backup og meta

អារម្មណ៍សោកសៅ អាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត​បើ​ចេញរោគសញ្ញាទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jun 23, 2020

    អារម្មណ៍សោកសៅ អាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត​បើ​ចេញរោគសញ្ញាទាំងនេះ

    មនុស្ស​គ្រប់​រូប​មិន​អាច​គេច​ផុតឡើយ​​ពី​អារម្មណ៍​សោក​សៅ​ ហើយ​ជា​រើយ​ៗ​កើត​មាន​ពេល​ដែល​ជីវិតរបស់​យើង​​ជួប​ការ​ពិបាកហើយ​អារម្មណ៍​ពិបាក​ចិត្ដ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្នុង​មួយ​រយៈ​ក្រោយ​មក​។ ប៉ុន្តែ​មាន​អ្នក​ខ្លះ នៅ​បន្ត​មាន​អារម្មណ៍​ពិបាក​ចិត្ដ​ក្នុង​រយៈ​ពេល​យូរ ហើយ​អារម្មណ៍​នោះក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​របស់​អ្នកទាំងនោះ​ទៀត​ផង​។ អារម្មណ៍​បែបនេះ អាច​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​​មិនអាច​ធ្វើ​ការ ឬ​គេង​បាន ហើយ​មាន​ពេល​ខ្លះ អ្នកជួប​បញ្ហានេះ​គិត​ថា​ខ្លួនឯង​មិន​មាន​តម្លៃ។ អារម្មណ៍​ទាំង​អស់​នេះ​ អាច​ជា​សញ្ញា​ដំបូងនៃ​ជំងឺ​បាក់​ទឹក​ចិត្ដ។

    អត្ថបទពាក់ព័ន្ធ៖

    ១- រោគសញ្ញារបស់ជំងឺបាក់ទឹកចិត្ដ

    រោគ​សញ្ញា​របស់​ជំងឺ​បាក់​ទឹក​ចិត្ដ​ ដែល​យើង​ឃើញ​ញឹក​ញាប់​ជាង​គេ​មាន​ដូច​ជា៖

    – អារម្មណ៍​មួម៉ៅ

    – គិត​ថា​​គ្មាន​អ្វី​នៅ​សេស​សល់​ក្នុង​ខ្លួន

    – លែង​ចង់​ធ្វើ​អ្វី​ដែលខ្លួន​ធ្លាប់​ចូល​ចិត្ដ

    – ឡើង ឬ​ស្រក​គីឡូ​ខុស​ធម្មតា

    – មាន​បញ្ហា​ដំណេក អាច​គេង​មិន​គ្រប់ ឬ​គេង​ច្រើន​ពេក

    – អារម្មណ៍​ឆេវ​ឆាវ

    – អស់​កម្លាំង

    – មាន​វិប្បដិសារី​ដោយ​គ្មាន​មូលហេតុ

    – ប៉ះ​ពាល់​ដល់​ស្មារតីដូចជា ពិបាក​ផ្ចង់​អារម្មណ៍ ឬ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ដ

    – ធ្លាប់​គិត​ដល់ ឬ​ព្យាយាម​សម្លាប់​ខ្លួន

    អត្ថបទពាក់ព័ន្ធ:

    ២- កត្តាប្រឈមមុខជាមួយជំងឺបាក់ទឹកចិត្ដ

    ជំងឺ​បាក់​ទឹក​ចិត្ដ​អាច​កើត​លើ​មនុស្ស​គ្រប់​គ្នា។ ជំងឺនេះកើត​លើ​មនុស្ស​គ្រប់​វ័យ គ្រប់​ភេទ និង​សញ្ជាតិ។ ប៉ុន្តែ​​មាន​កត្ដា​មួយ​ចំនួន អាច​ឲ្យ​យើង​​ងាយ​កើត​ជំងឺ​នេះ​ជាង​អ្នក​ដទៃ មាន​ដូច​ជា៖

    – ធ្លាប់​រង​ការ​ប៉ះ​ពាល់​ផ្លូវ​ចិត្ដ​កាល​ពី​នៅ​តូច

    – មិន​សូវ​ទុក​ចិត្ដ​លើ​ខ្លួន​ឯង

    – មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​បាក់​ទឹក​ចិត្ដ ឬ​ជំងឺ​ផ្លូវ​ចិត្ដ​ណាមួយ​ផ្សេង

    – ធ្លាប់​ប្រើ​សារធាតុ​ញៀន

    – ផ្ដាច់​ខ្លួន​ចេញ​ពី​សង្គម

    – មិន​ងាយ​សម្រប​ខ្លួន​ជាមួយ​មជ្ឈដ្ឋាន​ថ្មី

    – មិន​មាន​អ្នក​ជួយ​លើក​ទឹក​ចិត្ដ

    ក្រៅ​ពី​នេះ​នៅ​មាន​ថ្នាំ​មួយ​ចំនួន ក៏​ធ្វើ​ឲ្យ​ប្រឈម​កើត​ជំងឺ​បាក់​ទឹក​ចិត្ដ​ដែរ៖- ពពួក​ថ្នាំ Beta-blockers

    – ពពួក​ថ្នាំ Corticosteroids

    – ពពួក​ថ្នាំ​អ័រម៉ូន

    – ពពួក​ថ្នាំ Statins

    ៣- ពេលណា​ត្រូវ​ស្វែងរក​ជំនួយ?

    បើមាន​អារម្មណ៍​សោកសៅ​ទុក្ខ​ព្រួយ​​លើស​ពី​ ២​សប្ដាហ៍​ ត្រូវ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​ ពិសេស​ពេលគិត​ថា​ចង់​សម្លាប់​ខ្លួន។ ក្នុង​ករណី​អារម្មណ៍​នេះ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ យើង​គួរ​ពិភាក្សា​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​​ មិត្តភក្តិ ឬសមាជិក​គ្រួសារ។ គ្នាយើង​ត្រូវ​ចាំ​ថា​ជំងឺ​នេះ​នឹង​ឆាប់​ជា​មក​វិញ បើយើង​​ចេះ​ចែក​រំលែក​អារម្មណ៍​ពិបាក​ចិត្ដ​ចេញ​មក​ក្រៅ។

    ៤- ទម្លាប់​រស់នៅ​អាចបង្ការ​ជំងឺ​បាក់​ទឹក​ចិត្ត

    ទម្លាប់​រស់​នៅ​មួយ​ចំនួននេះ អាច​ជួយ​យើង​បង្ការកុំ​ឲ្យ​ធ្លាក់​ខ្លួន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ដូចជា៖

    – កុំ​ឃ្លាត​ឆ្ងាយ​ពី​មិត្តភក្ដិ

    – គួរ​ចំណាយ​ពេលវេលា​ធ្វើ​អ្វី​ដែល​ខ្លួន​ចូលចិត្ត

    – ហាត់ប្រាណ​ ឬ​លេង​កីឡា​

    – ជ្រើសរើស​ការ​ចិញ្ចឹម​សត្វ ​បើ​យើង​​ចូលចិត្ត

    – ចៀស​វាង​ប្រើ​គ្រឿងញៀន​ ឬ​គ្រឿង​ស្រវឹង​

    – ញ៉ាំអាហារ​​មាន​សុខភាព​ល្អ​ និង​គេងឲ្យ​​បាន​ច្រើន

    – បើ​មិន​អាច​ដេក​លក់​ទេ​ យើងអាចងាកធ្វើ​សមាធិ​​ដែលអាច​ជួយ​យើង​បាន​។

    ក្រៅពីនេះ​ យើង​​ត្រូវ​ពិគ្រោះ និង​​ព្យាបាល​​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​​បាន​ត្រឹមត្រូវ​។ ការ​ព្យាបាល​តាម​បែប​ប្រឹក្សា​យោបល​ផ្លូវ​ចិត្ដ គឺ​ជា​វិធី​មាន​​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ។ សម្រាប់​ថ្នាំវិញ​ យើង​​ក៏​ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​ដែរ​។ ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ចិត្ដ (antidepressants) ​ដែលយើង​​ត្រូវ​លេប គឺ​អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ជំងឺ ប្រវត្តិ​ក្រុម​គ្រួសារ និង​ទៅ​តាម​របៀប​នៃ​ការ​រស់​នៅ។ ត្រូវ​ចាំ​ថា​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធ​ភាព​លើ​មនុស្ស​គ្រប់​រូប​នោះ​ទេ។ ដោយ​សារ​មាន​អ្នក​ជំងឺ​ខ្លះ ធ្វើ​ទុក្ខ​កាន់​តែ​ខ្លាំង ក្រោយ​ពេល​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ​នេះ។ គ្នា​យើង​​ត្រូវ​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់ ប្រសិន​បើ​គិត​ថា​ថ្នាំ​លេប​ទៅ​មិន​មាន​ប្រសិទ្ធ​ភាព ឬ​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ដ​កាន់​តែ​ខ្លាំង​ជាង​មុន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jun 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម