backup og meta

បន្ថយអាការៈចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 24, 2021

    បន្ថយអាការៈចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ

    សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​ចៀស​វាង​អាហារ​ដែល​សម្បូរ​ខ្លាញ់ និង​មាន​ស្ករ​ច្រើន​។ បន្លែ​ និង​ផ្លែ​ឈើ​ជា​ប្រ​ភព​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ពេល​យើង​មាន​ បន្លែ និង​ផ្លែ​ឈើ​ក្នុង​របប​អាហារ​ យើង​នឹង​ទទួល​បាន​វីតាមីន រ៉ែ និង​ជាតិ​សរសៃ ដែល​ខ្លួន​យើង និង​កូន​ក្នុង​ផ្ទៃ​ត្រូវ​ការ​។ តើ​អ្វី​ផ្លែ​ឈឺ​ណាខ្លះ​ងាយ​រក ហើយ​មាន​ប្រយោជន៍​ច្រើន​ដល់​ស្រីៗ​កំពុង​ពពោះ?​

    ១. ផ្លែក្រូច

    ផ្លែ​ក្រូច​មិន​ត្រឹមតែ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​ស្រ្តី​មាន​ផ្ទៃ​ពោះ​នោះ​ទេ តែ​នៅ​មាន​ហ្វូឡេត ​ដែល​មាន​សារសំខាន់​ណាស់​ជួយ​ការ​ពារ​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​កូន​ក្នុង​ផ្ទៃ​កុំ​ឲ្យ​មាន​បញ្ហា។

    ក្រៅពី​នេះ​ផ្លែ​ក្រូច​ក៏​ជា​ប្រភព​វីតាមីន C ផង​ដែរ ដែល​វីតាមីន​នេះ ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការ​ពារ​ការ​ខូច​ខាត​កោសិកា និង​ជួយ​រាង​កាយ​ស្រូប​ជាតិ​ដែក​បាន​ល្អ​ទៀត​ផង​។

    ២. ស្វាយទុំ​​

    ផ្លែ​ស្វាយ​ក៏​សម្បូរ​វីតាមីន C និង​វីតាមីនA​។ ខ្វះ​វីតាមីន A ពេល​កើត​ធ្វើឲ្យ​ទារក​ប្រឈម​នឹង​ផល​វិបាក​ផ្សេងៗ​ខ្ពស់ ដូច​ជា​ឆ្លង​រោគ​ផ្លូវ​ដង្ហើម និង​រាករូស​ជា​ដើម។

    ​​ជា​ការ​ណែ​នាំ​ស្រ្តី​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​ស្វាយ​ទុំ​ច្រើន​ពេក​ទេ​​ក្នុង​មួយ​ថ្ងៃ ដោយ​ថា​អាច​នាំឲ្យ​លើ​ស​វីតាមីន A ថ្វី​បើ​ករណី​នេះ​ជា​ករណី​កម្រ​ក៏​ដោយ​។ ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម និង​ញ៉ាំ​ជាមួយ​ផ្លែ​ឈើ​ផ្សេងៗ​ទៀត​។

    ញ៉ាំផ្លែឈើ

    ៣. ផ្លែ​ប័រ

    សម្រាប់​ផ្លែ​ប័រ​ឯណេះ​វិញ​សម្បូរ​​ទៅ​ដោយ​វីតាមីន C, B, K ជាតិ​សរសៃ Choline ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម។ ស្រ្តី​មាន​ផ្ទៃពោះ​មួយ​ចំនួន​អះអាង​ថា​ផ្លែ​ប័រ​ជួយ​កាត់​បន្ថយ​អាការៈ​ចង្អោរ​ពេល​មាន​ផ្ទៃពោះ ដែល​នេះ​ទំនង​មក​ពី​រ៉ែ​ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម​។

    ​ប៉ូតាស្យូម ក៏​បន្ធូរ​រោគសញ្ញា​រមួល​ក្រពើ​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ផង​ដែរ។ អាការៈ​រមួល​ក្រពើ ច្រើន​កើតឡើង​ដោយ​សារ​តែ​រាង​កាយ​ខ្វះ​ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម។ ចំណែក​Cholineវិញ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ​កូន​ក្នុង​ផ្ទៃ​។

    ៤. ចេកទុំ​

    ចេកទុំ ក៏​ជា​ប្រភព​នៃ​ប៉ូតាស្យូម វីតាមីនB6,​ C និង​ជាតិ​សរសៃ។ បន្ថែម​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូច​ជា​ចេក​ទុំ​ទៅ​ក្នុង​របប​អាហារ​ក៏​អា​ច​ជួយ​កាត់​បន្ថយ​បញ្ហា​ទល់​លាមក​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ដែរ​។ ការ​សិក្សា​ផ្សេង​ទៀត​បង្ហាញ​ថា​វីតាមីនB6 ជួយ​បន្ធូរ​អាការៈ​ចាញ់​កូន​របស់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ផង​ដែរ​។

    ៥. ផ្លែ​ប៉ោម​

    ផ្លែ​ប៉ោម​សម្បូរ​ជាតិ​សរសៃ និង​វីតាមីន C, A ​ប៉ូតាស្យូម​ និង​pectin ​ផង​ដែរ។ Pectin ជា​ព្រីបាយអូទិក(prebiotic) ជួយ​ចិញ្ចឹម​បាត់​តេរី​ល្អ​ក្នុង​ពោះវៀន​។ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ពី​ផ្លែ​ប៉ោម​ យើង​គួរ​ញ៉ាំ​ទាំង​សម្បក តែ​ត្រូវ​ប្រាកដ​ថា​បាន​លាង​សម្អាត​ស្អាត​ជាមុន​សិន​។

    ញ៉ាំ​ផ្លែ​ឈើ​ពេល​ពពោះ​ជួយ​ឲ្យ​យើង​ និង​កូន​មាន​សុខភាព​ល្អ។ ផ្លែ​ឈឺ​កំប៉ុង​អាច​ជា​ជម្រើស​​ល្អ​សម្រាប់​ស្រ្តី​ពពោះ​ដែរ​ តែ​ត្រូវ​ប្រាកដ​ថា​មិន​មាន​បន្ថែម​ជាតិ​ស្ករ។ ដើម្បី​ដឹង​ច្បាស់​ពី​ផែន​ការ​អាហារ​ពេល​មាន​ផ្ទៃពោះ ស្រីៗ​យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម