backup og meta

គន្លឹះ ៦ យ៉ាង អ្នក​កំពុង​ចង់​បាន​កូន​គួរ​ស្វែង​យល់​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 12, 2020

    គន្លឹះ ៦ យ៉ាង អ្នក​កំពុង​ចង់​បាន​កូន​គួរ​ស្វែង​យល់​

    ភាព​ជា​ម្ដាយ គឺ​ជា​ដំណាក់​កាល​ដ៏​ស្រស់​បំព្រង​មួយ​ក្នុង​​ជីវិត​ស្រីៗ​គ្រប់​រូប ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​គឺ​សុទ្ធ​តែ​អាច​ពពោះ​មាន​កូន​ដោយ​ងាយ​ស្រួល​នោះ​ទេ។ ស្រីៗ​យើង​​​ខ្លះ​គឺ​ងាយ​នឹង​មាន​កូន ​ចំណែក​ឯ​អ្នក​ខ្លះ​ទៀត គឺ​មាន​ការ​ពិបាក​ក្នុង​ការ​មាន​កូន ទោះ​បី​ជា​ស្ថានភាព​សុខភាព​ និង​រាង​កាយ​​មិន​មាន​បញ្ហា​អ្វី​ក៏​ដោយ។ ចំពោះ​ស្ត្រី​ដែល​ងាយ​មាន​កូន​គឺ​ជា​រឿង​រីករាយ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ពិបាក​មាន​កូន គឺ​ពិត​ណាស់​​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ជា​ពិសេស ​គឺ​គ្រូពេទ្យ​ឯកទេស​ផ្នែក​សុខ​ភាព​បន្ត​ពូជ​តែ​ម្ដង។ ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​យើង​​គួរ​តែ​ដឹង​ដើម្បី​អាច​ឲ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​ពពោះ។

    ១. ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​

    ការ​ពិគ្រោះ​ជាមួយ​ពេទ្យ គឺ​ជា​ការ​ល្អ​បំផុត​សម្រាប់​ស្រីៗ​យើង​មិន​ងាយ​មាន​កូន​។ ជា​ធម្មតា រាង​កាយ​របស់​មនុស្ស​យើង​គឺ​មិន​ដូច​គ្នា​ទេ ហើយ​បែប​បទ​នៃ​ការ​រស់​នៅ​ក៏​ខុស​គ្នា​ដែរ។ គ្រូពេទ្យ​ អាច​ផ្ដល់​យោបល់​សំខាន់​បំផុត​ និង​​​ណែនាំ​គន្លឹះ​​ត្រឹម​ត្រូវ​សម្រាប់​ស្ថានភាព​របស់​យើង​។ មុន​នឹង​ការ​ចាប់​ផ្ដើម​ព្យាយាម​យក​កូន គ្រូពេទ្យ​នឹង​ឲ្យ​យើង​​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ និង​ប្រើ​ថ្នាំ​វីតាមីន​ជំនួយ​មួយ​ចំនួន ដែល​ក្នុង​នោះ​គឺ​មាន អាស៊ីដ ហ្វូលិក ដែល​អាច​ជួយ​ការ​ពារ​កូន​​ពី​បញ្ហា​សុខភាព​ពី​កំណើត​មួយ​ដូច​ជា បញ្ហា​ដុំ​ពក​នៅ​ឆ្អឹង​កង​ខ្នង​ ជា​ដើម។ អាស៊ីដ ហ្វូលិក គឺ​សំខាន់​ណាស់ ដូច​នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​មាន​ប្រភេទ​វីតាមីន​នេះ​គ្រប់​គ្រាន់ ទោះ​បី​ជាយើង​​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ក៏​ដោយ។

    អត្ថបទ​ពាក់ព័ន្ធ៖ ស្រីៗត្រៀម​ខ្លួនយកកូន ត្រូវដឹងចំណុចទាំងនេះ

    ២. ស្វែង​យល់​ និង​កត់​ចំណាំ​ពី​វដ្ដ​រដូវ​

    សំណួរ​មួយ​ដែល​គ្រូពេទ្យ​តែង​តែ​សួរ​ពេល​យើង​​ទៅ​ពិគ្រោះ​យោបល់ គឺ​កើតឡើងយល់​ពី​វដ្ដ​រដូវ​ខ្លួន​ឯង​កម្រិត​ណា? ការ​យល់​ដឹង​ពី​វដ្ត​រដូវ​របស់​ខ្លួន​ឯង​ច្បាស់​នេះ​ហើយ​ ធ្វើ​ឲ្យ​យើង​​អាច​ដឹង​ពី​ពេល​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្ក​កំណើត។ គ្រូពេទ្យ​អាច​នឹង​តម្រូវ​ឲ្យ​ស្រីៗ​យើង​​ធ្វើ​តេស្ត រក​ពេល​ដែល​ធ្លាក់​មេជីវិត​ញី ដើម្បី​រក​ពេល​ដែល​ល្អ​បំផុត​សម្រាប់​​ការ​បង្ក​កំណើត​ផង​ដែរ។

    ចង់បានកូន

    ៣. បន្ត​គេង​នៅ​លើ​គ្រែ​បន្ទាប់​ពី​រួម​ភេទ​រួច

    ប្រសិន​បើ​យើង​ចង់​មាន​កូន ជា​ការ​ប្រសើរ​ប្រសិន​បើយើង​​បន្ត​គេង​នៅ​លើ​គ្រែ​ក្រោយ​ពី​រួម​ភេទ​រួច​យ៉ាង​ហោច ១០ ទៅ​១៥នាទី។ ពី​ព្រោះ​ថា នៅ​អំឡុង​ពេល​នេះ គឺ​ទឹក​កាម​ដែល​ជញ្ជូន​មេជីវិត​ឈ្មោល​នឹង​ចូល​ទៅ​ដល់​ក្នុង​មាត់​ស្បូន។​

    ៤. មិនមែនត្រូវតែរួមភេទ​រាល់ថ្ងៃ​

    វា​មិន​សំខាន់​នោះ​ទេ​ដែលយើង​​ត្រូវ​រួម​ភេទ​រាល់​ថ្ងៃ នៅ​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញីនោះ។ ជា​ការ​ពិត​ទៅ យើង​​អាច​រួម​ភេទ​នៅ​ថ្ងៃ​ណា​មួយ​ដែលគិត​ថា​មានការ​​​ធ្លាក់​មេជីវិត​ញី នោះ​ឱកាស​នៃ​ការ​មាន​កូន​របស់​យើង​​ក៏​នៅ​តែ​ខ្ពស់​ដែរ ព្រោះ​ថា​មេជីវិត​ឈ្មោល​អាច​រស់​នៅ​ក្នុង​រាង​កាយមនុស្ស​ស្រី​យើង​​រហូត​ដល់​ទៅ​៥​ថ្ងៃ​ឯណោះ។

    ៥. កាត់​បន្ថយ​ស្ត្រេស

    ស្ត្រេស​គឺ​ជា​ឧបសគ្គ​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់យើង​ រួម​ទាំង​សុខភាព ​និង​ឱកាស​ក្នុង​ការ​មាន​កូន​ផង​ដែរ។ ស្រ្តេស​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្លាក់​មេជីវិត​ញី​របស់​យើង​។ ដូច​នេះ​ហើយ​ការ​កាត់​បន្ថយ​ស្ត្រេស គឺ​រឿង​ដែល​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ជីវិត​ប្រសើរ​ និង​ឱកាស​មាន​កូន​​កាន់​តែ​ខ្ពស់។

    ៦. ថែរក្សា​សុខ​ភាព​

    លំហាត់​ប្រាណ និង​ការ​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ គឺ​ជា​រឿង​ដែល​យើង​​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​រាង​កាយ​​មាន​សុខភាព​ល្អ។ លំហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ធ្វើ​ឲ្យ​ទម្ងន់​យើង​ថេរ និង​ស្ថិត​ក្នុង​ទម្ងន់​រូប​រាង​តាម​ស្តង់​ដា​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ស្រស់​ស្រាយ​ទៀត​ផង។ ការ​ហាត់​ប្រាណ​ទៀង​ទាត់​មិន​ខ្លាំង​ពេក គឺ​ជា​រឿង​ត្រឹម​ត្រូវ​ចំពោះ​សុខភាព​សម្រាប់​អ្នក​​ចង់​បាន​កូន។ សូម​បញ្ឈប់​​ការ​ជក់​បារី​ និង​ផឹក​សុរា ព្រោះ​កត្តា​ទាំង​នេះ សុទ្ធ​តែ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ និង​បន្ថយ​ឱកាស​ពពោះ​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Nov 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម