backup og meta

សណ្ដែកមានប្រយោជន៍ចំពោះសុខភាពណាស់ តាំងពីកូនក្នុងផ្ទៃរហូតដល់វ័យសិក្សា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 12, 2020

    សណ្ដែកមានប្រយោជន៍ចំពោះសុខភាពណាស់ តាំងពីកូនក្នុងផ្ទៃរហូតដល់វ័យសិក្សា

    គុណសម្បត្តិនៃពពួកសណ្ដែកចំពោះសុខភាពមានច្រើនខ្លាំងណាស់ ហើយក្នុងនោះ វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា សណ្ដែកច្រើនប្រភេទណាស់ដែលយើងអាចរកទិញបាននៅលើទីផ្សារ យកមកញ៉ាំបាន។ ដោយហេតុសណ្ដែកមានប្រយោជន៍ច្រើន ទើបគេយកសណ្ដែកទៅកែច្នៃធ្វើអាហារច្រើន ក្នុងនោះមានបញ្ចូលក្នុងរូបមន្តទឹកដោះម្សៅដែរ។ បើស្ត្រីមានផ្ទៃពោះញ៉ាំសណ្ដែក ឬផលិតពីសណ្តែកវិញ គភ៌ក្នុងផ្ទៃក៏ទទួលបានសារធាតុចិញ្ចឹមច្រើន ហើយពេលកូនធំឲ្យញ៉ាំក៏លូតលាស់បញ្ញាស្មារតីល្អដែរ។

    ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់មែត បានរៀបរាប់ពីផលល្អរបស់ទឹកសណ្ដែកចំពោះស្ត្រីមានផ្ទៃពោះថា ពេលបានផឹកទឹកសណ្ដែកញឹកញាប់ពិតជាល្អ ព្រោះសម្បូរទៅដោយជាតិកាល់ស្យូម ប្រូតេអ៊ីន វីតាមីន B1, A , E អាស៊ីដហ្វូលិក អាស៊ីដខ្លាញ់ និងកាបូអ៊ីដ្រាត ដែលសុទ្ធសឹងចាំបាច់សម្រាប់ទារកក្នុងផ្ទៃ ជួយឲ្យកូនមានសុខភាពល្អ។ អត្ថប្រយោជន៍មួយទៀត គឺវាអាចធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ ក្រោយពេលកើតចេញមក ឆ្លាតវាងវៃ រៀនឆាប់ចាំ។ ចំពោះការទទួលទានដោយសុវត្ថិភាព គឺ៣-៤ ដង/ថ្ងៃ តែបើមានបញ្ហាអាលែកហ្ស៊ីសូមកុំផឹក ឬញ៉ាំអី។

    អត្ថប្រយោជន៍សណ្ដែក

    វេជ្ជបណ្ឌិតតំណាងគ្រូពេទ្យវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជារូបនោះ បានណែនាំឲ្យស្ត្រីពពោះផឹកទឹកសណ្ដែកសៀងធ្វើខ្លួនឯង ជាជាងទិញស្រាប់ ហើយសណ្ដែក ២ ប្រភេទផ្សេងទៀតដូចជា សណ្ដែកក្រហម ខៀវ សុទ្ធតែផ្ដល់គុណប្រយោជន៍រៀងខ្លួនទៀត។

    – សណ្ដែកក្រហមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិដែក ជាតិសរសៃ និងប្រូតេអ៊ីនជួយឲ្យកូនលូតលាស់បានល្អទាំងផ្នែកបញ្ញាស្មារតី និងរាងកាយ ហើយប្រូតេអ៊ីនដើរតួយ៉ាងសំខាន់ជួយក្នុងការវិវឌ្ឍរបស់កូន។ ដូចនេះគួរញ៉ាំសណ្ដែកក្រហមក្នុងត្រីមាសទី ២ និងទី៣ ព្រោះវានឹងផ្ដល់សារធាតុចិញ្ចឹមសំខាន់ៗទាំងអស់ដល់ទារក និងជួយឲ្យទារកលូតលាស់បានលឿន។

    – សណ្ដែកខៀវវិញ គឺជាជម្រើសដែលមានសុវត្ថិភាព និងសុខភាពល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាមានសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជាវីតាមីន A, K និងអាស៊ីដហ្វូលិក។

    ចំពោះការលើកឡើងថា ពេលមានផ្ទៃពោះផឹកទឹកសណ្ដែកជួយឲ្យកូនមានស្បែកសស្អាត តែបើផឹកកាហ្វេកូនខ្មៅ មិនមែនជារឿងត្រឹមត្រូវឡើយ ប៉ុន្តែសណ្ដែកពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពមែនតាំងពីកូនក្នុងផ្ទៃ រហូតដល់វ័យសិក្សា។ ពេលវេលាសមរម្យសម្រាប់ផ្ដល់អាហារដែលផ្សំពីសណ្ដែក គួរតែកូនមានអាយុ ១ ឆ្នាំឡើង។ ដោយបរិមាណតិចតួច ហើយបន្ទាប់មកកើនឡើងបន្តិចម្ដងៗតាមវ័យរបស់កូន។

    ទោះជាសណ្ដែកល្អ តែសាស្ត្រាចារ្យផ្នែកសម្ភព និងរោគស្ត្រីនៃសាកលវិទ្យាល័យសុខាភិបាលបានឲ្យដឹងថា ក្មេងមានបញ្ហាកង្វះអង់ហ្ស៊ីម G6PD មិនអាចញ៉ាំសណ្តែក អាហារធ្វើពីសណ្ដែក ឬ ទឹកដោះគោដែលមានជាតិសណ្តែកគ្រប់ប្រភេទបានទេ។ បើយើងនៅបន្តឲ្យកូនញ៉ាំអាហារទាំងនោះយូរៗទៅ អាចបង្កជាបញ្ហាដូចជា ការចុះអន់ខ្សោយនៃអង្គចងចាំ ធ្វើឲ្យថ្លើម តម្រងនោម និងបេះដូងបំពេញមុខងារលើសកម្រិត ហើយ ចាល់ជាតិដែកដោយសារការបែកគ្រាប់ឈាមបន្តិចម្ដងៗ។

    បើដឹងថាទារកមានបញ្ហាកង្វះអង់ហ្ស៊ីម G6PD ទឹកដោះម្ដាយ គឺជាអាហារដ៏ចាំបាច់ និងជាជម្រើសដ៏ល្អបំផុត។ ដូច្នេះហើយម្ដាយបំបៅដោះកូនត្រូវមានការប្រុងប្រយ័ត្ន និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញមុននឹងប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេងៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម