backup og meta

បកស្រាយ​ចម្ងល់​! មូលហេតុ​​ស្រីៗ​ពពោះ​មាន​លាមក​ពណ៌​ខ្មៅ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 06, 2023

    បកស្រាយ​ចម្ងល់​! មូលហេតុ​​ស្រីៗ​ពពោះ​មាន​លាមក​ពណ៌​ខ្មៅ

    ពិត​ណាស់​ នៅ​ពេល​ដែល​ស្រី​ៗ​យើង​មាន​ផ្ទៃពោះ​ ស្ទើរ​តែ​គ្រប់​ប្រព័ន្ធ​ទាំង​អស់​នៅ​ក្នុង​រាងកាយ​មាន​ការ​ផ្លាស់ប្ដូរ​ រួម​ទាំង​ប្រព័ន្ធ​រំលាយ​អាហារ​។ លាមក​ពណ៌​ខ្មៅ​ អាច​កើត​មាន​ក្នុង​អំឡុង​ពេល​ពពោះ ហើយ​​ថែម​ទាំង​អាច​មាន​អាការៈ​ទល់​លាមក​​រួម​ផ្សំ​ផង​ដែរ​​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ពិភាក្សា​រោគ​សញ្ញា​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​កំណត់​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​​ទើប​ជា​ប្រសើរ​​​។យ៉ាង​ណា​មិញ​ លាមក​ពណ៌​ខ្មៅ​អាច​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​​ដូច​ខាង​ក្រោម​នេះ​។

    ១. អាហារ​បំប៉ន

    ​ជំងឺ​ស្លេកស្លាំង​ ឬ​កោសិកា​គ្រាប់​ឈាម​​ក្រហម​ធ្លាក់​ចុះ​ កើត​ឡើង​ជា​ញឹកញាប់​ក្នុង​អំឡុង​ពេល​ពពោះ​ ហើយថ្នាំបំប៉ន​ជាតិ​ដែក​​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ដើម្បី​បំបាត់​​ជំងឺ​ស្លេកស្លាំង​នេះ​។​ ប៉ុន្តែ​ ប្រភេទ​ជាតិ​ដែក​មួយ​ចំនួន​មិន​ងាយ​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​ឡើយ​ ដែល​​អាច​បណ្ដាល​ឲ្យ​លាមក​ទៅ​ជា​ពណ៌​ខ្មៅ​ ព្រម​ទាំង​មាន​អាការៈ​ទល់​លាមក​ថែម​ទៀត​ផង​។​ ដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​​មាន​លាមក​ពណ៌​ខ្មៅ​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំបំប៉ន​ជាតិ​ដែក​ ម៉ាក់​ៗ​កំពុង​ពពោះ​អាច​បង្កើន​ការ​ញ៉ាំ​ជាតិ​ដែក​នៅ​ក្នុង​របប​អាហារ​​ជំនួស​វិញ ដូចជា​ថ្លើម​សត្វ​ សាច់​ និង​បន្លែ​ស្លឹក​បៃតង​ជាដើម​។

    ២. ថ្នាំ​

    ជាមួយ​គ្នា​នេះ​ដែរ​ ថ្នាំ​មួយ​ចំនួន​ក៏​អាច​បណ្ដាល​ឲ្យ​លាមក​មាន​ពណ៌​ខ្មៅ​ដូច​គ្នា​។​ ម៉ាក់ៗ​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ នៅ​ពេល​ដែល​មាន​លាមក​ពណ៌​ខ្មៅ​ បន្ទាប់​ពី​ចាប់ផ្ដើម​លេប​ថ្នាំ​ថ្មីៗ​ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ ថា​តើ​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ប្រើប្រាស់​ថ្នាំ​ថ្មី​​នោះ​ ឬ​យ៉ាង​ណា​។​ បន្ថែម​ពី​នេះ​ នៅ​ពេល​ដែល​​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ណាមួយ​​ ​ស្រ្តី​ពពោះ​គួរ​តែ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន​សិន​ ដើម្បី​សុវត្ថិភាព​ទារក​​ក្នុង​ផ្ទៃ​។

    ៣. អាហារ​

    លាមក​ពណ៌​ខ្មៅ​​ក៏​អាច​បណ្ដាល​មក​ពី​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ជាពិសេស​គឺ​ផ្លែប៊្លូបឺរី​​។​ លើស​ពី​នេះ​ គ្រឿង​បន្ថែម​ពណ៌​អាហារ​ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​លាមក​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ដែរ​។​ ដូចនេះ​ ស្ត្រី​​ពពោះ​​អាច​កំណត់​ពី​មូលហេតុ​នៃ​លាមក​ពណ៌​ខ្មៅ​បាន​​ ដោយ​ការ​កត់​ចំណាំ​ចំពោះ​អាហារ​ដែល​យើង​បាន​ញ៉ាំ​ នៅ​ពេល​ដែល​​មាន​លាមក​ពណ៌​ខ្មៅ​។​

    ៤. ការ​ហូរ​ឈាម​

    ការ​​ហូរ​​ឈាម​ដែល​​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ នឹង​បណ្ដាល​ឲ្យ​លាមក​ប្រែ​ពណ៌​។​ ប្រសិនបើ​មាន​​​ការ​ហូរ​ឈាម​នៅ​ក្នុង​ក្រពះ​ លាមក​នឹង​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ក្រឹប ជំនួស​ឲ្យ​ឈាម​នៅ​ពេល​ដែល​​វា​ចេញ​មក​ក្រៅ។​ ខណៈ​ពេល​ដែល​លាមក​ពណ៌​ខ្មៅ​ក៏​អាច​កើត​មាន​ឡើង​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​បំប៉ន​ជាតិ​ដែក​ ឬ​អាហារ​មួយ​ចំនួន​ គ្រូពេទ្យ​អាច​នឹង​​ណែនាំ​ឲ្យ​យើង​ធ្វើ​តេស្ត​ពិសេស​ ដើម្បី​ឲ្យ​ដឹង​ថា​មាន​វត្តមាន​ឈាម​​នៅ​ក្នុង​លាមក​អំឡុង​ពេល​ពពោះ​ដែរ​ឬ​​​អត់​។​ ​​​​

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម