backup og meta

ហេតុអ្វី​បានជា​ស្រ្តី​ខ្លះ​មាន​ធ្លាក់ឈាមក្រោយសម្រាល? គ្រោះថ្នាក់អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 10, 2020

    ហេតុអ្វី​បានជា​ស្រ្តី​ខ្លះ​មាន​ធ្លាក់ឈាមក្រោយសម្រាល? គ្រោះថ្នាក់អត់?

    អ្វីជាការធ្លាក់ឈាមក្រោយសម្រាល?

    ការធ្លាក់ឈាមក្រោយសម្រាល (PPH) គឺជាការហូរឈាមច្រើនពេកក្រោយពេលសម្រាលដែលអាចបណ្តាលឲ្យស្រ្តី​ទើប​សម្រាល​កូន​ស្លាប់​បាន។ ការ​ធ្លាក់​ឈាម​នេះ​ត្រូវបានគេបែងចែកជា ប្រភេទដោយផ្អែកលើកត្តាពេលវេលាដែលកើតមាន។

    – ការធ្លាក់ឈាមក្រោយសម្រាលបឋម៖ ការបាត់បង់ឈាមច្រើនជាង ៥០០ មិល្លីលីត្រ​ក្នុងរយៈពេល ២៤ ម៉ោងដំបូងក្រោយពេលសម្រាល។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ២០ នាក់អាចមានបញ្ហានេះ។ ចំពោះ​ករណីធ្ងន់ធ្ងរវិញ​ មិនសូវកើតមានទេមានតែ ៣នាក់​ ក្នុង​ចំណោម​ ៥០០ នាក់​ប៉ុណ្ណោះដែលមានបញ្ហានេះ។

    – ការធ្លាក់ឈាមក្រោយសម្រាលបន្ទាប់៖ ជាការហូរឈាមខ្លាំង និងមានភាពមិនធម្មតានៃទ្វារមាសចាប់ពី ២៤ ម៉ោងទៅ ១២ សប្តាហ៍បន្ទាប់ពីសម្រាលកូន។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥០ នាក់អាច​មានអាការៈបែបនេះ។

    រោគសញ្ញានៃការធ្លាក់ឈាមក្រោយសម្រាល

    រោគសញ្ញាទូទៅរួមមាន៖

    – ការហូរឈាមដែលមិនអាចទប់បាន

    – កាត់បន្ថយសម្ពាធឈាម

    – ចង្វាក់បេះដូងកើនឡើង

    – កាត់បន្ថយចំនួនកោសិកាឈាមក្រហម

    – ហើម និងឈឺចាប់នៅទ្វារមាស និងនៅតំបន់ជុំវិញទ្វារមាស

    វាអាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើស្រីៗ​យើង​ប្រទះឃើញមានបញ្ហាអ្វីមួយនោះសូមពិគ្រោះជាមួយគ្រូពេទ្យ។

    មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល​

    ករណីភាគច្រើននៃ PPH គឺមកពីស្បូនមិនកន្រ្តាក់ខ្លាំងគ្រប់គ្រាន់ ដោយសារតែការឈឺពោះខ្លាំងពេក ស្បូនហើមខ្លាំង កូនភ្លោះ ទឹកភ្លោះច្រើនពេក ឬទារកមាន​ទំហំធំ។ ពេលខ្លះការវិវឌ្ឍនៃដុំសាច់ស្លូត ឬសល់សុកក៏អាចប៉ះពាល់ដល់ការកន្រ្តាក់របស់ស្បូនដែរ។

    កត្តាប្រឈមនៃការធ្លាក់ឈាមក្រោយសម្រាល

    ស្ថានភាពនេះច្រើនកើតមានលើស្ត្រីដែលមានអាយុលើសពី ៣៥ ឆ្នាំ។ ស្រីៗ​យើង​អាចគ្រប់គ្រងជំងឺនេះបានដោយកាត់បន្ថយនូវកត្តាហានិភ័យរបស់បញ្ហា​នេះ​។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ព័ត៌មានបន្ថែម។

    កត្តាដែលបង្កើនហានិភ័យនៃការធ្លាក់ឈាមក្រោយសម្រាល

    មានកត្តាជាច្រើនដែលបង្កើនហានិភ័យនៃការវិវត្ត PPH មានដូចជា៖

    – ធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាលពីមុន

    – ភាពធាត់

    – ធ្លាប់សម្រាល​កូនច្រើនដង​

    – ធ្លាប់ពរពោះកូនច្រើន

    – សុកពាំង​មាត់ស្បូន៖ ជាស្ថានភាពមួយដែលសុកគ្របដណ្តប់ ឬជិតនឹងតំបន់ដែលមាត់ស្បូនបើក។

    – សុកស្អិតជាប់ស្បូន៖ ការភ្ជាប់សុកទៅនឹងស្បូនមុនពេលកំណត់។

    – មានជំងឺបំរុងក្រឡាភ្លើង ឬជំងឺលើសឈាម

    ជំងឺស្លេកស្លាំង

    – ការវះកាត់

    – ការកើតកូន

    – សល់សុក

    កាត់ទ្វាមាស 

    – ប្រើប្រាស់ការទាញ ឬបូមសំរាប់ជាជំនួយក្នុងការសម្រាល

    – ឈឺពោះកើតកូនរយៈពេលយូរ (ច្រើនជាង ១២ ម៉ោង)

    – ទារកទើបនឹងកើតមានទម្ងន់​លើសពី ៤ គីឡូក្រាម

    – មានកូនដំបូងនៅអាយុលើសពី ៤០ ឆ្នាំ។

    អត្ថបទពាក់ព័ន្ធ៖

    ៣. យល់ដឹងពីការព្យាបាល

    ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ គ្នា​យើង​គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

    រោគវិនិច្ឆ័យនៃការធ្លាក់ឈាមក្រោយសម្រាល

    នៅផ្ទះយើង​ត្រូវតាមដានពីជីពចរ និងសម្ពាធឈាមដើម្បីដឹងពីរោគសញ្ញា shock។ ប្រសិនបើយើង​មានការកើតឡើង PPH ភ្លាមៗគ្រូពេទ្យនឹងធ្វើការពិនិត្យមើលពីការកន្រ្តាក់របស់ស្បូនដែលស្ថិតនៅផ្នែកខាងក្រោមនៃពោះ។ បន្ទាប់មកគ្រូពេទ្យនឹងពិនិត្យមើលពីសំណល់នៃសុកនៅក្នុងស្បូន។ ប្រសិនបើមាត់ស្បូនបិទ ប៉ុន្តែមានការហូរឈាមតាមទ្វារមាស នោះការប្រើថ្នាំសន្លប់ ឬថ្នាំ​ស្ពឹកនឹងត្រូវបានធ្វើសម្រាប់ការពិនិត្យបន្ថែម។

    ប្រសិនបើយើង​ធ្លាប់មាន PPH ពីមុន គ្រូពេទ្យនឹងធ្វើការពិនិត្យអេកូដោយបញ្ចូលឧបករណ៍អេកូទៅក្នុងទ្វារមាសដើម្បីពិនិត្យ​រកសំណល់សុកដែលមាននៅក្នុងស្បូន។ គ្រូពេទ្យ​ក៏​អាចយកសំណាកនៅទ្វារមាសដើម្បីពិនិត្យរកការឆ្លងមេរោគដែរ​។

     ការព្យាបាលការធ្លាក់ឈាមក្រោយសម្រាល​

    ប្រសិនបើការធ្លាក់ឈាមដំបូងបណ្តាលមកពីការចុះខ្សោយនៃស្បូន គ្រូពេទ្យនឹងចាក់ថ្នាំអ័រម៉ូនដើម្បីជួយឲ្យស្បូនកន្រ្តាក់ ឬធ្វើការម៉ាស្សាស្បូនដើម្បីជួយជំរុញដល់ការកន្ត្រាក់ស្បូន។ ប្រសិនបើស្បូននៅតែបន្តការហូរឈាម យើង​ប្រហែលជាត្រូវធ្វើការវះកាត់ចុះ (laparotomy) ឬធ្វើការវះកាត់ស្បូនចេញ ដែល​នេះ​កើតមាន​​ក្នុងករណីកម្រ។ នីតិវិធីក្នុងការយកសំណល់សុកនៅក្នុងស្បូនចេញនឹងត្រូវបានធ្វើឡើង។

    – ប្រសិនបើមានការរហែកស្បូន ឬទ្វារមាស គ្រូពេទ្យនឹងធ្វើការបិទការរហែកនោះដោយការដេរ។

    – ប្រសិនបើមូលហេតុមកពីការឆ្លងមេរោគ ការប្រើថ្នាំផ្សះ​នឹងត្រូវបានចេញឲ្យប្រើដោយមាន​វេជ្ជបញ្ជា។

    – ប្រសិនបើនៅតែបន្តមានការហូរឈាម គ្រូពេទ្យនឹងត្រូវធ្វើការវះកាត់ដើម្បីពិនិត្យស្បូន និងយកសុកដែលសល់ចេញ។ ការបាត់បង់ឈាមដែលបណ្តាលមកពីការធ្លាក់ឈាមក្រោយសម្រាល គឺ​តម្រូវ​ឲ្យមានការបញ្ចូលឈាម។

    ការមើលថែមុនពេលមានផ្ទៃពោះអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរ និងការកើតភ្លាមៗនៃការធ្លាក់ឈាមក្រោយសម្រាល​។ ប្រសិន​បើមានការសង្ស័យលើការធ្លាក់ឈាមក្រោយសម្រាល​ នោះគ្រូ​ពេទ្យ​នឹងគៀប ហើយ​កាត់ទងផ្ចិតភ្លាមៗបន្ទាប់ពីសម្រាល។

    ៤. ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ

    ស្រីៗ​យើង​នឹងអាចគ្រប់គ្រង ឬការពារ PPH បានប្រសិនបើធ្វើតាមការណែនាំដូចខាងក្រោម៖

    – ការបំពេញបន្ថែមនូវជាតិដែក៖ អាហារបំប៉នជាតិដែកអាចកំណត់ឱកាសរបស់យើង​ក្នុងការចាក់បញ្ចូលឈាមនៅពេលដែលមានការធ្លាក់ឈាមក្រោយសម្រាល​។ ជាទូទៅស្ត្រីគួរតែទទួលទានថ្នាំគ្រាប់ជាតិដែក ប្រសិនបើខ្លួនប្រឈមនឹងភាពស្លេកសាំងដោយសារការខ្វះជាតិដែក។

    – ទៅពិនិត្យជាមួយគ្រូពេទ្យជាប្រចាំ៖ ប្រសិនបើយើង​ធ្លាប់មានការវះកាត់សម្រាល​កូនពីមុន សុកយើង​នឹងមានការស្អិត និងស្លាក​ស្នាម​នៅស្បូនដែលជាកន្លែងដែលយើង​បានវះពីមុន។

    ប្រសិនបើស្រី​យើង​ព្រួយបារម្ភអំពីសុខភាព ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានដំបូន្មានស្តីពីការព្យាបាលដែល​ល្អបំផុត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម