backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Urethral Stricture (ត្បៀតបំពង់បង្ហូរទឹកនោម)


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 09, 2021

Urethral Stricture (ត្បៀតបំពង់បង្ហូរទឹកនោម)

និយមន័យ

១- អ្វីជាការ​ត្បៀតបំពង់បង្ហូរទឹកនោម?

បំពង់​បង្ហូរ​ទឹកនោម ​គឺ​ជា​បំពង់​​នាំ​ទឹក​នោម​ចេញ​ពី​ប្លោក​នោម​ទៅ​ក្រៅ​រាង​កាយ។ ធម្មតា​បំពង់​បង្ហូរ​ទឹក​នោម​ មាន​ទំហំ​ល្មម​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​ទឹក​នោម​ហូរ​ដោយ​សេរី។ នៅ​ពេល​​បំពង់​រួម​តូច​ នឹង​ត្បៀត​ដល់​លំហូរ​​ទឹក​នោម ហើយ​​ត្រូវ​គេ​ស្គាល់​ថា​ជាបញ្ហា​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម ​ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Urethral Stricture។

២- ត្បៀត​បំពង់​បង្ហូរ​ទឹកនោម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម  ឬ Urethral Stricture ​ជា​ស្ថាន​ភាព​ជំងឺ​​ច្រើន​កើត​លើ​ប្រុសៗ ហើយ​ការ​ត្បៀត​ អាច​កើត​មាន​កម្រ​ពី​កំណើត (Congenital) និង​លើ​ស្រីៗ។ បើ​មាន​សំ​ណួរ​ពាក់​ព័ន្ធ​បញ្ហា​នេះ ​គួរពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។

រោគ​សញ្ញា​

៣- រោគសញ្ញាត្បៀត​បំពង់​បង្ហូរ​ទឹក​នោម

រោគ​សញ្ញា​ជា​ទូ​ទៅ​ពាក់​ព័ន្ធ​បញ្ហា​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម មាន​ដូច​ជា៖

– មាន​ឈាម​នៅ​ក្នុង​ទឹក​កាម

– មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​បង្ហួរ​ទឹក​នោម

– ទឹក​នោម​មាន​ឈាម ឬ​ពណ៌​ខ្មៅ

– រាន់​នោម​ខ្លាំង និង​ឈឺ​នោម​ញឹក​ញាប់

– មិន​អាច​នោម​ឲ្យ​អស់​បាន (ស្ទះ​ទឹក​នោម)

– នោម​ឈឺ ឬ​ពិបាក​នោម

– បាត់​បង់​ការ​គ្រប់​គ្រង​ប្លោក​នោម

– នោម​កាន់​តែ​ញឹក​ញាប់ ឬ​បន្ទាន់​ខ្លាំង

– ឈឺ​នៅ​ផ្នែក​ខាង​ក្រោម​ពោះ និង​នៅ​តំបន់​អាង​ត្រគាក

– ទឹក​នោម​ចេញ​យឺត​ៗ (អាច​កើត​ឡើង​ភ្លាម​ៗ ឬ​បន្តិច​ម្តង​ៗ) ឬ​ការ​បាញ់​នៃ​ទឹក​នោម

– ហើម​លិង្គ។

នៅ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ។ បើ​មាន​សំ​ណួរ​រ​ទាក់​ទង​នឹង​រោគ​សញ្ញា​ខាង​លើ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។

មូល​ហេតុបង្ក

៤- មូលហេតុបង្ក​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម​មាន​អ្វី​ខ្លះ?

ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម ​ជា​ការស្ទះ​នៃ​បំពង់​បង្ហូរ​ទឹក​នោម ធម្មតា​កើត​ដោយ​សារ​ការ​រលាក​ ឬ​មាន​ស្នាម​សន្លាក់​នៃ​ជាលិកា បង្ក​ដោយ​​កត្តា​ជា​ច្រើន។ ក្មេង​ប្រុស​ធ្លាប់​​​វះ​កាត់កែ​សម្រួល​បំពង់​បង្ហូរ​ទឹក​នោម​ដែល​លូត​លាស់​មិន​​ល្អ ( Hypospadias) និងប្រុសៗ​ធ្លាប់​ទទួល​ការ​ផ្សាំ​លិង្គ​ ឬ​ជួស​ជុល​លិង្គ​ឡើង​វិញ អាច​មាន​ឱកាស​ខ្ពស់កើតជំងឺនេះបាន។

បញ្ហា​របួស​ឆ្អឹង ​គឺ​ជា​ប្រភេទ​នៃ​ការ​ប៉ះ​ទង្គិច​​ ច្រើន​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម (Urethral stricture)។ ឧទាហរណ៍ របួស​ឆ្អឹង​ដោយ​សារ​ការ​ធ្លាក់​ពី​លើ​កង់ ឬ​មាន​ការ​វាយ​ប្រហារ​នៅ​តំបន់​​ជិតពងស្វាស (Scrotum) សុទ្ធ​តែ​​អាច​បណ្តាលឲ្យ​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម។

មូល​ហេតុ​ដទៃ​ទៀត​អាច​បណ្តាល​ឲ្យ​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម មានដូច​ជា៖

– ​បាក់​ឆ្អឹង​អាង​ត្រគាក

– ​ដាក់​បំពង់ Catheter

– រង​ជាតិ​វិទ្យុ​សកម្ម

– ​វះ​កាត់​លើ​ក្រពេញ​ប្រូស្តាត

– ជំងឺរីកក្រពេញប្រូស្តាត (Benign prostatic hyperplasia)។

មូល​ហេតុ​កម្រ​៖

– មាន​ដុំ​មហារីក​ស្ថិត​នៅ​ជិត​នឹង​បំពង់​បង្ហូរ​ទឹក​នោម​ខាង​លើ

– មាន​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​ទឹក​នោម ដោយ​​មិន​បាន​ធ្វើ​ការ​ព្យា​បាល ឬ​កើត​ម្តង​ទៀត

– ជំងឺឆ្លង​តាម​ការ​រួម​ភេទ (ជំងឺកាម​រោគ) ជំងឺ​ប្រមេះ​ទឹក​បាយ ឬ​ជំងឺប្រមេះទឹកថ្លា។

កត្តា​ប្រឈម

៥- កត្តាប្រឈមនាំ​ឲ្យ​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម​មាន​អ្វីខ្លះ?

កត្តា​ហានិភ័យមាន​ដូច​ជា៖

– ជំងឺ​កាម​រោគ

– ការ​ដាក់​បំពង់​បង្ហូរ​ទឹក​នោម​ថ្មី (បំពង់​តូច​ដែល​អាច​បត់​បែន​បាន ត្រូវ​​ដាក់​បញ្ចូល​ទៅ​ក្នុង​ខ្លួន​ ដើម្បី​បង្ហូរ​ទឹក​នោម​ពី​ប្លោក​នោម)

– ជំងឺ​រលាក​បំពង់​បង្ហូរ​ទឹក​នោម (មាន​ការ​ហើម និង​រលាក​ដល់​បំពង់​បង្ហូរ​ទឹក​នោម) ​បណ្តាល​មក​ពី​ការ​បង្ក​រោគ

– ក្រពេញ​ប្រូស្តាត​រីក​ធំ។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ និងការ​ព្យា​បាល

ព័ត៌មានទាំង​នេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៦- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ការ​ធ្វើ​រោគ​វិនិច្ឆ័យអាច​នឹង​ធ្វើ​ឡើង បើ​យើង​មាន​បញ្ហា​មួយ​ចំនួ​​ន​ដូច​ខាង​ក្រោម៖

– មាន​ការ​ថយ​ចុះ​លំហូរទឹក​នោម

– ទឹក​ហូរ​ចេញ​ពី​បំពង់​បង្ហូរ​ទឹកនោម

– ប្លោម​នោម​រីក​ធំ

– កូន​កណ្តុរ​រីក​ធំ ឬ​ឈឺ​នៅ​តំបន់​ក្រលៀន

– ក្រពេញ​ប្រូស្តាត​​រីក​ធំ ឬ​ឈឺ

– មាន​ភាព​រឹង​នៅ​ផ្ទៃ​ក្រោម​លិង្គ

– លិង្គ​ឡើង​ពណ៌​ក្រហម ឬ​ហើម

បើ​នៅ​ពេល​មិន​មាន​លេច​ចេញ​រោគ​សញ្ញា​មិ​ន​ប្រក្រតី​ណា​មួយ​ទេ​នោះ គ្រូ​ពេទ្យអាច​នឹង​ធ្វើ​តេស្តមួយ​ចំនួន​រួម​មាន៖

– ថត​មើល​ប្លោក​នោម (Cystoscopy)

– តេស្ត Postvoid residual (PVR) volume (វាស់​មើល​កម្រិត​ទឹក​នោម​នៅ​សល់​ក្នុង​ប្លោក​នោម)

– តេស្តឆ្លុះ​មើល​បំពង់​បង្ហូរ​ទឹក​នោម ឬ Retrograde urethrogram (ធ្វើ​សម្រាប់​តែ​ប្រុសៗ​ប៉ុណ្ណោះ)

– តេស្ត​រក​ជំងឺប្រមេះទឹកថ្លា និង​ប្រមេះ​ទឹក​បាយ

– តេស្ត​ទឹក​នោម

– តេស្ត​មើល​លំហូរ​ទឹក​នោម

– វិភាគ​ទឹក​នោម។

៧- ព្យាបាលដោយ​វិធី​ណា?

បំពង់​បង្ហូរ​ទឹក​នោម ​អាច​នឹង​ត្រូវ​រីក​​នៅ​ពេល​ធ្វើ​ការ​ថត Cystoscopy ហើយ​គេ​នឹង​លាប​​ថ្នាំ​ស្ពឹក ​មុន​ពេល​ធ្វើការ​ថត​មើល​ប្លោក​នោម​នេះ រួច​មក​ពេទ្យ​នឹងដាក់​បំពង់​ដ៏​តូច​មួយ ​ចូល​តាម​បំពង់​បង្ហូរ​ទឹក​នោម ហើយ​អូស​វា​ចុះ​ឡើង​ៗ ដើម្បីពង្រីក​កន្លែង​ត្បៀត​បាន​។ ​ការ​ថត​ប្លោក​នោមនេះ យើង​ក៏​​អាច​ធ្វើ​វា​នៅ​ផ្ទះ​បានដែរ។

​បើ​យើង​ពង្រីក​វាហើយ ​នៅ​តែ​មិន​អាច​បន្ធូរ​ស្ថាន​ភាព​បាន នោះ​យើង​ត្រូវ​​ធ្វើ​ការ​វះ​កាត់ ដោយ​ប្រភេទវះ​កាត់​ គឺ​អាស្រ័យ​លើ​ទី​តាំង និង​ប្រវែង​នៃ​ការ​ត្បៀត។ បើ​តំបន់​​រួម​នោះ​មាន​ប្រវែង​ខ្លី និង​មិន​នៅ​ជិត​សាច់​ដុំ​ដែល​គ្រប់​គ្រង​លើ​ប្លោក​នោម​ ពេទ្យ​​អាច​នឹង​កាត់​ចេញ ឬ​ពង្រីក​វា​បាន។

គេ​អាច​ធ្វើព្យាបាល​ដែល​ភាសា​បច្ចេកទេស Urethroplasty លើ​ការ​ត្បៀត​មាន​ប្រវែង​វែង ដោយ​កាត់​តំបន់​ត្បៀត​ចេញ​ រួច​ដេរ​ភ្ជាប់​តំបន់​ដែល​ល្អ​វិញ។ ឯ​លទ្ធ​ផល​ប្រែ​ប្រួល ​អាស្រ័យ​លើ​ទំហំ និង​ទី​កន្លែង​ត្បៀត ចំនួន​ព្យាបាល និង​បទ​ពិសោធ​គ្រូពេទ្យ​វះ​កាត់។

ក្នុង​ករណី​ស្រួច​ស្រាវ នៅ​ពេល​យើង​មិន​អាច​បញ្ចេញ​ទឹក​នោម​បាន យើង​​អាច​ដាក់​បំពង់ Catheter ដែល​នេះ​ជា​ការ​ព្យាបាល​បន្ទាន់ អាច​បង្ហូរ​ទឹក​នោម​ពី​ប្លោក​នោម​តាម​ពោះ​បាន។

បច្ចុប្បន្ន​នេះ នៅ​មិនទាន់​មាន​​ថ្នាំ​សម្រាប់​ព្យាបាលបញ្ហា​ត្បៀត​បំពង់​បង្ហូរ​នោម​នៅ​ឡើយ​ទេ។ ​នៅពេល​គ្មាន​​ជម្រើស​ ពេទ្យ​នឹង​ប្រើ​វិធី​ព្យាបាល Appendicovesicostomy (Mitrofanoff procedure) ដើម្បី​​ឲ្យ​ទឹក​នោម​ហូរ​ពី​ប្លោក​នោម​តាម​រយៈ​ជញ្ជាំង​ពោះ​ ដោយ​ប្រើ​បំពង់​បូម Catheter។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៨- ទម្លាប់​រស់​នៅ 

ទម្លាប់​​រស់​នៅ និង​ការ​ព្យា​បាល​តាម​ផ្ទះ អាច​ជួយ​ការ​ពារយើង​ពី​បញ្ហា​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម​បាន ដូច​ជា៖

ដោយ​សារ​​ជំងឺកាម​រោគ ​​ជា​មូល​ហេតុ​មួយនាំ​ឲ្យ​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម​​ ហេតុ​​នេះ​យើង​ត្រូវ​ការ​ពារ​ នៅ​ពេល​រួម​ភេទ។ ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ ការ​រង​របួស និង​លក្ខ​ខណ្ឌ​សុខ​ភាពផ្សេង​ទៀត​ ក៏​អាច​បណ្តាល​ឲ្យ​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម​បាន​ដែរ។

​សំខាន់​បំផុត ​ត្រូវជួបគ្រូពេទ្យ​ភ្លាម​ៗ បើមាន​រោគ​សញ្ញា​ត្បៀត​បំពង់​បង្ហូរ​ទឹក​នោម​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​បញ្ហាបាន​ភ្លាម​ៗ ចៀស​វាង​​ផល​វិបាក​ធ្ងន់​ធ្ងរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 09, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម