backup og meta

ការសម្រាល ៣ ដំណាក់កាល ម៉ាក់ៗ​ពពោះ​ត្រូវ​ឆ្លង​កាត់មុនបានជួបមុខកូនជាទីស្រលាញ់


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 09, 2021

    ការសម្រាល ៣ ដំណាក់កាល ម៉ាក់ៗ​ពពោះ​ត្រូវ​ឆ្លង​កាត់មុនបានជួបមុខកូនជាទីស្រលាញ់

    ការ​សម្រាល​កូន​គឺ​ជា​កត្តា​ធម្មជាតិ​មួយ​ដែល​ស្ត្រី​ត្រូវ​ជួប​ប្រទះ ហើយ​រាល់​បទពិសោធន៍​នៃ​ការ​សម្រាល​កូន​របស់​ម៉ាក់​ៗ​ពពោះ​គ្រប់​រូប​ក៏​មិន​ដូច​គ្នា​ដែរ។ ភាគ​ច្រើន​ស្ត្រី​ពពោះ​កូន​ដំបូង​ៗ តែង​មាន​អារម្មណ៍​ភ័យ​អរ​ៗ ព្រោះ​មិន​ដឹង​មាន​អ្វី​នឹង​កើត​ឡើង​ខ្លះ​នៅ​ពេល​សម្រាល។ ការ​សម្រាល​កូន​ត្រូវ​បាន​ចែក​ចេញ​ជា​ ៣​ ដំណាក់​កាល គឺ​ដំណាក់​កាល​ដំបូង ដំណាក់​កាល​ឈឺ​ពោះ​កើត​កូន និង​ដំណាក់​ការ​សម្រាល​។ នេះ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

    ១. ដំណាក់​កាល​ដំបូង

    ការ​កន្ត្រាក់​ស្បូន​តែង​មាន​រយៈពេល​ចន្លោះ​ពី ៣០-៦០ វិនាទី។ ធម្មតា វា​ចាប់​ផ្ដើម ២០ នាទី/ម្ដង បន្ទាប់​មក ផ្លាស់ប្ដូរ​មក ៥ នាទី​/ម្ដង។ ត្រូវ​សម្គាល់​ក្រោយ​ធ្វើ​ចលនា​ចុះ​ឡើង​នៅ​តែ​កន្ត្រាក់ ឬ​យ៉ាងណា អាច​នឹង​ខ្លាំង​ឡើង ចាប់ផ្ដើម​ឈឺ​ពី​ខ្នង រួច​ផ្លាស់​ទី​មក​ខាង​មុខ​វិញ។ សញ្ញា​កន្ត្រាក់​ដល់​ពេល​សម្រាល រយៈពេល ៦-៨ ម៉ោង​មុន សម្រាប់​គ្នា​យើង​មាន​កូន​ដំបូង និង ​ពី ២-៥ ម៉ោង​ សម្រាប់​គ្នា​យើង​មាន​ផ្ទៃពោះ​លើក​ទី ២ ឬ​ច្រើន​ជាង​នេះ។ ដើម្បី​ជួយ​បំបាត់​ការ​ឈឺចាប់ ម៉ាក់ៗ​អាច​សម្រាក ងូតទឹក ញ៉ាំ​អាហារ​បន្តិច​បន្តួច ដើរ និង​ហាត់​ដក​ដង្ហើម​យឺតៗ។

    ២. ដំណាក់​កាល​ឈឺ​ពោះ​កើត​កូន

    ការ​កន្រ្ដាក់​សាច់ដុំ​ស្បូន​មាន​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង​ពី​ ៤៥-៦០​វិនាទី និង​ចាប់​ផ្ដើម​ពី ៣-៥នាទី/​ម្ដង។ គ្នា​យើង​មួយ​ចំនួន​មាន​អារម្មណ៍​មិន​ស្រួល​ខ្នង និង​ត្រគាក ព្រម​ទាំង​រមួល​ក្រពើ​នៅ​ជើង និង​បាតជើង ជា​សញ្ញា​បញ្ជាក់​ដំណាក់កាល​គ្នា​យើង​ត្រូវ​ប្រើ​ថ្នាំស្ពឹក Epidural។ ករណី​នេះ​អាច​មាន​ចន្លោះ ៣-៦ ម៉ោង​សម្រាប់​កូន​ដំបូង និង ១-៣ ម៉ោង​សម្រាប់​ផ្ទៃពោះ​កូនទី ២ ឡើង។ បើ​យើង​លេប​ថ្នាំ Pitocin ជួយ​បង្កើន​ការ​កន្រ្ដាក់ នឹង​ជួយ​ឲ្យ​ការ​សម្រាល​កាន់តែ​ខិតចូល​មក​ដល់។ បើ​ប្រើ​ថ្នាំស្ពឹក​ចាក់​ឆ្អឹងខ្នង​វិញ គឺ​ដូច​ជា​ពន្យារ​ពេល​យឺត​ជាង​មុន។

    នៅ​ពេល​អាការៈ​ដល់​ដំណាក់កាល​នេះ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ បើ​នៅ​ពេទ្យ​ស្រាប់ ត្រូវ​ទៅ​បន្ទប់​សម្រាល។ ករណី​បាន​ចាក់ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង គ្នាយើង​មិន​អាច​ចេញ​ពី​គ្រែ​សម្រាល​បានទេ តែ​បើ​អាច ផ្លាស់ប្ដូរ​ទីតាំង​លើ​គ្រែ​រាល់​កន្លះ​ម៉ោង​ម្ដង។ បើ​អាច​ព្យាយាម​ដើរ​ឡើង​ចុះ​ជណ្ដើរ ២-៣ នាទី​ម្ដង (គ្រូពេទ្យ​អនុញ្ញាត) ឬ​ដើរ​ក្នុង​បន្ទប់​ក៏បាន។ ការ​ធ្វើ​ចលនា​នឹង​ជួយ​ឲ្យ​ស្បូន​រីក​ធំ ជា​ពេល​ត្រូវ​ប្រើ​វិធីសាស្ត្រ​បន្ធូរ​អារម្មណ៍​ធ្លាប់​បាន​ដឹង​ពីមុន​មក។

    សម្រាលកូន

    ៣. ដំណាក់​កាល​សម្រាល

    ការ​កន្រ្ដាក់​សាច់ដុំ​ស្បូន​រឹតតែ​ខ្លាំង​ពី ៦០-៩០ វិនាទី ចាប់ផ្ដើម​ម្តងៗ​ពី ៩០ វិនាទី ទៅ ២ ម៉ោង។ អាច​មាន​សម្ពាធ​នៅ​ត្រគាក និង​រន្ធ​គូទ គ្រុនក្ដៅ ត្រជាក់​បាតជើង និង​ចង់​ក្អួត។ ដំណាក់កាល​នេះ​មាន​រយៈ​ពេល​ខ្លី ប៉ុន្តែ តឹងតែង​ខ្លាំង។ ត្រូវ​ស្រមៃ​យើង​កំពុង​នៅ​កន្លែង​មាន​សុវត្ថិភាព កំពុង​បន្ធូរ​អារម្មណ៍ ដក​ដង្ហើម​វែង​ៗ ស្រមៃ​ឲ្យ​ដូច​ការ​ពិត ទោះបី​គ្នា​យើង​ឈឺ​ខ្លាំង​ជាង​ធម្មតា តែ​ដំណាក់កាល​នេះ​មិន​អាច​ប្រើ​ថ្នាំ​ស្ពឹក​បានទេ។

    ម៉ាក់​ៗ​ក៏​ត្រូវ​ដឹង​ថា ១ខែ​មុន​ពេល​សម្រាល​មាន​សញ្ញា​ប៉ុន្មាន​នេះ​នឹង​កើត​ឡើង​ដូច​ជា កូន​ធ្លាក់​ចូល​អាង​ត្រគាក ឧស្សាហ៍​ឈឺ​ពោះ​ឈឺ​ចង្កេះ រាក​រូស អស់​កម្លាំង និង​ទឹក​រម្អិល​ប្រែ​ពណ៌ និង​សភាព​ខាប់​ៗ​។ ចំពោះ​ប៉ុន្មាន​ម៉ោង​មុន​សម្រាល​ម៉ាក់​នឹង​ជួប​ប្រទះ​សញ្ញា​ខ្លះ​ទៀត​ដូច​ជា៖

    – ស្បូនចាប់ផ្តើមកន្ត្រាក់៖ ករណី​កន្រ្ដាក់ស្បូន ជា​សញ្ញា​ប្រាប់​ពីការ​ឈឺ​ពោះ​សម្រាល ចឹង​សូម​ប្រុង​ប្រយ័ត្ន ព្រោះគ្នា​យើង​ខ្លះមានកា​រកន្រ្ដាក់​ស្បូន​ជាច្រើន​ថ្ងៃ ឬ​ច្រើនសប្ដាហ៍ មុន​នឹង​សម្រាលអូនៗ។ នេះ​ហៅថា ការកន្រ្ដាក់ Braxton-Hicks មិនមែន​ជា​សញ្ញា​សម្រាលអូនៗ​ដែរ រីឯ​សញ្ញា​ខាងក្រោម​នេះ ទើប​ជា​សញ្ញា​ឈឺ​ពោះសម្រាល​ពិត​ប្រាកដ៖

    • ការកន្រា្ដក់ស្បូនកាន់តែខ្លាំងឡើង និងមិនបាត់ទៅវិញទេ
    • ទោះបីផ្លាស់ប្ដូរឥរិយាបថ ក៏មិនបាត់កន្ត្រាក់
    • ការកន្រ្ដាក់នាំឲ្យឈឺនៅចង្កេះ បន្តទៅពោះផ្នែកខាងក្រោម និងជើង
    • ឧស្សាហ៍កន្ត្រាក់ ឈឺចាប់ខ្លាំង ពេលខ្លះជាប់ៗគ្នា។

    – បែកទឹកភ្លោះ៖ ពេល​បែក​ទឹកភ្លោះ មាន​ន័យថា ស្រោម​សុកក្នុង​ពោះ​ដាច់រហែក ឈឺពោះ​សម្រាលអូនៗ​ជិតកើត​ឡើង​ដូចគ្នា ប៉ុន្តែ​បែក​ទឹកភ្លោះ​កើតឡើង​តែក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការឈឹពោះ​កើត​កូន​ប៉ុណ្ណោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម