backup og meta

ដល់​ថ្ងៃ​កំណត់​តែ​មិន​ទាន់​សម្រាល ម៉ាក់ៗអាច​សាក​៣វិធី​នេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Dec 07, 2023

    ដល់​ថ្ងៃ​កំណត់​តែ​មិន​ទាន់​សម្រាល ម៉ាក់ៗអាច​សាក​៣វិធី​នេះ​

    ស្រីៗ​ជា​ធម្មតា ពពោះ​ប្រមាណ ៣៨-៤០​ សប្តាហ៍ ដល់​ថ្ងៃ​កំណត់​ត្រូវ​សម្រាល​ហើយ។ អារម្មណ៍​ច្បាស់​ជា​រំភើប ភ័យ​ខ្លាច ព្រួយ​បារម្ភ​ច្រើន​នៅ​អំឡុង​ពេល​នោះ។ ប៉ុន្តែ​ ដល់​ថ្ងៃ​កំណត់​ត្រូវ​សម្រាល ស្រាប់​តែ​គ្មាន​សញ្ញា​ឈឺ​ពោះ ឬ​សញ្ញា​អ្វី​មួយ​បញ្ជាក់​ថា​កូន​កំពុង​ចង់​ចេញ​មក​ក្រៅ អាចកាន់​តែ​បារម្ភ​ខ្លាំង​ថែម​ទៀត។

    យ៉ាង​ណា កុំ​ទាន់​ភិតភ័យ កាលៈ​ទេសៈ​នេះ ពេទ្យ​នៅ​តែ​អាច​ជួយ​​បាន ដោយ​ប្រើ​វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​ជំរុញ​ឲ្យ​កូនឆាប់​ចេញ​មក​ក្រៅ​ ដូចជា៖

    ១- ប្រើ​​ថ្នាំ

    គ្រូពេទ្យ​អាច​នឹង​ដាក់​បញ្ចូល​ថ្នាំ​គ្រាប់ ឬ​ជែល ចូល​ទៅ​ក្នុង​ទ្វារមាស ឬ​ចាក់​តាម​សរសៃ ដើម្បី​ជួយ​ឲ្យ​មាត់​ស្បូន​បើក​ធំ​ជាង​មុន ងាយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​សម្រាល​ចេញ​មក​ក្រៅ ដោយ​ថ្នាំ​ទាំង​នោះ​រួម​មាន៖

    – ថ្នាំ Oxytocin៖ តាម​ធម្មជាតិ​ រាងកាយ​នឹង​បង្កើត​អ័រម៉ូនអុកស៊ីតុស៊ីន (Oxytocin) ដើម្បី​ជួយ​ពន្លឿន​ការ​កើត។ Pitocin និង Syntocinon ជា​ម៉ាក​យីហោ​របស់​ថ្នាំ​ដែល​មាន​ជាតិ Oxytocin នេះ អាច​ត្រូវ​ចាក់​តាម​សរសៃក្នុងកម្រិត​ទាប ដើម្បី​ជំរុញ​ការ​កន្ត្រាក់។

    – ថ្នាំ Prostaglandin៖ ជា​ថ្នាំ​ម្យ៉ាង​ត្រូវ​បញ្ចូល​តាម​ទ្វារ​មាស​នៅ​ពេល​ល្ងាច ដើម្បី​ជំរុញ​ឲ្យ​ស្បូន​បើក​នៅ​ព្រឹក​បន្ទាប់។ អត្ថ​ប្រយោជន៍​ពី​វិធី​មួយ​នេះ គឺ​ជួយ​ឲ្យ​ម៉ាក់​អាច​ដើរ​បាន​ធម្មតា​នៅ​ក្នុង​បន្ទប់​សម្រាល។

    ២- វិធីសាស្ត្រ​ចោះ​បំបែក​ថង់​ទឹក​ភ្លោះ (AROM)

    វិធី​នេះ​គេ​ស្គាល់​ថា Artificial rupture of membranes ជាការ​ចោះ​បំបែក​ថង់​ទឹក​ភ្លោះ​(Amniotomy) ធ្វើ​ឡើង​ដោយ​ឆ្មប ឬ​គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព ដើម្បី​បង្កើន​ល្បឿន​ឲ្យ​ឆាប់​សម្រាល។ ពេល​ថង់​ទឹក​ភ្លោះ​បែក ឬ​ដាច់ ការ​ផលិត​អ័រម៉ូន Prostaglandin កើន​ឡើង ល្បឿន​កន្ត្រាក់​ក៏​កើន​ឡើង​ដូច​គ្នា។ ក្នុង​ករណី​ភាគ​ច្រើន ទាម​ទារ​ជំរុញ​ឲ្យ​ឆាប់​សម្រាល គ្រូពេទ្យ​ប្រហែល​ជា​ស្នើចោះ​បំបែក​ថង់​ទឹក​ភ្លោះ។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣- វិធី​សាស្ត្រ​ធម្មជាតិ

    បើ​មិន​ចង់​ជំរុញ​ការ​កើត​ដោយ​ប្រើ​ថ្នាំ​ជំនួយ​នោះទេ យើង​អាច​ធ្វើ​តាម​វិធី​ធម្មជាតិ​មួយ​ចំនួន ដូចជា៖

    – រំញោច​ចុង​សុដន់៖ នេះ​ជា​ទម្រង់​ធម្មជាតិ អាច​ជំរុញ​ការ​សម្រាល​ដោយ​ស្រួលៗ អាច​ធ្វើ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់ ជាមួយ​នឹង​ម៉ាស៊ីន​បូម​ទឹក​ដោះ​អេឡិចត្រូនិក។ រំញោច​ចុង​សុដន់ ឬ​ការ​ម៉ាស្សា​សុដន់​អាច​នឹង​បញ្ចេញ​អ័រម៉ូន Oxytocin ជំរុញ​ឲ្យ​មាន​ការ​កន្រ្តាក់​ស្បូន។ វិធី​នេះ គឺ​ដូច​គ្នា​នៅ​ពេល​កូន​ទើប​កើត ដែល​ធ្វើ​ឲ្យ​រំញោច​ការ​កន្ត្រាក់​ស្បូន និង​បន្ថយ​ការ​ហូរ​ឈាម។

    – លំហាត់​ប្រាណ៖ ការ​ដើរ ឬ​ឡើង​ចុះ​ជណ្តើរ អាច​ជួយ​ឲ្យ​ឆាប់​សម្រាល វិធី​នេះ​ជួយ​បង្វិល​ក្បាល​កូន​ឆាប់​វិល​ចុះ​ក្រោម។ ពេល​ក្បាល​កូន​​បង្វិល​ចុះ ហើយ​សង្កត់​មាត់​ស្បូន ការ​សម្រាល​នឹង​កាន់​តែ​ងាយ​ស្រួល​ជាង​មុន។ ព្យាយាម​ដើរ ១៥-២០ នាទី ឬ​ឡើង​ជណ្តើរ ១-២ ជាន់​រៀង​រាល់​ថ្ងៃ ដើរ​ទៅ​ខាង​ក្រៅ​កន្លែង​មាន​ខ្យល់​អាកាស​ល្អ ក៏​ជា​ប្រយោជន៍​មួយ​ដែរ។ ហាត់​ប្រាណ​របៀប​នេះ នឹង​ជួយ​បង្កើន​ថាមពល​ដល់​យើង​ទៀត​ផង។

    – ឱសថ​ជំនួយ​បែប​ធម្មជាតិ៖ ប្រេងផ្កា Evening Primrose ដែល​ជា​ផលិតផល​​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ គឺ​អាច​ញ៉ាំ​មួយ​ថ្ងៃ​ ៣​ដង ឬ​អាច​លាប​ផ្ទាល់​ទៅ​ក្នុង​មាត់​ស្បួន ដោយ​គេ​ជឿ​ថា​នឹង​ជួយ​មាត់​ស្បូន​ទន់ ហើយ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​សម្រាល។ ទន្ទឹម​គ្នា​នេះ​ដែរ តែពី​ដើម Raspberry ក៏​ត្រូវ​ណែ​នាំ​ឲ្យ​ញ៉ាំ​មុន​ថ្ងៃ​សម្រាល​មក​ដល់​ដូច​គ្នា។

    មុន​ពេល​ប្រើ​ប្រាស់​វិធី​ធម្មជាតិ​ណា​មួយ សូម​ប្រាកដ​ថា យើង​បាន​ពិគ្រោះ​ជាមួយ​នឹង​ឆ្មប​ជំនាញ ឬ វេជ្ជបណ្ឌិត​ជា​មុន។

    ក្នុង​ករណី​មាន​សំណួរ​ ឫ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឫ​ព្យាបាល​ជូន​ទេ៕

    អត្ថបទពាក់ព័ន្ធ៖

    ចំណុចសំខាន់

    ដល់​ថ្ងៃ​កំណត់​តែ​មិន​ទាន់​សម្រាល ស្ត្រី​ពពោះ​អាច​សាក​វិធី​ទាំងនេះ​បាន៖
    • ប្រើ​​ថ្នាំ
    • វិធីសាស្ត្រ​ចោះ​បំបែក​ថង់​ទឹក​ភ្លោះ (AROM)
    • វិធី​សាស្ត្រ​ធម្មជាតិដូចជា រំញោច​ចុង​សុដន់ ហាត់​ប្រាណ និងប្រើឱសថ​ជំនួយ​បែប​ធម្មជាតិ
    មុន​ពេល​ប្រើ​ប្រាស់​វិធី​​ណា​មួយ សូម​ប្រាកដ​ថា ម៉ាក់ៗ​បាន​ពិគ្រោះ​ជាមួយ​នឹង​ឆ្មប​ជំនាញ ឬវេជ្ជបណ្ឌិត​ជា​មុន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Dec 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម