backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

ស្វែង​យល់ពី​បញ្ហាឆាប់ចេញទឹកកាម (Premature ejaculation)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Dec 19, 2023

និយមន័យ

១- អ្វីជាឆាប់ចេញទឹកកាមជា​អ្វី?

​ឆាប់​ចេញ​ទឹក​កាម ​សំដៅ​លើ​ការ​បញ្ចេញ​ទឹក​កាម​ទាំង​មិន​អាច​គ្រប់​គ្រង​បាន មិន​ថា​មុន​ពេល​បញ្ចូល​ប្រដាប់​ភេទ ​ឬ​ក្រោយ​បន្តិច​នោះ​ទេ។ ករណី​នេះ​កើត​ឡើង​ដោយ​សារ​ការ​ភ្ញោច​ផ្លូវ​ភេទ​បន្តិច​បន្តួច​មុន​ពេលចង់រួមភេទ អាច​បង្ក​ជា​បញ្ហា​​ធ្វើ​ឲ្យ​ដៃគូ​ទាំង​ពីរ​ មិន​ពេញ​ចិត្ត​ ឬ​ត្រេកត្រអាល ប្រញាប់ប្រញាល​ពេក។

២- កើតឡើងញឹកញាប់ដែរទេ?

ឆាប់​ចេញ​ទឹក​កាម​ ជា​បញ្ហា​មួយ​ឧស្សាហ៍​កើត​បំផុត ញឹក​ញាប់​ជាង​គេ​ក្នុង​ចំណោម​បញ្ហា​ផ្លូវ​ភេទ​ប្រុសៗ ហើយ​អាច​កើត​លើ​ប្រុស​គ្រប់​វ័យ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញាមានអ្វីខ្លះ?

រោគ​សញ្ញា​សំខាន់​ គឺ​អសមត្ថភាព​​ទប់​ការ​ចេញ​ទឹក​កាម​​ តិច​ជាង​មួយ​នាទី ក្រោយ​ពី​ស៊ក​បញ្ចូល​ប្រដាប់​ភេទ។ យ៉ាង​ណា បញ្ហា​អាច​កើត​មាន​គ្រប់​ស្ថាន​ភាព​​រួម​ភេទ​សូម្បី​ តែ​ករណី​សម្រេច​កាម​ខ្លួន​ឯង ក៏​អាច​កើត​មាន​ដែរ។

បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ត្រូវ​ចែក​ចេញ​ជា ២ ករណីធំៗ៖

– កើត​តាំង​ពី​ការ​រួម​ភេទ​លើក​ដំបូង៖ អាច​កើត​ឡើង​តាំង​ពី​ពេល​ចាប់​ផ្តើម​រួមភេទ​ដំបូង ហើយ​បន្ត​កើត​ស្ទើរ​គ្រប់​ពេល​រួម​ភេទ។

– ទើប​កើត​មាន​ថ្មីៗ៖ ការ​រួម​ភេទ​ពី​មុន​ៗ​គ្មាន​បញ្ហា​នោះ​ទេ ទើប​តែ​ថ្មីៗ ឬ​មួយ​រយៈខ្លី។

ប្រុសៗ​ជា​ច្រើន​យល់​ថា ខ្លួន​មាន​រោគ​សញ្ញា​​បញ្ហា​ឆាប់​ចេញ​ទឹក​កាម តែ​សញ្ញា​ទាំង​នោះ​មិន​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ជា​រោគ​វិនិច្ឆ័យ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បញ្ហា​ទាំង​នោះ​អាចជា​​លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ​ ពេល​ខ្លះចេញ​លឿន ពេល​ខ្លះ​ទៀត​ចេញ​ដូច​ធម្មតា។

ឆាប់​ចេញ​ទឹក​កាម អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ ហើយបើមាន​មន្ទិល​សង្ស័យពី​រោគសញ្ញា​ណា​មួយ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៤- ពេលណាគួរទៅជួបពេទ្យ?

​បើ​ឧស្សាហ៍​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ សូម​ទៅ​ជួប​គ្រូពេទ្យ​។ ​ធម្មតា​រឿង​នេះ ច្បាស់​ជា​មាន​​អារម្មណ៍​ខ្មាសអៀន​ពេល​និយាយ​ចេញ​ឲ្យ​គេ​ដឹង តែ​កុំ​ដោយ​សារ​អៀនខ្មាស់ ​មិន​ហ៊ាននិយាយ​ជា​មួយ​គ្រូពេទ្យ​អី ព្រោះ​បញ្ហា​នេះ មាន​មនុស្ស​ប្រុស​ជាច្រើន​ជួប​ប្រទះ ​និង​អាច​ព្យា​បាល​ជា​សះ​ស្បើយ​ទៀត​ផង។

ពិគ្រោះ​ជា​មួយ​ពេទ្យ​អាច​ជួយ​យើង​អស់​កង្វល់ ឲ្យ​យើង​ដឹង​ប្រាកដ​ថា ករណី​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ម្តង​ម្កាល​ជា​រឿង​ធម្មតា​ ខណៈ​គិត​ជា​ធម្យម ​ពេល​ចាប់​ផ្តើម​រួម​ភេទ​ដំបូង និង​ដល់​ពេល​ចេញ​ទឹក​កាម មាន​រយៈពេល​ប្រហែល ៥ នាទី។

មូលហេតុបង្ក

៥- ​មូលហេតុ​បង្កមានអ្វីខ្លះ?

​បច្ចុប្បន្ន នៅ​មិនទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ពី​បញ្ហា​នេះ​នៅ​ឡើយ ប៉ុន្តែ​អាស្រ័យ​ទៅ​តាម​បទ​ពិសោធន៍ ​និង​អាយុ បុរស​ៗ ​អាច​ពន្យាពេល​ដល់​ចំណុច​កំពូល​បាន​កាន់​តែ​យូរ។ បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ អាច​មាន​សម្រាប់​ដៃ​គូ​ថ្មី​ថ្មោង អាច​ដោយ​សារ​ស្ថានការណ៍​រួម​ភេទ​ពិសេស​ណា​មួយ ឬ​អាច​ដោយ​សារ​ខក​ខាន​បាន​បញ្ចេញ​​យូរ​ពេក​ក៏​មាន។

យ៉ាង​ណា ​កត្តា​ផ្លូវ​ចិត្ត​មួយ​ចំនួន​ ដូច​ជា ថប់​បារម្ភ បន្ទោស​ខ្លួនឯង ឬ​បាក់​ទឹក​ចិត្ត ក៏​អាច​ធ្វើឲ្យបញ្ហា​នេះ​កើត​មាន​ដូច​គ្នា។ ករណី​ខ្លះ បញ្ហា​បម្រែ​បម្រួល​អ័រម៉ូន​ មាន​របួស ឬ​ផល​រំខាន​ដោយថ្នាំ​ណា​មួយ ​ក៏​អាច​បង្ក​បញ្ហា​នេះ​ដែរ។

កត្តាប្រឈម

៦- កត្តាប្រឈមមានអ្វីខ្លះ?

កត្តា​នាំ​ឲ្យ​ឆាប់​ចេញ​ទឹក​កាម​មាន​ដូច​ជា៖

– បញ្ហា​លិង្គ​មិន​ឡើង​រឹង៖ ធ្វើ​ឲ្យ​អត្រា​ឆាប់​ចេញ​ទឹក​កាម​កាន់​តែ​ខ្ពស់ អារម្មណ៍​ខ្លាច​អាអូន​លែង​រឹង ​នឹងជំរុញ​​បង្ខំ​ទៅ​ដល់​គោល​ដៅ នាំ​ឲ្យ​ចេញ​ទឹក​កាម​មុន​ពេល។

– តាន​តឹង​អារម្មណ៍​៖ ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​នេះ​ដូច​គ្នា ព្រោះ​ពេល​យើង​មិន​អាច​បន្ធូរ​អារម្មណ៍​បាន មាន​ន័យ​ថា ​មិន​អាច​ផ្តោត​អារម្មណ៍​លើ​ដៃ​គូររួម​ភេទ​យើង​ដែរ។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​នឹង​សួរ​ពី​ប្រវត្តិជំងឺ ​និងសុខ​ភាព​ផ្លូវ​ភេទ បន្ទាប់​មក​​ពិនិត្យ​រាង្គ​កាយ​ ពេល​ខ្លះ​អាច​ត្រូវ​ពិគ្រោះ​ជាមួយ​ដៃ​គូ​យើង​ទៀត​ផង។ បញ្ហា​ឆាប់​ចេញ​ទឹក​កាម អាច​មាន​មូល​ហេតុ​ច្រើន ដូច​នេះ​ គ្រូពេទ្យ​នឹង​សុំ​ធ្វើការ​វិភាគ​វេជ្ជសាស្ត្រ មួយ​ចំនួន​ដើម្បី​រក​ដោះស្រាយ​បញ្ហា​ត្រឹម​ត្រូវ​មួយ។

៨- ព្យាបាលដោយវិធីណា?

ករណី​ខ្លះ​ ពេល​វេលា អាច​ជួយ​ឲ្យ​ប្រុសៗ​ភាគច្រើន ​បាន​ធូរ​ស្រាល​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​មាន​ការ​​ព្យាបាល​ឡើយ។ ដោយ​គ្រាន់​តែ​ប្រើ​វិធី​បន្ធូរ​អារម្មណ៍ ឬ​បង្អាក់​អារម្មណ៍​អាច​ជួយ​ទប់​ទឹក​កាម​បាន​យូរ​ជាង​មុន។ សម្រាប់​ប្រុសៗ​ខ្លះ​ទៀត គ្រាន់​តែ​បន្ថយ ឬ​ឈប់​ជក់​បារី ផឹក​ស្រា និង​ឈប់​ប្រើ​ថ្នាំ​ខុស​ច្បាប់​មួយ​ចំនួន ​បញ្ហា​នេះ​ក៏អាច​ដោះស្រាយ​បាន​ដូចគ្នា។

គ្រូពេទ្យ​អាច​នឹង​ណែនាំ​អោយ​ប្រើ​អោយ​វិធី​ពិសេស ​ដើម្បី​ជួយ​ពន្យា​ពេល​ចេញ​ទឹក​កាម ដូច​ជា ​គ្រប់​គ្រង​អារម្មណ៍​មួយ​ចំនួន​អាច​នាំ​ឲ្យ​ឆាប់​ចេញ។ ត្រូវ​រៀន​ពី​ការ​ទំនាក់​ទំនង​​ជាមួយ​ដៃគូ ​ដើម្បី​ពន្យា ឬ​បញ្ឈប់​ការរំញោចផ្លូវ​ភេទ។ អាច​ប្រើ​ស្រោម​អនាម័យ​ ដើម្បី​កាត់​បន្ថយ​ការ​ទទួល​អារម្មណ៍​របស់​អាអូន ឬ​អាច​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ ពេល​រួម​ភេទ។ ពិគ្រោះ​ និង​ព្យាបាល​ផ្លូវ​ចិត្ត ​អាច​កាត់​បន្ថយ​បញ្ហា​ថប់​បារម្ភ ដែល​ជា​កត្តា​ជំរុញ​ឆាប់​ចេញ​ទឹក​តែ​ម្តង។

ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត អាច​នឹង​ត្រូវ​ណែនាំ​ឲ្យ​ប្រើ​ព្យា​បាល​បញ្ហា​នេះ​ មាន​ដូច​ជា ថ្នាំ Clomipramine (Anafranil) និង​ថ្នាំ Paroxetine (Paxil)។ ហេតុផល​ត្រូវ​ប្រើ​ថ្នាំ​ទាំង​នោះ ព្រោះ​អាច​រារាំង​ការឈាន​ដល់​ចំណុចកំពូល​បាន។ ថ្នាំ Tramadol (Ultram) ជា​ថ្នាំបំបាត់​ការ​ឈឺចាប់ អាច​ប្រើ​ដើម្បី​ពន្យា​ការ​ចេញ​ទឹក​កាមផង​ដែរ។

នៅ​មាន​ជា​ប្រភេទ​ក្រែម​លាប ជែល និង​ស្ព្រាយ ​អាច​ប្រើ​ជា​ជំនួយ​ព្យាបាល​បញ្ហា​នេះ​មុន​ពេល​ប្រតិបត្តិការ អាច​បន្ថយ​ការ​ទទួល​អារម្មណ៍​ពី​អាអូន​តូច។ ថ្នាំ​ទាំង​នោះ​ មាន​ពពួក Lidocaine និង Lidocaine-Prilocaine ជា​ដើម ប៉ុន្តែ​ពេល​ខ្លះ​អាច​​ប៉ះ​ពាល់​ដល់​​ញ្ញាណដឹង ប៉ះ​ពាល់​ប្រដាប់​ភេទ​ដៃគូ​យើង​ទៀត​ផង។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​យល់​ពី​ចំណុច​នេះ និង​ដើម្បី​បក​ស្រាយ​ពី​ចម្ងល់ និង​ព្យាបាល​ដោយ​វិធី​​ផ្សេងៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Dec 19, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម