ការញ៉ាំសាច់ឆៅគឺជាទម្លាប់មួយនៃការញ៉ាំអាហាររបស់ប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ទោះបីជាការញ៉ាំសាច់ឆៅនេះទទួលការពេញនិយមក៏ដោយ ប៉ុន្តែយើងក៏នៅតែមានការព្រួយបារម្ភទៅលើសុវត្ថិភាពនៃការញ៉ាំសាច់ឆៅដែរ។
ត្រួតពិនិត្យដោយ គឹម កាណែល
ការញ៉ាំសាច់ឆៅគឺជាទម្លាប់មួយនៃការញ៉ាំអាហាររបស់ប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ទោះបីជាការញ៉ាំសាច់ឆៅនេះទទួលការពេញនិយមក៏ដោយ ប៉ុន្តែយើងក៏នៅតែមានការព្រួយបារម្ភទៅលើសុវត្ថិភាពនៃការញ៉ាំសាច់ឆៅដែរ។
នៅពេលញ៉ាំសាច់ឆៅ យើងងាយនឹងប្រឈមនឹងជំងឺបង្កដោយសារអាហារដែលជាទូទៅសំដៅទៅលើការពុលអាហារ។ នេះបណ្ដាលមកពីការញ៉ាំអាហារដែលមានផ្ទុកបាក់តេរី វីរុស ប៉ារ៉ាស៊ីត និងជាតិពុលជាដើម។ ជាទូទៅអាហារទាំងនេះចម្លងមេរោគអំឡុងពេលធ្វើសត្តឃាតប្រសិនជាពោះវៀនរបស់សត្វទាំងនោះបានខូច និងចម្លងភ្នាក់ងារបង្ករោគទៅក្នុងសាច់។
រោគសញ្ញានៃជំងឺបង្កដោយអាហាររួមមានអាការៈចង្អោរ ក្អួត រាករូស ឈឺពោះ គ្រុនក្ដៅ និងឈឺក្បាល។ រោគសញ្ញាទាំងនេះធម្មតាមានចន្លោះពី២៤ម៉ោងរហូតដល់៧ថ្ងៃ ឬអាចយូរជាងនេះក្នុងករណីមួយចំនួន និងយោងតាមប្រភេទភ្នាក់ងារបង្ករោគ។ ជាទូទៅការចម្អិនសាច់អាចកម្ចាត់ភ្នាក់ងារបង្ករោគទាំងនោះ។ ម៉្យាងទៀតភ្នាក់ងារបង្ករោគនេះគឺមានតែនៅក្នុងសាច់ឆៅប៉ុណ្ណោះ។ ហេតុនេះហើយទើបការញ៉ាំសាច់ឆៅអាចបង្កើនហានិភ័យនៃការមានជំងឺបង្កដោយសារអាហារ។
អ្នកងាយប្រឈមនឹងជំងឺបង្កដោយសារអាហារមានដូចជាកុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សវ័យចំណាស់។
ទោះបីជាមានការអះអាងមួយចំនួនថាសាច់ឆៅមានសារធាតុចិញ្ចឹមច្រើនជាងសាច់ចម្អិនហើយក្ដី ប៉ុន្តែការអះអាងនេះមិនមានភស្តុតាងគាំទ្រគ្រប់គ្រាន់ទេ។
ការសិក្សាជាច្រើនបានអះអាងថាការចម្អិនសាច់អាចកាត់បន្ថយបរិមាណនៃវីតាមីន និងរ៉ែរួមមានThiamine(វីតាមីន B1) riboflavin niacin សូដ្យូម ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម និងផូស្វ័រ។ ដោយឡែក ការសិក្សាទាំងនេះក៏បានសម្គាល់ឃើញថាសាច់ចម្អិតមានកម្រិតនៃជាតិរ៉ែផ្សេងទៀតជាពិសេសស្ពាន់ ស័ង្កសី និងជាតិដែកកើនឡើងទៅវិញ។
ជាមួយគ្នានេះព័ត៌មាននៃភាពខុសគ្នារវាងសាច់ឆៅ និងសាច់ចម្អិនហើយគឺនៅមានកម្រិត ហើយក៏មិនមានឃើញច្បាស់លាស់ថាសាច់ឆៅមានប្រយោជន៍ដែលគួរឲ្យកត់សម្គាល់ជាងសាច់ឆ្អិននោះដែរ។
នៅពេលញ៉ាំសាច់ឆៅគឺមិនមានការធានាទៅលើសុវត្ថិភាពទេ ប៉ុន្តែមានវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺបង្កដោយសារអាហារ។
នៅពេលញ៉ាំសាច់ឆៅដូចជាសាច់ជ្រូក សាច់មាន់ និងសាច់គោ យកល្អយើងគួរជាអ្នកជ្រើសរើសសាច់ និងកិនសាច់ដោយខ្លួនឯង។ ការធ្វើបែបនេះមានសុវត្ថិភាពជាងការជ្រើសរើសសាច់កិនដែលវេចខ្ចប់ស្រាប់ព្រោះសាច់ទាំងនេះមកពីសត្វច្រើនក្បាលដែលអាចបង្កើនហានិភ័យនៃការឆ្លងជំងឺ។ ម៉្យាងទៀត សាច់ដែលមកពីសត្វតែមួយក្បាល ទោះបីជាមានមេរោគក៏មានក្នុងកម្រិតតិចដែរ។ គួរបញ្ជាក់ផងដែរថា ការញ៉ាំសាច់កិនឆៅគឺមានហានិភ័យខ្ពស់ជាងការញ៉ាំសាច់ឆៅធម្មតា។
សម្រាប់សាច់ត្រីវិញ យើងអាចកាត់បន្ថយហានិភ័យបានដោយវិធីផ្សេង។ សាច់ត្រីឆៅគឺមានសុវត្ថិភាពជាងសាច់ឆៅប្រភេទផ្សេងទៀតព្រោះសាច់ត្រីត្រូវគេយកទៅក្លាសេភ្លាមៗក្រោយពីចាប់បានដែលនេះអាចសម្លាប់ភ្នាក់ងារចម្លងរោគបានច្រើន។
ដោយឡែក សាច់មាន់គឺមានគ្រោះថ្នាក់ច្រើនពេលញ៉ាំឆៅបើប្រៀបធៀបនឹងសាច់ឆៅផ្សេងទៀត។ សាច់មាន់ច្រើនផ្ទុកបាក់តេរី ដូចជា Salmonella។ សាច់មាន់ជាសាច់ដែលងាយក្នុងការបង្ករោគ ហើយមេរោគទាំងនោះអាចចូលទៅក្នុងសាច់ជ្រៅទៀតផង។ ដូចនេះហើយទោះបីជាដុតផ្ទៃខាងលើនៃសាច់មាន់ឆៅហើយក៏ដោយក៏មិនសម្លាប់ភ្នាក់ងារចម្លងរោគទាំងអស់ដែរ។
ដើម្បីចៀសវាងការឆ្លងជំងឺបង្កដោយសារអាហារ យើងគួរចម្អិនសាច់ជ្រូក សាច់គោ និងសាច់ត្រីក្នុងសីតុណ្ហភាពយ៉ាងតិច ៦៤អង្សាសេ សាច់កិន៧០អង្សាសេ និងសាច់មាន់យ៉ាងតិច៧៤អង្សាសេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល