backup og meta

ស្វាមីភរិយា ត្រៀមយកកូន មិន​អាចរំលង​វីតាមីនមួយប្រភេទនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 03, 2022

    ស្វាមីភរិយា ត្រៀមយកកូន មិន​អាចរំលង​វីតាមីនមួយប្រភេទនេះ

    ស្វាមី​ភរិយា​កំពុង​ត្រៀម​យក​កូន និង​ចង់​បាន​កូន​ត្រូវ​ដឹង​ថា​ការ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹម​ត្រូវ សុខភាព​រាង​កាយ​ល្អ សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ការ​ចង់​បាន​កូន​របស់​យើង​។ ជាមួយ​​គ្នា​នេះ​ដែរ​វី​តាមីន​សំខាន់​មួយ​ដែល​ទាំង​ស្វាមី​ និង​ភរិយា​ត្រូវ​តែ​មាន​គ្រប់​គ្រាប់​សម្រាប់​ត្រៀម​យក​កូន​ដែរ​នោះ គឺ​អាស៊ីដ​ហ្វូលិក។ អាស៊ីត​ហ្វូលិក ជា​វីតាមីន​មួយ​ប្រភេទ​ស្ថិត​ក្នុង​ក្រុម​វីតាមីន B ដែល​ស្វាមី​ភរិយា​ទាំង​ឡាយ​អាច​រក​បាន​ក្នុង​របប​អាហារ​ជាក់​លាក់​មួយ​ចំនួន​។

    អាស៊ីដ​ហ្វូលិក​ ត្រូវ​ការ​ដើម្បី​ជួយ​ដល់​ការ​បង្កើត​កោសិកា​ឈាម​ក្រហម និង​ការ​ផលិត​DNA។ អាស៊ីដ​ប្រភេទ​នេះ ក៏​ដើរ​តួ​សំខាន់​ក្នុង​ការ​បែង​ចែក​កោសិកា​ផង​ដែរ។ ដូច​គ្នា​ដែរ បើ​សិន​ជា​មាន​កម្រិត​អាស៊ីដ​ហ្វូលិក​ក្នុង​ឈាម​ទាប ក៏​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​ជំងឺស្លេក​សាំង​ដែរ​។​​​

    ១. អាស៊ីដហ្វូលិក​និង​សុខភាព​បង្ក​កំណើត​បុរស

    កន្លង​មក​គេ​ដឹង​ច្បាស់​ណាស់​ថា​ស្រ្តី​ក្នុង​វ័យ​បន្ត​ពូជ​ត្រូវ​ការ​អាស៊ីដ​ហ្វូលិក ប៉ុន្តែ​អាស៊ីដ​នេះ មាន​ប្រយោជន៍ ឬចាំ​បាច់​សម្រាប់​បុរស​ក្នុង​វ័យ​បន្ត​ពូជ​ដែរ​ទេ? មុន​នឹង​មាន​ការ​បង្ក​កំណើត​បាន​ជា​អំប្រ៊ីយ៉ុង ចាំ​បាច់​ត្រូវ​មាន​ការ​រួម​គ្នា​រវាង​ស៊ុត​ញី និង​មេជីវិត​ឈ្មោល​។

    ក្នុង​ដំណើរ​ការ​ចេញ​ពី​កោសិកា​បន្ត​ពូជ​ដើម​​ទៅ​ជា​កោសិកា​មេជីវិត​ឈ្មោល​គឺ​ត្រូវ​ការ​រយៈពេល​៦០​ថ្ងៃ​។ អាស៊ីដ​ហ្វូលិក​ជា​សារធាតុចិញ្ចឹម​សំខាន់ នៅ​ពេល​មាន​ការ​បែង​ចែក​កោសិកា​ និង​សំយោគ​DNA។​​​

    កម្រិត​អាស៊ីដ​ហ្វូលិក​នៅ​ក្នុង​ទឹក​កាម​មាន​ទំនាក់​ទំនង​ទៅ​នឹង​ចំនួន​មេជីវិត​ឈ្មោល និង​សុខភាព​មេជីវិត​ឈ្មោល​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា កម្រិត​អាស៊ីដ​ហ្វូលិក​ទាប​ក្នុង​ទឹក​កាម​មាន​ទំនាក់​ទំនង​នឹង​ការ​ចុះ​ខ្សោយ​របស់​DNA​មេជីវិត​ឈ្មោល​។​ ដូច​នេះ​ហើយ បានជា​ប្រុសៗ​ក៏​ចាំ​បាច់​ត្រូវ​ការ​អាហ៊ីដហ្វូលិក​នេះ​ដែរ​ សម្រាប់​សុខភាព​មេជីវិត​ឈ្មោល​របស់​ខ្លួន។

    កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ

    ​២. អាស៊ីដហ្វូលិក​និង​សុខភាព​បង្ក​កំណើត​ស្រ្តី

    ​ស្រ្តី​ដែល​មាន​កម្រិត​អាស៊ីដហ្វូលិក​ទាប​ក្នុង​របប​អាហារ​មាន​ហានិភ័យ​ខ្ពស់​មាន​កូន​ខូច​ប្រព័ន្ធ​ប្រសាទ ទាក់ទង​នឹង​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​។ ពេល​យើង​និយាយ​ដល់​ការ​ចាប់​ផ្ដើម​លូត​លាស់​របស់​ទារក​ វា​នឹង​មាន​ហេតុ​ផល​សមរម្យ​ដែល​យើង​និយាយ​ដល់​អាស៊ីដ​ហ្វូលិក​​អាច​ជួយ​ដល់​ការ​បែង​ចែក​កោសិកា ក៏​ដូច​ជា​ការ​លូត​លាស់​កូន​ក្នុង​ផ្ទៃ​។

    ថ្វី​ត្បិត​ដែរ​អាស៊ីដ​ហ៊ូលិក​មិន​អាច​ការពារ​កូន​ពី​បញ្ហា​ខូច​ប្រព័ន្ធ​ប្រសាទ​បាន​ទាំង​ស្រុង តែ​ថា​អាស៊ីដ​ហ្វូលិក​បាន​រួម​ចំណែក​ដល់​ទៅ​៦០​ភាគរយ ការពារ​កូន​មិន​ឲ្យ​ជួប​បញ្ហា​​នៅ​ក្នុង​ផ្ទៃ​។ ក្រៅ​ពី​នេះ អាស៊ីដ​ហ្វូលិក​ក៏​អាច​មាន​ប្រយោជន៍​ផ្សេង​ទៀត​ដូច​ជា​៖​

    • កាត់​បន្ថយ​ហានិភ័យ​ខូចបេះដូង​កូន​ក្នុង​ផ្ទៃ​ពីកំណើត
    • កាត់​បន្ថយ​ហានិភ័យ​កូន​កើត​មិន​គ្រប់​ខែ និង​បន្ថយ​ហានិភ័យ​កូន​កើត​មិន​គ្រប់​គីឡូ​
    • បង្កើន​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និង​កាត់​បន្ថយ​បញ្ហា​វដ្ដ​រដូវ​មិន​ទៀងទាត់

    នៅ​មាន​ហេតុ​ផល​ជា​ច្រើន​ផ្សេង​ទៀត ដែល​ស្រ្តី​កំពុង​ចង់​បាន​កូន ឬ​ព្យាយាម​យក​កូន​ត្រូវ​ប្រាកដ​ថា​បាន​ទទួល​កម្រិត​អាស៊ីដ​ហ្វូលិក​គ្រប់​គ្រាន់​។

    អាស៊ីដហ្វូលិក

    ៣. ប្រភព​អាស៊ីដ​ហ្វូលិក​

    ជា​ការ​ណែ​នាំ បរិមាណ​អាស៊ីដ​ហ្វូលិក​ត្រូវ​ទទួល​បាន​ក្នុង​មួយ​ថ្ងៃ​​រួម​មាន​៖

  • ៤០០មីក្រូក្រាមសម្រាប់​បុរស និង​ស្រ្តី​មាន​អាយុ​១៤​ឆ្នាំ​ឡើង​
  • ៥០០មីក្រូក្រាម សម្រាប់​ស្រ្តី​បំបៅ​ដោះ​កូន​
  • ៦០០​មីក្រូក្រាម សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​
  • សម្រាប់​ស្រ្តី​កំពុង​ព្យាហាម​យក​កូន​គួរ​ទទួល​បាន​អាស៊ីដ​ហ្វូលិក​ប្រចាំ​ថ្ងៃ​ចន្លោះ​ពី​៤០០​ទៅ​១០០០​មីក្រូក្រាម​។ បើ​សិន​ជា​ស្រី​ៗ​យើង​មាន​ប្រវត្តិ​គ្រួសារ​មាន​សមាជិក​មាន​ជំងឺ​អូទីស្សឹម ឬ​ការ​លូត​លាស់​យឺត​យ៉ាវ គ្រូពេទ្យ​អាច​ណែនាំ​​ទទួល​បាន​អាស៊ីដ​ហ្វូលិក​លើស​ពី​២ ០០០​មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ។ ការ​អាច​ប្រើ​អាហារ​បំប៉ន​ សម្រាប់​ទទួល​បាន​អាស៊ីដ​ហ្វូលិក យក​ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​។

    អាហារ​សម្បូរ​ដោយ​អាស៊ីដ​ហ្វូលិក​​មាន​ដូច​ជា ខាត់ណាខៀវ ទំពាំង​បារាំង ផ្លែបឺរ ថ្លើម​គោ និង​ស្ពៃ​ពួយ​ឡេង​ ក្រូច ចេក ល្ហុង ពពួក​សណ្ដែក ក្ដាម និង​ទឹក​ប៉េងប៉ោះ ​ជា​ដើម​។

    ស្វែងយល់បន្ថែមពីការត្រៀមយកកូន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម