backup og meta

ក្រោយ​ព្យាបាល​មហារីក​សុដន់​ អាច​យក​កូន​បាន​អត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Jul 13, 2020

    ក្រោយ​ព្យាបាល​មហារីក​សុដន់​ អាច​យក​កូន​បាន​អត់?

    ពាក្យ​ថា “អារម្មណ៍​មនុស្ស​ស្រី មាន​តែ​ស្រីៗ​គ្នា​ឯង​ទេ​ដែល​ដឹង’ ពាក្យ​នេះ​ភាគ​ច្រើន​គឺ​ត្រូវ ព្រោះ​ស្រីៗ​តែង​បារម្ភ​ច្រើន ពិសេស​ពេល​មាន​គ្រួសារ ទោះ​មាន​បញ្ហា​សុខភាព​យ៉ាង​ណា នៅ​តែ​បារម្ភ​រឿង​បង្កើត​អូនៗ​គួរ​ឲ្យ​ស្រលាញ់​​ឲ្យ​ប៉ាៗ​គេ។ ចុះ​បើ​កើត មហារីក យើង​ច្បាស់​ជា​គិតថាក្រោយ​ព្យាបាល ​មាន​ប៉ះ​ពាល់ផែនការ​យក​បេប៊ី ឬ​អត់​មិន​ខាន។ បើ​អ៊ី​ចឹង “Hello គ្រូពេទ្យ’ នឹង​ស្រាយ​ចម្ងល់​ទាំង​នេះ។

    ១- ស្វែង​យល់​ពី​ការ​បង្ក​កំណើត​របស់​ស្រីៗ

    អ្វី​យើង​ត្រូវ​ដឹង​មុន​គេ គឺ​បង្ក​កំណើត​របស់​មនុស្ស​ស្រី​ជាមុន​សិន បន្ទាប់​មក​យើង​ច្បាស់​ជា​ដឹង​ថា មហារីក ប៉ះ​ពាល់​ផែន​ការ​យក​បេប៊ី ឬយ៉ាង​ណា។

    ជាធម្មតា ស្រីៗ​គ្នា​យើង​មាន​មេ​ជីវិតញី​ជា​ច្រើន ចាប់​តាំង​ពី​កើត​មក​ម្លេះ ដោយ​ស៊ុត​ទាំង​នោះ ចាប់​ផ្តើម​បញ្ចេញ​មក​ក្រៅ​រៀងរាល់​ខែ​ នៅ​ពេល​យើង​ពេញ​វ័យ។ កាល​ណា​វ័យ​កាន់​តែ​ចាស់ មេ​ជីវិត​ញី​នឹងកាន់​តែ​ថយ​ចំនួន រួម​ទាំង​គុណភាព​បង្ក​កំណើត ក៏​ចុះ​ខ្សោយ​ដូច​គ្នា។ បើ​មេ​ជីវិត​ញី បាន​ជួប​ជាមួយមេ​ជីវិតឈ្មោល នោះវានឹង​ធ្វើ​ការ​បង្ក​កំណើត​ តែ​បើ​មិន​ជួប​ទេ នឹង​ក្លាយ​ទៅ​ជា​រដូវ​ធ្លាក់​មក​ក្រៅ​ ហេតុនេះ​ពេល​យើង​អស់​រដូវ​ មាន​ន័យ​ថា ឱកាស​អូនៗក៏​អស់​ដូចគ្នា។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់
    • កាត់បន្ថយ​ខ្លាញ់​បាន ដូច​កាត់​បន្ថយមហារីកសុដន់អ៊ីចឹង

    ព្យាបាលមហារីកសុដន់ និងផែនការយកកូន Hellokrupet

    ២- ព្យាបាល​មហារីក​សុដន់ដោយ​គីមី​ប៉ះពាល់​ផែន​ការ​យក​កូន​ដែរ​ទេ?

    វិធី​ព្យាបាល ​មហារីក​សុដន់ ដោយ​សារធាតុ​គីមី អាច​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត បើ​យើង​នៅ​មិន​ទាន់​អស់​រដូវ​នៅ​ឡើយ ព្រោះ​វា​ប៉ះ​ពាល់​ដល់​អូវែ និង​គុណភាព​មេ​ជីវិត​ញី​តែ​ម្តង។

    លទ្ធភាព​បង្ក​កំណើត​បន្ទាប់​ពី​ព្យាបាល​ដោយ​គីមី អាស្រ័យ​ប្រភេទ​ថ្នាំ​យើង​ប្រើ កម្រិត​ថ្នាំ និង​កត្តា​អាយុ។ ស្រីៗ​មាន​ជំងឺ អាច​នឹង​បាត់​រដូវ​នៅ​ពេល​ចាប់​ផ្ដើម​ព្យាបាល បន្ទាប់​មក​នឹង​មាន​ឡើង​វិញ​បន្ទាប់​ពី​ព្យាបាល​ច្រើន​ខែ ឬ​ច្រើន​ឆ្នាំ។ ទោះ​បី​ជា​រដូវ​មាន​វិញ​ក៏ដោយ ក៏​មិន​មាន​ន័យ​ថា​លទ្ធភាព​បង្ក​កំណើត​ត្រលប់​មក​ធម្មតា អាច​មាន​ផ្ទៃ​ពោះ​នោះ​ដែរ ដោយ​អាស្រ័យ​លើ​កត្តា​ខាង​ក្រោម៖

    – កត្តា​អាយុ៖ គ្នា​យើង​កើត​មហារីក អាច​នឹង​មាន​ផ្ទៃពោះ បន្ទាប់​ពី​ព្យាបាល​ដោយ​ថ្នាំ​គីមី ប្រសិនបើ​ទទួល​ការ​ព្យាបាល​នៅ​មុន​អាយុ ៣០។ បើ​សិន​ជា​អាយុ ៤០ឆ្នាំ ឬ​លើស​ពីនេះ យើង​អាច​នឹង​អស់​រដូវ ក្រោយ​ព្យាបាល​ដោយ​គីមី​រួច។ ក្នុង​ករណី​គ្នា​យើង​មាន​ជំងឺ ហើយ​ជិត​អស់​រដូវ បន្ទាប់​ពី​ព្យាបាល គឺ​មិន​អាច​មាន​កូន​បាន​ដូច​គ្នា។

    – ប្រភេទ និង​កម្រិត​ព្យាបាល៖ ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​ជំងឺ​ពិបាក​ក្នុង​ការ​មាន​កូន ដូចជា ថ្នាំ Cytoxan; Platinol; Adriamycin; Methotrexate; Fluorouracil; Vincristine; Taxol; Taxotere និង​ថ្នាំ Abraxane។

    ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ស្រាវជ្រាវ​លើ​ករណី​នេះ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​លំបាក ដើម្បី​បង្កើត​ផែន​ការ​ព្យាបាល​សមស្រប​មួយ។ ហេតុ​នេះ ល្អ​បំផុត សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

    ៣- ព្យាបាល​មហារីក​សុដន់​ដោយ​កាំរស្មី​ប៉ះពាល់​ផែន​ការ​យក​កូន​ដែរ​ទេ?

    វិធី​ព្យាបាល​ដោយ​កាំរស្មី ដូច​ជា​មិន​ប៉ះ​ពាល់​ដល់​លទ្ធភាព​មាន​កូន​នោះ​ទេ ទោះយ៉ាង​នេះ​ក្ដី បើ​យើង​សម្រេច​ចិត្ត ឬ​ត្រូវ​តែ​ព្យាបាល​ដោយ​កាំរស្មី ត្រូវ​រៀប​ចំ​ផែន​ការ​យក​បេប៊ី​ឲ្យហើយ​សិន ចាំ​ព្យាបាលតាម​ក្រោយ។ យ៉ាង​ណា វិធីយក​កូន​បែប​​នេះ ​គឺ​មាន​តម្លៃ​ខ្ពស់ ព្រោះ​គ្រូពេទ្យ​ត្រូវ​ជ្រើស​រើស​មេជីវិត​ញី​​យើង​ទុក សម្រាប់​បង្ក​កំណើត​ខាង​ក្រៅជាមួយ​មេជីវិត​ឈ្មោល ហើយបន្ទាប់​ពី​ព្យាបាល​រួច យើង​អាច​ចាប់​ផ្តើម​បង្ក​កំណើត​បាន​។

    ៤- ព្យាបាល​មហារីក​សុដន់​ដោយ​បញ្ឈប់​ដំណើរ​ការ​ក្រពេញ​អូវែ

    បញ្ឈប់​ដំណើរ​ការ​ក្រពេញ​អូវែ​ អាច​ធ្វើ​បាន​តាមរយៈ​ការ​វះ​កាត់ ឬ​ដោយ​ប្រើ​ថ្នាំ។ វិធី​ព្យាបាល​នេះ​តែង​ប្រើ ដើម្បី​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់ ចំពោះ​គ្នា​យើង​មាន​ហានិភ័យប្រឈម​ខ្ពស់ ឬ​ដើម្បី​ព្យាបាល​មហារីក​ប្រភេទ​ខ្លះៗ​តែ​ម្តង។

    ក្រពេញ​អូវែ​នឹង​ត្រូវ​យក​ចេញ (វះ​កាត់) ឬ​ឈប់​បញ្ចេញ​អ័រម៉ូន អឺស្ត្រូហ្សែន (ប្រើ​ថ្នាំ)។ ពេល​ក្រពេញ​អូវែ​ឈប់​ដំណើរ​ការ ក្រោយព្យាបាលដោយ​វះកាត់ យើង​នឹង​មិន​អាច​បង្ក​កំណើត​បានទេ ប៉ុន្តែ​បើ​បញ្ឈប់​ដោយ​ប្រើ​ថ្នាំ លទ្ធភាព​ពពោះ​នឹង​ត្រលប់​មក​វិញ ក្រោយ​ការ​ប្រើ​ថ្នាំ​បាន​បញ្ចប់។

    អត្ថបទ​ពាក់​ព័ន្ធ៖ 

    • ចម្ងល់​សំខាន់ៗ​ទាំង ៦ ចាំបាច់ត្រូវដឹង​ ក្រោយ​ព្យាបាលមហារីកសុដន់​
    • ខ្លាច! ត្រូវចេះបង្ការផង ប្រយ័ត្នលាប់ឡើងវិញ

    ៥- ព្យាបាល​មហារីក​សុដន់​ដោយ​អ័រម៉ូន​

    វិធី​ព្យាបាល​មហារីក​សុដន់​ដោយ​អ័រ​ម៉ូន គឺ​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​ខ្លះ រួម​មាន ថ្នាំ Tamoxifen Evista (Raloxifene) Fareston (Toremifene) អាច​ធ្វើ​ឲ្យ​រដូវ​មិន​ទៀង ឬ​ក្រពេញ​អូវែ​ឈប់​បញ្ចេញ​មេជីវិត​ញី។ ស្រីៗ​មួយ​ចំនួន ​អាច​មាន​វដ្ត​រដូវ​ធម្មតា​វិញ​ និង​មាន​បេប៊ី បន្ទាប់​ពី​ព្យាបាល​ដោយ​អ័រម៉ូន តែ​ខ្លះ​ទៀត គឺ​មិន​អាច​ទេ។

    សរុប​សេចក្តី​មក ព្យាបាល​ជំងឺ​មហារីក គឺ​ប៉ះ​ពាល់​ដល់​លទ្ធភាព​បង្ក​កំណើត ហេតុ​នេះ សំខាន់​បំផុត ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ពីផែន​ការ​​រក្សា​មេ​ជីវិតញី ប្រសិន​បើ​សិន​ចង់​មាន​បេប៊ី​បន្ទាប់​ពី​ព្យាបាល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Duk Panharat · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម