ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
លិង្គមិនឡើងរឹង កើតឡើងនៅពេល អាអូនតូចមិនអាចឡើងរឹង ឬទប់ភាពរឹងមិនបានយូរ ពេលត្រូវការ ឬអំឡុងពេលកំពុងរួមភេទ។
ប្រុសៗអាចមានបញ្ហានេះក្នុងករណី៖
– ពេលខ្លះមិនអាចឡើងរឹង
– ឡើងរឹង តែមិនបានយូរគ្រប់គ្រាន់ដើម្បីរួមភេទ
– មិនឡើងរឹងសោះតែម្តង
បញ្ហាលិង្គមិនឡើងរឹង កើតមានលើប្រុសៗគ្រប់ជាតិសាសន៍ជុំវិញលើពិភពលោក ហើយងាយជួយបញ្ហានេះបំផុត គឺនៅពេលវ័យកាន់តែចាស់។
ឧទាហរណ៍ បញ្ហាលិង្គមិនឡើងរឹងកើតមានលើមនុស្សប្រុសតាមវ័យ ដូចខាងក្រោម៖
– ប្រមាណ ១២ភាគរយ ក្នុងចំណោមបុរសក្រោម អាយុ ៦០ឆ្នាំ មានបញ្ហានេះ
– ២២ភាគរយ ក្នុងចំណោមបុរសអាយុចាប់ពី ៦០-៦៩ ឆ្នាំ
– ៣០ភាគរយ ក្នុងចំណោមបុរសអាយុចាប់ពី ៧០ ឡើងទៅ
បញ្ហានេះអាចគ្រប់គ្រងបាន តាមរយៈកាត់បន្ថយកត្តាប្រឈមមួយចំនួន។ គួរប្រឹក្សាជាមួយគ្រូពេទ្យ បើមានចម្ងល់ ឬមន្ទិលសង្ស័យ។
រោគសញ្ញាចម្បង គឺមិនអាចឡើងរឹង ឬរក្សាភាពរឹងដល់ទីបញ្ចប់នៃការរួមភេទ។
ករណីនេះ បើសិនជាបណ្តាលមិនពីកត្តា បញ្ហាផ្លូវចិត្ត អាចដោយសារ ថប់បារម្ភ អារម្មណ៍ឆេវឆាវ បាក់ទឹកចិត្ត គេងមិនលក់ បារម្ភសកម្មភាពផ្លូវភេទ។ ខណៈបញ្ហាបណ្តាលមកពីកត្តាផ្លូវកាយ ដូចជា ឈាមទៅចិញ្ចឹមអវយវៈជើងមិនគ្រប់គ្រាន់ ចុកទ្រូង ដកដង្ហើមញាប់ៗ និងមានជំងឺទឹកនោមផ្អែម។
នៅមានរោគសញ្ញាមួយចំនួនទៀតមិនបានរៀបរាប់ខាងលើ គួរជួបគ្រូពេទ្យពេលណាសង្ស័យ ឬមានប្រទះសញ្ញាមិនឡើងរឹងណាមួយ។
គួរទៅជួបគ្រូពេទ្យ ក្នុងករណី៖
– មានការបារម្ភ ឬមានបញ្ហាផ្លូវភេទផ្សេងៗ ដូចជាឆាប់ចេញទឹកកាម ឬយូរចេញ។
– មានជំងឺទឹកនោមផ្អែម បេះដូង ឬជំងឺផ្សេងទៀត ពាក់ព័ន្ធនឹងបញ្ហាលិង្គមិនឡើងរឹង។
មូលហេតុបង្កអាចមកពី៖
– បញ្ហាអ័រម៉ូន
– ជំងឺ ធ្វើឲ្យឈាមរត់ទៅមិនគ្រប់ ឬបំផ្លាញសរសៃប្រសាទលិង្គ
– សរសៃប្រសាទលិង្គ អាចប៉ះពាល់ ដោយសារវះកាត់នៅអាងត្រគាក ឬពោះ ពិសេសវះកាត់ក្រពេញប្រូស្តាត ឬព្យាបាលដោយកាំរស្មី ជំងឺឆ្អឹងខ្នង ឬទឹកនោមផ្អែម។
នៅមានកត្តាផ្សេងៗទៀត អាចរួមចំណែកបង្កបញ្ហានេះ ដូចជាដាច់សរសៃឈាម ជក់បារី ផឹកស្រា និងការប្រើថ្នាំមួយចំនួន ដូចជា ថ្នាំបន្ថយសម្ពាធឈាម ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត ថ្នាំសណ្តំ ថ្នាំ Cimetidine (ថ្នាំក្រពះ) ថ្នាំ Digoxin (ថ្នាំបន្ថយចង្វាក់បេះដូង) ថ្នាំបញ្ចុះទឹកនោម និងថ្នាំញៀនមួយចំនួន។
កត្តាប្រឈមនាំឲ្យមានបញ្ហាលិង្គមិនឡើងរឹងមានដូចជា៖
– ធាត់ពេក
– បញ្ហាផ្លូវចិត្ត ស្រ្តេស ថប់បារម្ភ បាក់ទឹកចិត្ត
– ថ្នាំញៀន និងស្រា ប្រើថ្នាំយូរឆ្នាំ ឬផឹកស្រាច្រើន
– ជំងឺផ្លូវកាយ ជាពិសេស ទឹកនោមផ្អែម និងបេះដូង
– ប្រើប្រាស់ថ្នាំជក់ ធ្វើឲ្យសរសៃឈាមរួមតូច យូរៗនាំឲ្យមានបញ្ហាលិង្គមិនឡើងរឹង
– ជិះកង់យូរ អាចសង្កត់សរសៃប្រសាទ និងប៉ះពាល់ចរន្តឈាមទៅចិញ្ចឹមលិង្គ
– ការព្យាបាលមួយចំនួន ដូចជាវះកាត់ក្រពេញប្រូស្តាត ឬព្យាបាលមហារីកដោយកាំរស្មី
– រងរបួស ពិសេសលើសរសៃប្រសាទ ឬសរសៃឈាមដែលគ្រប់គ្រងការឡើងរឹង
– ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត Antihistamines និងថ្នាំគ្រប់គ្រងសម្ពាធឈាម ថ្នាំបំបាត់ការឈឺចាប់ ឬបញ្ហាក្រពេញប្រូស្តាត។
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
សម្រាប់ប្រុសៗមួយចំនួនធំ អាចត្រូវពិនិត្យរាងកាយ ហើយគ្រូពេទ្យនឹងសួរនាំប្រវត្តិជំងឺមួយចំនួន គ្រប់គ្រាន់ធ្វើរោគវិនិច្ឆ័យនេះ និងព្យាបាល។ ក្នុងករណីយើងមានជំងឺប្រចាំកាយផ្សេងទៀត ឬគ្រូពេទ្យជឿថា បណ្តាលមកពីកត្តាអ្វីមួយ អាចនឹងត្រូវធ្វើតេស្ត ឬពិគ្រោះជាមួយគ្រូពេទ្យឯកទេស ខណៈតេស្តត្រូវធ្វើមានដូចជា៖
– តេស្តឈាម៖ ដើម្បីពិនិត្យមើលសញ្ញាជំងឺបេះដូង ទឹកនោមផ្អែម កម្រិតអ័រម៉ូនភេទធ្លាក់ចុះ និងជំងឺផ្សេងទៀត។
– តេស្តទឹកនោម៖ ដូចគ្នានឹងការធ្វើតេស្តឈាម។
– ពិនិត្យអេកូ៖ ដើម្បីមើលចរន្តឈាមទៅកាន់លិង្គ។ ពេលខ្លះចាក់ថ្នាំដើម្បីភ្ញោចចរន្តឈាមហូរឲ្យលិង្គឡើងរឹងផងដែរ។
– ពិនិត្យបញ្ហាផ្លូវចិត្ត គ្រូពេទ្យអាចសួរពីជំងឺបាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងទៀត។
– ធ្វើតេស្តការឡើងរឹងពេលយប់ បុរសភាគច្រើនលិង្គឡើងរឹងនៅពេលគេងដោយមិនខ្លួន។ តេស្តនេះ ធ្វើតាមរយៈឧបករណ៍ពិសេសម្យ៉ាងទៅរុំជុំវិញលិង្គមុនពេលគេង ដើម្បីវាស់ពីចំនួនដង និងកម្លាំងឡើងរឹងនៅពេលយប់ អាចជួយឲ្យដឹងថាមូលហេតុមកពី បញ្ហាផ្លូវកាយ ឬផ្លូវចិត្ត។
– ថ្នាំអ័រម៉ូនតេស្តូស្តេរ៉ូន ដោយសារប្រុសៗមួយចំនួន មានបញ្ហាបណ្តាលមកពីខ្វះអ័រម៉ូននេះ។ ហើយករណីនេះ ការប្រើថ្នាំអរម៉ូននេះជាជម្រើសទីមួយ។
– បើយើងមានសុខភាពល្អ គ្រូពេទ្យអោយថ្នាំដូចជាថ្នាំ Sildenafil (®Viagra) ថ្នាំ Vardenafil (®Levitra, ®Staxyn) ថ្នាំ Tadalafil (®Cialis) ថ្នាំ Avanafil (®Stendra) ជាដើម។ ថ្នាំទាំងនេះនឹងបង្កើនចរន្តឈាមទៅកាន់លិង្គ ប៉ុន្តែមិនមែនជួយអោយលិង្គឡើងរឹងតែម្តងនោះទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ពីរយៈពេល និងប្រសិទ្ធភាពថ្នាំ។
– ប្រើឧបករណ៍បូម ជួយឲ្យឡើងរឹងបាន ដោយដាក់លិង្គចូលក្នុងបំពង់ រួចបូមខ្យល់ចេញ។ ពេលនោះឈាម នឹងហូរទៅកាន់លិង្គច្រើនជាងមុន ធ្វើឡើងធំ និងរឹងខ្លាំង។ យកកងកៅស៊ូនៅចុងបំពង់គៀបនៅគល់លិង្គ កុំអោយឈាមត្រឡប់ទៅវិញ។
– ព្យាបាលផ្សេងទៀត ដាក់ឧបករណ៍ចូលក្នុងលិង្គទាំងសងខាង។ ឧបករណ៍មានភាពទន់ និងអាចបត់បាន អាចបំប៉ោងតាមតម្រូវការ និងរយៈពេលចង់បាន។
ក្រៅពីនេះទៀត ព្យាបាលដោយចិត្តសាស្រ្ត ក៏អាចជួយសម្រួលបញ្ហាផ្លូវចិត្ត ជាហេតុបង្កអោយមានលិង្គមិនឡើងរឹងដូចគ្នា។
ទោះយ៉ាងណា បញ្ហានេះ ត្រូវការព្យាបាលរយៈពេលយូរ ទាមទារយើង រួមនឹងដៃគូសហការជាមួយគ្រូពេទ្យដើម្បីទទួលបានលទ្ធផលល្អបំផុត។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ឈប់ផឹកស្រា
– ដោះស្រាយបញ្ហាផ្ទាល់ខ្លួន និងគ្រួសារ ធ្វើឲ្យខ្លួនយើងលែងមានសម្ពាធ
– ឈប់ជក់បារី ងាកមករកស្ករកៅស៊ូ ថ្នាំបៀម ឬអាចសួរគ្រូពេទ្យពីថ្នាំផ្តាច់បារី
– សម្រកទម្ងន់ ព្រោះធាត់ពេកអាចធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ
– ធ្វើសកម្មភាពប្រចាំថ្ងៃអោយច្រើនជាងមុន។ ហាត់ប្រាណ ជួយកាត់បន្ថយស្រ្តេស សម្រកទម្ងន់ បង្កើនចរន្តឈាមហូរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕