backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Gallbladder Cancer (មហារីក​ថង់​ទឹក​ប្រមាត់)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 29, 2019

និយមន័យ

១- អ្វីជាមហារីកថង់ទឹកប្រមាត់?

សំដៅ​ពេល​កោសិកា​ថង់​ទឹក​ប្រមាត់ ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​កាច និង​វិវត្តជា​មហារីក។ អ៊ីចឹង​យើង​ត្រូវ​ដឹង​ពី​ តួនាទីនិង​អត្ថ​ប្រយោជន៍​​ប្រមាត់​ជា​មុន។

សរីរាង្គ​នេះ​ ​ជា​កន្លែង​ផ្ទុក​ទឹក​ប្រមាត់ ​ផលិត​ចេញ​ពី​ថ្លើម ​​ហើយ​មាន​ទីតាំង​នៅ​ក្រោម​ថ្លើម ​​មាន​រាង​ដូច​ផ្លែ​សារី ទំហំ​ប៉ុន​ពីរ​ស្រទាប់​ម្រាមដៃ ស្ថិត​នៅ​ផ្នែក​ខាង​លើ និង​ខាង​ស្ដាំ​​ពោះ​។ ពេល​យើង​ញ៉ាំ​ជាតិ​ខ្លាញ់​ចូល​ទៅ ​ទឹក​ប្រមាត់​នឹង​បញ្ចេញ​ ដើម្បី​ជួយ​រំលាយ​នៅ​ដើម​ពោះ​វៀន​តូច។ មហារីក​នេះ​ងាយ​​ព្យាបាល ​បើសិន​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ទាន់​ពេល។ មហារីក​ថង់​ទឹក​ប្រមាត់ ជា​ប្រភេទ​ជំងឺ​កម្រ ​ច្រើន​កើត​លើ​ស្រីៗ ​ជាង​ប្រុសៗ តែ​ទោះ​ជា​យ៉ាងណា នៅ​តែ​មាន​វិធី​​ការពារ​បាន។

២- មហារីកនេះកើតញឺកញាប់ដែរទេ?

មហារីក​ប្រភេទ​នេះ ជា​ជំងឺកម្រ ច្រើន​កើតលើ​ស្ត្រី​ ច្រើន​ជាងបុរស។ យ៉ាងណា យើង​នៅ​តែ​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ប្រភេទនេះ​បាន​ ពិសេស​ត្រូវ​សាក​សួរ​គ្រូពេទ្យ​បើ​មាន​មន្ទិល​សង្ស័យ​ណាមួយ។

រោគសញ្ញា

៣- រោគសញ្ញា​មាន​អ្វីខ្លះ?

ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេល​វេលា ​អាច​ចៀស​វាង​គ្រោះថ្នាក់​ជា​ច្រើន​ បង្ក​ឡើង​ជា​យថាហេតុ ហើយ​រោគ​សញ្ញា​មហារីក​ប្រភេទ​នេះ​មាន​ដូចជា៖

– ឈឺ​ពោះ​ពិសេស​ផ្នែក​ខាង​ស្ដាំ​ខាងលើ

– ហើម​ពោះ

– រមាស់

– ក្ដៅ​ខ្លួន

– លែង​ឃ្លាន​អាហារ

– ស្រកគីឡូ

– ចង្អោរ

– ខាន់​លឿង

អាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកមានចម្ងល់ ឬសង្ស័យពាក់ព័ន្ធរោគសញ្ញាខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យ។

៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

បើ​សិន​យើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ ឬ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។

មូលហេតុបង្ក

៥- អ្វីខ្លះជាមូលហេតុបង្ក?

មក​ទល់​នឹង​បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​ការ​អះអាង​ច្បាស់​លាស់ អ្វី​ជា​មូលហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ​តែ​គ្រូពេទ្យ​អាច​កំណត់​ករណី​នេះ ​ពេល​កោសិកា​ថង់​ទឹក​ប្រមាត់​រង​ការ​ខូច​ខាត ​ឬ​ប្រែប្រួល DNA បង្កើតចំនួន​ខុស​ប្រក្រតី​ ​បង្ក​ទៅ​ជា​មហារីក​ អាច​រាល​ដាល​ទៅ​សរីរាង្គ​ដទៃទៀត។ ការ​កំណត់​ប្រភេទ​កោសិកា​មហារីក ​អាស្រ័យ​លើ​ការ​ពិនិត្យ​ដោយ​មីក្រូទស្សន៍។

កត្តា​ប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​មួយ​ចំនួន​ចូល​រួម​បង្ក​ជា​មហារីក​ប្រភេទ​នេះ​មាន​ដូចជា៖

– កត្តា​ភេទ៖ ភាគ​ច្រើន​កើត​លើ​ស្រីៗ

– កត្តា​អាយុ៖ កាន់​តែ​ចាស់​ កាន់​តែ​ហានិភ័យ

– ធ្លាប់​មាន​ដុំ​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ (ជា​ករណី​កម្រ)

– កត្តា​ទម្ងន់៖ លើស​ទម្ងន់​ ឬ​មាន​ជំងឺ​ធាត់​ ​ងាយ​នឹង​កើត​មហារីក​ថង់​ទឹក​ប្រមាត់​ណាស់

– មាន​ជំងឺ​ទាក់​ទង​នឹង​ប្រមាត់ ​ដូចជា​ ជំងឺ​ប្រមាត់​រលោង​ ដុំ​គីស​ក្នុង​ថង់​ទឹក​ប្រមាត់ ​និងបង្ក​រោគ​រ៉ាំរ៉ៃ​ក្នុងថង់​ប្រមាត់។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​អាច​ធ្វើ​ការ​អង្កេត​វិភាគ​បន្ត​ទៀត​ដូចជា​៖

– តេស្ត​ឈាម​ ដើម្បី​មើល​ពី​មុខ​ងារ​ថ្លើម​ និង​កំណត់​រោគ​សញ្ញា

– ថត​រូបភាព​វេជ្ជសាស្ត្រ​ដូច​ជា ស្កេន​ស៊ីធី​ អេកូសាស្ត្រ​ និង​អឹមរ៉ាយ​ MRI ជា​ដើម។

ដំណាក់​កាល​ជំងឺ​មហារីក​ប្រភេទ​នេះ​មាន៖

– ដំណាក់​កាល​ទី ១៖ ​ប្រែ​ប្រួល​នៅ​ក្នុង​ជាលិកា​ភ្នាស​​ខាង​ក្នុងថង់​ទឹក​ប្រមាត់

– ដំណាក់​កាល​ទី ២៖ នៅ​ពេល​កោសិកា​មហារីក ​រាល​ដាល​ដល់​ស្រទាប់​ខាង​ក្រៅ​របស់​ប្រមាត់​។

– ដំណាក់​កាល​ទី​៣៖ ​មាន​រាល​ដាល​លើ​សរីរាង្គ​ជិត​ខាង ​ដូចជា ថ្លើម ក្រពះ​ និង​ពោះវៀន​តូច ​អាច​មាន​ឡើង​កូន​កណ្ដុរ​ទៀត​ផង។

– ដំណាក់​កាល​ទី ៤៖ ជា​ដំណាក់​កាល ទំហំ​ដុំ​មហារីក​ធំ​ទៅៗ អាច​រាល​ដាល​ទៅ​សរីរាង្គ​ដទៃ​ទៀត។

៨- ព្យាបាល​ដោយ​វិធី​ណា?

វិធី​ព្យាបាល ត្រូវ​កាត់​ថង់​ប្រមាត់​ចេញ បូក​រួម​នឹង​ការ​ព្យាបាល​ផ្សេង​ទៀត អាច​ជួយ​សម្រាល​អាការៈ និង​អាស្រ័យ​ទៅ​លើ​ដំណាក់​កាល​នៃ​មហារីក។ សម្រាប់​ដំណាក់​កាល​ដំបូង​យើង​អាច​មាន​ជម្រើស​ក្នុង​ការ​ព្យាបាល​ដូចជា​៖

– ដំណាក់​កាល​ដំបូង ត្រូវ​វះកាត់​យក​ថង់​ប្រមាត់​ចេញ​តែ​ម្ដង។

– ​ដំណាក់​កាល​ទី ២ ត្រូវ​កាត់​យក​ប្រមាត់​ចេញ ​រួមនឹង​ទាំង​ផ្នែក​ខ្លះទៀត​នៃ​សរីរាង្គ​ជិត​​ខាង ​រង​ការ​រីក​រាល​ដាល​ដោយ​កោសិកា​មហារីក។

ព្យាបាល​ដោយ​វះ​កាត់​ មិន​អាច​​ធានា​​ជា​សះ​ស្បើយ​ពី​មហារីក​ទាំង​ស្រុង​ទេ ​ហេតុ​នេះ​គ្រូពេទ្យ​មាន​វិធី​ផ្សេង​ទៀត​ព្យាបាល​ដូច​ជា​៖

– ព្យាបាល​ដោយថ្នាំ​គីមី ដើម្បី​សម្លាប់​កោសិកា​មហារីក

– ព្យាបាល​ដោយ​វិទ្យុសកម្ម​ ដើម្បី​សម្លាប់​កោសិកា​មហារីក។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

គ្មាន​វិធី​ណា​មួយ មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ ​តែ​ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​គួរ​តែ​កែប្រែ​ទម្លាប់​រស់នៅ​ខ្លះៗ​ដូច​ជា៖

គ្នា​យើង​មាន​ជំងឺ​មហារីក​នេះ ​គួរ​តែ​មាន​របប​អាហារ​សម្បូរ​ជាតិ​សរសៃ​ច្រើន​ និង​មាន​តែ​ខ្លាញ់​ធម្មជាតិ ដូចជា​សាច់​ត្រី ​និង​ប្រេង​អូលីវ។ អាហារ​ម្សៅ​ល្អ​មាន​ក្នុង ​ស្រូវ​សាឡី​ ធញ្ញជាតិ​ បាយ​ស នំប៉័ង​ និង​មី​លឿង​ជាដើម។ ចំពោះ​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ផ្អែម គួរ​តែ​កំណត់​បរិមាណ​ស្ករ ​ព្រោះ​មាន​ទំនាក់ទំនង​ជា​មួយ​មហារីក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 29, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម