backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Colon cancer (មហារីក​ពោះវៀនធំ)


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

Colon cancer (មហារីក​ពោះវៀនធំ)

និយមន័យ

តើ​មហារីក​ពោះវៀន​ធំ​ជា​អ្វី?

មហារីក​ពោះវៀន​ធំ​គឺ​ជា​មហារីក​កើត​ឡើង​លើ​សរីរាង្គ​ពោះវៀន​ធំ​ដែល​ជា​ផ្នែក​ចុង​ក្រោយ​នៃ​ផ្លូវ​រំលាយ​អាហារ​របស់​មនុស្ស​។ ភាគ​ច្រើន​នៃ​ជំងឺ​នេះ​គឺ​ចាប់​ផ្ដើម​ពី​សាច់​ដក់​នៅ​តាម​ប្រហោង​ពោះវៀន​ដែល​យូរ​ៗ​ទៅ​វិវត្ត​ទៅ​ជា​មហារីក​បាន​។

រោគសញ្ញា

អ្នក​ជំងឺ​ដែល​នៅ​ដំណាក់​កាល​ដំបូង​គឺ​មិន​មាន​រោគ​សញ្ញា​សសម្គាល់​​ទេ​ ហើយ​អាការៈ​គឺ​អាស្រ័យ​លើ​ទំហំ​និង​ទីតាំង​នៃ​មហារីក​។ ​ជា​ទូទៅ​មាន​រោគសញ្ញា​ដូចជា៖

  • ចលនា​ពោះវៀន​ធំ​មាន​ការ​ប្រែ​ប្រួល​ដូចជា​ទល់​លាមក​ ឬ​រាកខុស​ប្រក្រតី​ជា​ច្រើន​សប្ដាហ៍
  • មាន​ការ​ហូរ​ឈាម​តាម​រន្ធ​គូថ
  • ឈឺ​ពោះ​ចុក​ និង​ឆ្អល់​ណែន​ជា​ប្រចាំ
  • មាន​អារម្មណ៍​ថា​ពោះវៀន​មាន​ស្ទះ​អ្វី​មួយ​
  • នឿយ​ហត់​ និង​អស់​កម្លាំង
  • ស្រក​ទម្ងន់​ជា​ដើម

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញា​ទាំង​អស់​ខាង​លើ​ទេ​ដូចនេះ​ប្រសិន​បើ​មាន​ករណី​មិន​ធម្មតា​ណាមួយ​កើត​ឡើង​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។

មូលហេតុ

មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​មូលហេតុ​របស់​វា​នៅ​ឡើយ​ ​។ ជាទូទៅ​កោសិកា​ គឺ​ស្វ័យ​ដំឡើង​ទ្វេ​តាម​ធម្មតា​តែ​នៅ​ពេល​មាន​កោសិកា​មហារីក​កើត​ឡើង​ ការ​ស្វ័យ​ដំឡើង​ទ្វេ​នេះ​នឹង​ចាប់​កើន​ឥត​ឧបមា​​ទៅ​ជា​ដុំ​មហារីក​។

ហ្សែន​តំណ​ពូជ​អាច​ជា​មូលហេតុ

អ្នក​ដែល​មាន​ផ្ទុក​សែន​​​មាន​មហារីក​ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មហារីក​ប្រភេទ​នេះ​ជាង​អ្នក​ដទៃ​ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​១០០%​នោះទេ​។ ប្រភេទ​​មហារីក​ពោះវៀន​ធំ​តាម​តំណ​ពូជ​មាន​ដូចជា៖

  • មហារីក​គ្មាន​សាច់​ដក់​ ដោយ​តំណ​ពូជ​គឺ​ងាយ​នឹង​បង្ក​ជា​មហារីក​ពោះវៀន​ធំ​និង​មហារីក​ផ្សេង​ទៀត​មុន​អាយុ​ ៥០​ឆ្នាំ
  • មហារីក​មាន​សាច់​ដក់​លើ​កោសិកា​ក្រពេញ​ដែល​ដុះ​រាប់​រយ​ក្នុង​ប្រហោង​ពោះវៀន ​គឺ​ងាយ​នឹង​បង្ក​មហារីក​ពោះវៀន​ធំ​មុន​អាយុ ​៤០​ប្រសិន​បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល។
  • ប្រភេទ​មហារីក​ខាង​លើ ​គឺ​អាច​រក​ឃើញ​តាម​ការ​ធ្វើ​តេស្ត​សេនេទិច​

របប​អាហារ​

ការ​សិក្សា​បាន​បង្ហាញ​ថា​ប្រជាជន​លោក​ខាង​លិច​គឺ​មាន​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ និង​មាន​ជាតិ​សរសៃ​តិច​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​មហារីក​ពោះវៀន​ធំ​គួរ​ឲ្យ​កត់​សម្គាល់។ ​ម្យ៉ាង​ទៀត​អ្នក​ដែល​មាន​ការ​ប្ដូរ​របប​អាហារ​ទៅ​ជា​ជាតិ​ខ្លាញ់​ច្រើន​ និង​ជាតិ​សរសៃ​តិច​ ដូច​របប​អាហារ​លោក​ខាង​លិច​ គឺ​មាន​អត្រា​កើត​មហារីក​ខ្ពស់​។ អ្នក​វិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ថា​ប្រហែល​មក​ពី​បម្រែបម្រួល​របប​អាហារ​នេះ​អាច​មាន​អំពើ​ទៅ​លើ​មេរោគ​ក្នុង​ពោះវៀន​ និង​បង្ក​ជា​ការ​រលាក​ ហើយ​​យូរ​ៗ​ទៅ​កើត​ជា​មហារីក​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ការ​សិក្សា​ក៏​កំពុង​តែ​បន្ត​ជា​ដរាប។

ជំងឺរលាកពោះវៀន​ធំ

កត្តា​ប្រឈម

  • មាន​អាយុ​លើស​ពី​ ៥០​ឆ្នាំ​។ អាយុ​តិច​ជាង​នេះ​ក៏​មាន​ដែរ​តែ​កម្រ
  • ជនជាតិ​អាមេរិក​កាត់​អាហ្វ្រិក
  • អ្នក​ដែល​ធ្លាប់​មាន​សាច់​ដក់​ក្នុង​ប្រហោង​ពោះ​វៀន ​និង​មាន​មហារីក​ពោះវៀន​ធំ​ពី​មុន​មក
  • មាន​ការ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ដំបៅ​ពោះវៀន​ និង​ជំងឺ​ Crohn ជាដើម​
  • អ្នក​មាន​ផ្ទុក​សែន​មហារីក​ និង​អ្នក​ដែល​មាន​គ្រួសារ​បង​ប្អូន​ធ្លាប់​មាន​មហារីក​ពី​មុន​មក​និង​មាន​ប្រភេទ​ដូច​បាន​រៀប​រាប់​ខាង​លើ
  • អ្នក​ដែល​មាន​របប​អាហារ​មាន​ជាតិ​សរសៃ​តិច​ និង​មាន​ជាតិ​ខ្លាញ់​ច្រើន​ គឺ​ងាយ​នឹង​មាន​មហារីក​ជាង​អ្នក​ដទៃ
  • អ្នក​​អង្គុយ​ធ្វើ​ការច្រើន​មិន​សូវ​បញ្ចេញ​កម្លាំង​កាយ​
  • អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ និង​មិន​មាន​ការ​ឆ្លើយ​តប​ជា​មួយ​ថ្នាំ​អាំងស៊ុយលីន
  • អ្នក​ជំងឺ​ធាត់​ដែល​ជា​អកុសល​អី​គេ​រក​ឃើញ​ថា​ពួក​គាត់​ងាយ​កើត​មហារីក​ និង​ងាយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ជាង​គេ
  • អ្នក​ជក់​បារី​និង​ផឹក​ស្រា​ច្រើន
  • អ្នក​ដែល​ធ្លាប់​មាន​ការ​ព្យាបាល​ដោយ​វិទ្យុ​សកម្ម​ពី​មុន​មក

រោគវិនិច្ឆ័យ​និង​ការ​ព្យាបាល

រោគ​វិនិច្ឆ័យ​

ការ​កំណត់​បាន​នូវ​រោគ​វិនិច្ឆ័យ​ដែល​ល្អ​គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ធ្វើ​ការ​ពិនិត្យ​កាយ​សម្បទា សាក​សួរ​ពី​ប្រវត្តិ​ជំងឺ​ក៏​ដូចជា​ព័ត៌មាន​ក្នុង​គ្រួសារ​ទាក់ទង​នឹង​ជំងឺ។ បន្ទាប់​ពី​នេះ​គ្រូ​ពេទ្យ​នឹង​ស្នើ​ធ្វើ​ការ​អង្កេត​វិភាគ​បន្ត​ដូចជា​៖

  • ការ​ថត​សុង​ពោះ​វៀន​តាម​គូថ​ដើម្បី​រក​ភាព​មិន​ប្រក្រតី​របស់​ពោះវៀន​ និង​អាច​ច្រឹប​យក​សាច់​ដែល​សង្ស័យ​ទៅ​ពិនិត្យ​រក​មើល​មហារីក​ថែម​ទៀត​ផង ​តាម​រយៈ​ការ​មើល​កោសិកា​ក្រោម​មីក្រូទស្សន៍
  • ការ​ផឹក​សូលុយស្យុង​បារ្យ៉ូម​ដែល​មាន​សារធាតុ​ពណ៌​ដើម្បី​ថត​យក​រូប​តាម​រយៈ​កាំរស្មី​វិទ្យុ​សកម្ម​ដើម្បី​រក​មើល​ដុំ​មហារីក​និង​សាច់​ដក់​ក្នុង​ពោះ​វៀន
  • បន្ទាប់​ពី​កំណត់​រក​វិនិច្ឆ័យ​រួច​ហើយ​គ្រូពេទ្យ​អាច​នឹង​ត្រូវ​ធ្វើ​ការ​អង្កេត​វិភាគ​ផ្សេង​ទៀត​ដូចជា​អេកូសាស្ត្រ​ ថត​ស៊ីធី​សួត ថ្លើម និង​សរីរាង្គ​ក្នុង​ពោះ​ដើម្បី​រក​មើល​ការ​រាលដាល​របស់​មហារីក។
  • អាច​មាន​តេស្ត​ឈាម​រក​មើល​អង់ទីស្សែន CEA( carcinoembryonic antigen ) ​ដែល​កើត​ឡើង​ដោយ​សារ​កោសិកា​មហារីក។

ការ​ព្យាបាល

ព្យាបាល​មហារីក​គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​មហារីក​និង​ដំណាក់​កាល​របស់​វា​ព្រម​ទាំង​ចូល​រួម​ទាំង​ករណី​អាយុ​សុខភាព​រាងកាយ​ទូទៅ​ និង​របៀប​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ។ មហារីក​គឺ​មិន​អាច​ព្យាបាល​តែ​វិធី​តែ​មួយ​មុខ​នោះ​ទេ ​វា​ត្រូវ​ការ​ចូលរួម​ព្យាបាល​តាម​វិធី​ជា​ច្រើន​ដូចជា​ការ​ព្យាបាល​តាម​គីមី​ វះកាត់ និង​វិទ្យុសកម្ម​ជាដើម​ ហើយ​ការ​ព្យាបាល​ដែល​សំខាន់​គឺ​សម្រួល​ការ​ឈឺ​ចាប់។

  • ការ​វះកាត់៖ កាត់​យក​ផ្នែក​មួយ​របស់​ពោះវៀន​ធំ​ដែល​មាន​ដុំ​មហារីក​ចេញ​និង​កៀរ​យក​កូន​កណ្ដុរ​ដែល​មាន​ការ​រាលដាល​នៃ​កោសិកា​មហារីក​ចេញ​ឲ្យ​អស់​បន្ទាប់​មក​ត​ពោះ​វៀន​ចេញ​មក​ក្រៅ​ដើម្បី​មាន​ការ​បញ្ចេញ​លាមក​តាម​ពោះ​ក្នុង​ពេល​មួយ​កំណត់​។ ក្នុង​ករណី​ខ្លះ​គ្រូ​ពេទ្យ​អាច​ធ្វើ​ការ​កាត់​សាច់​មហារីក​តាម​ការ​សុង​ពោះ​វៀន​ក៏​មាន។ ជម្រើស​នៃ​ការ​វះកាត់​មួយ​ទៀត​គឺ​ការ​វះកាត់​ដោយ​ចោះ​ដាក់​ឧបករណ៍​ក្នុង​គោល​បំណង​យក​ចេញ​នូវ​សាច់​ដក់​។ លើស​ពី​នេះ​ទៀត​មាន​ការ​វះកាត់​បន្ទាប់​បន្សំ​ផ្សេង​ទៀត​ក្នុង​គោល​បំណង​ធ្វើ​យ៉ាងណា​បន្ថយ​អាការៈ​ឈឺ​ចាប់​ និង​ហូរ​ឈាម​ជាដើម​។
  • ការ​ព្យាបាល​ដោយ​គីមី៖ ជា​ការ​តម្រង់​ទៅ​កម្ទេច​DNA និង​ប្រូតេអ៊ីន​របស់​កោសិកា​មហារីក​ចោល​កុំ​ឲ្យ​មាន​ការ​លូត​លាស់​ និង​វិវត្ត​ទៅ​មុខ​ទៀត​បាន​ ហើយ​ភាគ​ច្រើន​គឺ​អនុវត្ត​ចំពោះ​ករណី​មាន​ការ​រាល​ដាល​ពេញ​រាង​កាយ។ ការ​ព្យាបាល​របៀប​នេះ​ប្រព្រឹត្ត​ជា​ដំណាក់​កាល​ដើម្បី​ឲ្យ​សារពាង្គកាយ​មាន​ពេល​ក្នុង​ការ​ជួស​ជុល​ឡើង​វិញ​ ប៉ុន្តែ​ការ​ប៉ះពាល់​នៅ​តែ​មាន​ដូចជា ​ជ្រុះ​សក់​ ចង្អោរ និង​ល្ហិត​ល្ហៃ​ជាដើម​ដោយសារ​តែ​ការ​ព្យាបាល​តាម​គីមី​នេះ​មាន​ច្រើន​ប្រភេទ​។ តួយ៉ាង​មាន​ការ​សិក្សា​មួយ​លើក​ឡើង​ថា​ថ្នាំ ​Aspirin អាច​ជួយ​បន្ទូរ​អាការៈ​អ្នក​ជំងឺ​មហារីក​ក្រពះ​ពោះវៀន​បាន ​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ពី​យន្តការ​ជាក់​ស្ដែង​របស់​វា​នៅ​ឡើយ​ទេ។
  • ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​៖ គឺ​ជា​ការ​ប្រើ​កាំ​រស្មី​វិទ្យុ​សកម្ម​ទៅ​សម្លាប់​កោសិកា​មហារីក​តែម្ដង​ដែល​ជាទូទៅ​គេ​តែង​តែ​អនុវត្ត​ជា​មួយ​ការ​ព្យាបាល​ដទៃ​ទៀត​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​សូវ​មាន​ការ​និយម​ព្យាបាល​តាម​វិធី​នេះ​ដែរ​ដោយសារ​កោសិកា​មហារីក​អាច​មាន​ចលនា​ឆ្លង​កាត់​តាម​សរសៃ​ទឹក​រងៃ​មិន​នៅ​មួយ​កន្លែង​នោះ​ទេ ​ហើយ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ដូចជា ​ជាំ​ស្បែក​ ក្អួត​ចង្អោរ​ ធុំ​អាហារ រាក​និង​អស់​កម្លាំង​ ហើយ​អ្នក​ខ្លះ​ទៀត​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ការ​ព្យាបាល​ទើប​មាន​រោគ​សញ្ញា​ទាំង​នេះ។
  • ការ​ថែ​ទាំ​ផ្សេង​ៗ

    • ត្រូវ​ដឹង​ពី​បុរេនិមិត្ត​របស់​ជំងឺ​ និង​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​ជម្រើស​នៃ​ការ​ព្យាបាល​ដែល​សមស្រប
    • ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​ដំណាក់​កាល​នៃ​មហារីក​ និង​ផល​ប៉ះពាល់​​ដែល​អាច​កើត​មាន​
    • ត្រូវ​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ដូចជា​គ្រួសារ​ មិត្ត​ភក្ដិ​ដែល​អាច​ពឹង​ពាក់​ពំនាក់​អាស្រ័យ​ពេល​មាន​ទុក្ខ​ធុរៈ​ផ្សេង​ៗ​
    • ស្វែង​រក​ការ​សន្ទនា​ជាមួយ​អ្នក​ឯក​ទេស​ពី​បញ្ហា​បាក់​ទឹក​ចិត្ត​បន្ទាប់​ពី​ទទួល​បាន​នូវ​រោគវិនិច្ឆ័យ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​
    • អាច​សាក​សួរ​ពី​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ការ​លើក​កម្ពស់​ស្មារតី​អ្នក​ដែល​ជួប​នឹង​បញ្ហា​មហារីក​ពី​គ្រូពេទ្យ​ដើម្បី​ស្វែងយល់​ពី​ការ​ប្ដូរ​ពិសោធ​ផ្សេងៗ​​ជាមួយ​អ្នក​មាន​មហារីក​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម