backup og meta

ខ្ទិះដូង ខ្មែរយើងនិយមប្រើ មានប្រយោជន៍សុខភាពច្រើនយ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 06, 2021

    ខ្ទិះដូង ខ្មែរយើងនិយមប្រើ មានប្រយោជន៍សុខភាពច្រើនយ៉ាង

    បើ​និយាយ​ដល់​ខ្ទិះ​ដូង គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​ប្រើ​សម្រាប់​ធ្វើ​អ្វី​ខ្លះ? ខ្ទិះ​ដូង​​ត្រូវ​បាន​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឥណ្ឌា អាមេរិក​ខាង​ត្បូង និង​កោះហាវ៉ៃ ពេញ​និយម​ប្រើ​ក្នុង​គ្រឿង​ផ្សំ​របស់​​អាហារ​។ គ្នា​យើង​ពិត​ជា​ដឹង​រឿង​នេះ​ហើយ ចុះ​បាន​ដឹង​អត់​ថា​ខ្ទិះ​ដូង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​បែប​ណា?

    ១. សម្រក​ទម្ងន់​

    នៅ​ក្នុង​ខ្ទិះដូង​មាន​ផ្ទុក​ខ្លាញ់​ម្យ៉ាង​ល្អ​ចំពោះ​សុខភាព​ដែល​គេ​ហៅ​ថា​MCTs។ អ្នក​ស្រាវ​ជ្រាវ​បាន គិត​ថា​ខ្លាញ់​ប្រ​ភេទ​នេះ មាន​ទំនាក់​ទំនង​នឹង​ការ​ជួយ​ស្រក​ទម្ងន់​។ ខ្លាញ់​MCTs ជំរុញ​ឲ្យ​មានការ​បង្កើត​ថាមពល​តាម​រយៈ​ដំណើរការ​ដុត​កម្ដៅ។

    ការ​សិក្សា​មួយ​ទៀត​បាន​រក​ឃើញ​​ថា​ខ្លាញ់​​MCTs បាន​ធ្វើ​ការ​ដើម្បី​កាត់​បន្ថយ​ទម្ងន់​ខ្លួន និង​ទំហំ​ចង្កេះ​មនុស្ស​យើង។ ដូច​គ្នា​ដែរ ខ្លាញ់​ប្រភេទ​នេះ ក៏​ជួយ​បង្កើន​តុល្យ​ភាព​រវាង​មីក្រុប(microbiota)​ក្នុង​ពោះ​វៀន ដែល​ការ​ខ្វះ​តុល្យ​ភាព​របស់​មីក្រុប​នេះ អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ជំងឺ​ធាត់​បាន។

    ការ​រក​ឃើញ​មួយ​ទៀត​នៅ​ឆ្នាំ​២០១៨ បង្ហាញ​ថា ខ្លាញ់​​MCTs​ ជួយ​បង្កើន​រំញោច​ដល់​អាំងស៊ុយលីន​ ហើយ​អ្នក​សិក្សា​ជា​ច្រើន​ជឿ​ថា​ការ​រំញោច​នេះ​ជួយ​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​។ អាំងស៊ុយ​លីន​ ជា​អ័រម៉ូន​សំខាន់​មួយ​សម្រាប់​បំបែក​ជាតិ​ស្ករ និង​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​

    ខ្ទិះដូង

    ២. សុខភាព​បេះដូង​

    មនុស្ស​មួយ​ចំនួន​ទំនង​ជា​គិត​ថា​ខ្ទិះ​ដូង​មិន​មាន​ជា​អាហារ​ល្អ​សម្រាប់​សុខភាព​បេះដូង​នោះ​ទេ ព្រោះ​តែ​វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់​។ ប៉ុន្តែ​ការ​សិក្សា​បាន​រក​ឃើញ​ថា​កម្រិត​ខ្លាញ់​ឆ្អែត​នៅ​ក្នុង​ខ្ទិះ​ដូង​ មិន​បាន​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​ខ្លាញ់​អាក្រក់​ ឬ​កូលេស្តេរ៉ូល​អាក្រក់​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្លាញ់​នៅ​ក្នុង​ខ្ទិះ​ដូង បាន​ជួយ​បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ ឬ​ខ្លាញ់​ល្អ​ទៅ​វិញ​។ ​

    ខ្លាញ់​ល្អ​ជួយ​ការពារ​បេះដូង និង​ជួយ​កម្ចាត់​ខ្លាញ់​អាក្រក់​ពី​រាង​កាយ​ផង​ដែរ។ ក្រៅពី​នេះ វា​ក៏​ជួយ​នាំ​យក​ខ្លាញ់​មិន​ល្អ​ពី​ថ្លើម និង​បំបែក​ខ្លាញ់​ទាំង​នោះ មុន​នឹង​បំផ្លាញ​ចោល​។

    ៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

    ​​សាច់​ដូង​មាន​ផ្ទុក​ខ្លាញ់​ម្យ៉ាង​ហៅថា lauric ហើយ​អ្នក​សិក្សា​ជា​ច្រើន​ជឿ​ថា​អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ ជួយ​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ការ​សិក្សា​រក​ឃើញ​ទៀត​ថា អាស៊ីដ lauric អាច​ជួយ​កាត់​បន្ថយ​កម្រិត​ឆ្លង​បាក់តេរី និង​វីរុស​ផង​ដែរ។​ការ​សិក្សា​មួយ​ចំនួន​ទៀត​ក៏​បាន​រក​ឃើញ​ថា អាស៊ីដ​lauric​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​មីក្រុប និង​សារធាតុ​ប្រឆាំង​ការ​រលាក។

    ក្រៅពី​នេះ ខ្ទិះ​ដូង ក៏​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​ផ្សេង​ទៀត​ដូច​ជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យ៉ូម កាបូអ៊ីដ្រាត ម៉ង់កាណែស ជាតិ​ដែក និង​វីតាមីន C ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម