backup og meta

មិនចង់ឱ្យកូនមានពិការពីកំណើត គួរដឹងវិធីការពារ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    មិនចង់ឱ្យកូនមានពិការពីកំណើត គួរដឹងវិធីការពារ!

    ពិការភាពពីកំណើត ឬកូនកើតមកពិការអាចប៉ះពាល់ស្ទើរតែគ្រប់ផ្នែកនៃរាងកាយទារកដូចជា បេះដូង ខួរក្បាល ឬជើង​ជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់រូបសម្បត្តិ និងសុខភាពទារក។ ម៉ាក់ៗគួរធ្វើបែបណា​ដើម្បី​កាត់​បន្ថយ​​ហានិភ័យកូនពីពិការភាព​ពី​កំណើត?

    ពិការភាពពីកំណើតមានដូចជាមាត់ឆែប ជើងខ្វេរ បេះដូងចំហ គថ្លង់ ឆ្អឹង​ខ្នងបិទមិនជិត ទារកអត់​លលាដ៏​ក្បាល ឬខ្សោយបញ្ញាជាដើម។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ពិការភាពពីកំណើតមួយចំនួនអាចបង្ការបាន ខណៈពិការភាពពីកំណើត​មួយចំនួនទៀត​មិនអាច​បង្ការ​បានទេ ព្រោះអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីមូលហេតុបង្កនៅឡើយ។ យ៉ាង​ណាមិញ មានរឿង​មួយ​ចំនួនដែលម៉ាក់ៗអាច​ធ្វើបាន ដើម្បីគ្រប់គ្រងសុខភាព និងកាត់បន្ថយហានិភ័យ​កូនពី​ពិការភាព​ពីកំណើត៖

    ១. ញ៉ាំអាហារ​សម្បូរ​អាស៊ីដហ្វូលិក

    អាស៊ីដហ្វូលិកគឺជាវីតាមីន B9 ។ ប្រសិនបើម៉ាក់ៗមានជាតិអាស៊ីដហ្វូលិក​គ្រប់គ្រាន់នៅក្នុងខ្លួន​យ៉ាង​ហោចណាស់មួយខែមុន និងអំឡុងពេលមានផ្ទៃពោះ នោះជាតិអាស៊ីដហ្វូលិក​អាចជួយការពារ​ទារក​ពីពិការភាពខួរក្បាល និងឆ្អឹងខ្នងដូចជា ការអត់លលាដ៏ក្បាល និងជំងឺពកឆ្អឹងខ្នង។ អាហារ​សម្បូរអាស៊ីដ​ហ្វូលលិក​មាន​ដូច​ពពួកសណ្ដែក ស្ពៃក្ដោប ខាត់ណាខៀវ និង​ថ្លើម​សត្វ(គួរ​ញ៉ាំមាន​កម្រិត​សម្រាប់​ស្រ្តីមាន​ផ្ទៃពោះ) ​ជា​ដើម​។ ដូច​គ្នា​ដែរ ស្រី​ៗយើង​ត្រៀម​យក​កូន​ក៏​អាច​ពិភាក្សាជាមួយ​គ្រូ​ពេទ្យ​ដើម្បី​បាន​ឱសថ​បំប៉ន​អាស៊ីដហ្វូលិក​ផង​ដែរ​។​

    ២. គ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម

    ស្រីៗដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬជំងឺលើសឈាមគួរ​ទៅជួបគ្រូពេទ្យ​ជំនាញ​​​ដើម្បីពិគ្រោះ​ពីរបៀប​រស់នៅ ឬការផ្លាស់ប្តូរថ្នាំដើម្បីជួយគ្រប់គ្រងស្ថានភាពជំងឺ មុនពេលព្យាយាមមានផ្ទៃពោះ។ ម៉ាក់ៗ​ដែលមានជំងឺទឹកនោមផ្អែម​ដែល​មិន​អាច​គ្រប់​គ្រង​បាន​មាន​ហានិភ័យ​ខ្ពស់ក្នុងការមានកូន​ដែល​មានពិការពីកំណើត។​

    លើសពីនេះទៅទៀត ម៉ាក់ៗដែលមានសម្ពាធឈាម​ខ្ពស់មានហានិភ័យ​ខ្ពស់ក្នុងការធ្វើឱ្យលំហូរឈាមក្នុងសុករត់មិនល្អ ដែលអាចប៉ះពាល់ដល់ការលូតលាស់​​សរីរាង្គ​ខាងក្នុង​មួយចំនួនរបស់គភ៌។

    ៣. ចាក់វ៉ាក់សាំងកញ្រ្ជិល ស្អូច និងអុតស្វាយមុនពេលពពោះ

    ជំងឺកញ្រ្ជិល ស្អូច និងអុតស្វាយអាចបណ្តាលឱ្យទារកមានគ្រោះថ្នាក់ ឬពិការ​ពីកំណើត ប្រសិន​បើ​ម៉ាក់ៗ​ឆ្លងអំឡុងពេលមានផ្ទៃពោះ។

    ៤. ពិនិត្យរកជំងឺកាមរោគ

    ជំងឺកាមរោគអាចបណ្តាលឱ្យទារកមាន​ពិការភាពពីកំណើតធ្ងន់ធ្ងរ។ ការ​ព្យាបាល​​​ជំងឺកាមរោគ​មុនពេលម៉ាក់ៗ​​មាន​ផ្ទៃពោះអាច​ការពារ ឬ​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​ទារក។

    ៥. គ្រប់គ្រងទម្ងន់

    ស្រីៗដែលធាត់ (មានសន្ទស្សន៍ម៉ាសរាងកាយ [BMI] ៣០ ឬខ្ពស់ជាងនេះ) មុនពេលមានផ្ទៃពោះ មានហានិភ័យខ្ពស់ក្នុងការមានផលវិបាកអំឡុងពេល​មានផ្ទៃពោះ និងប្រឈម​មាន​កូន​ពិការ​ពី​កំណើត។

    ចង់គណនា BMI ចុចទីនេះ!

    គ្រប់គ្រងទម្ងន់

    ៦. ចៀសវាងគ្រឿងស្រវឹងពេលពពោះ

    ជាតិអាល់កុលនៅក្នុងគ្រឿងស្រវឹងអាចចូលទៅចរន្តឈាមរបស់ស្ត្រីឆ្លងទៅទារកដែលកំពុងលូតលាស់តាមរយៈទងផ្ចិត។ ការញុំាគ្រឿងស្រវឹងច្រើនក្នុងអំឡុងពេលពពោះអាចបណ្តាលឱ្យរលូតកូន កូន​ស្លាប់ក្នុងពោះ និងធ្វើឱ្យកូនមានបញ្ហាអាកប្បកិរិយា និងបញ្ញា។

    ៧. ចៀសវាងជក់បារី

    ម៉ាក់ៗគួរផ្តាច់បារីមុនពេលពពោះ ព្រោះការជក់បារីអំឡុងពេល​ពពោះបណ្តាល​​ឱ្យកូនកើត​មិនគ្រប់​ខែ កូនកើតមិនគ្រប់គីឡូ កូនស្លាប់ក្នុងពោះ ពិការភាពពីកំណើត និងបណ្តាលឱ្យម៉ាក់ៗ​មានបញ្ហា​សុខភាព។

    ៨. ចៀសវាងគ្រឿងញៀន

    ការជក់កញ្ឆា និងប្រើគ្រៀងញៀនអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យកូនកើតមិនគ្រប់ខែ ឬ​កើត​មិន​គ្រប់​គីឡូ និងពិការភាពពីកំណើត។

    ៩. ពិគ្រោះជាមួយគ្រូពេទ្យមុនចាប់ផ្តើមប្រើថ្នាំណាមួយ

    យើងគួរពិគ្រោះជាមួយពេទ្យពីគុណសម្បត្តិ និងគុណវិបត្តិរបស់ថ្នាំមុននឹងប្រើប្រាស់ក្នុងពេលពពោះ ព្រោះថ្នាំមួយចំនួនអាចប៉ះពាល់ដល់ការលូតលាស់របស់គភ៌ និងអាចធ្វើឱ្យទារកពិការពីកំណើត។

    ពិការភាពពីកំណើតភាគច្រើនកើតឡើងក្នុងអំឡុង ៣ ខែដំបូងនៃការពពោះ នៅពេលដែល​សរីរាង្គ​របស់ទារកកំពុងលូតលាស់​។ ទោះយ៉ាងណាក៏ដោយ ពិការភាពពីកំណើតមួយ​ចំនួនក៏អាចកើត​ឡើងក្នុង​អំឡុង​ពេល ៦ ខែ ចុងក្រោយនៃការមានផ្ទៃពោះដែរ នៅពេលដែលជាលិកា និងសរីរាង្គ​ផ្សេងៗ​កំពុង​​បន្តលូតលាស់។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ដើម្បីគ្រប់គ្រងសុខភាព និងកាត់បន្ថយហានិភ័យ​កូនពី​ពិការភាព​ពីកំណើត ម៉ាក់ៗគួរ៖
    • ញ៉ាំអាហារ​សម្បូរ​អាស៊ីដហ្វូលិក
    • គ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម
    • ចាក់វ៉ាក់សាំងកញ្រ្ជិល ស្អូច និងអុតស្វាយមុនពេលពពោះ
    • ពិនិត្យរកជំងឺកាមរោគ
    • គ្រប់គ្រងទម្ងន់
    • ចៀសវាងគ្រឿងស្រវឹងពេលពពោះ
    • ចៀសវាងជក់បារី
    • ចៀសវាងគ្រឿងញៀន
    • ពិគ្រោះជាមួយគ្រូពេទ្យមុនចាប់ផ្តើមប្រើថ្នាំណាមួយ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម