backup og meta

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាអារម្មណ៍ចេះតែប្រែប្រួលភ្លាមៗ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 21, 2020

    ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាអារម្មណ៍ចេះតែប្រែប្រួលភ្លាមៗ?

    មនុស្សគ្រប់​រូប​សុទ្ធ​តែ​ធ្លាប់​ជួប​បញ្ហា​អារម្មណ៍​ប្រែ​ប្រួល​ជា​រើយ​ៗ។ បម្រែ​បម្រួល​អារម្មណ៍ គឺ​ជា​ស្ថាន​ភាព​មួយ​​ដែល​​យើង​​ប្រែ​ពី​អារម្មណ៍​​​សប្បាយ​ទៅ​ជា​កើត​ទុក្ខ​មួយ​រំពេច។ បម្រែ​បម្រួល​អារម្មណ៍​អាច​កើត​ឡើង​ដោយ​សារ​កត្ដា​ជុំ​វិញ​ខ្លួន ហើយ​​អាច​ខុស​​​គ្នា​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត។ មាន​ពេល​ខ្លះ​អារម្មណ៍​របស់​យើង​អាច​នឹង​ប្រែ​ប្រួល ដោយ​មិន​មាន​មូលហេតុ​អ្វី​ទាំង​អស់​ក៏​មាន​។ កត្តា​​សុខភាព​​ផ្លូវ​​កាយ ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​​ប្រែប្រួល​បាន​​ដែរ។

    ១- រោគសញ្ញានៃបញ្ហាបម្រែ​បម្រួល​អារម្មណ៍

    ក្រៅ​ពី​អារម្មណ៍​ប្ដូរ​ភ្លាមៗ យើង​​អាច​មាន​រោគ​សញ្ញា​ផ្សេង​ដូច​ខាង​ក្រោម៖

    • គិត​ច្រើន និង​ឆេវ​ឆាវ
    • វង្វេង និង​ភ្លេច​ភ្លាំង​ច្រើន
    • ការ​ផ្ដោត​អារម្មណ៍ថយ​ចុះ
    • ស្រមៃ​មើល​ឃើញ​វត្ថុ​ផ្សេង​ៗ​ដែល​មិន​ពិត
    • បាក់​ទឹក​ចិត្ដ
    • ការ​សម្រេច​ចិត្ដ​ធ្លាក់​ចុះ
    • អស់​កម្លាំង
    • មិនសូវ​ប្រុង​ប្រយ័ត្ន
    • ធ្វើ​អ្វី​ផ្ដេស​ផ្ដាស
    • និយាយ​ញាប់
    • ពិបាក​យល់ និង​បញ្ចេញ​មតិ
    • ចំណង់​ញ៉ាំ​អាហារ​ និង​ទម្ងន់​ប្រែប្រួល
    • រដូវ​មក​មិន​ទៀង
    • ចង្អោរ​ ឬចង់​ក្អួត
    • គេង​មិនលក

    ២- តើអ្វីខ្លះជាមូលហេតុធ្វើឲ្យអារម្មណ៍យើងប្រែប្រួល?

    ជំងឺ​ផ្លូវ​ចិត្ដ​មួយ​ចំនួន​ដូចជា ជំងឺ ប៊ីប៉ូឡា (Bipolar) cyclothymic disorder បាក់​ទឹក​ចិត្ដ​ធ្ងន់​ធ្ងរ dysthymia ជំងឺ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​រំខាន​បាន សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​អារម្មណ៍​ប្រែ​ប្រួល​។ ជំងឺសរសៃ​ប្រសាទ (Schizophrenia) និងជំងឺ attention deficit hyperactivity disorder ក៏​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​​ដែរ។

    អ័រម៉ូន​ធ្លាក់​ចុះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធាតុ​គីមី​ក្នុង​ខួរ​ក្បាល ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​​ប្រែ​ប្រួល។ មនុស្ស​វ័យ​ជំទង់ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្រ្តី​អស់​រដូវ ភាគ​ច្រើន​មាន​បញ្ហា​បម្រែ​បម្រួល​អ័រម៉ូន ដែល​ធ្វើឲ្យ​អ្នកទាំង​នោះ​​ឆាប់​ប្រែ​ប្រួល​អារម្មណ៍​។

    ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន ឬ​គ្រឿង​ស្រវឹង អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​អ្នក​ប្រើ​ប្រាស់។ ពេល​ប្រើ​សារធាតុ​ទាំង​អស់​នោះ​ច្រើន​ពេក ​នឹង​ប្រែ​ទៅ​ជា​ញៀនដែល​នោះ​ជា​ជំងឺសតិ​អារម្មណ៍​ម្យ៉ាង។

    បញ្ហា​សុខភាព​មួយ​ចំនួន​ផ្សេង​ទៀត​មាន​ដូចជា​អ្នកជំងឺ​សួត ជំងឺសរសៃ​ឈាម​បេះ​ដូង ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត និង​ជំងឺ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​មា​នអារម្មណ៍​ប្រែ​ប្រួល។

    ៣- កត្តាងាយនាំឲ្យអារម្មណ៍ប្រែប្រួល

    ក្រៅ​ពី​មូល​ហេតុ​ទាំង​អស់​ខាង​លើ បញ្ហា​ប្រែ​ប្រួល​អារម្មណ៍​អាច​កើត​ឡើង​ដោយសារ​កត្តា​មួយ​ចំនួនមាន​ដូចជា ស្ត្រេស ជីវិត​រស់​នៅ​ប្រែប្រួល របប​អាហារ របៀប​នៃ​ការ​គេង និង​ថ្នាំ​ពេទ្យ​មួយ​ចំនួន។ បើ​យក​ល្អ​យើង​គួរ​គាត់​សម្គាល់​មើល​ថា តើ​អារម្មណ៍​​ប្រែ​ប្រួល​នៅ​ពេល​ណា ដើម្បី​ជួយ​ឲ្យ​គ្រូពេទ្យ​ដឹង​អំពី​មូលហេតុ​ឲ្យ​បាន​កាន់​តែ​ច្បាស់។

    ៤- ពេលណាយើងចាំបាច់ត្រូវទៅជួបគ្រូពេទ្យ?

    មនុស្ស​មួយ​ចំនួន​ឆាប់​ដាក់​អារម្មណ៍ ប៉ុន្តែ​អ្នកទាំង​នោះ​​មិន​មាន​បញ្ហា​អ្វី​ឡើយ។ ប្រសិន​បើ​អារម្មណ៍​របស់យើង​​ មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ទេ​នោះ ​មិនចាំ​បាច់​ត្រូវ​បារម្ភពី​វា​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​អារម្មណ៍​របស់​យើង​នៅ​តែ​បន្ដ​ប្រែប្រួល​ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​ យើង​ចាំ​បាច់​ត្រូវស្វែង​រក​ជំនួយ​ហើយ។ ឧទាហរណ៍​​ដូច​ជា អារម្មណ៍​របស់​យើង​​ផ្ដោត​តែ​លើ​សកម្មភាព​​មិន​ល្អ ឬ​ធ្វើ​បាប​ខ្លួន​ឯង នោះ​ចាំ​បាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ។

    ៥- តើបញ្ហាអារម្មណ៍ប្រែប្រួលអាចព្យាបាលបានតាមវិធីណា?

    ប្រសិន​បើ​អារម្មណ៍​របស់​យើង​​ប្រែ​ប្រួល​ដោយ​សារ​បញ្ហា​ជំងឺ ការ​ព្យាបាល​ជំងឺក្នុង​ខ្លួន​នឹង​ជួយ​ដល់​អារម្មណ៍​របស់​យើង​។ ​ប្រើ​ថ្នាំ​ពេទ្យ បូក​រួម​ជាមួយ​ការព្យាបាល​ដោយ​ប្ដូរ​របៀប​នៃ​ការ​រស់​នៅ អាច​ជួយ​ឲ្យ​យើង​គ្រប់​គ្រង​អារម្មណ៍បាន​យ៉ាង​ប្រសើរ។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួនគ្នា​យើង​​សាក​ល្បង​ប្រើ​ប្រាស់​បាន៖

    • ត្រូវ​ធ្វើ​ការ​តាម​កាល​វិភាគ​ទៀង​ទាត់
    • ហាត់​ប្រាណ​ជា​ប្រចាំ
    • គេង​ឲ្យ​បាន​គ្រប់​គ្រាន់
    • ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព
    • ហាត់​យ៉ូហ្កា ឬ​តាំង​សមាធិ
    • មិន​ត្រូវ​ឲ្យ​មាន​បញ្ហា​ស្រ្តេស​កើត​ឡើង
    • ធ្វើ​សកម្មភាព​ដែល​ចូលចិត្ដ
    • ចែក​រំលែក​អារម្មណ៍​ជាមួយ​មនុស្ស​ដែល​យើង​ទុក​ចិត្ដ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម