backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

MRI (ថតអឹមរ៉ាយ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jan 25, 2019

និយមន័យ

១- តើអ្វី​ទៅជា​ MRI ?

MRI មក​ពី​ពាក្យ Magnetic​​ Resonance ​​Imaging ជា​តេស្ត​​ប្រើប្រាស់​កម្លាំង​ដែកឆក់​ រលក​វិទ្យុ​សកម្ម​ និង​កុំព្យូទ័រ​ ដើម្បី​ថតមើល​រូបភាព​ខាង​ក្នុង​រាងកាយ។ គ្រូពេទ្យ​​ប្រើតេស្ត​នេះ ដើម្បី​ធ្វើរោគវិនិច្ឆ័យ ក៏ដូចជា​តាមដាន​ការ​ព្យាបាល។​ MRI​ ​ខុសពី​កាំរស្មីអ៊ិច ​និង​ថត CT ត្រង់​មិន​ប្រើ​កាំរស្មី​នោះ​ឡើយ។

២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ?

MRI ​ជួយ​គ្រូពេទ្យធ្វើ​រោគ​វិនិច្ឆ័យ​ តាម​ដាន​ការ​ព្យាបាល​ ងាយ​ស្រួល​វាយត​ម្លៃ​​គ្រប់​ផ្នែក​នៃ​រាងកាយ។

ថត ​MRI លើ​ខួរ​ក្បាល និង​ខួរឆ្អឹង​ខ្នង​ដើម្បី​រក​មើល​បញ្ហា​មួយ​ចំនួន​ដូចជា៖

– ករណី​ខូច​ខាត​សរសៃ​ឈាម​

– របួស​ខួរក្បាល​

– មហារីក​

– បញ្ហា​ក្រិន​សរីរាង្គ​ណា​មួយ (Multiple sclerosis)

– របួស​ខួរឆ្អឹង​ខ្នង​

– ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល (Stroke)​

ថត ​MRI លើ​បេះដូង​ និងសរសៃ​ឈាម​ដើម្បីរក៖​

– ​សរសៃ​ឈាមស្ទះ

– ការ​ខូចខាត​បណ្តាល​មក​ពីការ​គាំងបេះដូង

– ជំងឺ​បេះដូង

– ទម្រង់​បេះដូង​ខុសធម្មតា

ថត ​MRI​ ទៅលើ​ឆ្អឹង​ និង​សន្លាក់​ដើម្បីរក៖

– ករណីឆ្លង​រោគ​នៅឆ្អឹង

– មហារីក

– ករណី​ខូចខាត​សន្លាក់

– មាន​បញ្ហា​នៅ​ទ្រនាប់​ឆ្អឹងខ្នង

MRI​ ក៏អាច​ថតដើម្បីពិនិត្យ​សុខភាព​សរីរាង្គ​មួយចំនួន​ដូចជា៖

– សុដន់

– ថ្លើម

– តម្រង​នោម

– អូវែរ

– លំពែង

– ក្រពេញ​ប្រូស្តាត

ប្រភេទ​ថត ​MRI ​ពិសេស​ម៉្យាង​ ហៅថា​ functional MRI (fMRI)​ អាច​មើល​សកម្មភាព​ខួរក្បាល​បាន ​ដោយ​មើល​លើ​លំហូរ​ឈាម​ខួរក្បាល​ ផ្នែក​ដែល​ធ្វើការ។​ ថត fMRI​ ជួយ​គ្រូពេទ្យ​ដឹងពី​បញ្ហា​ខួរក្បាល​មួយ​ចំនួន ​ដូចជា កម្រិត​ស្ទះសរសៃ​ឈាម​ខួរក្បាល​ ឬ​អាច​ប្រើប្រាស់​ ​រៀបចំ​ការ​វះកាត់​ដុំសាច់​ ឬ​ជំងឺ​ឆ្កួត​ជ្រូក​ជាដើម។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរដឹង​អ្វី​ខ្លះ​មុន​ថត MRI?

​មុន​ធ្វើ​តេស្ត​នេះ គ្រូពេទ្យ​អាច​នឹង​អោយ​អ្នក​ ត្រូវ​ឆ្លើយ​សំនួរ​មួយ​ចំនួន​ឲ្យ​បាន​ច្បាស់ ​ព្រោះ​វា​សំខាន់​ណាស់​សម្រាប់​គ្រូពេទ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ថត ឬ​មិន​ថត។ ត្រូវ​ប្រាប់​គ្រូពេទ្យ ក្នុង​ករណី​ធ្លាប់ដាក់​បំពង់ដែក​ពង្រីក​សរសៃ​ឈាម​ (Stents) ដាក់ដែក​ក្បាល​ជង្គង់​ ឬត្រគៀក​ ដាក់ថ្ម​បេះដូង​ (Pacemakers) ​ឬដាក់​ប្រដាប់​បញ្ជូល​ថ្នាំ​ មាន​សាក់​នៅ​ស្បែក​ ឬបិត​បន្ទះថ្នាំ​ ព្រោះ​ករណី​ទាំង​នេះ​អាចធ្វើ​ឲ្យ​រលាក​ស្បែក​អំឡុង​ពេល​ថត។ លុះត្រា​តែគ្រូ​ពេទ្យ​ប្រាកដ​ថា មាន​សុវត្ថិភាព​ទើប​អាច​ថតបាន។

ក្នុង​ករណី ​ខ្លាច​កន្លែង​ចង្អៀត​ គួ​រប្រាប់​គ្រូពេទ្យ​ជាមុន​ ព្រោះ​កន្លែង​គេង​ថតរៀង​ចង្អៀត​បន្តិច។ គ្រូពេទ្យ​នឹង​ឲ្យកាស ឬ​ប្រដាប់​ខ្ទប់​ត្រចៀក ព្រោះ​ពេល​ថត​មាន​សំឡេង​ខ្លាំង។

បើសិន​គ្រូពេទ្យ​តម្រូវ​ឲ្យចាក់​សារធាតុ​ថ្នាំ​សម្រាប់​ថត ​(contrast agent )​ ចុង​ដៃ​យើងអាច​នឹង​ត្រជាក់​បន្តិច ​បើឈឺ​ចាប់ ប្រញាប់​ប្រាប់​គ្រូពេទ្យ​ភ្លាម។

ត្រូវចាំ​ថា ​គ្រូពេទ្យ​ធ្វើតេស្ត​នេះក្នុង​ករណី ​វាផ្តល់​នូវព័ត៌មាន​ចាំបាច់​សម្រាប់​គាត់សម្រាប់​ការ​ព្យាបាល។ បើមាន​ចម្ងល់ កុំ​ខ្លាចឆាប់​សួរ​គ្រូពេទ្យភ្លាម។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា?

​មិនចាំ​បាច់ត្រៀម​អ្វីមក​ពីផ្ទះ​ទេ ​ពេល​ទៅ​ដល់ គ្រូពេទ្យ​ នឹង​ឲ្យ​យើង​ផ្លាស់​សម្លៀក​បំពាក់​សម្រាប់​ថត ហើយ​ដោយ​សារ​តែការ​ថតត្រូវ​ប្រើ​កំលាំង​ដែកឆក់​ខ្លាំង តម្រូវ​ឲ្យដោះ​គ្រឿង​អលង្ការ​ ឬ​សារធាតុ​ដែក​ផ្សេងៗ ​ចេញពី​ខ្លួន​ឲ្យអស់។

ថត​សរីរាង្គ​ខ្លះតម្រូវ​ឲ្យ​ជំងឺ​ចាក់​ថ្នាំ​សម្រាប់​ថត​ (Contrast agent)។​ មុន​ពេល​ថត​គ្រូពេទ្យ​ នឹង​និយាយ​ជា​មួយ​យើង ​ទាក់ទង​នឹង​ចម្ងល់​​មួយ​ចំនួន។ ពេល​ចូល​ក្នុង​បន្ទប់​ថត​ គ្រូពេទ្យ​នឹងរៀប​ចំឲ្យយើង​គេង ឲ្យ​កាស​ត្រចៀក​ អាច​ចាក់​ជា​បទចំរៀង​ជួយ​បន្ធូរ​អារម្មណ៍។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេល​ថត?

ជាតិ​ថ្នាំ​គ្រូពេទ្យ​ចាក់​ដើម្បី​មើល​សរីរាង្គ​មួយ​ចំនួន​ឲ្យកាន់​តែច្បាស់ ​ហៅថា Gadolinium​ អាច​ធ្វើឲ្យ​យើង​ធុំ​ជាតិ​ដែក​ពេញ​មាត់។ គ្រូពេទ្យ​នឹងយក​ក្រណាត់​មក​ចង​ទប់​អំឡុង​ពេល​គេង​ថត ចំណែក​រាង​កាយ​យើង​អាច​នៅ​ក្នុងម៉ាស៊ីន​ទាំងមូល​ ឬនៅ​ក្រៅខ្លះ។

ម៉ាស៊ីន ​MRI ​ធ្វើឲ្យ​មាន​ប្រតិកម្ម​ដែកឆក់​ខ្លាំងក្នុង​ខ្លួនយើង ​បាន​បញ្ជូន​សញ្ញា​ទាំងនោះ​មកកុំព្យូទ័រ​ និង​ចេញ​ជា​រូបភាព​រាង​កាយ​ក្នុង​ចំណិត​ស្តើងៗ។ យើង​អាចឮ​សំឡេង​គោះ​ដឹបៗ ជា​សំឡេង​ម៉ាស៊ីន​កំពុង​ថត​រាងកាយ។ អាច​មានអារម្មណ៍​ញាក់តិចៗ ដោយសារ​តែ MRI​ ភ្ញោច​សរសៃ​ប្រសាទ​ក្នុងរាង​កាយ តែ​ក៏​មិន​ចាំបាច់​បារម្ភ​ដែរ ហើយ​តេស្ត​ទាំងមូល​ចំណាយ​ពេលចន្លោះ​ពី ២០-៩០ នាទី។

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​ថត MRI?

ពេល​ថត​ហើយ​ គ្រូពេទ្យ​នឹងពិនិត្យ​មើលរូប។​ បើអាច​យកជា​ការបាន​ យើង​អាចទៅ​ផ្ទះ​វិញ​រង់​ចាំលទ្ធផលពេលក្រោយ។

លទ្ធផល​

៧- លទ្ធផល​មាន​ន័យ​យ៉ាង​ណា?

គ្រូពេទ្យ​ នឹង​សរសេរ​បាយការណ៍​ផ្ញើឲ្យ​គ្រូពេទ្យ​ទទួលការ​ព្យាបាល​យើង ដើម្បី​ធ្វើការ​ណាត់ជួប​ពិភាក្សា​លទ្ធផល​​នៅពេល​ក្រោយ។ ប្រសិន​បើអ្នក​មាន​ចម្ងល់អ្វី​ទាក់ទង​ថត​ សូមសួរ​គ្រូពេទ្យ​បន្ថែម។

លទ្ធផល​ធម្មតា​ ​អាចខុស​គ្នាបន្តិច​បន្តួច​អាស្រ័យ​លើ​កន្លែង​ថត​នីមួយៗ ហេតុនេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើ​មាន​ចម្ងល់​ពីលទ្ធផល​តេស្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jan 25, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម