backup og meta

បើ​មាន​អាការៈ​ទាំង​នេះ ស្រីៗ​គួរធ្វើតេស្ត​ផ្ទៃពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Apr 07, 2021

    បើ​មាន​អាការៈ​ទាំង​នេះ ស្រីៗ​គួរធ្វើតេស្ត​ផ្ទៃពោះ

    ស្រីៗ​យើង ពិសេស​អ្នក​មាន​ប្តី ឲ្យ​តែ​បាត់​រដូវ​តែ​ប៉ុន្មាន​ថ្ងៃ អន្ទះ​អន្ទែង​ខ្លាំង ខ្លះ​​ខ្លាចភ្លាត់​មាន​កូន ព្រោះ​​កំពុង​រវល់​ខ្លាំង ឯ​ខ្លះ​ទៀត​កំពុង​ចង់​បាន​កូន​ស្រាប់ ច្បាស់​ជា​រំភើប​ខ្លាំង​មិន​ខាន គ្រាន់​តែ​មិន​ដឹង​ថា គួរ​ពិនិត្យ​បែប​ណា ពេល​ណា​ ទើប​ទទួល​បាន​លទ្ធផល​ច្បាស់​ការ អាច​ទុក​ចិត្ត​បាន។ “Hello គ្រូពេទ្យ’ នឹងស្រាយចម្ងល់នេះ។

    ១- ឱកាស​មាន​ផ្ទៃពោះ​ច្រើន​ប៉ុនណា?

    ការ​ធ្វើ​ តេស្ត​ពិនិត្យ​ផ្ទៃ​ពោះ អាច​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង និង​ទទួល​បាន​លទ្ធផល​ច្បាស់​ការ ដល់ទៅ ៩៩% ​ឯណោះ ដោយ​គ្រាន់​តែ​ទិញ​ឧបករណ៍​ពិនិត្យ​ពី​ឱសថស្ថាន មក​ពិនិត្យ​ទឹក​នោម អាចដឹង​ភ្លាម គ្រាន់​តែ​ថា អ្វី​យើង​ត្រូវ​ដឹង គឺគួរ​ពិនិត្យ​នៅ​ពេល​ណា​មួយ​ឲ្យ​ប្រាកដ ដើម្បី​អាច​ទុក​ចិត្ត​បានថា មាន ឬគ្មានកូន។ ហេតុ​នេះ ស្រីៗនា​យើង​ត្រូវ​តាម​ដាន​អាការៈរោគ​សញ្ញា​មានផ្ទៃ​ពោះ​មួយ​ចំនួន​ជាមុន។

    ២- ធ្វើ​តេស្ត ​បើ​មានអាការៈ​មាន​ផ្ទៃ​ពោះ​ទាំង​នេះ

    – បាត់​រដូវ៖ ​​​បាត់​​​រដូវ​​​ជា​​​សញ្ញា​​​ចម្បង​​​នៃ​​​ការ​​​មាន​​​ផ្ទៃ​​​ពោះ ប៉ុន្តែ​បើ​​យើងមិន​បាន​កត់​សម្គាល់​វដ្ត​រដូវ​ទេ ច្បាស់​ជា​មិន​អាច​ដឹង​ថា បាត់​រដូវ​ពី​ថ្ងៃ​​​ណា​ទេ នាំ​ឲ្យ​លទ្ធ​ផល​តេស្ត​ទឹក​នោម មិន​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​គ្នា។

    ជា​ទូទៅ វដ្ត​រដូវ​ស្រីៗ មាន​រយៈពេល ​​​២៨ ​​​ថ្ងៃ ហេតុ​នេះ​យើងអាច​​​ធ្វើ​តេស្ត​ បន្ទាប់​ពី​បាត់​រដូវ ១ ​ខែ ឬ​​យូរ​​​ជាង​នេះ។ ប៉ុន្តែ​ត្រូវចាំ​ថា កត្តា​របប​​​អាហារ ស្ត្រេស និង​ជំងឺ​​​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​រយៈពេល​វដ្ត​រដូវ​យូរ​​​ជាង​មុន ឬ​បាត់​តែ​ម្តង។

    – ឈឺ​ពោះដូចមករដូវ៖ ដោយ​​​ការ​​​ភ្ជាប់​​​ខ្លួន​​​របស់​​​​​​អំប្រ៊ីយ៉ុងទៅ​ជញ្ជាំង​ស្បូន យើង​អាច​មាន​​​អារម្មណ៍​ឈឺ​​​ពោះ ដូច​ពេល​ជិត​​​មក​រដូវ​អ៊ី​ចឹង តែ​​​តាម​​​ពិត​​​ មិន​​​មាន​​​វត្តមាន​រដូវ​នោះ​ទេ។ យ៉ាងណា បើ​សិន​យើង​នៅ​​​​តែ​មាន​អារម្មណ៍​បែប​នេះ​ច្រើន​ថ្ងៃ​​​ជាប់​​​គ្នា គួរ​​​ធ្វើ​តេស្ត​​បញ្ជាក់មាន​​​ផ្ទៃ​​​ពោះ ឬ​អត់។

    – ឈឺ​សុដន់៖ ​​ពេល​មាន​ផ្ទៃ​ពោះ អ័រម៉ូន​ អឺស្ត្រូហ្សែន និង​ប្រូហ្គេស្តេរ៉ូន របស់​ស្រីៗ នឹង​កើន​​​ឡើង ដើម្បី​ធ្វើ​ឲ្យ​មានបម្រែបម្រួល​​រាងកាយ ក៏​ដូច​ជា​ជួយ​ទ្រទ្រង់​ដល់​ការ​លូត​​​លាស់​កូនក្នុង​ផ្ទៃ។ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​សុដន់ឡើង​​​ប៉ោងធំ ទន់​​​ជ្រាយ​ខុស​ធម្មតា ហើយ​សរសៃ​វ៉ែន នឹង​ចេញ​រូបរាង​កាន់​តែ​ច្បាស់ ដោយ​សារ​តែកំណើន​លំហូរ​ឈាម​នៅ​តំបន់​នោះ ចំណែក​ចុង​សុដន់​អាច​នឹង​ឈឺ​​​ពើតៗ​ផង​ដែរ។ ប៉ុន្តែ​ត្រូវចាំ​ថា សញ្ញា​ឈឺ​សុដន់​បែប​នេះ ស្រដៀង​មុន​ពេល​រដូវ​ចាប់​ផ្តើមដូចគ្នា អាច​ធ្វើ​ឲ្យ​ច្រឡំ​ក៏​មាន។

    តេស្តមានផ្ទៃពោះ

    អត្ថបទ​ពាក់​ព័ន្ធ៖

    – បម្រែ​បម្រួល​ផ្សេងៗ៖ ក្រៅ​ពី​ឈឺ​ចាប់​សុដន់ និង​ពោះ ដំណាក់​មាន​ផ្ទៃ​ពោះ​ដំបូង ក៏​អាច​​​ធ្វើ​ឲ្យ​ស្រី​មាន​អាការៈ​មួយ​ចំនួន ដូច​ជា ល្ហិត​ល្ហៃ នោម​​​ញឹក ក្អួត​​​ចង្អោរ ចាញ់​ក្លិន។ បើ​ច្រើន​សប្តាហ៍​កន្លង​ទៅ អាការៈ​សញ្ញា​ទាំង​នេះ រឹត​តែកើត​មាន​ខ្លាំង​ឡើង យើងអាច​ធ្វើ​តេស្ត ដើម្បី​ឲ្យ​ប្រាកដ​ថា មាន​ផ្ទៃ​ពោះ ឬ​អត់​បាន​ហើយ។

    – ពន្យារ​កំណើត​មិន​ជោគជ័យ៖ ប្រើ​​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ស្រោម​អនាម័យ ឬ វិធី​ពន្យារ​កំណើត​ ផ្សេង​ទៀត មិន​អាច​ការពារ​ស្រីៗ​យើង គេច​ផុត​ពី​ការ​ភ្លាត់​មាន​ផ្ទៃ​ពោះ ១០០% នោះ​ទេ។ ទោះ​ជា​ឱកាស​មាន​តិច​តួច​ក្តី ករណី​មាន​ផ្ទៃ​ពោះ នៅ​តែ​អាច​កើត​ឡើង ហើយ​បើ​ប្រទះ​ឃើញ​អាការៈ​សញ្ញា​ណា​មួយ​ដូច​រៀប​រាប់​ខាង​លើ គួរ​ធ្វើ​តេស្ត​មាន​ផ្ទៃ​ពោះ បើ​ទោះ​យើង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ពន្យា​រកំណើត​បែប​ណា​ក្តី។

    – បើ​សង្ស័យ​ ធ្វើ​តេស្ត​តែ​ម្តង៖ បើស្ថិត​ក្នុង​ស្ថាន​ភាពរោគ​សញ្ញា​ណា​មួយ​ដូច​ខាង​លើ បើ​សង្ស័យ​មាន​ផ្ទៃ​ពោះ គួរឆាប់​ធ្វើ​តេស្ត​ពិនិត្យ​ភ្លាមៗ ព្រោះ​ដឹង​មាន​ផ្ទៃ​ពោះ​ឆាប់ អាច​ជួយ​ឲ្យ​យើង​មាន​ពេល​គ្រប់​គ្រាន់ ត្រៀម​ខ្លួន និងរក្សា​សុខភាព​ឲ្យ​បាន​ល្អ ក៏​ដើម្បី​សុខ​ភាព​កូនក្នុង​ផ្ទៃ​ផង​ដែរ។ ក្នុង​ករណីទទួល​បាន​លទ្ធផល​វិជ្ជមាន ឆាប់​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​បង្អែក ឬ​មណ្ឌល​សុខ​ភាព​នៅ​ជិត​យើង ដើម្បី​ទទួល​បាន​ការប្រឹក្សា ក៏​ដូច​ជា​ថ្នាំ​ជាតិ​ដែក​ រួម​នឹង​វ៉ាក់ស៊ាំងការពារ​ជំងឺ​ផ្សេងៗ​ជាដើម។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Sao Solynet · កែ Apr 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម