backup og meta

ភ្លៀងនោះភ្លៀង! ស្រ្តីមានផ្ទៃពោះគួរថែទាំសុខភាពបែប​ណា ទើបចៀសពីជំងឺផ្សេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 30, 2020

    ភ្លៀងនោះភ្លៀង! ស្រ្តីមានផ្ទៃពោះគួរថែទាំសុខភាពបែប​ណា ទើបចៀសពីជំងឺផ្សេងៗ

    នៅ​ពេល​អាកាសធាតុប្រែប្រួល ធ្លាក់​ភ្លៀងញឹកញាប់ វា​អាច​ធ្វើ​ឲ្យ​សុខភាព​យើង​ប្រឈម​នឹង​ការ​កើត​ជំងឺ​ផ្ដាសាយ ឬ​មាន​អារម្មណ៍​ថា​រងា​ៗ។ ចំពោះ​ម៉ាក់​ៗ​ពពោះ កាន់​តែ​ត្រូវ​មើល​ថែ​សុខភាព​ឲ្យ​បាន​ល្អ បើ​មិន​ប្រយ័ត្ន​អាច​ឈឺ​ជំងឺ​ផ្សេងៗ ប៉ះពាល់​ដល់​កូន​។​

    ទាក់​ទង​នឹង​ការ​ថែ​ទាំ​សុខភាព​ពេល​រដូវ​ភ្លៀង​ធ្លាក់​ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មតា នៅ​ក្នុង​រដូវ​ភ្លៀង​ធ្លាក់ មាន​កន្លែង​សើម​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​ដួល អ៊ីចឹង​ហើយ ពេល​ម៉ាក់ៗ​ដើរ​ទៅ​ណា​មក​ណា ត្រូវ​ចេះ​ប្រយ័ត្ន​កុំ​ឲ្យ​ដួល​អុក​គូទ ព្រោះ​អាច​ប៉ះ​ទង្គិច​ដល់​កូន។ ដូច​គ្នា​នេះ​ដែរ ចំណី​អាហារ​ដែល​ស្ត្រី​ពពោះ​គួរ​ញ៉ាំ​វិញ គឺ​ជា​ប្រភេទ​អាហារ​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ម៉ាក់​ៗ​ដូច​ជា បន្លែ ផ្លែ​ឈើ ស៊ុប​ក្ដៅៗ ទឹក​ខ្ញី និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ផ្សេងៗ​ជា​ច្រើន​ទៀត។

    “​ជាទូទៅ ពេល​មេឃ​ធ្លាក់​ខ្យល់ ធ្លាក់​ភ្លៀង ស្ត្រី​ពពោះ​ច្រើន​តែ​កើត​ផ្ដាសាយ​តូច ឬ​ផ្ដាសាយ​ធំ ប៉ុន្តែ​ម៉ាក់ៗ​ត្រូវ​ចេះ​បង្ការ​ជំងឺ​នេះ​ដោយ​ខ្លួន​ឯង​ផង និង​ដោយ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​ពពោះ​ផង​។”

    វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ថា ជំងឺ​ដែល​ស្ត្រី​ពពោះ​គួរ​ចៀស​ឲ្យ​ផុត​ខ្លាំង​មែន​ទែន​នោះ​គឺ ជំងឺ​គ្រុន​ឈាម។ កាល​ណា​ម្ដាយ​កើត​ជំងឺ​គ្រុន​ឈាម​ហើយ វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​ខ្ពស់​ដូច​ជា៖

    – គំរាម​រលូត

    – កូន​កើត​មិន​គ្រប់​ខែ

    – ហូរ​ឈាម​ក្នុងពោះ

    – កូន​ស្លាប់​

    – គ្រាប់​ឈាម​ប្លាកែត​ចុះ​ទាប។ល។

    ប្រសិន​បើ​ម៉ាក់​ៗ​ពពោះ ខ្លាច​មូសខាំ ហើយ​បែរ​ជា​ទៅ​ប្រើ​ថ្នាំ ឡេ ឬ​គ្រីម​លាប​ការពារ​កុំ​ឲ្យ​មូស​ខាំ​វិញ ត្រូវ​បញ្ឈប់​ភ្លាម ព្រោះ​ពពួក​ផលិតផល​អស់​នោះ មិន​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

    លោក​វេជ្ជបណ្ឌិតបាន​ណែ​នាំ​ថា យក​ល្អ នៅ​ក្នុង​រដូវ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ម៉ាក់​ៗ​ពពោះ​គួរ​គេង​នៅ​ក្នុង​មុង ឬ​ស្លៀក​ពាក់​ឲ្យ​បាន​ជិត ពាក់​ស្រោម​ជើង ស្រោម​ដៃ បើ​សិន​រងា។ មួយ​វិញ​ទៀត បើ​សិន​ជា​អាកាសធាតុ​ត្រជាក់​ហើយ​នោះ មិន​គួរ​បើក​ម៉ាស៊ីន​ត្រជាក់​ខ្លាំងៗ​ឲ្យ​កាន់​តែ​ត្រជាក់​លើស​ដើម​ទេ ហើយ​ម៉ាក់ៗ​ក៏​មិន​គួរ​គេង​នៅ​ក្រោម​កង្ហារ​យូរ​ពេក​ដែរ ក៏​ដូច​ជា​ត្រូវ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ឲ្យ​បាន​ស្អាត​គ្រប់​កន្លែង​​ទើប​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម