backup og meta

ម៉េចបាន​ស្រីៗ​យើង ចេះតែកើតស្រ្តេស​ពេលកំពុងពពោះ?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 26, 2020

    ម៉េចបាន​ស្រីៗ​យើង ចេះតែកើតស្រ្តេស​ពេលកំពុងពពោះ?​

    ស្រីៗ​យើង​កំពុង​ពពោះ ឬ​ធ្លាប់​ឆ្លង​កាត់​ការ​ពពោះ ពិត​ជា​ដឹង​ហើយ​ថា​ក្នុង​អំឡុង​ពេល​នេះ​អ្នក​ខ្លះ​នៅ​សុខៗ​ក៏​យំ អ្នកខ្លះ​កើត​ជា​ស្រេ្តស​ និង​ការ​ធុញ​ថប់​ក្នុង​អារម្មណ៍​ ដែល​ការណ៍​នេះ​ពិត​ជា​កើត​មាន​មិន​ថា​តិច​ ឬ​ច្រើន​។ តើ​អាការៈ​បែប​នេះ​កើត​ឡើង​ដោយ​សារ​អ្វី?

    ការ​មាន​ផ្ទៃ​ពោះ​ អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល​ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង​ដែល​នេះ​ជា​រឿង​ធម្មតា​មួយ​។​ ស្រ្តេស​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​រាង​កាយ និង​អ័រម៉ូន​​របស់​យើង​ ហើយ​ស្រ្តេស​ក៏​មិន​អាក្រក់​អ្វី​ចំពោះ​យើង​ពេក​ដែរ ដោយ​ថា​អាច​ធ្វើ​ឲ្យ​យើង​កាន់តែ​បាន​ត្រៀម​ខ្លូន​ដើម្បី​ប្រ​ឈម​នឹង​រឿង​ផ្សេងៗ​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

    យ៉ាង​ណា ស្រីៗ​យើង​ក៏​មិន​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​កើត​ស្ត្រេស​ខ្លាំង​ពេក​ដែរ ព្រោះ​ថា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​យើង​បាន។

    ស្រីៗ​យើង​ខ្លះ​កើត​ស្រ្តេស​នៅ​ពេល​មាន​ផ្ទៃពោះ​ដោយ​សារ​តែ​មាន​ផ្ទៃ​ពោះ​ដោយចៃដន្យ ឬ​ធ្លាប់​មាន​បញ្ហា​ពេល​មាន​ផ្ទៃពោះ​​នា​ពេល​កន្លង​មក។ មួយ​វិញ​ទៀត ស្រីៗ​យើ​ខ្លះ​ទៀតកើត​ស្រ្តេស​ដោយ​សារ​តែ​ខ្លាច​ពេល​នឹក​ដល់​​រឿង​សម្រាល​កូន ឬ​ខ្លះ​ស្រ្តេស​ដោយ​សារ​​អាការៈ​ចាញ់​កូន​ធ្វើទុក្ខ​ខ្លាំង​ពេក បារម្ភ​រឿង​ការ​ថែទាំ​កូន និង​ខ្លះ​ទៀត​បារម្ភ​ដល់​រឿង​សេដ្ឋ​កិច្ច​គ្រួសារ​ពេល​មាន​កូន​ទៀត​ផង​។

    យ៉ាងណា ការដែល​ស្រីៗ​យើង​មាន​អារម្មណ៍​បែប​នេះ​ គឺ​ត្រូវ​ចាត់​ចូល​ថា​ជា​ម៉ាក់ៗ​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់​ និង​​អាច​ធ្វើជា​ម៉ាក់ៗ​ល្អ​សម្រាប់​កូន​ទៀត​ផង​។

    ថ្វី​បើ​មើល​ទៅ​ស្ត្រេស​ដែល​បាន​រៀប​រាប់​ខាង​លើ​មិន​ទំនងជា​ធ្វើ​ឲ្យ​ប៉ះពាល់​ស្រីៗ​យើង​ពេល​ពពោះ​មែន តែ​បើ​ស្ត្រេស​ខ្លាំង​ពេក​នឹង​អាច​បង្ក​ជា​ផល​អវិជ្ជមាន​ដល់​សុខភាព​យើង​ដែរ។

    ទោះ​បី​ជា​មិន​មាន​ការ​ពន្យល់​ច្បាស់​ថា​ស្ត្រេស​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​បែប​ណា​ក្ដី តែ​ថា​ស្ត្រេស​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អ័រ​ម៉ូន ដែល​បាន​ដើរ​តួយ៉ាង​ខ្លាំង​មួយ​បង្ក​ជា​ផល​វិបាក​ផ្សេងៗ​ពេល​ពពោះ។ ស្ត្រេស​ខ្លាំង ឬ​​ក្នុង​រយៈពេល​យូរ​ទៀត​នោះ​អាច​ប៉ះពាល់​ដល់​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​បាន​ ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​ហើយ​ ជួយ​ការពារ​យើង​ការ​ឆ្លង​រោគ​ផ្សេងៗ។

    ដោយ​សារ​តែ​មាន​ផល​ប៉ះពាល់​លើ​ប្រព័ន្ធភាព​ស៊ាំ​បែប​នេះ​ហើយ ធ្វើឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​ការ​ឆ្លង​រោគ​នៅ​ស្បូនដែល​ការ​ឆ្លង​រោគ​នេះ​អាច​ធ្វើ​ឲ្យ​កូន​កើត​មុន​ខែ​បាន​។

    ដូចនេះ​ហើយ​ស្រីៗ​យើង​មិន​ត្រូវ​ឲ្យ​បញ្ហា​ស្ត្រេស​មក​បំផ្លាញ​សុខភាព​យើង​បាន​នោះ​ទេ។ ដើម្បី​កាត់​បន្ថយ​ស្ត្រេស​ទាំង​នេះ​យើង​ត្រូវ​រក​ពេល​សម្រាក​ខ្លះៗ ញ៉ាំ​អាហារ​មាន​សុខភាព ស្វែង​យល់​ពី​វិធី​ចិញ្ចឹម​កូន ឬវិធី​ថែ​សុខភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ត្រូវ​ចាំ​ថា​ភាព​លំបាក​ផ្សេង​ៗ​នៅ​អំឡុង​ពពោះ​គឺ​កើត​មាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​វា​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ពេល​យើង​ឆ្លង​ទន្លេ​រួច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម