backup og meta

ម៉ាក់​ៗ​ត្រូវ​ដឹង​ មូលហេតុ​​​​បណ្ដាល​ឲ្យ​កូន​កើត​មក​ស្លាប់​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26, 2021

    ម៉ាក់​ៗ​ត្រូវ​ដឹង​ មូលហេតុ​​​​បណ្ដាល​ឲ្យ​កូន​កើត​មក​ស្លាប់​?

    កូន​កើត​មក​​ស្លាប់គឺ​នៅ​ពេល​ដែល​ទារក​ស្លាប់​បន្ទាប់​ពី​ពពោះ​សប្ដាហ៍​ទី​២០។​ កូន​អាច​នឹង​ស្លាប់​នៅ​ក្នុង​​ពោះប៉ុន្មាន​សប្ដាហ៍​ ឬ​ប៉ុន្មាន​ម៉ោង​មុន​ពេល​កើត ហើយ​នៅ​ក្នុង​ករណី​ខ្លះ​ ទារក​អាច​នឹង​ស្លាប់​នៅ​អំឡុង​ពេល​កើត​តែ​ម្ដង​។​

    កូន​កើត​មក​ស្លាប់​ ត្រូវ​បាន​ចាត់​ថា​ជា​៣ប្រភេទ​​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ចំនួន​សប្ដាហ៍​នៃ​ការ​ពពោះ​។

    • ស្លាប់​មុន​ពេល​សម្រាល​​ ៖ ​​ទារក​ស្លាប់​នៅ​ចន្លោះ​ពី​២០​សប្ដាហ៍​​ ទៅ​២៧​សប្ដាហ៍​
    • ស្លាប់​នៅ​ពេល​ជិត​​សម្រាល៖ ទារក​ស្លាប់​នៅ​ចន្លោះ​ពី​២៨​សប្ដាហ៍​​ ទៅ៣៦សប្ដាហ៍
    • ស្លាប់​នៅ​​អំឡុង​ពេល​សម្រាល​ ៖ ទារក​ស្លាប់​នៅ​សប្ដាហ៍​ទី​៣៧​ ឬ​បន្ទាប់​ពី​នេះ​​​​​

    ១. តើ​ម៉ាក់​ៗ​ណា​ខ្លះ​​​មាន​ហានិភ័យ​នៃ​ការ​កើត​កូន​មក​ស្លាប់?

    ជាទូទៅ​ ការ​កើត​កូន​មក​ស្លាប់​អាច​កើត​មាន​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​​នៅ​គ្រប់​វ័យ​ និង​គ្រប់​ជាតិ​សាសន៍ ​ ហើយ​វា​មិន​អាច​ស្មាន​​ដឹង​មុន​បាន​​ឡើយ​។ យ៉ាង​ណា​មិញ​ ប្រសិនបើ​​ម៉ាក់​ៗ​​មាន​លក្ខខណ្ឌ​ដូច​ខាងក្រោម​ ម៉ាក់​ៗ​​​​អាច​នឹង​ប្រឈម​ខ្ពស់​ទៅ​នឹង​ការ​កើត​កូន​មក​ស្លាប់​។

    • ម្ដាយ​មាន​វ័យ​ក្មេង​ពេក​ ឬ​​អាយុ​ច្រើន​ជាង​៣៥​ឆ្នាំ​
    • ខ្វះ​ការ​ថែទាំ​មុន​ពេល​សម្រាល​​
    • ខ្វះ​អាហារូបត្ថម្ភ​
    • មាន​កូនភ្លោះ​ពីរ ឬបី​
    • មាន​បញ្ហា​សុខភាព​​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ទឹក​នោម​ផ្អែម​​
    • ធាត់​ជ្រុល
    • ធ្លាប់​មាន​ការ​កើត​កូន​មក​ស្លាប់​ពី​មុន​មក​​​​​​​​​

    ​២. អ្វី​ទៅ​​បណ្ដាល​ឲ្យ​កូន​​កើត​មក​ស្លាប់​?

    ពិត​ណាស់​ មាន​​មូលហេតុ​​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​មាន​ការ​កើត​កូន​មក​ស្លាប់​​​​នេះ​ ​ហើយ​កត្តា​ជា​ទូទៅ​មាន​ដូច​ខាងក្រោម​៖

    • ផល​វិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ និង​សម្រាល៖ កូន​កើត​មិន​គ្រប់​ខែ​ ​និង​​ការ​ពពោះ​លើស​ពី​៤២​សប្ដាហ៍ ​ឬ​​ជួប​ឧបទ្ទវហេតុ​ ក៏​ដូចជា​រង​របួស​នៅ​អំឡុង​ពេល​ពពោះ​។​​
    • មាន​បញ្ហា​សុក​ និង​/ឬ​ទង​សុក​៖ ទារក​ទទួល​បាន​ឈាម​ អុកស៊ីសែន​​ និង​សារជាតិ​ចិញ្ចឹម​តាម​រយៈ​សុក​ និង​ទង​សុក​ ប៉ុន្តែ​ប្រសិនបើ​​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​សរីរាង្គ​ទាំង​ពីរ​នេះ​ ទារក​​នឹង​មិន​អាច​លូតលាស់​​ត្រឹមត្រូវ​ឡើយ​។
    • ការ​ឆ្លង​មេរោគ៖ ការ​ឆ្លង​មេរោគ​នៅ​ចន្លោះ​សប្ដាហ៍​ទី​២៤​​ទៅ​សប្ដាហ៍​ទី២៧ ​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់​បាន​។ ​ជា​ធម្មតា​ វា​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ ដែល​ធ្វើ​ដំណើរ​ពី​ទ្វារ​មាស​ ទៅ​កាន់​ស្បូន​។​
    • ខូច​ទ្រង់ទ្រាយ​ពី​កំណើត៖ ​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​ធ្ងន់ធ្ងរ​ ឬ​ច្រើន​ អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បាន​។​
    • ស្ថានភាព​សុខភាព​របស់​ម្ដាយ​៖ ជំងឺ​ផ្សេង​ៗ​ក៏​អាច​បណ្ដាល​ឲ្យ​កូន​កើត​មក​ស្លាប់​ផង​ដែរ​ ក្នុង​នោះ​រួម​មាន​ ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ ជំងឺ​ក្រពេញ​​ទី​រ៉ូ​អ៊ីត​។ល។​​​

    ៣. តើ​ម្ដាយ​មាន​រោគ​សញ្ញា​រាងកាយ​យ៉ាង​ម៉េច​ខ្លះ​?

    ប្រសិនបើ​ម៉ាក់​ៗ​​មាន​អាការៈ​ដូចជា​​គ្រុន​ក្ដៅ​ ធ្លាក់​ឈាម​ គ្រុន​ស្រៀវស្រាញ​ ​​ឬ​មាន​អាការៈ​ឈឺ​ចាប់ ចូរ​ប្រញាប់​ទៅ​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពី​ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម