backup og meta

What Is Bronchiolitis (ស្វែងយល់ពី​ជំងឺ​រលាក​ទង​សួត)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 14, 2020

    What Is Bronchiolitis (ស្វែងយល់ពី​ជំងឺ​រលាក​ទង​សួត)

    ជំងឺ​រលាក​ទង​សួត​គឺ​ជា​ជំងឺ​ដែល​កើត​មាន​ឡើង​នៅ​លើ​តែ​កុមារ​តូចៗ​និង​ទារក​ព្រោះ​ដោយ​សារ​តែ​ទង​សួត​របស់​អូនៗទាំងនេះ​​មិន​​ទាន់​រីក​លូតលាស់​បាន​ពេញលេញ។ នៅ​ក្នុង​វ័យ​នេះ​ប្រសិន​បើ​ប្រព័ន្ធ​ដង្ហើម​មាន​ការ​វាយ​ប្រហារ​ពី​វីរុស​ និង​មាន​ការ​ឆ្លង​មេរោគ​នោះ​ទង​សួត​គឺ​ងាយ​នឹង​រួម​តូច​ឬ​ហើម​បង្ក​ឲ្យ​មាន​ការ​ដក​ដង្ហើម​លឺ​ដូច​គេ​ហួច​ និង​ពិបាក​ដក​ដង្ហើម។ ជំងឺ​នេះ​តែងតែ​កើត​មាន​ម្ដង​ឬ​ពីរ​ដង​នៅ​ក្នុង​អាយុ​នេះ​ដែល​ច្រើន​តែ​ច្រឡំ​ជា​ជំងឺ​ហឺត​ឬ​ជំងឺ​រលាក​សួត។

    និយមន័យ

    អ្វី​ទៅ​គឺ​ជា​ជំងឺ​រលាក​ទង​សួត?

    ជំងឺ​រលាក​ទង​សួត​គឺ​ជា​ការ​បង្ក​រោគ​នៅ​ក្នុង​សួត​បង្ក​ដោយ​វីរុស​តាម​រយៈ​បំពង់​ខ្យល់តូចៗ​ក្នុង​សួត(ភាសា​បច្ចេកទេស​ហៅ​ថា​ bronchioles)​ដែល​មាន​មេរោគ​និង​ស្ទះ។ រដូវ​កាល​ដែល​ជំងឺ​រលាក​ទង​សួត​លោត​ឡើង​ខ្ពស់​បំផុត​នោះ​គឺ​នៅ​ក្នុង​រដូវ​រងារ។

    ជំងឺ​រលាក​ទង​សួត​ជួនកាល​មាន​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​តែ​ ជំងឺនេះ​ក៏​អាច​បង្ក​ឲ្យ​ចេញ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូចជា​ក្អក​ ដក​ដង្ហើម​ឮដូចហួច និង​មាន​ដង្ហើម​ខ្លីៗ។ រោគ​សញ្ញា​ទាំង​នេះ​អាច​នៅ​ជាប់​ចន្លោះ​ប៉ុន្មាន​ថ្ងៃ​ទៅ​ប៉ុន្មាន​សប្ដាហ៍​ឬ​ព្រមទាំង​ឈាន​ដល់​មួយ​ខែ​ផង​ដែរ។

    ស្រប​ពេល​ដែល​ករណី​ជាច្រើន​អាច​ព្យាបាល​បាន​នៅ​ផ្ទះ​តែ​ករណី​ខ្លះ​តម្រូវ​ឲ្យ​ត្រូវ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ផល​វិបាក​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ​រួមមាន៖

    • ស្បែក​ឬ​មាត់​ឡើង​ពណ៌​ស្វាយ​ខៀវ(cyanosis)​ដោយ​សារ​បាត់​បង់​អុកស៊ីសែន
    • បាត់​ដង្ហើមរយៈពេល​ខ្លី​។ អាច​កើត​លើ​ទារក​មិន​គ្រប់​ខែ​និង​ទើប​សម្រាល​អំឡុង​២​ខែ​ដំបូង
    • ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន
    • ខ្វះ​អុកស៊ីសែន​ក្នុង​ឈាម​និង​មាន​ជំងឺ​ដង្ហើម

    អត្ថបទ​ពាក់​ព័ន្ធ៖

    រោគ​សញ្ញា

    តើ​រោគ​សញ្ញា​និង​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​រលាក​ទង​សួត​មាន​អ្វី​ខ្លះ?

    រោគ​សញ្ញា​ទូទៅ​មាន​ដូចជា៖

    • ហៀរ​សំបោរ
    • តឹង​ច្រមុះ
    • ក្អក
    • ក្ដៅ​ស្ទិញៗ(មិន​ជាប់​លាប់)
    • ពិបាក​ដក​ដង្ហើម
    • ដក​ដង្ហើម​ឮដូចសំឡេង​ហួច
    • រលាក​ត្រចៀក​លើ​ទារក​ទើប​សម្រាល

    អូន​តូចៗ​អាច​ជួប​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​រលាក​ទង​សួត​នេះ។ ប្រសិន​បើប៉ាម៉ាក់​មាន​មន្ទិល​សង្ស័យ​ជាមួយ​រោគ​សញ្ញា​ខាង​លើ​នៃ​ជំងឺ​នេះ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    តើ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

    ស្វែង​រក​ជំនួយ​នៅ​មន្ទីរពេទ្យ​ប្រសិន​បើ​កូន​របស់យើង៖

    • ក្អួត
    • ដក​ដង្ហើម​ឮដូចសំឡេងហួច
    • ដក​ដង្ហើម​ញាប់-លើស​ពី​៦០​ដង/១នាទី
    • ស្ទះ​ដង្ហើម-ប្រឹង​ទាញ​តំបន់​ពោះ​ឬ​តំបន់​ក្រោម​ឆ្អឹង​ជំនីរ​ពេល​ដក​ដង្ហើម
    • ស្ពឹក​ស្រពន់​ឬ​សន្លប់​បាត់​ស្មារតី
    • ពិបាក​ក្នុង​ការ​ផឹក​ឬ​លេប
    • ស្បែក​ឡើង​ខៀវ​ជាពិសេស​នៅ​បបូរ​មាត់​និង​ជុំវិញ​ចុង​ក្រចក

    ទាំង​នេះ​គឺ​ជា​រោគ​សញ្ញា​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​បំផុត​ជា​ពិសេស​ប្រសិន​បើ​កូន​របស់​យើង​មាន​អាយុ​តិច​ជាង​១២​សប្ដាហ៍​ឬ​មាន​កត្តា​ហានិភ័យ​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​មាន​ជំងឺ​រលាក​ទង​សួត​ដែល​រួមមាន​ការ​សម្រាល​ដែល​មិន​គ្រប់​ខែ​ឬ​ប្រភេទ​ជំងឺ​បេះដូង​ឬ​សួត​មួយ​ចំនួន​ទៀត។

    មូលហេតុ

    តើ​អ្វី​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ទង​សួត?

    វីរុស​រលាក​ទង​សួត​នេះ​​​វាយ​ប្រហារ​បំពង់​ខ្យល់​តូចៗ​នៅ​ក្នុង​សួត​ហើយ​បង្ក​ជា​មេរោគ​ដែល​បណ្ដាល​ឲ្យ​ទង​សួត​ហើម​និង​រលាកហើយ​សារជាតិ​ស្លេស្ម​កើន​ឡើង​បង្ក​ការ​កក​ស្ទះ​សម្រាប់​ខ្យល់​ដង្ហើម​ចេញ​ចូល។

    ការ​រីក​រាល​ដាល​នៃ​វីរុស​RSV​ដែល​តែងតែ​បង្ក​រោគ​លើ​កុមារ​ក្រោម​អាយុ​២​ឆ្នាំ​ដែល​ច្រើន​កើត​នៅ​រដូវ​រងា។ ជំងឺ​រលាក​ទងសួត​អាច​បង្ក​ដោយ​វីរុស​ផ្សេង​ទៀត​រួមមាន​វីរុស​ដែល​បង្ក​ជំងឺ​ផ្ដាសាយ ​ឬ​ផ្ដាសាយ​ធំ។ ដោយ​សារ​តែ​មូលហេតុ​ទាំង​នេះ​ទារក​គឺ​ងាយ​នឹង​បង្ក​រោគ​ម្ដង​ទៀត​ជាមួយ​វីរុស​RSV​នេះ។

    ជំងឺ​រលាក​ទង​សួត​គឺ​មាន​ការ​ឆ្លង​ខ្លាំង​ណាស់។ ការ​បង្ក​រោគ​ដោយ​វីរុស​អាច​សាយភាយ​តាម​រយៈ​តំណក់​ទឹក​តូចៗ​នៅ​ក្នុង​ខ្យល់​នៅ​ពេល​អ្នក​ជំងឺ​ក្អក​កណ្ដាស់​ឬ​សូម្បី​តែ​និយាយ។ មនុស្ស​ម្នាក់​អាច​ឆ្លង​គ្រាន់​តែ​​ប៉ះពាល់​វត្ថុ​នានា​ដូចជា​កន្សែង​ជូត​ខ្លួន​ឬ​តុក្កតា​ឬ​បន្ទាប់​ពី​ការ​ប៉ះពាល់​ភ្នែក​ច្រមុះ​ឬ​មាត់។

    អត្ថបទគួរអាន៖

    កត្តា​ហានិភ័យ

    តើ​អ្នក​ណា​ងាយ​នឹង​កើត​ជំងឺ​រលាក​ទង​សួត​នេះ?

    ជំងឺ​រលាក​ទងសួត​គឺ​ជា​ជំងឺ​ដែល​ឧស្សាហ៍​ជួយ​ប្រទះ​ និង​ប៉ះពាល់​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ប៉ុន្តែ​​ច្រើន​តែ​កើត​ឡើង​លើ​កុមារ​តូចៗ​និង​ទារក។ យើង​អាច​បង្ការ​ជំងឺ​នេះ​ដោយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​មួយ​ចំនួន។ សូម​ប្រឹក្សា​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    តើ​កត្តា​អ្វី​ខ្លះ​ដែល​បង្កើន​ហានិភ័យ​ដល់​ជំងឺ​រលាក​ទង​សួត?

    មាន​កត្តា​ជាច្រើន​ដែល​បង្ក​ជា​ហានិភ័យ​ដល់​ជំងឺ​រលាក​ទងសួត​មាន​ដូចជា៖

    • ទារក​អាយុ​ក្រោម​៣​ខែ
    • ទារក​កើត​មិន​គ្រប់​ខែ
    • មាន​ជំងឺ​បេះដូង​ឬ​សួត​ដោយ​មិន​ដឹង​ខ្លួន
    • ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ
    • ប៉ះពាល់​ជាមួយ​ផ្សែង​បារី
    • ទារក​ដែល​មិន​បានបៅ​ដោះ​ម្ដាយ ព្រោះ​ទឹក​ដោះ​ម្ដាយ​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ
    • ប៉ះពាល់​ជាមួយ​ដែល​អ្នក​ដែល​មាន​ជំងឺ
    • នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន

    ការព្យាបាល

    ព័ត៌មាន​ដែល​ផ្ដល់​ឲ្យ​នៅ​ទីនេះ​គឺ​មិន​មែន​សម្រាប់​បង្រ្គប់​រាល់​ដំបូន្មាន​វេជ្ជសាស្ត្រ​ណា​មួយ​ឡើយ ត្រូវ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

    តើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​ជំងឺ​រលាក​ទងសួត​ដោយ​របៀប​ណា?

    គ្រូពេទ្យ​នឹង​ធ្វើ​ការ​ពិនិត្យ​រាង​កាយ​និង​ប្រើ​ឧបករណ៍​ស្តេតូ​ដើម្បី​ស្ដាប់​ចង្វាក់​ដង្ហើម។ ប្រសិន​បើ​កូន​មាន​ហានិភ័យ​ទៅ​នឹង​ជំងឺ​រលាក​ទងសួត​យ៉ាង​ធ្ងន់ធ្ងរ​គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ទៀតដូចជា៖

    • អ៊ិចរេ​ទ្រូង​៖ ​រក​មើល​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត
    • កោស​សំណាក​ពី​ច្រមុះ​បំពង់​ក៖ គ្រូពេទ្យ​នឹង​យក​សំឡី​ត្បារយក​សំណាកពី​ច្រមុះ​ទារក​ដើម្បី​ធ្វើ​ជា​គំរូ​សំរាប់​ធ្វើ​តេស្ត​រក​មេរោគ។
    • តេស្ត​ឈាម៖ ​ដើម្បី​រាប់​គ្រាប់​ឈាម​ស។ការ​ពិនិត្យ​រក​អុកស៊ីហ្សែន​ក្នុង​ឈាម​ក៏​អាច​នឹង​ធ្វើ​ឡើង​ដែរ។

    គ្រូពេទ្យ​ក៏​អាច​ពិនិត្យ​រក​រោគ​សញ្ញា​នៃ​ការ​កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ជាពិសេស​ប្រសិន​បើ​កុមារ​ក្អួត​ឬ​ពិបាក​ក្នុង​ការ​ញ៉ាំ​អាហារ។រោគ​សញ្ញា​រួមមាន​ភ្នែក​បើក​មិន​រួច​ ស្ងួត​មាត់​ និង​ស្បែក​គ្មាន​សកម្មភាព​និង​នោម​តិច​ឬ​អត់​ទាល់​តែ​សោះ។

    តើ​ជំងឺ​រលាក​ទង​សួត​ព្យាបាល​ដោយ​របៀប​ណា?

    យើង​អាច​គ្រប់គ្រង​​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ទងសួត​នៅ​ឯ​ផ្ទះ​បាន ដោយ​ឲ្យ​កូនៗ​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជៀសវាង​ការ​កង្វះ​ជាតិ​ទឹក។ ប្រសិន​បើ​កូន​យើង​ហៀរ​សំបោរ​គួរ​ប្រើ​ស៊ឺរាំង​bulb​សម្រាប់​កម្ចាត់​ស្លេស្ម​ចេញ។ ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ(ដូចជា​acetaminophen​ឬ​ibuprofen)។ ហាម​ឲ្យ​ថ្នាំ​aspirin​ទៅ​ឲ្យ​កុមារ​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ​ព្រោះ​នឹង​ធ្វើ​ឲ្យ​កុមារ​មាន​ហានិភ័យ​ទៅ​នឹង​ជំងឺ​Reye’s​ syndrome​។

    ហាម​ប្រើប្រាស់​ថ្នាំ​ដែល​គ្មាន​វេជ្ជ​បញ្ជា​ដើម្បី​បំបាត់​ក្អក។ ម្យ៉ាង​ទៀត​គួរ​ប្រុង​ប្រយ័ត្ន​រាល់​ឱសថ​ត្រូវ​តែ​អាន​ការ​ណែនាំ​តាម​យីហោ​ដែល​អ្នក​បាន​ជាវ។

    គ្រូពេទ្យ​អាច​ចេញ​ថ្នាំ​សម្រួល​ដល់​ការ​រលាក​ទង​សួត​ប្រសិន​បើ​កូនៗ​របស់​យើង​មាន​បង្ហាញ​នូវ​អាការៈ​ប្រតិកម្ម​ណា​មួយ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​កូន​របស់យើងអាច​ត្រូវ​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ ឬ​ប្រើប្រាស់​អុកស៊ីហ្សែន​នៅ​ផ្ទះ។

    ទម្លាប់​រស់​នៅ​និង​បែប​ផែន​ជីវិត

    តើ​ទម្លាប់​រស់​នៅ​បែប​ណា​ជួយ​ដល់​ការ​ពន្យឺត​នៃ​ការ​លូតលាស់​នៃ​ជំងឺ​រលាក​ទង​សួត?

    យើង​អាច​​គ្រប់គ្រង​ជំងឺ​តាម​គន្លឹះ​ដូច​ខាង​ក្រោម៖​

    • បន្សើម​ខ្យល់:៖ ប្រសិន​បើ​ខ្យល់​នៅ​ក្នុង​បន្ទប់​កូនៗ​យើង​​ស្ងួត​គួរ​ប្រើ​ឧបករណ៍​បន្សើម​ខ្យល់(humidifier)។ការ​ធ្វើ​បែប​​នេះ​បាន​ញឹកញាប់​គឺ​ដើម្បី​បង្ការ​បាក់តេរី​និង​មេរោគ​ផ្សិត​កកើត​ឡើង។
    • ឲ្យ​កូនៗ​អង្គុយ​ឲ្យ​ត្រង់៖ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដក​ដង្ហើម។
    • ឲ្យ​កូនៗ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន៖ ដើម្បី​បង្ការ​កង្វះ​ជាតិ​ទឹកយើង​អាច​ឲ្យកូនផឹក​​ទឹក​ឬ​ទឹក​ផ្លែ​ឈើ។
    • ប្រើ​ទឹក​បន្តក់​ច្រមុះ​(saline)​សម្រាប់​ការពារ​ការ​កក​ស្ទះ
    • ប្រើ​ថ្នាំ​បញ្ចុះ​កំដៅ៖ ដូចជា​acetaminophen(Tylenol)​ដែល​ជួយ​បំបាត់​ឈឺ​បំពង់​ក​ និង​បង្កើន​ការ​ទទួល​ទាន​ទឹក។ ហាម​ប្រើ​ថ្នាំ​aspirin​។ ថ្នាំ​ក្អក​ដែល​អាច​ទិញ​បាន​ខ្លួន​ឯង​គឺ​មិន​ប្រើ​លើ​កុមារ​ក្រោម​អាយុ​២​ឆ្នាំ​នោះ​ទេ។
    • រក្សា​កន្លែង​កូនៗ​​មិនឲ្យ​មាន​ផ្សែង៖ រាល់​ផ្សែង​ទាំង​អស់​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​នៃ​ប្រព័ន្ធ​ដង្ហើម​លេច​ឡើង។
    • សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់៖ដើម្បី​បង្ការ​ការ​ចម្លង​មេរោគ។
    • ជៀសវាង​ការ​ប៉ះពាល់​ជាមួយ​ក្មេង​ដទៃ៖ ​ដែល​មាន​ជំងឺ​រលាក​ទង​សួតឬ​មាន​ជំងឺ​ការ​រលាក​ផ្លូវ​ដង្ហើម​ខាង​លើ​(URTI)។

    ទោះ​បី​ជា​ឱសថ​នៅ​ផ្ទះ​អាច​បន្ធូរ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ទង​សួត​ក៏​ដោយ​ កុមារ​គួរ​តែ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​សម្រាប់​ករណី​ធ្ងន់ធ្ងរ​ដូចជា​ដង្ហើម​ខ្លី​ ដក​ដង្ហើម​ញាប់ ​មិន​ឃ្លាន​អាហារ​ ឬ​ក្អួត។ ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​រោគ​កុមារ​ឲ្យ​បាន​ទាន់​ពេល​នឹង​អាច​ជួយ​បញ្ឈប់​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​ហឺត​ឬ​ជំងឺ​រលាក​សួត។ ប៉ាម៉ាក់​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​កូនៗ​ញ៉ាំ​ទឹក​ឲ្យ​បាន​ទៀងទាត់​ជាពិសេស​ប្រសិន​បើ​ពេលកូនៗក្អួត​។ ឱសថ​ដែល​បាន​ចេញ​សម្រាប់​កូនយើង​​អាច​ជួយ​ព្យាបាល​ជំងឺ​ក្នុង​រយៈ​ពេល​៧-១០​ថ្ងៃ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម