backup og meta

ពពោះជិតគ្រប់ខែ ម៉េចបានម៉ាក់ៗបែរជាជ្រាបទឹកភ្លោះទៅវិញ?

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jun 10, 2020

    ពពោះជិតគ្រប់ខែ ម៉េចបានម៉ាក់ៗបែរជាជ្រាបទឹកភ្លោះទៅវិញ?

    មាន​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​ជ្រាប​ទឹក​ភ្លោះ អំឡុង​ពេល​ពពោះ​ជិត​គ្រប់​ខែ ដែល​ខ្លះ​ក៏​ដឹង​ហើយ​អ្នក​ខ្លះ​ទៀត មិន​ចាប់អារម្មណ៍​ស្មាន​តែ​ទឹក​នោម ឬ​ទឹក​រម្អិល។ តើ​មូលហេតុ​អ្វី​បណ្ដាលឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ បែរជា​ជ្រាប​ទឹក​ភ្លោះ​ទៅ​វិញ? តើ​ការ​ជ្រាប​ទឹកភ្លោះ​នោះ​មាន​គ្រោះថ្នាក់​ចំពោះ​កូន​ដែរឬទេ?

    លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ការ​ជ្រាប​ទឹកភ្លោះ​បណ្ដាល​មកពី​មាន​ស្នាម​ប្រេះ ឬ​ស្នាម​ដាច់​រហែក​ស្រោម​ទឹកភ្លោះ ហើយ​លោក​នឹង​ពន្យល់​ពី​តួនាទី និង​មូលហេតុ​ផ្សេង​ៗ​ទៀត​ដូច​ខាងក្រោម។

    ១- តើ​អ្វី​ទៅ​ជា​ស្រោម​ទឹកភ្លោះ?

    ទារក​ក្នុង​ផ្ទៃ​វិវត្ត​នៅ​ក្នុង​ថង់​ទឹកភ្លោះ​ដែល​ផ្សំ​ឡើង​ដោយ​ភ្នាស​ពីរ​ស្រទាប់​ដែល​ពេញ​ទៅ​ដោយ​អង្គធាតុ​រាវ ស្ដើង​ថ្លា គ្មាន​មេរោគ និង​មាន​តួនាទី​ជា​ច្រើន។ ស្រោម​ទឹកភ្លោះ​រក្សា​ការពារ​ទារក​ឲ្យ​នៅ​សីតុណ្ហភាព​ថេរ ៣៧ អង្សាសេ។ វា​ក៏​មាន​តួនាទី​ផ្ដល់​សំណើម បន្ថយ​សំឡេង​រំខាន​ពី​ខាង​ក្រៅ និង​ការ​ប៉ះទង្គិច ដែល​អាច​កើត​មាន​ចំពោះ​ពោះ​របស់​ម្ដាយ។ ស្រោម​ទឹកភ្លោះ​ការពារ​សរីរាង្គ​ក្រោយ​ពី​ចលនា​របស់​ទារក ធានា​ថា​ទារក​នៅ​មជ្ឈដ្ឋាន​គ្មាន​មេរោគ ប្រឆាំង​នឹង​ការ​បង្ក​រោគ​មួយ​ចំនួន​ផង​ដែរ។

    ជាទូទៅ​ស្រោម​ទឹកភ្លោះ​វា​បែក​ដោយ​ឯកឯង ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល ឬ​ពេល​មាត់ស្បូន​បើក​អស់ ប៉ុន្តែ​វា​អាច​ប្រេះ​មុន​ពេល ជា​ទូទៅ​នៅ​ផ្នែក​ខាង​លើ​នៃ​ស្រោម​ទឹកភ្លោះ ហើយ​បន្ទាប់​មក​មាន​ការ​ជ្រាប​ទឹកភ្លោះ និង​លំហូរ​ទឹកភ្លោះ​បរិមាណ​តិចតួច។

    ២- មូលហេតុ និង​កត្តា​ហានិភ័យ​នៃ​ការ​ប្រេះ​ស្រោម​ទឹកភ្លោះ

    យើង​មិន​អាច​កំណត់​ពី​ប្រភព​ដើម និង​មូលហេតុ​ជាក់លាក់ នៃ​ការ​ដាច់​រហែក ឬ​ប្រេះ​ស្រោម​ទឹកភ្លោះ​បាន​នោះ​ទេ ព្រោះ​វា​មាន​កត្តា​ជាច្រើន​ដូចជា៖

    – ភ្នាស​អាច​ចុះ​ខ្សោយ ដោយសារ​ការ​ឆ្លង​រោគ​ក្នុង​ទឹកនោម ឬ​រោគ​ស្ត្រី

    – ភាព​ប៉ោង​ជ្រុល​នៃ​ជញ្ជាំង​របស់​ភ្នាស ដោយសារ​តែ កូនភ្លោះ កូន​ធំ​ពេក ការ​បង្ហាញ ទម្រង់​កូន​មិន​ធម្មតា សុកពាំងមាត់ស្បូន

    – ការ​ប៉ះទង្គិច ការ​ដួល ឬ​ការ​ឆក់​ដោយ​កម្លាំង​អកម្ម ដោយ​ផ្ទាល់ ឬ​ប្រយោល​លើ​ផ្ទៃ​ពោះ

    – ការ​ត្រួត​ពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ

    – ការ​ជក់បារី​ដោយ​ផ្ទាល់ ឬ​ទទួល​ផ្សែង​បារី​ដោយ​ប្រយោល។

    ទាំងអស់​នោះ​ជះឥទ្ធិពល​ដល់​ការ​ផលិត​សារ​ធាតុ​ខូឡាជែន ដែល​ចាំបាច់​សម្រាប់​ការ​បត់បែន ភាពយឺត ភាពទន់ នៃ​ភ្នាស​ស្រោម​ទឹកភ្លោះ ហើយ​ទាំង​នោះ​សុទ្ធ​សឹង​តែ​កត្តា​ហានិភ័យ និង​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន ស្នាម​ប្រេះ ឬ​ដាច់​រហែក​ស្រោម​ទឹកភ្លោះ។

    ទឹកភ្លោះ

    ៣- ហានិភ័យ និង​ផល​វិបាក​អាច​កើត​មាន​ចំពោះ​ផ្ទៃ​ពោះ និង​ក្រោយ​សម្រាល

    ក្នុង​ករណី​មាន​ការ​ប្រេះ​ស្រោម​ទឹកភ្លោះ​វត្ថុរាវ​ដែល​ហូរ​ចេញ លែង​មាន​ភាព​ស្តេរីល ដូច្នេះ​ការ​ឆ្លង​មេរោគ គឺ​ជា​ផល​វិបាក​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត ហើយ​ហានិភ័យ​នេះ ទាមទារ​ព្យាបាល​ដោយ​ថ្នាំ​អង់ទីប្យូទិច និង​មាន​ការ​តាមដាន​ត្រួត​ពិនិត្យ​ជា​ប្រចាំ។

    ៤- ប្រសិនបើ​ការ​ប្រេះស្រាំ​កើត​ឡើង​មុន ៣៦ សប្ដាហ៍

    វា​ក៏​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​សម្រាល​មុន​កំណត់​មិន​គ្រប់​ខែ​ផង​ដែរ ហេតុ​ដូច្នេះ​តម្រូវ​ឲ្យ​ស្ត្រី​សម្រាក​ឲ្យ​បាន​ច្រើន និង​អនុវត្ត​វិធី​ព្យាបាល​ផ្សេង​ៗ ជាពិសេស​ដើម្បី​ពន្លឿន ភាព​ចាស់​ទុំ​នៃ​សួត​ទារក និង​ធ្វើ​ការ​ពន្យារ​អាយុ​របស់​គភ៌។ ចំពោះ​ម្ដាយ​ដែល​មាន​ហានិភ័យ​ឆ្លង​រោគ​ហើយ ជា​រឿយ​ៗ​តម្រូវ​ឲ្យ​មាន​ការ​សម្រាល​ដោយ​វះកាត់។

    អត្ថបទពាក់ព័ន្ធ​៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Jun 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម