​ជំងឺ រួម​ទាំង​ថ្នាំ​យើង​បាន​ប្រើ​ប្រាស់ និង​កំពុង​ប្រើ​ប្រាស់​ក៏​ដូច​ជា​ទម្លាប់​ផឹក​ស្រា​ផង​ដែរ។ ពេទ្យ​នឹង​ពិនិត្យ​រាងកាយ ជា​ជំនួយ​ដល់​ការ​សម្រេច​ថា មាន ឬ​គ្មាន​ជំងឺ​រលាក​ថ្លើម​រ៉ាំ​រ៉ៃ។

ខាង​ក្រោម​នេះ​ជា​តេស្ត​សម្រាប់​កំណត់​ថា​មាន ឬ​គ្មាន​ជំងឺ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល និង​កំណត់​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​របស់​ជំងឺ៖

– តេស្ត​មុខ​ងារ​ថ្លើម៖ ត្រូវ​ពិនិត្យ​មើល​ជា​ច្រើន​មុខ ដើម្បី​ដឹង​ថា​ថ្លើម​ធ្វើ​ការ​បាន​គ្រប់​គ្រាន់ ឬ​យ៉ាង​ណា។ តេស្ត​នេះ អាច​ឲ្យ​យើង​ដឹង​ពី​ទំហំ និង​កម្រិត​ខូច​ខាត​ថ្លើម​ផង​ដែរ។

– ឆ្លុះ​អេកូ៖ គឺ​ប្រើ​សម្លេង​កម្រិត​ហ្វ្រេកង់​ខ្ពស់ ដើម្បី​បង្កើត​ជា​រូបភាព​សរីរាង្គ​ផ្សេងៗ រួម​ទាំង​ថ្លើម​ផង​ដែរ។

– CT Scan៖ គឺ​ប្រើ​តិចនិក​កាំ​រស្មី​អ៊ិច បង្វិល​ជុំវិញ​រាងកាយ ដោយ​ឆ្លង​កាត់​កុំព្យូទ័រ ហើយ​ចង​ក្រង​​ដើម្បី​បង្កើត​ជា​រូប​ភាព​ក្នុង​រាងកាយ។

– ច្រឹប​កោសិកា​ថ្លើម៖ បើ​សិន​នៅ​មិន​ទាន់​អាច​សម្រេច​ច្បាស់ពី​ប្រភេទ និង​ភាព​ធ្ងន់​ធ្ងរ​របស់​ជំងឺ​ក្រោយ​ពេល​ពិនិត្យ​ឈាម និង​ថត​កាំរស្មី​រួច ពេទ្យ​នឹង​សុំ​ច្រឹប​កោសិកា​ថ្លើម ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់។ ម្ជុល​តូច​មួយ នឹង​ចាក់​ចូល​ទៅ​ក្នុង​ពោះ ហើយ​ច្រឹប​កោសិកា​ថ្លើម​បន្តិច យក​ទៅ​ពិនិត្យ​ដោយ​មាន​ការ​រៀប​ចំ​ជា​ច្រើន និង​ដាក់​ពណ៌ ដើម្បី​ពិនិត្យ​ក្នុង​មីក្រូទស្សន៍។

៧- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល​ជំងឺ​នេះ គឺ​ត្រូវ​រក​មូល​ហេតុ​ឃើញ ហើយ​កម្ចាត់​សារធាតុ​នោះ​ចេញ​ពី​ក្នុង​ខ្លួន។ ក្នុង​ករណី​បណ្តាល​មក​ពី​ផឹក​ស្រា យើង​អាច​ចូល​រួម​ក្នុង​កម្មវិធី​អប់​រំ​ផ្សេងៗ និង​ផ្តាច់​ស្រា។ ញៀន​ស្រា ជា​បញ្ហា​ពិបាក​ផ្តាច់ បើ​សិន​ជា​គ្មាន​ការ​គាំ​ទ្រ និង​ការ​ព្យាបាល​ត្រឹម​ត្រូវ ហើយ​ចុះ​ក្រោយ​ យើង​នឹង​ត្រលប់​ទៅ​​ញៀន​ស្រា​វិញ។

ព្យាបាល​ដោយ​ប្តូរ​ថ្លើម

មធ្យោបាយ​នេះ​អាចនឹង​ពិចារណា​ភ្លាមៗ​​លើ​គ្នា​យើង​មាន​ជំងឺ​រលាក​ថ្លើម​ធ្ងន់​ធ្ងរ ប៉ះពាល់​ដល់​អាយុ​ជីវិត បណ្តាល​មក​ពី​ថ្នាំ ឬ​ឱសថ​រុក្ខជាតិ​នានា។

ជំងឺ​ក្រិន​ថ្លើម​ដំណាក់​កាល​ចុង​ក្រោយ​ដោយ​សារ​ស្រា ក៏​អាច​ពិចារណា​ក្នុង​ការ​ធ្វើ​ការ​ដូរ​ថ្លើម​នេះ​ផង​ដែរ។ ប៉ុន្តែ​​ត្រូវ​ផ្តាច់​ស្រា និង​ទទួល​ការ​ព្យាបាល​​ត្រឹម​ត្រូវ​យ៉ាង​តិច ៦​ខែ ទើប​អាច​អាច​រង់ចាំ​ទទួល​ការ​ប្តូរ​ថ្លើម​បាន។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៨- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​តាម​ផ្ទះ អាច​ជួយ​បង្ការ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូច​ជា៖

– ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ ត្រូវ​ប្រើ​តាម​វេជ្ជ​បញ្ជា និង​ពេល​ចាំ​បាច់​តែ​ប៉ុណ្ណោះ។

– ប្រើ​ថ្នាំ​តាម​កម្រិត​ណែនាំ៖ មិន​ត្រូវ​ប្រើ​ថ្នាំ​លើស​កម្រិត​ឡើយ ទោះ​អាការៈ​ជំងឺ​មិន​បាន​ធូរ​ស្រាល​ក៏​ដោយ។

– ប្រុង​ប្រយ័ត្ន​ចំពោះ​ឱសថ​រុក្ខជាតិ និង​អាហារ​បំប៉ន៖ កុំ​ស្មាន​ថា​ផលិតផល​ធម្មជាតិ​គ្មាន​គ្រោះ​ថ្នាក់​នោះ ហើយ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់។

– មិន​ត្រូវ​ផឹក​ស្រា​ជាមួយ​ថ្នាំ៖ មិន​ត្រូវ​ផឹក​ស្រា​ពេល​កំពុង​ប្រើ​ថ្នាំ​នោះ​ទេ ត្រូវ​​ពិគ្រោះ​ជាមួយគ្រូពេទ្យ ឬ​ឱសថ​ការី ពី​អន្តរ​កម្ម​ថ្នាំ​ដែល​យើង​ប្រើ។

– ការពារ​ខ្លួន​ពី​សារធាតុ​គីមី៖ បើ​សិន​ជា​យើង​ធ្វើ​ការ​ជាមួយ ឬ​ប្រើ​សារធាតុ​គីមី​គ្រោះ​ថ្នាក់​ណាមួយ​នោះ ត្រូវ​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។ បើ​មាន​បញ្ហា​ឧប្បទ្ទវហេតុ​ណាមួយ​នោះ សូម​ទាក់​ទង​ទៅ​សេវា​សង្គ្រោះ​បន្ទាន់​ឲ្យ​បាន​លឿន​បំផុត។

– ថ្នាំ និង​សារធាតុ​គីមី​ផ្សេងៗ៖ ត្រូវ​ទុក​ឲ្យ​ផុត​ពី​ដៃ​ក្មេង ចៀស​វាង​ការ​លេប​ដោយ​ចៃដន្យ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ May 17, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម