backup og meta

អាហារទាំងនេះអាចជួយពន្យឺត ​ឬពន្លឿនភាពចាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 04, 2021

    អាហារទាំងនេះអាចជួយពន្យឺត ​ឬពន្លឿនភាពចាស់

    ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​​ក្នុង​ការ​ពន្លឿន​ភាព​ចាស់​ តួ​យ៉ាង​ដូចជា​កត្តា​បរិស្ថាន ​​ទម្លាប់​មិន​ល្អ​ ឬ​ការ​ញ៉ាំ​អាហារ​ដែល​​ប៉ះពាល់​ដល់​សុខភាព​ជាដើម​​។​ ​ជាក់​ស្ដែង​​ អាហារ​ដែល​យើង​ញ៉ាំ​​ជា​រៀង​រាល់​ថ្ងៃ​អាច​ជួយ​ពន្លឿន​​ ឬ​រារាំង​យើង​ក្នុង​ការវិវត្តទៅ​រក​ភាព​ចាស់​បាន​​។​ ​ហេតុ​ដូច្នេះ​ហើយ​ ​យើង​គប្បី​ជៀសវាង​ពពួក​អាហារូបត្ថម្ភ​​ទូទៅ​​មួយ​ចំនួន​ ដែល​អាច​ធ្វើ​ឲ្យ​យើង​​​មើល​ទៅ​កាន់​តែ​ចាស់​ជាង​វ័យ​។

    ១. ជៀសវាង​​ញ៉ាំ​អំបិល​ច្រើន​ពេក​

    ជាក់​ស្ដែង​ ការ​ញ៉ាំ​សូដ្យូម ឬអំបិល​​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​​លើស​សម្ពាធ​ឈាម​ បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​​គ្រោះថ្នាក់​​សរសៃ​ឈាម​ខួរ​ក្បាល​។​ សរសៃ​ឈាម​របស់​យើង​កាន់​តែ​រឹង​នៅ​ពេល​ដែល​យើង​មាន​វ័យ​ច្រើន​ ដែល​អាច​​ធ្វើ​ឲ្យ​យើង​​ងាយ​រង​ផល​ប៉ះពាល់​ពី​សូដ្យូម​ថែម​ទៀត​។ ដូចនេះ ចូរ​កាត់​បន្ថយ​អាហារ​ដែល​មាន​សូដ្យូម​ខ្ពស់​ដូច​​សាច់​​កែច្នៃ​  ជ្រក់​ គ្រាប់​ធញ្ញជាតិ​ដែល​បន្ថែម​អំបិល​ អាហារ​សម្រន់កញ្ចប់​​ អាហារ​ចៀន​ និង​អាហារ​កំប៉ុង​ជា​ដើម​។

    ២. ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​បន្លែ​មិន​គ្រប់គ្រាន់​អាច​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​កង្វះ​អាហារូបត្ថម្ភ​ ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ Harvard Health។ ​គ្នា​យើង​គប្បី​​ញ៉ាំ​​បន្លែ​ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ ពីព្រោះ​វា​​​ផ្ទុក​អាហារ​ជាតិ​សរសៃ​​ល្អ​សម្រាប់​បេះដូង​ ​រ៉ែ វីតាមីន​ សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​​អុកស៊ីតកម្ម​ និង​រ៉ាឌីកាល់​សេរី​ថែម​ទៀត​ផង​​។

    ៣. ជៀសវាង​ស្ករ​​បន្ថែម​ច្រើន

    ​​ការ​ចូលចិត្ត​ញ៉ាំ​​ផ្អែម​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​​​​ដល់​សុខភាព​បេះដូង​របស់​យើង​ដូច​គ្នា​។​ ​នៅ​ពេល​​យើង​ញ៉ាំ​ស្ករ​បន្ថែម​ច្រើន​ជ្រុល​ វា​​អាច​​ធ្វើ​ឲ្យ​យើង​ឡើង​​សម្ពាធ​ឈាម​ រលាក​រ៉ាំរ៉ៃ​ ឡើង​ទម្ងន់​ ទឹក​នោម​ផ្អែម​ និង​ជំងឺខ្លាញ់រុំ​ថ្លើម​  ​ដែល​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ធ្ងន់ធ្ងរ​។ ដើម្បី​ជៀសវាង​​ជំងឺ​ដ៏​កាច​សាហាវ​ទាំង​នេះ​ គ្នា​យើង​គប្បី​កាត់​បន្ថយ​​អាហារ​ និង​ភេសជ្ជៈ​​បន្ថែម​ជាតិ​ស្ករ​មួយ​ចំនួន​ដូចជា​ស្ករ​គ្រាប់​ នំ​ឃេក ​​ការ៉េម​ ​ទឹក​ដោះ​គោ​ជូរ​ ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ​ ដូចជា​ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ឬ​ទឹក​ផ្លែឈើ​​កំប៉ុង​ជា​ដើម។​

    ៤. ញ៉ាំ​ពពួក​ខ្លាញ់​ល្អ​

    ជាមួយ​គ្នា​នេះ​ដែរ​ ​ខ្លាញ់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រាងកាយ​កក់​ក្ដៅ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​មូលដ្ឋាន​​ក្នុង​ការ​ផ្ដល់​ថាមពល​ដល់​រាងកាយ​ ទ្រទ្រង់​ការ​លូតលាស់​កោសិកា​ ការពារ​សរីរាង្គ​ និង​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ជាក់លាក់​មួយ​ចំនួន​។​ ​លើស​ពី​នេះ​ ខ្លាញ់​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​សន្លាក់​រឹងមាំ​​​ផង​ដែរ​។​ រី​ឯ​ខ្លាញ់​មួយ​ប្រភេទ​ គឺ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ អាច​ជួយ​លើក​កម្ពស់​សុខភាព​បេះដូង​របស់​យើង។​ អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​​​អូមេហ្គា​៣​ ​មាន​ដូចជា​ត្រី​សាម៉ុន​ ត្រី​ធូណា​ គ្រាប់​ធញ្ញជាតិ​ គ្រាប់​ផ្លែឈើ​ និង​ពពួក​ប្រេង​រុក្ខជាតិ​។

    របបអាហារសុខភាព២

    ​​​៥. ញ៉ាំ​ប្រូតេអ៊ីន​គ្រប់គ្រាន់​

    នៅ​ពេល​យើង​ឈាន​ចូល​​វ័យ​៣០​ឆ្នាំ​ យើង​នឹង​ចាប់ផ្ដើម​បាត់បង់​សាច់ដុំ​ចំនួន​៥%​ជា​រៀង​រាល់​១០​ឆ្នាំ​ម្ដង​ ដែល​កត្តា​​បាត់បង់​សាច់ដុំ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ វា​អាច​បណ្ដាល​ឲ្យ​​យើង​ខ្សោយ​ និង​ពិបាក​ធ្វើ​ចលនា​​។​ ដើម្បី​បញ្ចៀស​បញ្ហា​ទាំង​នេះ​ យើង​គប្បី​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ដូចជា​សាច់​ ទឹក​ដោះ​គោ​ ឬ​ស៊ុត​​។​​

    ៦. ញ៉ាំ​អាហារ​​មាន​ជាតិ​សរសៃ​

    ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ អាច​ធានា​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​​ដំណើរការ​ត្រឹមត្រូវ​ រក្សា​បាក់តេរី​ល្អ​ៗ​ និង​ការពារ​ការ​កកើត​ឡើង​នៃ​ជាតិ​ពុល​ ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​ និង​ ជំងឺ​មហារីកប្រព័ន្ធរំលាយអាហារ​ផ្សេង​ទៀត​។​ ​ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​បំពេញ​តម្រូវ​ការ​ជាតិ​សរសៃ​ឲ្យ​បាន​គ្រប់គ្រាន់​ ដោយ​ការ​ញ៉ាំ​បន្លែ​ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ជា​រៀង​រាល់​ថ្ងៃ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម